កម្លាំងនគរបាលចាប់ម៉ែយ៉ែមម្នាក់ ពាក់ព័ន្ធនាំស្រីក្មេង ទៅឲ្យដេកជាមួយភ្ញៀវ តម្លៃ១៥០០-២៥០០ដុល្លារ តែនាងៗបានតែ២០០ដុល្លារ
(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិបង្ក្រាប ករណីជួញដូរព្រហ្មចារីយ៍នារីវ័យក្មេងៗ រហូតឈានទៅដល់ការឃាត់ខ្លួនស្រ្តីម៉ែយ៉ែមម្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី២៣ ខែឧសភា លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្រ្តី ជួញដូរផ្លូវភេទលើស្រ្ដី និងកុមារី ដែលជនសង្ស័យកំពុងនាំក្មេងស្រី យកទៅលក់ព្រហ្មចារីយ៍នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លូនជនសង្ស័យជាម៉ែយ៉ែមម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបានជួយសង្គ្រោះជនរងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទីឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ ស ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូតបានលុយ១០០០ដុល្លារផងដែរ។
បើតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យជាម៉ែយ៉ែម បាននាំពួកគេទៅលក់ឱ្យអនិកជន ក្នុងតម្លៃ១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេ ទៅដេកជាមួយភ្ញៀវរួច មិនទទួលបានលុយដូចម៉ែយ៉ែមនិយាយនោះទេ គឺពួកគេទទួលបានតែ២០០ដុល្លារប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើសញ្ចារកម្ម ពាក់នឹងការជួញដូរព្រហ្មចារីយ៍ និងជួញដូរផ្លូវភេទពិតប្រាកដមែន។ ក្រោយពីធ្វើការសាកសួររួច ជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានរឿងរ៉ាវស្រដៀងគ្នានេះដែរ គឺមាន ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានសំរេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ប្ដឹងថៅកែស្រីវ័យក្មេងនៃហាងកាត់សក់ផាត់មុខធ្វើក្រចកម្នាក់ ពីបទគំរាមកំហែងអាយុជីវិត ខណៈរូបនាងនិងកូនជាងម្នាក់ទៀត បានដឹងពីរឿងរកសុីជួញដូរផ្លូវភេទតាមរយៈដើរទាក់ស្រីក្នេងៗ ទុកអោយតាៗ ដែលគេហៅថាអ្នកមានលុយ និងមានអំណាចយកទៅរួមភេទ។ យោងតាមកំណត់ហេតុសាកសួររបស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្ត្រីដែលជាម្ចាស់បណ្ដឹងបានអោយដឹងថា រូបនាងបានទៅធ្វើការនៅហាងកាត់សក់ កក់សក់ ផាត់មុខ ធ្វើក្រចកនៅហាងមួយឈ្មោះថា «អាហួយ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ម្ដុំលក់ស៊ុបគោ ដោយចែកភាគរយជាមួយម្ចាស់ហាង។ តាំងពីនាងទៅធ្វើការបានជាង២ខែមក ម្ចាស់ហាងឈ្មោះ អាហួយ ដែលមានវ័យខ្ទង់៣០ឆ្នាំរូបនេះ ចេះតែនិយាយលួងលោមរូបនាងអោយធ្វើខ្លួនតុបតែងស្លៀកពាក់អោយស្អាតដើម្បីងាយរកលុយ ហើយប្រាប់ថាបើចង់បានលុយត្រូវទៅដេកជាមួយតាៗឬថៅកែៗឬអោយគេចិញ្ចឹម។
ពេលខ្លះក្រោយចប់ការងារ ថៅកែហាងបាននាំ នាងទៅហូបចុក នៅតាមហាងជួបជា មួយតាៗ ឬថៅកែកូរ៉េជាដើមហើយតែងតែសួរនាងថាព្រមទេ? បើព្រមដេកជាមួយគេនឹងបានលុយច្រើនជាដើម តែនាងតែងតែបដិសេធថានាងមិនធ្វើដូច្នោះទេ ទោះអត់លុយយ៉ាងណាក៏ដោយ។ ក្រោយមកថៅកែហាងរូបនេះក៏នាំបងប្អូនស្រីជីដូនមួយរបស់គេពីខេត្តតាកែវ យកមកនៅជាមួយរួចហើយធ្វើការតុបតែងខ្លួនទិញខោអាវអោយស្លៀក ពាក់ស្អាតៗ និងតែងតែនាំទៅជួបអ្នកនេះអ្នកនោះ(តាៗឬថៅកែ) នៅខាងក្រៅដើម្បីលួងលោមអោយដេកជាមួយគេដើម្បីបានលុយច្រើន ដូចជាមានពេលមួយបាននាំអានិចទៅអោយតាៗ មើលដល់ខេត្តកំពង់ចាម តែប្អូនស្រីជីដូនមួយរូបនេះក៏មិនព្រមធ្វើតាមដូចគ្នា។ ក្នុងនោះជារើយៗពួកនាង តែងតែស្ដាប់ឮថៅកែស្រីនិយាយទូរស័ព្ឌទាក់ទងអ្នកនេះអោយអ្នកនោះ ពេលខ្លះភ្ញៀវស្រីកាលិបៗ មកធ្វើខ្លួននៅហាងក៏ថៅកែនិយាយបញ្ចុះបញ្ចូលអោយទៅរកតាៗ នឹងបានលុយច្រើន ហើយបើភ្ញៀវណាព្រមគេមានរថយន្តកាមរីហាយប្រ៊ីកស៊េរី០៧ពណ៌សមួយគ្រឿង ជាអ្នកជូនទៅជួបទៀតផង។
ក្រោយមកដោយសារតែរូបនាង និងប្អូនស្រីជីដូនមួយមិនព្រម និងដឹងពីរឿងរកសុីខុសច្បាប់របស់គេច្រើន ស្រាប់តែនៅពាក់កណ្ដាលខែឧសភានេះ គេធ្វើការគំរាមកំហែងថា ដឹងរឿងគេច្រើនហើយ បើហ៊ានប្ដឹងឬយករឿងនេះទៅប្រាប់គេ គេនឹងជួលក្មេងស្ទាយអោយមកវាយសម្លាប់ទាំងពីរនាក់ចោលតែម្ដង ដែលការគំរាមនេះធ្វើអោយប្អូនជីដូនមួយឈ្មោះ អានិច ភ័យក៏រត់ទៅនៅស្រុកបាត់ទៅ និងរូបនាងបានរត់ចេញឈប់ធ្វើការនៅហាងនោះតទៅទៀត តែដោយមានការព្រួយបារម្ភពីការតាមព្យាបាទដល់អាយុជីវិត ទើបរូបនាងសំរេចទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីការពារជីវិតរបស់នាង។
ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ត្រីខាងលើបានអះអាងថា រូបនាងពិតជាបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមែន សមត្ថកិច្ចបានហៅនាងទៅសាកសួររួចហើយដោយនាងសូមអោយសមត្ថកិច្ចជួយការពារអាយុជីវិតរបស់នាងផង។
សូមបញ្ជាក់ថាទីតាំងអ៊ុតសក់ដែលមានយីហោ «អាហួយ» ជាឈ្មោះថៅកែខ្លួនឯងនេះ បច្ចុប្បន្នក្រោយពីស្ត្រីរងគ្រោះប្ដឹង និងឃើញសមត្ថកិច្ចចុះទៅថតទីតាំងហាង ទំនងម្ចាស់ដឹងខ្លួនបានប្ដូរឈ្មោះហាងដាក់ឈ្មោះផ្សេងវិញហើយ។ ដូច្នេះដើម្បីទប់ស្កាត់នូវបទល្មើសពេស្យាចារ្យ និងការជួញដូរមនុស្សសមត្ថកិច្ចគួរតែបើកការសើុបអង្កេត និងធ្វើការទប់ស្កាត់ បើមិនដូច្នោះទេនឹងមានក្មេងស្រីជាច្រើននឹងក្លាយជាជនរងគ្រោះដោយការជួញដូរផ្លូវភេទជាមិនខាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!