មូលហេតុនៅពីក្រោយ ការមករដូវមិនទៀងទាត់ និងគន្លឹះដោះស្រាយបញ្ហានេះ
ប្រសិនបើ វដ្ដរដូវរបស់អ្នក មិនទៀងទាត់ពីមួយខែ ទៅមួយខែ អ្នកប្រាកដជាគិតថាវាគ្មានបញ្ហាអីទេ ព្រោះជារឿងធម្មតាសម្រាប់អ្នកទៅហើយ។ ប៉ុន្តែតើអ្នកដឹងថាវាជាសញ្ញាមួយ ដែលគួរឲ្យព្រួយបារម្ភដែរឬទេ?
វដ្តរដូវរបស់អ្នក មិនមែនអាចដើរបានទៀងទាត់ដូចជា នាឡិកានោះទេ។ ស្រ្តីមួយចំនួនមករដូវ នៅរៀងរាល់ ២៨ថ្ងៃម្តង តែក៏មានស្រ្តីមួយចំនួនទៀត មានវដ្តរដូវដែលមិនអាចទាយទុកមុនបានទាល់តែសោះ។ វដ្តរដូវមិនទៀង គឺជាសញ្ញាមួយដែលបង្ហាញពីបញ្ហាសុខភាពរបស់ស្ត្រី។
# អ្វីជា វដ្តរដូវមិនទៀងទាត់?
មួយវដ្តរដូវធម្មតាមានរយៈពេល ២៨ ថ្ងៃ អាចលើស ឬខ្វះប្រាំពីរថ្ងៃ។ តែការហូរឈាមរដូវ រាល់ ២១ ថ្ងៃញឹកញាប់ពេក ឬលើស ៨ ថ្ងៃឡើង គឺសុទ្ធតែត្រូវបានគេចាត់ទុកថាជា វដ្តរដូវមិនទៀងទាត់។
ដើម្បីឲ្យច្បាស់ថា វដ្តរដូវរបស់អ្នកទៀងទាត់ ឬក៏អត់នោះ អ្នកអាចចាប់រាប់ពីថ្ងៃ ដែលអ្នកអស់រដូវ ដល់ថ្ងៃដែលអ្នកនឹងមករដូវម្តងទៀត នៅខែថ្មី ឲ្យបាន ៣ខែជាប់ៗគ្នា។ ប្រសិនបើចំនួនថ្ងៃអស់រដូវ ដល់ថ្ងៃមករដូវវិញ មានគម្លាតខុសគ្នាច្រើនរៀងរាល់ខែនោះ អ្នកពិតជាមានបញ្ហាវដ្តរដូវមិនទៀងទាត់ ពិតប្រាកដហើយ។
# មូលហេតុ នៃការមករដូវមិនទៀងទាត់
ក្នុងករណីជាច្រើន រដូវមកមិនទៀងទាត់ដោយសារតែ បញ្ហាមួយដែលគេហៅថា “Anovulation” ដែលមានន័យថា ការបញ្ចេញពងអូវុល អវត្តមានក្នុងវដ្តរដូវរបស់អ្នក ដែលជាធម្មតាបណ្តាលមកពី អតុល្យភាពអរម៉ូនដ៏ធ្ងន់ធ្ងរ ក្នុងរាងកាយ។ អតុល្យភាពនៃអរម៉ូនទាំងនោះ មានភាពស្មុគ្រស្មាញ ពិបាកស្វែងយល់។ វដ្តអូវុល របស់អ្នកអាចប្រែប្រួលយ៉ាងខ្លាំងពីមួយខែ ទៅមួយខែ ដោយសារតែ លក្ខខណ្ឌការរស់នៅ និងថ្នាំពេទ្យផ្សេងៗ ដែលមានឥទ្ធិពលមកលើវដ្តរដូវរបស់អ្នក។
កត្តាមួយចំនួនខាងក្រោមនេះ អាចបង្កឲ្យរដូវមកមិនទៀង ឬធ្វើឲ្យខកខានការមករដូវបាន ៖
• ធ្វើលំហាត់ប្រាណហូសហេតុ និងមិនញ៉ាំអាហារ ៖ ការធ្វើលំហាត់ប្រាណច្រើនហួសហេតុ ធ្វើឲ្យរដូវមកខុសពេលខុសវេលា និងអាចបង្អាក់មិនឲ្យមករដូវក៏មាន។ វាជារឿងធម្មតា ដែលអត្តពលិក (អ្នកកីឡា) មករដូវមិនគ្រប់ខែដូចគេដូចឯងនោះ។ ការដែលយើងស្រកទំងន់ ដោយសារការហាត់ប្រាណហួសកម្លាំង របបអាហារ បរិភោគមិនទៀងទាត់ និងជំងឺផ្សេងៗ គឺសុទ្ធតែប៉ះពាល់វដ្តរដូវរបស់អ្នក។
• ភាពតានតឹង (ស្រ្តេស) ៖ អារម្មណ៍ស្រ្តេស មិនថាជាលក្ខណៈរ៉ាំរ៉ៃ ឬត្រឹមជារយៈពេលពេលខ្លី លើបញ្ហាណាមួយទេ នឹងបង្កជាផលប៉ះពាល់ដល់ អរម៉ូន ធ្វើឲ្យរដូវមកមិនទៀងទាត់។
• ថ្នាំ ៖ ថ្នាំពន្យារកំណើតអាចធ្វើឲ្យឈាមរដូវរបស់អ្នក មកតិចជាងមុន និងអាចធ្វើឲ្យបាត់មករដូវនៅខែខ្លះទៀតផង ឬមិនមករដូវតែម្តងក៏មាន។ វាអាចធ្វើឲ្យ អ្នកកើតជំងឺ Polycystic ovary syndrome (PCOS) ដែលបង្អាក់អូវុលរបស់អ្នក មិនឲ្យមករដូវបានទៀងទាត់។ លើសពីនេះទៅទៀត វាអាចធ្វើឲ្យអ្នកមិនអាចមានកូន និងហានិភ័យជំងឺទឹកនោមផ្អែម និងជំងឺបេះដូងផងដែរ។
• ជំងឺផ្សេងៗ ៖ ភាពមិនប្រក្រតី នៃក្រពេញទីរ៉ូអ៊ីតក៏អាចធ្វើឲ្យមានបញ្ហាដល់វដ្តរដូវមិនទៀងបានដែរ ប្រសិនបើកម្រិតអរម៉ូនទីរ៉ូអ៊ីតក្នុងឈាម ចុះទាបពេក ឬឡើងខ្ពស់ពេក។ ស្ថានភាពសុខភាពផ្សេងទៀត ដែលអាចបង្កឲ្យមានវដ្តរដូវមិនទៀងទាត់ រួមមាន ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ដុំសាច់ក្នុងរាងកាយជាដើម -ល-។
• អាយុ ៖ អ្នកដែលទើបតែពេញវ័យ មានរដូវដំបូងៗនោះ ក៏មានវដ្តរដូវមកមិនទៀង ររាល់ខែដែរ។ វាត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីប្រែមកជាទៀងទាត់វិញ។ ស្ត្រីដែលជិតអស់រដូវ ក៏ជួបបញ្ហារាំងរដូវ ធ្លាក់ឈាមច្រើន ឬតិចជ្រុលផងដែរ។
# វិធីបង្ការ និងព្យាបាលវដ្តរដូវមិនទៀងទាត់
ប្រសិនបើអ្នកជួបប្រទះបញ្ហា ស្រ្តេសច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់វដ្តរដូវរបស់អ្នកនោះ អ្នកអាចគ្រប់គ្រងភាពតានតឹងដោយ សមាធិ ឬហាត់យូហ្គាជាដើម។ សម្រាប់ថ្នាំពន្យាកំណើត ត្រូវតែប្រើប្រាស់តាមវេជ្ជបញ្ជាពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ចៀសវាងធ្វើលំហាត់ប្រាណហួសកម្លាំង និងកុំញ៉ាំអាហារតិចពេក ឬច្រើនពេក ព្រោះតែវារំខានដល់វដ្តរដូវរបស់អ្នក។ អ្នកក៏អាចទទួលទានរបបអាហារមួយចំនួន ដូចខាងក្រោមដើម្បីការពារ និងព្យាបាលបញ្ហាមករដូវមិនទៀងបែបធម្មជាតិ ៖
• ត្រីមានជាតិខ្លាញ់ ៖ ត្រីសមុទ្រជាច្រើន ដូចជាត្រីសាម៉ុង សុទ្ធតែផ្តល់ប្រូតេអ៊ីន និងជាតិខ្លាញ់ដែលល្អសំរាប់សុខភាព ដើម្បីរក្សាតុល្យភាពអរម៉ូន ធ្វើឲ្យមករដូវបានទៀងទាត់ផងដែរ។ ជាតិខ្លាញ់ Omega-3 អាចកាត់បន្ថយកម្តៅក្នុងខ្លួន ដែលដើរតួនាទីយ៉ាងសំខាន់ដើម្បីកាត់បន្ថយអាការៈហើមពោះ និងការឈឺចាប់ពេលមករដូវ។
• ខ្ញី ៖ អ្នកអាចបន្ថយភាពឈឺចាប់ និងព្យាបាលបញ្ហារដូវមកមិនទៀងទាត់ ដោយឧស្សាហ៍ទទួលទាន ទឹកតែខ្ញី។
• ប្រទាលកន្ទុយក្រពើ ៖ ទឹកប្ទាលកន្ទុយក្រពើជួយគ្រប់គ្រងអរម៉ូន ដែលសម្រួលការមករដូវរបស់អ្នក ជាពិសេស ជួយរក្សាទម្ងន់ទៀតផង។
• រមៀត ៖ អ្នកអាចលាយរមៀតម៉ដ្ឋ ជាមួយទឹកដោះគោ ដើម្បីរំញោចចលនាឈាមទៅក្នុងស្បូន និងរក្សាតុល្យភាពអរម៉ូន។
• ល្ហុងខ្ចី ៖ ការទទួលទានល្ហុងខ្ចី ជួយដល់សុខភាពស្បូន និងជម្រុញឈាមទៅកាន់ស្បូនបានទៀងទាត់ផងដែរ។
• ម្រះ ៖ ដើម្បីបានលទ្ធផលជាទីគាប់ចិត្ត អ្នកគួរយកវាទៅក្រឡុកយកទឹករបស់វាមកទទួលទាន។
• ការ៉ុត និងទំពាំងបាយជូរ ៖ អាហារទាំងពីរនេះសុទ្ធតែមាន សារធាតុចិញ្ចឹមច្រើនប្រភេទ ដែលជួយឲ្យ រដូវរបស់អ្នកមកទៀងទាត់វិញ៕
ប្រភព៖ everyday HEALTH | boldsky | LIVESTRONG
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!