ចេញពី​បន្ទប់ទឹក ជើង​សើម​ជាន់​ខ្សែរ​ភ្លើង​ឆក់​ស្លាប់

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់ បាន​ចូល​ទៅ​បត់ជើង នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​មេជាង របស់​ខ្លួន លុះ​ពេល​ចេញ​មក​វិញ ដោយសារ​ជើង​សើម ហើយ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​រាយ​នៅ​លើ​សាប ដោយ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ មិន​លើក​ឲ្យ​ផុត​ពី​ដី​ឲ្យ​បាន​ត្រឹមត្រូវ ក៏​បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ជន​រង​គ្រោះ​ខាង លើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ប៉ុន្តែ​សាច់ញាតិ​មិន​អស់ចិត្ត នឹក​ស្មានថា​មិន​ទាន់​ស្លាប់ ក៏​បាន​ដឹក​ទៅ​កាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​។

ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងផ្ទះ​ថៅកែ​ជាងដែក ស្ថិត​នៅ​តាម​ផ្លូវលំ​ក្រុម​ទី​៥ ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​រង​គ្រោះ ឈ្មោះ ចាន់ ទ្រា អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ យុវជន​រង​គ្រោះ បាន​ធ្វើការ​ផ្សា​ដែក​ជា​ធម្មតា ខណៈនោះ​បាន​ឈឺ​បត់ជើង ក៏​បាន​ចូល​ទៅ​បត់ជើង នៅ​ក្នុង​បន្ទប់ទឹក​នោះ លុះ​ពេល​បត់ជើង​រួច ចេញ​មក​វិញ ដោយ​ជើង​ទទេ អត់​មាន​ពាក់​ស្បែកជើង​ឡើយ​។ ជន​រង​គ្រោះ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​ម្ចាស់ផ្ទះ និង​ជា​ថៅកែ​ជាងដែក​រាយ​ដាក់ នៅ​លើ​សាប​គ្មាន​សណ្ដាប់ធ្នាប់ និង​ធ្វេសប្រហែស ហើយដោយ​សារ​ជើង​របស់​គេ​សើម បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​និយាយ​បន្ត​ថា ខ្សែភ្លើង​នោះ​អត់​មាន​ដាច់​រលាត់​នោះ​ទេ រឿង​អី​ត្រូវ​ឆក់​ទៅ​កើត ពេល​នេះ​មានការ​សង្ស័យ​ថា អាច​មាន​ដែក​ប៉ះ​ចំ​មុខតំណ​ខ្សែភ្លើង ជើង​ជន​រង​គ្រោះ​សើម ដើរ​ជាន់​ដែក​ដែល​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។ នេះ​គឺជា​ធ្វេសប្រហែស របស់​ម្ចាស់ផ្ទះ​ដែល​ជា​ថៅកែ ខ្សែភ្លើង​មិន​បាន​លើក​ឲ្យ​ផុត​ពី​ដី​ទេ ដាក់​រាយ​ប៉ាយ​នៅ​លើ​សាប ហើយ​ក៏​មាន​ដែក ស្ថិត​នៅ​ទីនោះ​រញ៉េរញ៉ៃ​ផង​ដែរ មិន​បាន​រៀបចំ​ឲ្យ​បាន​របៀប ទើប​បណ្ដាល​ឲ្យ​ឆក់​ជាង​ស្លាប់​បែប​នេះ​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរស​ម្នាក់​ទៅ​បិទ​កុងតាក់​ភ្លើង​បូមទឹក​មិន​ប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ចំណុច​ស្ថានីយ​ប្រេង​ឈ្មោះ​លី​ណា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។

សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​ពេល​កំពុង​អង្គុយ​មើល​ប្រដាល់​តាម​ទូរទស្សន៍​ជុំ​គ្នា​នោះ ជន​រង​គ្រោះ​បាន​ងើប​ដើរទៅ​កន្លែង​អណ្តូង​បូមទឹក​ដែល​មាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍ ដោយ​លូកដៃ​ទៅ​បិទ​កុងតាក់ គឺ​ភ្លើង​បាន​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

ទោះបី​មានការ​ជួយ​សង្គ្រោះ​ពី​សាច់ញាតិ​ហៅ​ក្រុម​គ្រូពេទ្យ​មក​ធ្វើការ​ពិនិត្យ​ភ្លាម​ៗ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ដែរ​។ សាច់ញាតិ​ជន​រង​គ្រោះ​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជន​សង្គ្រោះ​ជា​មនុស្ស​សុភាព​រាបសា ឧស្សាហ៍​ធ្វើ​ការងារ ហើយ​ត្រូវជា​ក្មួយ​ម្ចាស់​ស្ថានីយ​ប្រេង​ទៀត​ផង ដោយ​រស់នៅ​ជាមួយ​ពួក​គាត់​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ​។

លោក សួន សា​វុ​ធ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កាចា​ញ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អុល សា​វុ​ធ អាយុ​២៩​ឆ្នាំ មុខរបរ​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ខាងលើ ហើយ​ជន​រង​គ្រោះ​នេះ​ត្រូវជា​ក្មួយ​ម្ចាស់​ស្ថានីយ​ប្រេង​លី​ណា នេះ​តែ​ម្តង​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយ​សេចក្តី​ទុក្ខ​ក្រៀមក្រំ​៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម