៧ចំនុច គួរពិចារណា មុនពេលសម្រេចចិត្ត ទិញផ្ទះថ្មី

 
 

ការទិញផ្ទះរស់នៅថ្មី អាចចាត់ទុកបានថា ជាបទពិសោធន៍ដែលគួរឲ្យខ្លាចមួយ តែវាជាគោលដៅ ដ៏ធំជាងគេនៅក្នុងជីវិត។ វាជាការប្តេជ្ញាចិត្ត និងតម្រូវឲ្យមានផែនការ និងជ្រើសរើសឲ្យបានប្រុងប្រយ័ត្នបំផុត។ សព្វថ្ងៃនេះ ផ្ទះត្រូវបានដាក់លក់ក្នុងតម្លៃប្រកួតប្រជែងជាច្រើន ដែលជាភាពងាយស្រួលដល់អ្នកទិញគ្រប់រូបឲ្យ មានសិទ្ធិជ្រើសរើស។

ខាងក្រោមនេះ ជាកត្តាដែលអ្នកគួរពិចារណា ដើម្បីសម្រេចចិត្តទិញផ្ទះថ្មីបានត្រឹមត្រូវ សម្រាប់ការរស់នៅ ៖

១. តម្លៃ

តើអ្នកគួរចំណាយត្រឹមតម្លៃប៉ុណ្ណា? តើអ្នកមានលទ្ធភាពកម្រិតណា? នេះគឺជារឿងដែលសំខាន់បំផុត ដែលអ្នកត្រូវតែគិតពិចារណា មុនពេលសម្រេចចិត្តធ្វើការទិញផ្ទះថ្មី។ កុំខ្ជះខ្ជាយពេលពេលវេលា របស់អ្នកទៅសម្លឹងរកអចលនទ្រព្យណា ដែលអ្នកគ្មានលទ្ធភាពទិញ ព្រោះអ្នកមិនអាចប្រកួតប្រជែងជាមួយនឹងអ្នកទិញផ្សេងទៀតបានទេ ហើយនៅចុងបញ្ចប់ អ្នកត្រូវចំណាយពេលស្វែងរកផ្ទះដទៃសាជាថ្មី។ អ្នកក៏ត្រូវតែពិចារណា លើការចំណាយផ្សេងៗទៀតរួមមាន ចំណាយលើមេធាវី ឬក្រុមហ៊ុនអចលនទ្រព្យ   ថ្លៃជើងសារ   ចំណាយប្រតិបត្តិការរស់នៅផ្សេងៗទៀត ក៏ដូចជាថ្លៃរើឥវ៉ាន់ ថ្លៃវិចខ្ចប់ និងថ្លៃសម្អាតផ្សេងៗ។ ក្នុងករណីបើអ្នកខ្ចីលុយពីស្ថាប័នណាមួយ អ្នកគួរគិតពិចារណាអំពីថ្លៃការប្រាក់ ថាតើអ្នកមានលទ្ធភាពសងគេរួចឬក៏អត់។

២. ទីតាំង

អ្នកត្រូវសម្រេចចិត្តថា អ្នកចង់រស់នៅទីណា។ ស្តាប់ទៅដូចជារឿងងាយស្រួលទេ តែក្នុងនោះមានរឿងមួយចំនួន អ្នកត្រូវពិចារណាបន្ថែមទៀតថា តើផ្ទះនោះនៅជិតកន្លែងធ្វើការរបស់អ្នកឬអត់?  មានសាលាជិតៗនោះដើម្បីឲ្យកូនរៀនឬទេ?  មានផ្សារទិញទំនិញ  និងកន្លែងកម្សាន្តដែរទេ?  អ្នកមិនអាចទៅរស់នៅជាយក្រុងបានឡើយ ប្រសិនបើអ្នកមានតម្រូវការអស់ទាំងនេះ។  ទីតាំង មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងកំណត់ថាតើតំបន់នោះនឹងស៊ាំដើម្បីរស់នៅ  ឬនឹងធ្វើឲ្យអ្នកចាប់ផ្តើមរបៀបរស់នៅថ្មីទាំងស្រុង។ ​​ អ្នកត្រូវពិនិត្យមើលអ្នកជិតខាងរបស់អ្នកផងដែរ ព្រោះអ្នកនឹងត្រូវណែនាំ  និងរាប់អានពួកគេ មិនមែនដើរតាមតែផ្លូវ ចេញចូលតែផ្ទះឯងនោះទេ។  អ្នកអាចគិតពីផលវិបាក នៅពេលដែលរស់នៅលើផ្លូវធំៗ  ព្រោះវាអាចមានបញ្ហាកកស្ទះច្រើន  ឬទីកន្លែងដែលមានសកម្មភាព  និងសម្លេងរំខាន (តំបន់ព្រលានយន្តហោះ កីឡដ្ឋាន ក្លិប ជាដើម)។ មិនថាចំណង់ចំណូលចិត្តរបស់អ្នកយ៉ាងណានោះទេ ត្រូវប្រាកដថា លំនៅដ្ឋានដែលអ្នកសម្លឹងរកនោះ បំពេញតាមតម្រូវការរបស់អ្នក។

៣. ទំហំ

នៅពេលដែលអ្នកទិញផ្ទះថ្មី អ្នកត្រូវគិតអំពីទំហំលំនៅដ្ឋានដែលអ្នកត្រូវការ។ តើអ្នកត្រូវការបន្ទប់គេងប៉ុន្មាន?  តើត្រូវការផ្ទះបាយធំ  ឬបន្ទប់ទឹកធំ?  តើត្រូវការយ៉មុខផ្ទះ ឬទីធ្លាធំទូលាយ?  តើត្រូវការបន្ទប់ដាក់ឥវ៉ាន់ ​ និងរោងឡានទេ?  ជាក់ស្តែងអ្នកគួរស្វែងរក ផ្ទះដែលមានបន្ទប់គេងលើស  ឬនៅសល់ទីតាំងសម្រាប់ពង្រីកបាននៅពេលក្រោយទៀត។ ទំហំនៃលំនៅដ្ឋានមួយកាន់តែធំ អាស្រ័យលើមនុស្សដែលរស់នៅក្នុងនោះ ព្រោះថាអ្នកមានប្តី ឬមានប្រពន្ធ អាចនឹងមានកូន ឬសត្វចិញ្ចឹមថែមទៀតជាដើម។

៤. គោលបំណង

គោលបំណងនៃការទិញរបស់អ្នក អាចកំណត់ការសម្រេចចិត្តរបស់អ្នកបានត្រឹមត្រូវ។ តើអ្នកទិញសម្រាប់ការរស់នៅ ​ ឬដើម្បីលក់យកចំនេញ  ឬក៏ដើម្បីទុកជួល? មិនថាអ្វី ដែលជាគោលបំណងរបស់អ្នកនោះទេ ប្រភេទនិងលក្ខខណ្ឌលំនៅដ្ឋានដែលអ្នកទិញ ត្រូវតែទទួលបានជោគជ័យតាមបំណងរបស់អ្នក ប្រសិនបើអ្នករក្សាគោលបំណងឲ្យនៅក្នុងចិត្ត  និងទិញទៅតាមនោះ។ 

៥. ព័ត៌មាន

សូមអ្នកព្យាយាមស្វែងរក ព័ត៌មានពីផ្ទះដែលអ្នកចង់ទិញ ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន។ អ្នកអាចស្វែងរកគេហទំព័រជាច្រើន ដែលអាចប៉ាន់ស្មានពីតម្លៃផ្ទះដែលអ្នកចង់បាននោះ  ប៉ុន្តែការវាយតម្លៃទាំងនោះ អាចនឹងមានភាពមិនត្រឹមត្រូវទេ ព្រោះវាមិនដឹងពីទីផ្សារ ដូចភ្នាក់ងារក្នុងស្រុកយើងទេ។  របាយការណ៍វិភាគទីផ្សារ អាចប្រៀបធៀបតាមទិន្នន័យដូចខាងក្រោម ៖

• បញ្ជីសកម្ម (Active listings) ៖ តម្លៃផ្ទះដែលស្រដៀងគ្នា នឹងផ្ទះដែលយើងចង់បាន ក្នុងតំបន់នោះ ដែលតួលេខកំពុងមាននៅលើទីផ្សារ

• បញ្ជីរង់ចាំ (Pending listings) ៖ តម្លៃផ្ទះស្រដៀងគ្នា ដែលកំពុងរង់ចាំដាក់លក់ តែមិនទាន់លក់ដាច់

• បញ្ជីដែលបានលក់ (Sold listings) ៖ តម្លៃផ្ទះស្រដៀងគ្នា ដែលលក់រួច និងចំនូនដែលបានលក់

នេះជាព័ត៌មានដែលសំខាន់បំផុតសម្រាប់អ្នក ដើម្បីជួយអ្នកក្នុងការកំណត់តម្លៃផ្ទះ ដោយត្រឹមត្រូវ មិនលម្អៀង។ ជាពិសេស ចៀសវាងទិញផ្ទះដែលមានតម្លៃលើសពីទីផ្សារហួសហេតុ។

៦. កុំមើលតែពីខាងក្រៅ

ផ្ទះដែលមើលទៅអស្ចារ្យ មិនមែនជាផ្ទះដែលមើលពីខាងក្រៅឃើញស្អាតនោះទេ។ អ្វីដែលសំខាន់បំផុតគឺ ការសម្លឹងមើលជ្រៅទៅដល់ការតុបតែង (ដេគ័រ) របស់វា។ អ្នកត្រូវមើលថាតើមានគ្រឹះរឹងមាំដែរទេ?​  ធំទូលាយដែរទេ?  កម្ពស់ពិដានសមរម្យដែរឬអត់?​  សម្រាប់សំណង់ចាស់ៗ អ្នកអាចលាបពណ៌សាជាថ្មី   ផ្លាស់ប្តូរភ្លើង និងរៀបចំឲ្យបានស្អាតជាងមុន ដោយគំនិតអ្នកផ្ទាល់។  អ្នកណាទៅអាចដឹងថា វាអាចស្អាតជាងការគិតរបស់អ្នកទៀតក៏ថាបាន។

៧. អចិន្ត្រៃយ៍ភាព

តើវាជាផ្ទះដែលអ្នកត្រូវរស់នៅរហូត  ឬគ្រាន់តែមួយរយៈពេលទេ? ប្រសិនបើអ្នកកំពុងសម្លឹងរកផ្ទះដែលអ្នកត្រូវរស់នៅជាច្រើនឆ្នាំរហូតទៅមុខនោះ អ្នកប្រាកដជាត្រូវចំនាយពេលស្វែងរកយូរបន្តិចហើយ។  បញ្ហាគឺស្ថិតត្រង់ថាពេលដែលយើងជ្រើសរើសផ្ទះណាមួយ សម្រាប់ការរៀបចំបណ្តោះអាសន្ន  ឬសម្រាប់ការវិនិយោគ ដែលមានបន្ទប់ច្រើន  ឬទីតាំងធំ ដើម្បីធ្វើការបត់បែន និងផ្លាស់ប្តូរនៅពេលក្រោយ៕ 

ប្រភព៖ Lifehack | freshome

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម