ផែនទី​បង្ហាញ​ស្ថានភាព​គ្រោះថ្នាក់​ នៅ​តាម​តំបន់​ប្រាសាទ

 
 

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​នូវ​ស្ថានភាព​គ្រោះថ្នាក់​នៅ​តាម​ប្រាសាទ និង​តាម​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​នានា ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា រក​ឱ្យ​ឃើញ​ថា តើ​ចំណុច​ណាមួយ ដែល​កំពុង​មាន​គ្រោះថ្នាក់​ខ្លាំង​មធ្យម ឬ​តិចតួច ។

ផែនទី​នេះ មានឈ្មោះ​ថា​ផែនទី​ហានិភ័យ (Risk Map) ជា​ផែនទី​ចាត់​ចំណាត់ថ្នាក់​គ្រោះថ្នាក់ ងាយស្រួល​ឱ្យ​សម្រាប់​អ្នក​អភិរក្ស ងាយ​កំណត់​ថា តើ​ចំណុច​គ្រោះថ្នាក់​ណា​គួរ​សង្គ្រោះ​បន្ទាន់ ហើយ​ចំណុច​ណា​ដែល​អាច​ទុក​ជួសជុល​នៅ​ពេល​ក្រោយ ។

ក្នុង​បទ​បង្ហាញ​ទៅ​កាន់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៦ នេះ លោក​ហង់ ពៅ អគ្គនាយករង ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា នៅ​តំបន់​អង្គរ​មាន​ប្រាង្គ​ប្រាសាទធំ​ៗ​ជា​ច្រើន ដែល​រងគ្រោះថ្នាក់​ទ្រុឌទ្រោម ដោយសារ​កត្តា​ផ្សេង​ៗ មាន​អាយុកាល​នៃ​ការ​សាងសង់​យូរ មាន​សង្គ្រាមស៊ីវិល អាកាស ធាតុ ប្រជាពលរដ្ឋ​និង​កំណើន​ភ្ញៀវ​ទេសចរ​ជាដើម ។

នៅ​ឆ្នាំ​២០១២ យើង​បាន​បង្កើត​គម្រោង​ហានិភ័យ​នៃ​បេតិកភណ្ឌ ដែល​មាន​គោលដៅ​សិក្សា​ពី​ហានិភ័យ​នៃ​ប្រាង្គ​ប្រាសាទ អាកាស ធាតុ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ព្រោះ​កត្តា​ទាំង​អស់នេះ វា​ជា​ចង្កោម​មួយ​មាន​ទំនាក់ទំនង​គ្នា​ទាំងអស់ ។

លោក​បន្ត​ថា បើ​មាន​ដើមឈើ​មួយ​ដួល ឬ​ទ្រេត តើ​ដើមឈើ​ហ្នឹង វា​មា​នទី​តាំងនៅ​កន្លែង​ណា?

អ៊ីចឹង អ្នកជំនាញ​អាច​ប្រាប់​ថា ដើមឈើ​នេះ នៅ​ខាងក្នុង​វា​មាន​លក្ខណៈ​មិនល្អ​វា​ពុក ហើយ​ក្នុង​ករណី​ធម្មតា​ដើមឈើ វា​មិន​ដួល ឬ​ទ្រេត​ទេ វា​អាច​នៅរ​ស់បាន ប៉ុន្តែ​បើ​ចៃដន្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង ឬ​មានទឹក​ហូរ​បុក​ខ្លាំង វា​ធ្វើ​ឲ្យ​ដើមឈើ​ដួល​ទៅ​ទិស​ណា ហើយ​វា​ប៉ះពាល់​ទៅ​ដល់​អ្វីខ្លះ?

ប្រភព ៖ កោះសន្ដិភាព

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីពេលកន្លងទៅនេះ មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែបាន​​ពិនិត្យ​ទៅលើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្នុង​​ព្រៃអង្គរ​វត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទីក្រុង​បុរាណ​ទាំងនោះ​ ត្រូវ​គេ​ដឹង​ថា បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។

បុរាណ​វិទូ​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។ ទីក្រុង​បុរាណ​ទាំងនោះ ខ្លះ មាន​ទំហំ​ធំ​ជាង​ទីក្រុង​បច្ចុប្បន្ន​ទៅ​ទៀត ។

ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ​ពិនិត្យ​មើល ស្ថានភាព​ផ្ទៃដី ដែល​អាច​ឱ្យ​យើង​ឃើញ​សភាព​គ្រប់យ៉ាង​នៅ​លើ​ផ្ទៃផែនដី ។ គេ​បានឃើញ​មាន​ប្រាសាទ​ផ្លូវ និង​ប្រព័ន្ធ​ទឹក​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ក្បែរ​អង្គរវត្ត ។

លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ថា យើង​មិន​ដែល​ធ្លាប់​គិតដល់​ថា មនុស្ស​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ ដែល​នៅ​ជុំវិញ​គេ​ដល់​ថ្នាក់​នេះ​សោះ​។អ្នកជំនាញ​ផែ្ន​ក​បុរាណវិទ្យា​លោក David Chandler ជឿ​ថា របក​គំហើញ​នេះ ជា​ជំហាន​មួយ​យ៉ាង​សំខាន់ ដែល​អាច​ឱ្យ​យើង​ដឹង​ពី​ការ​រីក​ចម្រើន និង​ការ​ថយ​ចុះ​ឥទ្ធិពល​របស់​សម័យ​អង្គរ​ឱ្យ​កាន់​តែ​ច្បាស់លាស់ ​។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម