លោកគ្រូ អ្នកគ្រូ តាមសាលាមួយចំនួន នៅខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស ទោះបីមន្ទីរអប់រំ ប្រកាសមិនឱ្យយក

 
 

(ភ្នំពេញ)៖ ឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្ស បានបន្ដការរិះគន់ថា លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅ បឋមសិក្សាមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស បើទោបីជាមន្ទីរអប់រំ បានចេញសេចក្ដីប្រកាស មិនឱ្យយកលុយក៏ដោយ។

សាលាបឋមសិក្សាដែលនៅតែបន្ដយកពីសិស្សនោះរួមមាន សាលាបឋមសិក្សាជម្ពូវ័ន សាលាបឋមសិក្សាទួលកី សាលាបឋមសិក្សា ព្រៃស្ពឺ សាលាបឋមសិក្សាអូឌឹម សាលាបឋមសិក្សាកន្ទោក សាលាបឋមសិក្សាត្រពាំងក្រសាំង និងសាលាបមឋសិក្សាមួយចំនួនទៀត ក្នុងខណ្ឌពោធិ៍សែនជ័យ សុទ្ធសឹងយកលុយថ្លៃសាលាពីសិស្សានុសិស្ស ក្នុងមួយថ្ងៃ៥០០រៀល សិស្សខ្លះត្រូវបង់ជាខែ ក្នុងមួយខែ ២ម៉ឺនរៀល ឬត្រូវបង់យ៉ាងតិច ៣០០រៀល។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សាលាបឋមសិក្សាគោបញ្ជាន់ ក៏ត្រូវបានឪពុកម្ដាយ រិះគន់ពីបញ្ហាយកលុយ ពីសិស្សនេះដែរ។ ក្រោយមកនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោកនាយកសាលា បានធ្វើការប្រជុំជាបន្ទាន់មួយ ដោយកំណត់ឱ្យ លោកគ្រូ-អ្នកគ្រូ ទាំងអស់បញ្ឈប់រាល់ការ ប្រមូលលុយ ពីសិស្សទាំងស្រុង៕

ប្រភព ៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

និយាយទាក់ទងនឹងសាលា យើងអាចនឹកឃើញដល់សាលារៀនមួយ ដែលខ្មែរឡូតទើបតែចុះផ្សាយ បង្ហាញពីក្មេងៗសិស្សសាលាតូចៗ ហ៊ានប្រថុយជីវិត ឡើងចុះភ្នំ កម្ពស់ជាង ៨០០ម៉ែត្រ ដើម្បីទៅរៀន នៅក្នុងប្រទេសចិន។

នេះបើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃក្មេងៗ ១៥នាក់ ដែលរស់នៅក្នុងភូមិ Atule’er ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន បាននាំគ្នាផ្សងគ្រោះថ្នាក់ ឡើងចុះជម្រាលភ្នំ ដែលមានកម្ពស់ជាង ៨០០ម៉ែត្រ និងថែមទាំងត្រូវដើរឆ្លងកាត់ជណ្តើរជាង ១៧កន្លែង ដែលមាននៅលើជម្រាលភ្នំនោះផងដែរ ទើបអាចទៅដល់សាលារៀនរបស់ពួកគេបាន។ ទោះបីជាយ៉ាងណាក៏ដោយ ជារឿងអកុសលដែលកាលពីមុន ទីតាំងដ៏គ្រោះថ្នាក់មួយនេះធ្លាប់សម្លាប់ក្មេងៗចំនួន៨នាក់រួចមកហើយ ដោយសារតែការរអិលធ្លាក់ ពីលើជណ្តើរ។ ទោះជាយ៉ាងនេះក្តី សម្រាប់ក្មេងៗទាំងអស់នោះ នៅតែមិនបាក់ទឹកចិត្ត និងហ៊ានតស៊ូជំនះប្រថុយជីវិត លើជម្រាលភ្នំដ៏គ្រោះថ្នាក់យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ដើម្បីឡើងចុះភ្នំ ធ្វើយ៉ាងណាដើម្បីទទួលបានការអប់រំរៀនសូត្រ ដោយមិនខ្លាចរុញរាឡើយ។

ទន្ទឹមនឹងនោះផងដែរ មតិមួយចំនួនលើកឡើងថា ការចែករំលែករូបទាំងអស់នេះ ចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជារឿងមួយដ៏ប្រសើរបំផុត ដែលជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋាភិបាល បានឃើញនិងជួយគាំទ្រដល់ពួកគេ ក៏ដូចជាប្រជាជនដែលរស់នៅក្នុងតំបន់ភូមិដាច់ស្រយ៉ាល ក្បែរជម្រាលភ្នំនោះផងដែរ និងជួយជ្រំជ្រែងដល់ការរស់នៅរបស់ពួកគេ ឲ្យបានប្រសើរជាងនេះ។

ប្រភពដដែលបន្តទៀតថា កាលពីដើមសប្តាហ៍មុននេះ រដ្ឋាភិបាលក្នុងតំបន់ បានចុះសាកសួរសុខទុក្ខប្រជាជន ដែលរស់នៅក្នុងភូមិដាច់ស្រយ៉ាលខាងលើ ជាមួយនឹងអារម្មណ៍ក្តុលក្តួលជាខ្លាំង និងបានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថា នឹងសាងសង់ជណ្តើរធ្វើពីដែកថែប មានបថដ្ឋានត្រឹមត្រូវល្អជាងនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ក្មេងៗ ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕

រូបភាពសិស្សសាលាឡើងភ្នំ ដើម្បីទៅសាលារៀន

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម