បុរស​៣​នាក់​យកឈ្មោះ​កូន​ថ្នាក់ដឹកនាំ​ទៅ​បោក​លុយ​គេ​ជាង​២​លាន​ដុល្លារ

 
 

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុ​ន ធី នៅ​ព្រឹក​ថ្ងៃ ទី​១២ មិថុនា ២០១៦ បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​តាម​រូបភាព​ទិញ​-​លក់​ដី​(​ខ្យល់​)​លើ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនជាប់សង្ស័យ​៣​នាក់ ១-​ឈ្មោះ សួន មាស ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ២-​ឈ្មោះ ហង្ស សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​៣-​ឈ្មោះ ស៊ុន សុខ​ហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។ បុរស​៣ នាក់​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩ មិថុនា​ ២០១៦ ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​ឈ្មោះ សូ ណា​រី និង​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​កូន​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ភូមិ​ឫ​ស្សី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ និង​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​ ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ ជនសង្ស័យ​៣​នាក់​ខាងលើ​នៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើមចម​ផ្តើម​ចេញពី​ឈ្មោះ សួន មាស ដែល​តាង​នាមខ្លួន​ថា ជា​មន្ត្រី​ក្រសួងបរិស្ថាន​ជាមួយ​ឈ្មោះ ហង្ស សុខា យកឈ្មោះ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ។ ២​នាក់​នេះ​មានការ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​បរទេស ដោយ​មានការ​ទំនាក់ទំនង​ទៅ​ឈ្មោះ​ស៊ុន សុខ​ហេង ធ្វើ​ជា​ដើរ​ទិញ​-​លក់​ដី ហើយ​បាន​ទៅ​បោកប្រាស់​ដើមបណ្តឹង​យក​ប្រាក់​មុន​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ថា យក​ទៅ​រៀបចំ​ដី​ឲ្យ​នៅ​ស្រុក​កំពុង​សិលា និង​ខណ្ឌ​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ពី​រៀបចំ​ដី​មិន​បាន​ឲ្យ​ដើម​បណ្តឹង និង​ចាត់​ទុក​ថា ជា​ដី (​ខ្យល់​) ដើមបណ្តឹង​បាន​សុំ​ជួប​ច​ចារ​ច្រើន​លើក ដើម្បី​កុំ​ឲ្យ​ពាក់ព័ន្ធ​ផ្លូវច្បាប់ តែ​ពេល​ខ្លះ​បាន​ជួប ពេល​ខ្លះ​ត្រូវ​ជនសង្ស័យ​បិទ​ទូរស័ព្ទ មិន​អាច​ទាក់​ទង​បាន ។ នៅ​សាលាដំបូង​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដើមបណ្តឹង​ពិបាក​និង​រក​ការ​ទាក់ទង ដោយ​យល់​ឃើញ​ថា ជនសង្ស័យ​ពិតជា​មានគំនិត​ទុច្ចរិត​បោកប្រាស់ ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំរឿង​នេះ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីបោកប្រាស់លុយនេះដែរ កាលពីប៉ុន្មានខែកន្លងទៅ ក្រុម​អ្នកលេង​តុងទីន​ចំនួន​៣០​នាក់​ក្នុង​ចំណោម​គ្នា​៣០០​នាក់ ដែល​មេ​តុងទីន​បោក​យក​លុយ​ជាង​៤០​ម៉ឺន​ដុល្លា កាលពី​៦​ខែ​មុន​នោះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។ ហើយ​ពួក​គាត់​បាន​បន្ត​លើកគ្នា ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​បន្ត​ទៀត កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ។

សមាជិក​តុងទីន​បាន​និយាយ​ថា ពួក​គាត់​ភាគច្រើន​គឺជា​អាជីវករ លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេង​តុងទីន​ម្នាក់​ៗ​ម​ចាប់ពី​៥​ក្បាល​ឡើង​ទៅ ដែល​ក្នុង​១​ក្បាល​ៗ ចាប់ពី​១​ម៉ឺន​រៀល ដល់​២០០​ដុល្លារ​ហើយ​សរុប ទាំងអស់​ជាង​៤០​ម៉ឺន​ដុល្លារ​ឯណោះ និង​ត្រូវ​បាន​មេ​ប្រមូល​យក រត់​ចោល​បាត់​ស្រមោល​។

ប្រភព​ដដែល​បន្ត​ថា មេ​តុងទីន​នោះ​ឈ្មោះ ទឹម ស្រី​នាង អាយុ​ប្រហែល​៤២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម បាន​វេច​បង្វិច​ទៅ​ចោល​ពួក​គាត់​រយៈពេល​៦​ខែ​មក​ហើយ និង​បាន​យក​លុយ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់​នោះ​។

បន្ទាប់​ពី​មេ​តុងទីន​រត់​ចោល ពួក​គាត់​បាន​នាំ​គ្នា ទៅ​ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​ដោះ​មិន​ចេញ​មិនតែប៉ុណ្ណោះ នៅ​រាល់ពេល​ដោះស្រាយ​នោះ ឪពុក​មេ​តុងទីន​ម្នាក់​នោះ ក៏​បាន​ទៅ​ជួប​អាជ្ញាធរ​ជំនួស​កូនស្រី របស់​ខ្លួន​ដែរ​ប៉ុន្តែ​គាត់​បាន បដិសេធ​ថា​អត់​ដឹង​ថា​កូន​គាត់​ទៅ​ណា​ទេ និង​បាន​ប្រកាស​កាត់កាល់​កូនស្រី​ម្នាក់​នោះ​ចោល​នៅ​នឹង​មុខ​អាជ្ញាធរ​ថែម​ទៀត​ផង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា មេ​តុងទីន​ម្នាក់​នោះ​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ដែរ ពួក​គាត់​បាន​លើកគ្នា ទៅ​កាន់​សាលាសង្កាត់​នា​ពេល​នេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទៀត តើ​ត្រូវ​រឹបអូស​តូប​លក់ដូរ លក់​យក​លុយ​ចែ​ល​ចាយ​គ្នា​ឬ​បែប​ណា ប៉ុន្តែ​ពេល​ទៅ​ដល់​អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ​ចេញ​ដដែល​៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម