ប្រយ័ត្ន ! ចោរប្លន់​ប្រើ​ស្តាយ​ប្លែក​ៗ​ណាស់

 
 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​បាន​រឹត​ក​វាយ​ប្លន់​យក​រ៉ឺ​ម៉ក​ម៉ូតូ​រហូត​បាន​សម្រេច រួច​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងក្រោយ​វត្ត​សន្សំ​កុសល តាម​ផ្លូវ​បេតុង​លេខ​២៤ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សាន ជ័រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយ​ម៉ូតូ​ដែល​ចោរប្លន់​ទៅ​ម៉ាក វី​វ៉ា ពណ៌​ក្រហម សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 1R-2680 ។

តាម​សំដី​ជន​រង​គ្រោះ​បាន​និយាយ​ថា រូប​គាត់​បាន​ឌុ​ប​ជនសង្ស័យ​៣​នាក់​ពីមុខ​ព្រះ​បរមរាជវាំង​ទៅ​ម្តុំ​វត្ត​សន្សំ​កុសល ក្នុង​តំលៃ​២៥០០០​រៀល ខណៈ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ដែល​ជា​បក្សពួក​របស់​ជនសង្ស័យ​៣​នាក់​ដែល​ជិះ​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​វ៉ា​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់ ហើយ​ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ធ្វើ​ជា​ជ្រុះ​ស្បែកជើង ឃើញ​ដូចនេះ​រូប​គាត់​ជា​អ្នក​បើក​ម៉ូតូ​អូស​រ៉ឺ​ម៉ក​បាន​ឈប់​ម៉ូតូ ព្រោះ​ខ្លាច​បុក​អ្នក​នៅ​ខាង​មុខ ខណៈនោះ​ដែរ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ដែល​នៅ​អង្គុយ​លើ​រ៉ឺ​ម៉ក​បាន​យក​អាវ​មក​រឹត​ក​គាត់​ពីក្រោយ ពេល​នោះ​រូប​គាត់​បាន​ប្រឹង​រើបម្រះ និង​តដៃ​ជាមួយ​ជនសង្ស័យ​ដែរ តែ​មិន​ឈ្នះ ព្រោះ​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​បាន​ព្រួត​គ្នា​វាយ​រូប​គាត់​ទាល់តែ​ចុក​ឆ្អល់ និយាយ​លែង​ចេញ រួច​ជន​ស​ង្ស​យ័​ទាំងនោះ​បាន​យក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​អស់រលីង ។ ភ្លាម​ៗ​នោះ​គាត់​បានរ​ត់រក​កន្លែង​ភ្លឺ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​ជួយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ដឹក​មក​យក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីវេលាម៉ោង៨៖០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ SL បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉តូមួយគ្រឿង ម៉ាក MSX ស្លាកលេខភ្នំពេញ 1FD-2818 ពីជនរងគ្រោះម្នាក់ នៅក្នុងក្រុមហ៊ុន 7NG ស្ថិតក្នុងទីតាំងខាងលើ ។

សមត្ថកិច្ចបានផ្តល់ព័ត៌មានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេចខាងលើរួចមក ក្រុមចោរបានជិះគេចខ្លួនសំដៅមកភ្នំពេញ លុះមកដល់សង្កាត់បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ ក្រុមចោរដដែលបានធ្វើសកម្មភាពប្លន់ម្ដងទៀត គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះម្នាក់បណ្ដាលឱ្យរងរបួសបែកក្បាល ដើម្បីប្លន់យកម៉ូតូ១គ្រឿងទៀតម៉ាក Honda Dream 2013 ពាក់ស្លាកលេខភ្នំពេញ 1BF-4461 នៅជិតស្ពានលីយ៉ុងផាត់ បន្ទាប់ពីប្លន់បានសម្រេចទាំងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារួចមក ជនប្លន់ប្រដាប់អាវុធមួយក្រុមនោះបានគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម