លើកនេះ! លោកចោរ​ រត់ចោលម៉ូតូ​

 
 

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បឋមឱ្យដឹង​ថា មានការភ្ញាក់​ផ្អើល​មួយ ខណៈ​​​ប្រជា​ពលរដ្ឋ​ជា​អ្នកដំណើរ​ច្រើន​នាក់ នាំគ្នា​ព្រួត​វាយ​​​ជន​​សង្ស័យ​​​ជាចោរឆក់​​ម្នាក់​ឡើង​ទ្រម​ខ្លួន​​​ស្ទើរ​ស្លាប់​ បន្ទាប់​ពី​ជន​នោះ​ភ្លាត់​ស្នៀត​​ឆក់ខ្សែ​.ក​ពី​ជនរងគ្រោះ​មិនបាន​សម្រេច​ ក៏​ដួល​​ម៉ូតូ ។

បន្ទាប់ពី​​រងការ​វាយ​ពីប្រជាពលរដ្ឋយ៉ាងដំណំនោះ​ ត្រូវជន​សង្ស័យព្យាយាម​​​គេចខ្លួន​តាមរយៈ​បក្សពួក២នាក់​ បាន​មក​រំដោះ​យកទៅ​ ដោយរត់ឡើងជិះម៉ូតូទៅបាត់ បន្សល់​ទុកម៉ូតូ​ឌ្រីមស៊េរីឆ្នាំ​២០១៦​​​មួយគ្រឿង​​យ៉ាងថ្មីសន្លាង ។

ហេតុការណ៍នេះ​ បង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៣ និង៣០នាទីរសៀលថ្ងៃទី​២៩ មេសា ២០១៦ ស្ថិតនៅចំណុច​​ផ្លូវ​២៣៤ ក្នុង​​សង្កាត់​ផ្សារដើមគរ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ហួ វ៉ាងគង់ អាយុ​៦៣ឆ្នាំ មានទី​លំនៅ​ផ្ទះលេខ​២៧៧ ផ្លូវ​​២៣៤ ក្បែរកន្លែង​កើត​ហេតុ​ ។ ចំណែក​​​ម៉ូតូ​​​​ជនសង្ស័យសង់​​C125 ស៊េរី​២០១៦ ពាក់ស្លាកលេខ​ភ្នំពេញ​1FL-6152 ត្រូវកម្លាំង​សមត្ថកិច្ច​​យកទៅ​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​​រក​មុខសញ្ញាជនសង្ស័យ​ ។

រូបភាព៖ ម៉ូតូជនសង្ស័យ

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុច មុខផ្ទះលេខ ១៥AEO ផ្លូវលេខ២២៣ ក្រុមទី៣៩ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ជនសង្ស័យ ២នាក់ បានជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅស៊េរី 2014 ពាក់ស្លាកលេខភ្នំពេញ 1NC-4362 ធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះ កាន់ទូរស័ព្ទចុចលេងហ្គេម ពេលឈប់ម៉ូតូចាំម៉ូយ ពេលនោះជនរងគ្រោះជិះដេញតាម ហើយបានធាក់ម៉ូតូ ជនសង្ស័យដួល នៅជិតពេទ្យវនីដា សង្កាត់ផ្សារដេប៉ូទី១ ជនរងគ្រោះបានយកទូរស័ព្ទបានវិញ និងបន្សល់ទុកម៉ូតូ១គ្រឿង។

កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយកំលាំង នគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី១ និងប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានស្រាវជ្រាវរហូត តាមចាប់ជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ អ្នករត់ម៉ូតូឌុប តែត្រូវជនរងគ្រោះជិះដេញ តាមពីក្រោយ ហើយធាក់ផ្តួលធ្វើ​ ឲ្យពួកគេរត់ចោលម៉ូតូ នៅកន្លែងកើតហេតុ ។

មន្រ្តីនគរបាលផ្នែកព្រហ្ម ទណ្ឌខណ្ឌទួលគោក បានប្រាប់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះថា ជនសង្ស័យ ទាំង២នាក់ ត្រូវបានចាប់ខ្លួន ចំណុចផ្ទះជួលលេខ១៨ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ក្រោយឆក់ទូរស័ព្ទមុនមួយថ្ងៃ នៅក្នុងភូមិសាស្រ្ត សង្កាត់ផ្សារដេប៉ូទី១ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ ជា ជ័យសំណាង ហៅតឿ អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិកោះម្អម ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( ជាអ្នកឆក់ ) និងជនសង្ស័យទី២- ឈ្មោះ ភិន សីហា អាយុ ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅដើមភូមិ ប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ន ( កន្លែងឃាត់ខ្លួន )។ ដោយឡែកជនរងគ្រោះ ទ្រី សិរីរ័ត្ន អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវលំភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយចាប់ខ្លួន តាមរយ:ការស្គាល់ស្លាកលេខម៉ូតូនោះ កម្លាំងសមត្ថកិច្ច បានបញ្ជូនទៅសួរនាំបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធី៕

រូបភាព៖ ជនសង្ស័យត្រូវបានឃាត់ខ្លួន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម