ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន សហការជាមួយ សាលាតន្រ្តីអន្តរជាតិ Allegro ដើម្បីពង្រឹងលើកម្មវិធីសិក្សាបន្ថែម សម្រាប់សិស្សផ្នែកសិល្បៈ និងតន្រ្តីរបស់សិស្ស

 
 

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសាលាតន្រ្តីអន្តរជាតិ Allergro នៅសាលារៀនវេស្ទឡាញន៍ សាខាដូនពេញ ក្នុងគោលបំណង ប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរវាងសាលាទាំង២ ក្នុងការពង្រឹងកម្មវិធីបន្ថែម លើផ្នែកសិល្បៈនិងតន្ត្រី ដែលមានស្រាប់ ដោយផ្អែកលើកម្មវិធីថ្មីៗ និងស្តង់ដារអន្តរជាតិរបស់សាលាតន្រ្តី Allegro ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បច្ចុប្បន្នកាលនេះ កំពុងដំណើរការ សាលារៀនចំនួន១១ ក្នុងនោះមានសាលារៀនវេស្ទឡាញន៍ចំនួន៧ សាលារៀនណត្យឡាញន៍ចំនួន១ សាលាអន្តរជាតិ Apple Tree ចំនួន១ សាលាអន្តរជាតិ Forest Hill ចំនួន២ ដែលមានសិស្សប្រមាណ១មឺុននាក់ ជាមួយក្រុមហ៊ុនបណ្តុះបណ្តាលភាសាចិន Chang Chang ចំនួន១ ។ បច្ចុប្បន្នមានបុគ្គលិក និងគ្រូបង្រៀន សរុបជាង១ពាន់នាក់ ។

សាលារៀនវេស្ទឡាញន៍ទី១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដោយលោក បិុច បូឡែន និងសហស្ថាបនិកដែលជាមិត្តភក្កិមួយចំនួន ក្នុងទិសដៅរួមចំនែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សេវាកម្មអប់រំដ៏មានគុណភាពមួយពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ការបណ្តុះបណ្តាលបុគ្គលិកអង្គការ ក្រុមហ៊ុន ការស្រាវជ្រាវ និងប្រឹក្សាយោបល់អាជីវកម្ម ។

នេះគឺជា មោទនភាព ដែលសាលារៀន មានឱកាសសហការជាមួយសាលាតន្រ្តីស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងលើកម្មវិធីសិក្សារបស់សិស្សានុសិស្ស លើផ្នែកសិល្បៈ ដែលរួមមាន គំនូរ និងតន្រ្តីជាដើម។ សាលាតន្រ្តីអន្តរជាតិ Allegro ជាសាលាតន្រ្តីលក្ខណៈអាជីព ដែលមានទីស្នាក់ការនៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្តេជ្ញាចិត្តបង្ហាត់បង្រៀនសិស្សឲ្យបានស្ទាត់ជំនាញ។ សាលាតន្រ្តីអន្តរជាតិ Allegro ធ្លាប់បានមកកម្ពុជា២ដង សម្តែងថ្វាយជូនព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រុមហ៊ុនក៏នឹងបើកសាលារៀនវេស្ទឡាញន៍ មួយទៀតនៅតំបន់ចំការដូង ព្រមទាំងពង្រីកទីតាំងសាលារៀនវេស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ដែលមានស្រាប់ផង។ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នៅតែបន្តស្វែងរកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាមួយគ្រឹះស្ថានអប់រំ វិនិយោគិនជាតិ និងអន្តរជាតិនានា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ទិសដៅវិនិយោគរបស់ក្រុមហ៊ុនយើងមានដូចជា ការបើកមជ្ឈមណ្ឌលភាសាបរទេសសម្រាប់ការងារពាណិជ្ជកម្ម និងការទំនាក់ទំនងការងារ សាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅឆ្នាំខាងមុខបន្តទៀត៕

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម