បុរស​ពោះម៉ាយ ដេក​ស្លាប់​ក្រោយ​ផ្ទះ​សង្ស័យ ខ្សែភ្លើង​ឆក់

 
 

ខេត្តព្រះវិហារ ៖ សាកសព​បុរស​ពោះម៉ាយ​ម្នាក់ ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាងក្រោយ​ផ្ទះ​សង្ស័យ ខ្សែភ្លើង​ឆក់ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ 

បើ​តាម​សម្តី​បុរស​ចំណាស់​ម្នាក់ ដែល​ប្រទះ​ឃើញ​សាកសព​ខាងលើ បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ដឹកឈើ​តាម​រ៉ឺ​ម៉ក យក​ទៅ​ផ្ទះ​បុរស​ពោះម៉ាយ​ដែល​ស្លាប់​ខាងលើ យក​ទៅ​កែ​ច្នៃ ស្រាប់តែ​នៅ​ពេល​ទៅ​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ រូប​គាត់​ក៏​បាន​ស្រែកហៅ​ម្ចាស់ផ្ទះ​ជា​ច្រើន តែ​មិន​មាន​អ្នកឆ្លើយ ពេល​នោះ​រូប​គាត់​ក៏​សម្រេច​បើកទ្វារ​បង ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ ក៏​ឃើញ​បុរស​នោះ​ដេក​ស្លាប់​មិនដឹង​ពី​ពេល​ណា ។

បុរស​ដដែល​បន្ត​ថា នៅ​ក្បែរ​សាកសព​ឃើញ​មាន​ម៉ូ​ទ័​រ​ឈួ​ស​ឈើ ព្រី​ដោត​ភ្លើង និង​នៅ​លើ​ចង្កេះ​ខាងឆ្វេង​សាកសព​ឃើញ​មាន​ស្នាម​ឆេះ​ខ្លោច​មួយ​ដុំ​ធំ​ទៀត​ផង ពេល​នោះ​រូប​គាត់​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ផ្អើល​ឆោឡោ​ពេញ​ភូមិ​តែ​ម្តង ។ 

យោង​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​បុរស​ខាងលើ​នេះ​វា អាច​បណ្តាល​មក​ពី​ឆក់​ខ្សែភ្លើង ព្រោះ​អី​សាកសព​ជន​រង​គ្រោះ​មាន​ស្នាម​រលាក​មួយ​ដុំ​ធំ ហើយ​ជន​រង​គ្រោះ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ដោយ​មិន​ពាក់​ស្បែកជើង​ត្រឹមត្រូវ ទើប​បណ្តាល​ឲ្យ​កើត​ចរន្តអគ្គិសនី​ឆក់​រហូត​ដល់​ស្លាប់​បែប​នេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា បុរស​ពោះម៉ាយ ដែល​ស្លាប់​ខាងលើ​នេះ​មានឈ្មោះ ស្រី សុខ​ចាន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មុខរបរ​ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​ឈើ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង រីឯ​ឪពុក​ម្តាយ ដោយសារ​តែ​មាន​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ​ជន​រង​គ្រោះជា​កូន ក៏​ត្រូវ​ជន​រង​គ្រោះ ឲ្យ​ឪពុក​ម្តាយ​ទៅ​ស្រុក​កំណើត​វិញ​រយៈពេល ៣​ទៅ​៤​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ ទើប​ជន​រង​គ្រោះ​រស់នៅ​ផ្ទះ​កើត​ហេតុតែ​ម្នាក់ឯង ។ 

សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​សាកសព ធ្វើ​កោសល្យវិច័យ និង​ទំនាក់ទំនង​ទៅ​កាន់​ឪពុក​ម្តាយ​ជន​រង​គ្រោះ ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥៖១០នាទី នៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារ លើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។

លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។

លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម