សែនសង្វេគ យករទេះធ្វើផ្ទះ យកមេឃធ្វើដំបូល
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារក្រីក្រមួយមានសមាជិក៤នាក់ ប្តីប្រពន្ធ និងកូន ថែមទាំងផ្ទុកមេរោគអេដស៍៣នាក់ក្នុងចំណោម៤នាក់ទៀត រស់នៅយ៉ាងវេទនាខ្លាំងណាស់ដោយយកមេឃធ្វើដំបូល ហើយនាំគ្នាដេកលើរទេះ ព្រោះគ្មានដី និងលំនៅដ្ឋានផ្ទាល់ខ្លួន ។
គ្រួសារដ៏កំសត់មួយនេះមានប្តីឈ្មោះ សុខ វៃ អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ បេង មុំ អាយុ៣១ឆ្នាំ និងកូនស្រី២នាក់ ម្នាក់ឈ្មោះសុខ លីណា អាយុ៦ឆ្នាំ និងម្នាក់ឈ្មោះ សុខ ចាន់រ៉ា អាយុ១ឆ្នាំ ។
តាមការរៀបរាប់ពីគ្រួសារខាងលើនិយាយថា ពួកគាត់មកពីភូមិតាអោក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានមករស់នៅជាយដែនក្នុងក្រុងប៉ោយប៉ែតនេះរយៈពេល១៩ឆ្នាំហើយ ដោយធ្វើជាកម្មករអូសរទេះ រស់នៅចល័ត ម្តងភូមិនេះ ម្តងភូមិនោះ ដោយបច្ចុប្បន្នរស់នៅលើដីទំនេររបស់អ្នកស្រុកក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ គ្រួសារខាងលើបន្តថា ពួកគាត់៣នាក់មានផ្ទុកមេរោគអេដស៍ លើកលែងតែកូនច្បងម្នាក់ប៉ុណ្ណោះ ។ កាលពីដើមជួលផ្ទះគេរស់នៅក្នុងសង្កាត់ប៉ោយប៉ែតប្រកបរបរជាកម្មករអូសរទេះ លុះធ្លាក់ខ្លួនឈឺ(ផ្ទុកមេរោគអេដស៍)រកប្រាក់បង់ថ្ឡៃឈ្នួលផ្ទះគេមិនបាន ក៏នាំគ្នាដើរដេកតាមដីទំនេររបស់អ្នកស្រុក ។
គ្រួសារខាងលើបន្តថា កាលពីឆ្នាំ២០១៥ពួកគាត់ត្រូវបានគ្រួសារមួយឲ្យផ្ទះរស់នៅដោយមិនយកប្រាក់ទេនៅក្នុងភូមិខាងលើ លុះពួកគាត់ទៅរកស៊ីឈ្នួលកាប់ចិញ្ច្រាំដំឡូងមីឲ្យគេនៅស្រុកម៉ាឡៃវិលត្រឡប់មកវិញ ផ្ទះដែលគេឲ្យរស់នៅនោះត្រូវបានអ្នកផ្សេងគេដាក់ចិញ្ចឹមទា ធ្វើឲ្យពួកគាត់ខ្វះជម្រក ។
ពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុ គ្រួសារមួយនេះពិតជាពិបាកភ្នែកមើលណាស់ យករទេះធ្វើជាផ្ទះ ដោយរទេះតូចមួយដេកគ្នារហូតដល់ទៅ៤នាក់ បុរសជាប្តីដេកផ្ទុយជើងគ្នាជាមួយប្រពន្ធ ឯកូនតូចៗដេកស្របគ្នាជាមួយនាងជាម្តាយ ។ ពួកគាត់ថា កន្លងមកនាំគ្នាក្រាលកន្ទេលដេកផ្ទាល់ដីជាលក្ខណៈគ្រួសារ តែដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ មុងភួយទទឹកជោគព្រោះគ្មានដំបូល ក៏សម្រេចនាំគ្នាដេកលើរទេះវិញ ដោយពេលមានភ្លៀងធ្លាក់យកកៅស៊ូតង់គ្របរទេះទាំងមូលតែម្តង ។
អ្វីដែលគួរឲ្យកាន់តែអាណិតខ្លោចចិត្តថែមទៀតនោះ បច្ចុប្បន្នគ្រួសារមួយនេះរស់នៅអាស្រ័យលើការអូសរទេះនៅផ្សាររុងក្លឿទឹកដីថៃ ថ្ងៃណារកមិនបានត្រូវនាំគ្នាដេកអត់បាយក៏មានដែរ ។ ពីកន្លែងពួកគាត់រស់នៅទៅបន្ទាត់ព្រំដែន(ច្រកទ្វារអន្តរជាតិប៉ោយប៉ែត) មានចម្ងាយប្រហែល៧គីឡូម៉ែត្រ ហើយបុរសជាប្តីនិយាយថា មុខរបរអូសរទេះនេះមហាសែនពិបាក ព្រោះត្រូវអូសរទេះទៅមកឆ្ងាយៗ ។
គ្រួសារខាងលើក៏បានសំណូមពរដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយពួកគាត់ផង ពេលនេះពួកគាត់វេទនាខ្លាំងណាស់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ទាក់ទងនឹងករណីយខាងលើនេះដែរ នៅឯប្រទេសចិនវិញ កុមារា ផ្ទុកមេរោគអេដស៍ អាយុ ៨ឆ្នាំម្នាក់ ឈ្មោះ Luo Kun Kun ត្រូវបានបណ្តេញចេញពីផ្ទះ បន្ទាប់ពីអ្នកភូមិ រួមទាំងជីតា របស់គេបាននាំគ្នា ចុះហត្ថលេខាលើ ញត្តិទាមទារឲ្យដេញរូបគេចេញ ដើម្បី ការពារសុវត្ថិភាព សុខភាពរបស់អ្នកភូមិ។
យ៉ាងណាមិញពេលនេះ មានសាលាឯកទេសមួយ នៅទីក្រុង Linfen ភាគខាងត្បូង ខេត្ត Shanxi បានជួយសង្គ្រោះជីវិតរបស់គេ។ សាលាខាងលើមានឈ្មោះថា The Red Ribbon School គឺជាសាលាតែមួយគត់ ក្នុងប្រទេសចិន ដែលទទួលមើលថែ និងផ្តល់ការអប់រំដល់ កុមារផ្ទុកមេរោគអេដស៍។
កុមារា Kun Kun បានឆ្លង មេរោគអេដស៍ពី ម្តាយតាំងពី នៅក្នុងពោះមកម្ល៉េះ ។ ម្តាយ និងឪពុកចុង របស់គេ បានទៅធ្វើការនៅខេត្តផ្សេងទៀត ដូច្នេះគេត្រូវរស់នៅ ជាមួយជីតា ខាងឪពុកចុង។ Kun ត្រូវបានសាលា បដិសេធមិនឲ្យចូលរៀន ហើយអ្នកភូមិក៏រើសអើង មិនរាប់រកថែមទៀត ដូច្នេះជារៀងរាល់ថ្ងៃ កុមារា Kun ត្រូវចំណាយពេល រត់លេងតែម្នាក់ឯង។ នៅក្នុងការប្រជុំមួយ រវាងអ្នកភូមិ កាលពីចុងឆ្នាំមុន ប្រជាជន ២០៣នាក់ បាននាំគ្នា ចុះហត្ថលេខា លើញត្តិទាមទារឲ្យអាជ្ញាធរ យកកុមារា Kun Kun ចេញពីភូមិ ដើម្បីការពារសុខភាពអ្នកភូមិ ជាពិសេសគឺ ក្មេងៗ។
លោក Wang Yishu ដែលជាមេភូមិ បានឲ្យដឹងថា៖ “អ្នកភូមិមានការអាណិតអាសូរចំពោះ Kun ដោយសារគេ ជាក្មេងស្មោះត្រង់ និងគ្រាន់ជាក្មេងតូចមួយ ប៉ុន្តែជំងឺអេដស៍ វាគួរឲ្យខ្លាចណាស់សំរាប់ ពួកយើង” ។ ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ កុមារា Kun ត្រូវបានសម្លឹងឃើញ ឡើងវិញហើយ បន្ទាប់ពីត្រូវបាន សាលាមួយ ជួយឲ្យបានរៀន កាលពីសប្តាហ៍មុន។ លោក Guo Xiaoping ដែលជានាយកសាលានោះ បាននិយាយថា សង្គមល្អ និងបរិយាកាសនៃការអប់រំល្អ បូករួម ការជួយពីគ្រូបង្រៀន គឺមានសារ:សំខាន់ណាស់ សំរាប់ក្មេងប្រុសម្នាក់នេះ។
ករណីរបស់ កុមារ Luo Kun Kun ឆ្លុះបញ្ជាំងពីការរើសអើង ចំពោះអ្នកកើតជំងឺអេដស៍ ក្នុងប្រទេសចិន ហើយមានករណី ខ្លះទៀត សូម្បីតែគ្រូពេទ្យ ពេលខ្លះ ក៏បដិសេធមិនហ៊ានប៉ះពាល់អ្នកជំងឺ ដែរ។ តួលេខចុងក្រោយ ដែលផ្សាយដោយ គណៈកម្មាការ សុខាភិបាលជាតិ និងផែនការគ្រួសារ បានបង្ហាញថា ប្រទេសចិនមាន មនុស្សរកឃើញថាមាន ផ្ទុកមេរោគអេដស៍ប្រមាណ ៤៩៧,០០០ នាក់ ចាប់តាំងពី ករណីដែលរកឃើញដំបូង ក្នុងឆ្នាំ១៩៨៥ មក ហើយបច្ចុប្បន្ន មានប្រជាជនសរុប ១.៣៦ ពាន់លាននាក់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!