ពីឡុតអាកាសចរណ៍តួកគី ២នាក់ អះអាងថា បានឃើញថាសហោះ នៅក្បែរទីតាំង ដែលយន្តហោះ MS804 របស់អេហ្ស៊ីប ធ្លាក់ មុនមួយម៉ោង (មានវីដេអូ)

 
 

តួកគី៖ ភាពភ្ញាក់ផ្អើល និងចម្ងល់ជាច្រើន បានកើតឡើងសាជាថ្មី បន្ទាប់ពីមានការអះអាង ថាគ្រោះថ្នាក់នៃយន្តហោះ MS804 របស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បត៍មុននេះ អាចមានជាប់ពាក់ព័ន្ធនឹង ទង្វើរបស់ពួកមនុស្សភពក្រៅ ព្រោះតែមានការប្រទះឃើញ នូវវត្តមានរបស់ថាសហោះ នៅដែនអាកាស ក្បែរៗទីតាំងកើតហេតុ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពីឡុត (អ្នកបើកយន្តហោះ) ២រូប របស់អាកាសចរណ៍តួកគី បានធ្វើការអះអាងដ៏មិនធម្មតាមួយថា ពួកគេបានឃើញវត្ថុ ដ៏ចម្លែកម្យ៉ាង មានពណ៌បៃតងភ្លឹបភ្លែត អាចជាប្រភេទថាសហោះ (UFO) របស់ពួកមនុស្សភពក្រៅ ដែលបានហោះនៅពីលើយន្តហោះ របស់ពួកគេ ហើយជាទីតាំងដែល យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអេហ្ស៊ីប ជួបឧបទ្ទវហេតុ មួយម៉ោងក្រោយមកផងដែរ។

យន្តហោះ MS804 របស់អេហ្ស៊ីប ដែលបានជួបឧបទ្ទវហេតុ ធ្លាក់ចូលក្នុងសមុទ្រ

បើតាមរបាយការណ៍ជាច្រើន ដែលបានដកស្រង់សម្តី របស់ពីឡុតទាំង២នាក់នោះ បានបង្ហាញថា ខណៈដែលយន្តហោះពួកគេ បានចាកចេញពីទីក្រុង Bodrum ទៅកាន់ព្រលានយន្តហោះ នៃទីក្រុង Istanbul ប្រហែលជាអំឡុងម៉ោង ១១និង៣០នាទី (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បត៍សប្តាហ៍មុន ពួកគេបានឃើញវត្ថុចម្លែកម្យ៉ាង ដែលមានភ្លើងពណ៌បៃតង ហោះកាត់នៅពីលើយន្តហោះរបស់ពួកគេ។ ក្នុងនោះដែរ ពីឡុតទាំង២ បានបញ្ជាក់ប្រាប់ថា “អំឡុងពេលដែលយន្តហោះរបស់យើង កំពុងហោះហើរធម្មតា ក៏ស្រាប់តែមានរបស់ចម្លែកម្យ៉ាង ដែលមានភ្លើងពណ៌បៃតង បានហោះកាត់ពីលើយើង ក្នុងរយៈកម្ពស់ពី ២,០០០ហ្វីត ទៅដល់៣,០០០ហ្វីត។ ហើយភ្លាមៗនោះ វាក៏ស្រាប់តែបាត់ខ្លួន មួយរំពេចតែម្តង ពួកយើងគិតថាគឺជា ថាសហោះ (UFO) ហើយ”។

ជុំវិញការអះអាងនេះដែរ ប្រធានទូទៅនៃអាជ្ញាធរ ព្រលានយន្តហោះជាតិ បាននិយាយថា ខ្លួនពិតជាបានប្រទះឃើញ នូវវត្ថុម្យ៉ាងនៅលើប្រព័ន្ធរ៉ាដា ពិតមែន ដែលនេះវាអាចជាប់ ទាក់ទងទៅនឹង ការអះអាងរបស់ពីឡុតទាំង២នាក់នោះផងដែរ។

ក្រោយពីមានការអះអាង និងការបញ្ជាក់ទាំងនេះហើយ បានធ្វើឲ្យមានចម្ងល់ និងការស្រាវជ្រាវជាច្រើន កើតឡើងតាមក្រោយផងដែរ។ ក៏គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 របស់ប្រទេសអេហ្ស៊ីប ដែលធ្វើដំណើរចេញ ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុង Cairo កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុននេះ បានជួបឧបទ្ទវហេតុ ធ្លាក់ចូលក្នុងសមុទ្រ បណ្តាលឲ្យមនុស្សចំនួន៦៦នាក់ ត្រូវបានគេជឿជាក់ថា ស្លាប់បាត់ជីវិតទាំងអស់៕ 

របស់របរ ដែលចេញមកពីយន្តហោះ MS804 ដែលត្រូវគេស្រង់បាន

របស់របរ ដែលចេញមកពីយន្តហោះ MS804 ដែលត្រូវគេស្រង់បាន



ប្រភព ៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ ក្រោយពីមានការប្រទះឃើញ នូវបំណែកយន្តហោះ និងរបស់របរផ្សេងទៀត ដែលបែកចេញមកពីយន្តហោះ MS804 របស់ប្រទេសអេហ្ស៊ីបនោះ នាពេលនេះមានការរកឃើញហើយ នូវមូលហេតុសំខាន់ដែលនាំឲ្យ យន្តហោះមួយគ្រឿងនេះ ជួបឧបទ្ទវហេតុ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលប៉ុន្មាននាទីដែលយន្តហោះ MS804 ជួបឧបទ្ទវហេតុ ធ្លាក់ចូលក្នុងមហាសមុទ្រ មេឌីទែរ៉ានេ គឺមានការប្រកាសអាសន្នទាក់ទង នឹងផ្សែងដែលហុយឡើង នៅឯបន្ទប់កាប៊ីន ដែលនេះគឺជាចំណុចដ៏សំខាន់មួយ នាំឲ្យមានការសន្និដ្ឋានថា វាជាមូលហេតុធ្វើឲ្យយន្តហោះ MS804 ជួបគ្រោះថ្នាក់។ បើតាមការបញ្ជាក់របស់ អាកាសចរណ៍ Herald បានឲ្យដឹងទៀតថា ខ្លួនបានទទួលបញ្ជីទិន្នន័យ របស់ជើងហោះហើរ MS804 តាមរយៈប្រព័ន្ធរាយការណ៍ និងដោះស្រាយទំនាក់ទំនងនៃយន្តហោះដឹកទំនិញ ហៅកាត់ថា ACARS ដែលបង្ហាញថា មានការប្រទះឃើញ ផ្សែងខ្មៅហុយចេញពីបន្ទប់ទឹក នៃបន្ទប់កាប៊ីន ព្រមទាំងខ្សែភ្លើង នៅក្នុងយន្តហោះនោះ មុនពេលប៉ុន្មាននាទី ដែលការបញ្ជូនសញ្ញា ត្រូវបានកាត់ផ្តាច់ ដែលនេះជាជំហានមួយ ធ្វើឲ្យមានការសន្និដ្ឋានបានថា យន្តហោះ MS804 ធ្លាក់គឺមិនមែន ដោយសារតែកំហុសបច្ចេកទេស នោះឡើយ។

ថ្វីបើរបាយការណ៍ទាក់ទង នឹងព័ត៌មានទាំងនេះ មិនទាន់ត្រូវបានអះអាង ជាផ្លូវការយ៉ាងណាក្តី តែលោក Philip Baum អ្នកត្រួតពិនិត្យប្រចាំទស្សនាវដ្តីសុវត្ថិភាពនៃ អាកាសចរណ៍អន្តរជាតិ បានប្រាប់ឲ្យដឹងថា “មានការប្រទះឃើញផ្សែង ហុយចេញនៅក្នុងបន្ទប់កាប៊ីនរបស់យន្តហោះ ហើយប៉ុន្មាននាទីក្រោយមក ប្រព័ន្ធទាំងអស់នៅក្នុងយន្តហោះ ត្រូវបានបិទ ដូច្នេះអ្នកអាចដឹងបានហើយថា មូលហេតុដែលនាំឲ្យយន្តហោះ ជួបឧបទ្ទវហេតុ គឺប្រហែលជាមិនមែន ដោយសារការប្លន់យន្តហោះ, កំហុសឆ្គងនៅក្នុង បន្ទប់របស់អ្នកបើកយន្តហោះ តែវាទំនងជាមានអគ្គីភ័យ នៅលើយន្តហោះតែម្តង ដែលអាចបណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី ឬក៏មានគ្រាប់បែកនៅលើនោះ ក៏ថាបាន ដែលខណៈពេលនេះ យើងមិនទាន់ដឹងច្បាស់ប្រាកដនៅឡើយ”។

គូសបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចម្សិលមិញ មកដល់ព្រឹកថ្ងៃនេះ ក្រុមរុករកបានប្រទះឃើញ បំណែកយន្តហោះ របស់របរជាច្រើន ដូចជាកៅអី និងវ៉ាលី ព្រមទាំងបំណែកសាកសពមនុស្សមួយចំនួនផងដែរ នៅឯទីតាំងមួយ នៃមហាសមុទ្រ មេឌីទែរ៉ានេ ដែលស្ថិតនៅភាគជើង ចំងាយ២៩០គីឡូម៉ែត្រ ពីទីក្រុង Alexandria របស់ប្រទេសអេហ្ស៊ីប៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម