ភរិយាកវីនិពន្ធ សួន ពិសិដ្ឋ ហាក់​ច្រ​ណែន ពេជ្រ សោភា និង ងួន ច័ន្ទ​ដេ​វីត ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ថ្មី

 
 

ភ្នំពេញ៖ បទចម្រៀងរបស់ តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា និង អ្នកនិពន្ធ លោក ងួន ច័ន្ទដេវីត ត្រូវបានមហាជន កោតសរសើរអ្នកទាំងពីរ មិនដាច់ពីមាត់ រឿងបទចម្រៀងនិពន្ធថ្មី និងការបំបែកក្បាច់រាំថ្មី ដែលជាលើកមុខលើកមាត់ប្រទេសជាតិ ព្រោះចូលឆ្នាំថ្មីនេះ ខ្មែរមានបទចម្រៀង សម្រាប់រាំខ្លួនឯង មិនបាច់ចាក់បទចម្រៀងបរទេស ដូចមុនទៀតនោះទេ។ ប៉ុន្តែស្របពេល ជាមួយនឹងក្ដីអបអរសាទរពីមហាជននេះ គេបានប្រទះឃើញសារមួយ ដែលត្រូវបានគេដឹងថា ជាសាររបស់ភរិយាលោក សួន ពិសិដ្ឋ កវីនិពន្ធល្បីឈ្មោះមួយរូប បានលើកឡើងពីគុណបំណាច់ ប្ដីរបស់ខ្លួន ដែលបានខំនិពន្ធបទចម្រៀង ជាស្នាដៃខ្មែរល្បីៗជាច្រើន នាពេលកន្លងមក ហើយបានចោទជាសំណួរថា តើស្វាមីរបស់នាង( សួន ពិសិដ្ឋ) គួរទទួលបានការលើកទឹកចិត្តដែរឬទេ ?

មហាជននិយាយថា ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត គួរតែទទួលបានពានលើកទឹកចិត្ត អបអរការខំប្រឹងប្រែង របស់អ្នកទាំងពីរ ក្នុងការតាក់តែងនិពន្ធ ហើយបានជោគជ័យបាក់ទឹកបាក់ដី ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានស្ថាប័នណា ចេញលិខិតសរសើរពួកគេទាំងពីរទេ ហើយមានប្រិយមិត្តមួយចំនួន ស្នើចេញលិខិតលើកទឹកចិត្តនាង ព្រោះនាងរងព្យុះភ្លៀង ក្នុងការតែងនិពន្ធច្រើនណាស់ ទំរាំចេញផ្លែផ្កា ដូចអ្វីដែលមហាជនបានឃើញ។

ងាកមកមើល ភរិយារបស់តារាចម្រៀង និងអ្នកនិពន្ធ ដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស លោក សួន ពិសិទ្ធ គឺអ្នកនាង អេនណា ឯណេះវិញ បានចេញមុខសរសេរសារ និយាយទាំងទើសទាល់ថា «ចុះអ្នកនិពន្ធលំដាប់ស្ដង់ដា បានទទួលពានតាំងពី កាណាដា រហូតមកទទួលពាន ក្នុងកម្មវិធី "អាណាចក្រតារា" ពីរឆ្នាំជាប់គ្នា ផ្នែកអ្នកនិពន្ធឆ្នើម ហើយក៏ជាម្ចាស់បទ "មោទនភាពជាតិខ្មែរ, ប្រាសាទព្រះវិហារ, យុវជនខ្មែរ" នឹងស្នាដៃនិពន្ធថ្មីជាច្រើនទៀត របស់លោក សួន ពិសិទ្ឋ គួរតែទទួលបានពានរង្វាន់ និងកាលើកទឹកចិត្ត ដែរឬទេ? មានអ្នកណាខ្លះ មានមោទនភាពចំពោះគាត់?..!»។

ពាក្យសម្ដីរបស់អ្នកនាង អេនណា មិនមែនមានន័យថា អ្នកនាងមិនពេញចិត្ត នឹងស្នាដៃនិពន្ធ ឬការដឹកនាំសម្ដែងរបស់ អ្នកនាង ពេជ្រ សោភា ដែលកំពុងតែឡើងកូដ ក្នុងវិស័យតែងនិពន្ធទេ ប៉ុន្តែស្វាមីរបស់នាង ហាក់ត្រូវបានគេបំភ្លេចចោល ។ លោក សួន ពិសិដ្ឋ តាំងពីចូលក្នុងផលិតកម្ម ហង្សមាស លោកបានតែងនិពន្ធបទចម្រៀងថ្មីជាច្រើនបទ ជាច្រើនអាល់ប៊ុម ។ បទចម្រៀងថ្មីរបស់លោក មិនសូវលោតខ្លាំង ដូចកាលនៅផលិតកម្មរ៉ុកឡើយ ព្រោះហាក់វាយមិនចំបេះដូង អ្នកស្ដាប់សោះ ជាក់ស្ដែងអាល់ប៊ុមច្រៀងខ្លួនឯង ជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ក៏មិនបានទទួលភាពជោគជ័យ ច្រើនឡើយ ។

គេនៅមិនទាន់ដឹងថា អ្នកនាង ពេជ្រ សោភា មានយោបល់យ៉ាងណាឡើយ ពេលដែលអ្នកនាង អេនណា ហាក់និយាយចំៗ បែបនេះ ៕

ប្រភព ៖ freshnews


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម