ត៌មានលម្អិត៖ ករណីគ្រោះថ្នាក់ចរាចរណ៍​រថយន្តទូរីស បុកម៉ូតូរ៉ឺម៉ក់កង់បី ស្លាប់ម្នាក់ របួសធ្ងន់ស្រាល១៣នាក់ នៅក្បែររង្វង់មូលចោមចៅ

 
 

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតមួយ ដែលបង្កឡើងដោយសារតែរថយន្តទូរីស១២កៅអីមួយគ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ទៀត ក្នុងល្បឿនលឿនជ្រុលបុកពីក្រោយម៉ូតូរ៉ឺម៉ក់កង់៣ មួយគ្រឿង ជិះគ្នា១២នាក់ ពេញទំហឹងបណ្តាលឲ្យនារីម្នាក់ បាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង១៣នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ធ្ងរស្រាល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ រ៉ឺម៉ក់កង់បីមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយមនុស្ស១២នាក់ ក្នុងនោះមានស្រី១០នាក់ ប្រុស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តទូរីស១២កៅអីមួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2A-3723 ជិះធ្វើដំណើរដោយបុរស២នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅស្របគ្នាជាមួយ រ៉ឺម៉កកង់បី ដោយក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតបុកផ្ទប់ ពីក្រោយម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យទាំងម៉ូតូរ៉ឺម៉ក និងមនុស្សត្រូវផ្លោងអូសជាង១០០ម៉ែត្រ ស្លាប់នារីម្នាក់នៅហ្នឹងកន្លែងភ្លាមៗ និង១១នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ធ្ងរទាំងអស់ ត្រូវបានរថយន្តសាមុយមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកតៃកុងរថយន្តបង្កទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែង អូសយកទាំងរថយន្តបង្ក និងរ៉ឺម៉កកង់បីជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះតៃកុងរថយន្តបង្កទាំង២នាក់ ក៏ត្រូវឃាត់ខ្លួនយកទៅជាមួយផងដែរ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបងប្អូនក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៦ ក៏មានហេតុការណ៍ស្រដៀងគ្នាផងដែរ ដែលមានរថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយ បន្ទាប់មកស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង ដាច់ធ្លាក់រាបនិងរាយប៉ាយពេញផ្លូវ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលជាច្រើនអ្នកផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមមន្ដ្រីនគរបាលចរាចរណ៍ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដសាំងយ៉ុងដឹងអ្នកដំណើរ បើកបរក្នុងទិសដៅពីភ្នំពេញទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់មកបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។

សមត្ថកិច្ចដដែលបន្ដថា ក្នុងករណីនេះ បណ្ដាលឱ្យតៃកុងរថយន្ដ និងអ្នកជិះក្នុងរថយន្ដនោះ រងរបួសធ្ងន់ស្រាលជាច្រើនអ្នក។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម