ផឹកស្រា​ពី​ល្ងាច​ជុំ​គ្នា ព្រឹក​ឡើង​ឃើញ​ស្លាប់​នៅ​ក្នុង​មុង​ម្នាក់ឯង

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ជាងដែក​ម្នាក់​ខ្យល់គ​ដេក​ស្លាប់​នៅ​ក្នុង​មុង​តែ​ម្នាក់ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្រោយ​ពី​បាន​ជួបជុំ​គ្នា​ហូប​បាយ និង​ផឹកស្រា​បៀរ​អស់ ១៨​កំប៉ុង ជាមួយ​និង​ក្រុម​ជាងដែក​ដែល​ធ្វើការ​ជាមួយ​គ្នា​៣​នាក់​ទៀត កាលពី​ពេល​ល្ងាច​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​សិប្បកម្ម​ដែក​មួយ​កន្លែង ផ្ទះ​លេខ​៨៥៧B ក្រុម​៤៤ ភូមិ​៧ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជួប សំណាង អាយុ​៤០​ឆ្នាំ មុខរបរ​ជាងដែក​(​នៅ​លីវ​)​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ប៉ាវ ឃុំ​ស្នួល ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម​។ មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​មិនឃើញ​បុរស​ជា​ជាងដែក​ខាងលើ​មិន​ឡើង​មក​ធ្វើ​ការងារ​ដូច​សព្វ​ដងនោះ ស្ត្រី​ជា​ថៅកែ​ក៏​បាន​ចុះ​ទៅ​បន្ទប់​ស្នាក់​នៅ​របស់​គេ​ខាងក្រោម​គោះ​ទ្វារ​ដើម្បី​ហៅ​ឲ្យ​មក​ធ្វើការ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប៉ុន្តែ​នៅ​ពេល​នោះ​បុរស​រូប​នោះ គេ​មិន​បាន​ចេញ​មក​បើកទ្វារ​ឡើយ ហើយ​ស្ត្រី​ជា​ថៅកែ ក៏​បានរ​ត់ទៅ​ហៅ​កូនជាង​ផ្សេង​ទៀត​ឲ្យ​មក​ជួយ​ហៅ​តែ​នៅ​តែ​មិន​ក្រោក និង​បើកទ្វារ​ដដែល​។ ដោយ​មានការ​សង្ស័យ​ក៏​បាន​នាំ​គ្នា​ទៅ​យក​កូនសោ​ចាក់​ចូល​ទៅ​ខាងក្នុង ហើយ​បើក​មុង​ដាស់​អង្រួន​បុរស​រូប​នោះ ស្រាប់តែ​ដងខ្លួន​មាន​សភាព​រឹង​កំព្រឹស ស្លាប់​បាត់​ទៅ​ហើយ ។

ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​ទៅ​ប្តឹង​កម្លាំង​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល​តែ​ម្តង​។ ប្រភព​ផ្ដល់​ព័ត៌មាន​បាន​បន្ត​ថា កាលពី​ល្ងាច​មិ​ញ​បុរស​រង​គ្រោះ​បាន​ហូប​បាយ​ជួបជុំ​គ្នា​ជាមួយនឹង​ក្រុម​ជាង​ៗ​ដែល​ធ្វើការ​ជាមួយ​គ្នា​ចំនួន​៣​នាក់ ដោយ​បាន​ផឹកស្រា​បៀរ​អស់​ចំនួន​១៨​កំប៉ុង​ផង​ដែរ រហូត​ដល់​យប់​ជ្រៅ​ក៏​បាន​បែកផ្លូវ​គ្នា​ខ្លះទៅ​ផ្ទះ និង​ចូល​ដេក​រៀង​ៗ​ខ្លួន លុះ​ព្រឹក​ឡើង​ក៏​បាន​ប្រទះ​ឃើញ​រូបគេ​ដេក​ស្លាប់​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​បានឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង រួច​ហើយ​ទើប​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ច្បារ​អំពៅ​ទៅ​តាម​ប្រពៃណី ៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេុតខ្មែរឡូត៖

ដោយឡែក ករណីយស្រដៀងគ្នានេះដែរ បុរសម្នាក់ បានលង់ទឹកស្ទឹងពោធិ៍សាត់ស្លាប់ ខណៈចុះងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោល កាលពីវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចចុងកោះសំពៅមាស ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហួរ អាយុប្រហែល ៥០ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ជនរងគ្រោះជានិច្ចជាកាលធ្លាប់មានវិបត្តិក្នុងគ្រួសារ ហើយតែងតែផឹកស៊ីស្រវឹងជោគជាំ ជារៀងរៀងរាល់ថ្ងៃ

នាថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីស្រវឹងដូចសព្វមួយដង ហើយបានទាស់មាត់ទាស់សម្តីជាមួយគ្រួសារ រួចក៏ដើរទៅងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោលរហូតដល់ដាច់ខ្យល់ស្លាប់ ក្នុងស្ទឹងតែម្តង។ ក្រោយមក សាកសព ត្រូវបានក្រុមគ្រួសារ ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម