ហូប​​ទឹក​ប្តូរ​និស្ស័យ ​ចាក់​ធ្លាយ​ពោះវៀន, តុលាការ​ឃុំ​ខ្លួន​ ជន​ដៃដល់​​វ័យក្មេង​ម្នាក់

 
 

(កណ្តាល)៖ ដោយសារហូបទឹកប្តូរនិស្ស័យដែលគេនិយមហៅថាគ្រឿងស្រវឹងនោះ ធ្វើឲ្យបុរសពីរនាក់មានជម្លោះរហូតឈានដល់ការចាក់ធ្លាយពោះវៀន ។ ទោះបីយ៉ាងណា ជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន រីឯជនរងគ្រោះស្ថិតក្រោមការសង្គ្រោះ ។

មន្ត្រីតុលាការ បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ វ៉ាង សុក អាយុ១៨ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។  

ចំណែកជនរងគ្រោះមានឈ្មោះ ង្វៀង យុំាងផាប ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់ ។

គួររំលឹកថា ហេតុការណ៍អំពើហិង្សានេះ កើតឡើងគឺបន្ទាប់ពីធ្វើសំណង់ហត់នឿយបានបបួលគ្នា ទិញស្រាបៀរចំនួន១កេសផឹកស៊ី។ ខណៈកំពុងផឹកនោះ ស្រាប់តែមានទំនាស់ពាក្យសម្តីនឹងគ្នា ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យឈ្មោះ ង្វៀង យុំាងផាប ខឹងច្រឡោតស្ទុះទៅវាយឈ្មោះ វ៉ាង សុក ។ ដោយសារឈ្មោះ វ៉ាង សុក មានមាឌតូចជាង ក៏រត់ចេញទៅផ្ទះ ហើយឈ្មោះង្វៀង យុំាងផាប នៅតែបន្តដេញតាមវាយ ទើបធ្វើឲ្យឈ្មោះ វ៉ាង សុក ទ្រាំមិនបានក៏ចូលទៅយកកូនកាំបិតចាក់ទៅលើឈ្មោះ ង្វៀង យុំាងផាប ត្រូវចំពោះផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាយពោះវៀនតែម្ដង ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ក៏មានរឿងរ៉ាវស្រដៀងគ្នាដែរ យុវជនម្នាក់បានខឹងម្ចាស់ផ្ទះ ក្នុងមង្គលការស្តីឱ្យ ស្រាប់តែយកកាំភ្លើងស្នប់ បាញ់ស្រ្តីម្នាក់ ធ្លាយពោះ តែបងប្អូនព្រួតវ៉ៃវិញ របួសធ្ងន់ដូចគ្នា កាលពីវេលាម៉ោង ១២និង២០នាទីយប់ រំលងអាធ្រាត្រ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅចំណុចភូមិតាណាក ឃុំគារ ស្រុកមោងឬស្សី ជនរងគ្រោះ និងជនសង្ស័យ ចូលដេកពេទ្យដូចគ្នា ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង២០នាទីយប់រំលង អាធ្រាត្រ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅចំណុចភូមិ តាណាក ឃុំគារ ស្រុកមោង ឬស្សី មានយុវជនម្នាក់ បានបង្កហិង្សា ទៅលើ អ្នកដទៃ ដោយមាន អាវុធកាំភ្លើងស្នប់ ខណៈជនរងគ្រោះ បានស្តីឱ្យ ហាម កុំឱ្យអុកឡុក ក្នុងពិធី មង្គលការកូន មួយស្ទុះក្រោយមក ជន សង្ស័យបានយកកាំភ្លើងស្នប់ មកបាញ់ ស្រ្តីរងគ្រោះ បណ្តាលឱ្យ ធ្លាយពោះ ត្រូវបានសាច់ញាតិ ដឹកមកសង្រ្គោះនៅ មន្ទីពេទ្យខេត្ត ។ ភ្លាមៗ នោះ ក្រុមគ្រួសារ រងគ្រោះ បាននាំគ្នាព្រួតវ៉ៃតប ទៅជនសង្ស័យវិញ បណ្តាលឱ្យរងរបួសធ្ងន់ សល់ដង្ហើម ចង្រិត ត្រូវបាន សាច់ញាតិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្រុកមោង ឬស្សីទាំងយប់ ។ បច្ចុប្បន្ន ជនសង្ស័យ និងជន រងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទៅរពេទ្យដូចគ្នានៅឡើយ ។ សមត្ថកិច្ចមូលដ្ឋាន ពុំទាន់ បានចាត់ការ នៅឡើយ ដោយពុំទាន់មានអ្នកប្តឹង ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម