យាយ ណាង ទទួល​ថវិកា​ជំនួយ​ពី​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌

 
 

ថវិកា​ចំនួន ​២០០ ​ដុល្លារ ត្រូវ​បាន​តំណាង​របស់ ​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​តារា​កំប្លែង និង ​អាយ៉ៃ​ជើង​ចាស់​ លោក ​យាយ ណយ សំណាង កាល​ពី​ម្សិលមិញ​នេះ។

លោក ​យាយ ណយ សំណាង បាន​សម្ដែង​ភាព​សប្បាយ​រីករាយ និង ​ថ្លែង​អំណរគុណ​​ចំពោះ​សន្ដាន​ចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែល​បាន​គិត​គួរ​ដល់​អ្នក​សិល្បៈ​វ័យ​ជរា​បាត់​បង់​ទីផ្សារ​ដូច ​លោក ​យាយ ស្រប​ពេល​ជំងឺ​កំពុង​រួបរឹត​រាងកាយ​ជា​ប្រចាំ​ផង​នោះ


“លោក​ជំទាវ​គាត់​បាន​ខល​មក​ខ្ញុំ​ម្សិល​មិញ ស្រាប់​តែ​ព្រឹក​ឡើង ឃើញ​មាន​តំណាង​មក​ដល់​បន្ទប់​ជួល​ខ្ញុំ​មែន”។ យាយបន្ត​ថា មុន​នេះ​បន្តិច​ក៏​មាន​សប្បុរសជន​បាន​នាំ​យក​ថវិកា​ចំនួន ​២៥០ ​ដុល្លារ ​ផង​ដែរ សម្រាប់​ឧបត្ថម្ភ​ដល់​ការ​រស់​នៅ​របស់​យាយ។ នេះ​ជា​ជំនួយ​ស្រប​ពេល​យាយ​កំពុង​ខ្វះ​ខាត ក្នុង​នាម​ជា​សិល្បករ​ម្នាក់​អស់​ទីផ្សារ​បណ្ដើរៗ​ទៅ​ហើយ​នោះ។

លោក ​យាយ ណយ សំណាង ទើប​ទទួល​បាន​សំណង​ ១​ ម៉ឺន​ដុល្លារ ​ពី​ក្រុមហ៊ុន SK កាល​ពី​ពេល​ថ្មី​នេះ​សម្រាប់​ការ​បាត់បង់​ជីវិត​កូន​ប្រុស​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​កាល​ពី​ថ្ងៃ​ទី ​៧ ខែ​ មីនា ឆ្នាំ​ ២០១៣។ ត្រង់​ចំណុច​នេះ យាយ​បន្ថែម​ថា ថវិកា​ទាំង​នោះ​ត្រូវ​ចាត់ចែង​ទិញ​ដី និង​ សង់​ចេតិយ​អស់​ហើយ តាម​ការ​សន្យា​ជា​មួយ​ព្រលឹង​កូន​ប្រុស​របស់​យាយ នៅ​ក្នុង​អំឡុង​ពេល​ប្ដឹងផ្ដល់​ជាមួយ​ក្រុមហ៊ុន។

“កុំ​ឲ្យ​គេ​ថា ជា​ម្ដាយ​មិន​គិតគូរ​ដល់​កូន​ ដែល​បាន​ស្លាប់​ទៅ បាន​លុយ​មិន​បាន​ធ្វើ​អ្វី​សម្រាប់​គ្នា”។ យាយ​បាន​ចំណាយ​៤០០០ ​ដុល្លារ ដើម្បី​ទិញដី និង ៥ ០០០ ដុល្លារ​ផ្សេង​ទៀត​​ សម្រាប់​សង់​ចេតិយ​ ​នៅ​ស្រុក​កំណើត​របស់​យាយ ដែល​ពេល​នេះ​សមិទ្ធផល​បាន​សម្រេច​ទាំង​ស្រុង​ហើយ និង ​ត្រៀម​ធ្វើ​ពិធី​ឆ្លង​ឆាប់ៗ​នេះ​ផង​ដែរ។

យាយ​សូម​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់ ដែល​មិន​បាន​បោះបង់​ចោល​លោក​យាយ​នៅ​ពេល​ចូល​ដល់​វ័យ​ជរា​ដូច្នេះ។ យាយ​អំពាវនាវ​សប្បុរសជន នៅ​បន្ត​ជួយ​ដល់​វីរ​សិល្បករ​វ័យ​ជរា​ផ្សេង​ទៀត​ ដែល​កំពុង​ជួប​ការ​លំបាក​ដូច​គ្នា​ ដូច​ជា ​លោក​តា ផ្លុង មឿក ជា​ដើម៕ ប្រភព Sabay.


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម