ចាប់បានស្វាជិះហាយឡែនឌើ ប្រុងលោតឆត្រ ទៅវៀតណាម
ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាកហាយឡែនឌើ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-1011 ដឹកសត្វព្រៃជាច្រើនក្បាលកាត់តាមផ្លូវជាតិលេខ៧ ក្នុងគោលបំណងទៅកាន់ស្រុកមេមត់ និងបន្តនាំទៅលក់នៅប្រទេសវៀតណាម។ តែមិនទាន់នឹងដល់គោលដៅផងនោះត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់បានតែរថយន្ត ចំណែកមនុស្ស៣នាក់ ជិះលើរថយន្តរត់គេចខ្លួនបាត់។ ក្នុងនោះសមត្ថកិច្ចរឹបអូសបានសត្វស្វាចំនួន៤៣ក្បាល ក្នុងភូមិស្រែសោម ឃុំរំចេក ស្រុកមេមត់ មកប្រគល់ឲ្យអង្កការវ៉ាយអេត នាព្រឹកថ្ងៃទី២៧មេសានេះ។
រូបភាព៖ ចាប់បានស្វាជិះហាយឡែនឌើ ប្រុងលោតឆត្រ ទៅវៀតណាម
តាមមន្ត្រីជំនួយការលោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រាប់ឲ្យដឹងថា ដោយបានឃើញរថយន្តម៉ាកហាយឡែនឌើ១គ្រឿង ។
កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ ដែលប្រចាំការនៅស្រុកពញាក្រែក បានសុំគោលការណ៏ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីមានវិធានការបង្ក្រាប ដោយដេញតាមចាប់រឹបអូសបានសត្វស្វាចំនួន៤៣ក្បាល តម្លៃបើបានចេញដល់វៀតណាម ជាង១លានរៀលក្នុង១ក្បាលនោះ ។
លោកវរសេនីយ៏ត្រី ឈុន សំអូន ប្រធានស្នាក់ការសន្តិសុខ៧០១ ប្រាប់ឲ្យដឹងថាជារៀងរាល់ថ្ងៃរថយន្តហាយឡែនឌើខាងលើនោះ តែងតែបានបើកកាត់មុខស្នាក់ការមើលទៅគួរឲ្យសង្ស័យអាចមានដឹកអ្វីជាក់ជាមិនខាន ។
រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ រថយន្តនេះបានបើកកាត់មុខស្នាក់ការដោយមានរាងដាប ភ្លាមៗនោះកម្លាំងមន្ត្រីអាវុធហត្ថក្រោមឳវាទ បានជិះរថយន្តបើកតាមពីខាង ក្រោយតិចៗអ្នកបើករថយន្តហាយឡែនឌើ នៅពេលដែលឃើញរថយន្តសមត្ថកិច្ច តាមពីក្រោយគឺបានបង្កើនល្បឿនបន្ថែមទៀត ក្នុងនោះអ្នកនៅលើរថយន្តបានបើកខាកញ្ចក់ចុះ បោះសត្វស្វាចេញមក ក្រៅដែលដាក់ក្នុងថង់ទន្លាក់ចោល ។
សមត្ថកិច្ចបានបើកដេញតាមរហូតដល់ចំណុចគីឡូម៉ែត្រ៤៤ ឃុំកំពាន់ ស្រុកមេមត់ រថយន្តបានឈប់ចតចោលមនុស្ស ដែលជិះលើរថយន្ត៣នាក់នាំគ្នារត់គេចខ្លួន បាត់អស់តែម្តង ក្នុងនោះឃើញមានស្វាតែ៤៣ក្បាលប៉ុណ្ណោះ រួចនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
ជំនួយការលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបញ្ជាក់ថា សត្វស្វាទាំងនោះត្រូវបានក្រុមឈ្មួញដឹកមកពីខេត្តកំពង់ធំ កាត់តាមកំពង់ចាម ក្នុងគោលបំណងឆ្ពោះ ទៅកាន់ស្រុកមេមត់ តែមិនទាន់ទៅដល់គោលដៅផងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧មេសា ត្រូវបានលោកវរសេនីយ៏ទោ ជួន ផល្លី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានប្រើកម្លាំងមន្ត្រីអាវុធហត្ថក្រោមឳវាទ តាមប្រមាញ់ឃាត់រថយន្តហាយឡែនឌើនោះបាន ព្រមទាំងដកហូតបានសត្វស្វា៤៣ក្បាលផងដែរ។ នាថ្ងៃដដែលសត្វស្វាទាំងអស់ ត្រូវបានប្រគល់ឲ្យទៅអង្កការអភិរក្សសត្វព្រៃ ដើម្បីយកស្វាទៅលែងនៅតំបន់ដែលមានសុវត្ថិភាព ៕
រូបភាព៖ ចាប់បានស្វាជិះហាយឡែនឌើ ប្រុងលោតឆត្រ ទៅវៀតណាម
រូបភាព៖ ចាប់បានស្វាជិះហាយឡែនឌើ ប្រុងលោតឆត្រ ទៅវៀតណាម
រូបភាព៖ ចាប់បានស្វាជិះហាយឡែនឌើ ប្រុងលោតឆត្រ ទៅវៀតណាម
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ត្រីកងរាជអាវុធហត្ថខេត្ត បានបង្ហាញក្រុមជនល្មើសជាអ្នកបើកបរ និងព្រូរថយន្តក្រុងចំនួន៤នាក់ រួមទាំងវត្ថុតាងនៃបទលើ្មស មានសត្វអណ្តើក និងពស់ថ្លាន់ ឱ្យអ្នកសារព័ត៌មានថតផ្សាយពីស្នាដៃ ដែលបានបង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃនេះ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខណៈជនល្មើសលួចលាក់ដឹកជញ្ជូនបង្កប់ក្នុងទំនិញដឹកតាមរថយន្តក្រុង២គ្រឿង ។
លោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយទទួលបានព័ត៌មានស្តីពីការលួចលាក់ ដឹកជញ្ជូនសត្វព្រៃខុសច្បាប់តាមរថយន្តក្រុង ទាំង២គ្រឿងខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច បានដាក់កម្លាំងស្ទាក់ចាប់បាននៅស្រុកកំពង់ត្រឡាច ហើយក៏បាននាំមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
លោកបានបន្តថា ជនសង្ស័យទាំង៤នាក់ មានអ្នកបើកបរ២នាក់ និងព្រូ២នាក់ មាន ១-ឈ្មោះ ស៊ុយ គឹមសៀន អាយុ៣៤ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឌី ទា អាយុ៣៤ឆ្នាំ រស់នៅខេត្តសៀមរាប ៣-ឈ្មោះ ស៊ីផេង ស៊ីណាត អាយុ២០ឆ្នាំ រស់នៅខេត្តពោធិសាត់ និង៤-ឈ្មោះ ហៀង សម្ភស្ស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្ត សៀមរាប ។
ក្រោយពីស្ទាក់ចាប់រថយន្តក្រុង ទាំង២គ្រឿង សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញ សត្វពស់ថ្លាន់ចំនួន៤ក្បាល ស្មើនឹង២០គីឡូក្រាម និងសត្វអណ្តើកចំនួន៥៧ក្បាល ស្មើនឹង៤៣គីឡូក្រាម ។
មន្ត្រីកងរាជអាវុធហត្ថរូបនោះបានបញ្ជាក់ថា ក្រោយពីពិនិត្យធ្វើកំណត់ហេតុ ដកហូតរួច មន្ត្រីកងរាជអាវុធហត្ថបានប្រគល់ឱ្យទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែដោយសារតែថ្ងៃសៅរ៏-អាទិត្យ ការប្រគល់ទទួលនេះនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ វិញ ហើយបើតាមលោកដឹងពីមន្ត្រីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ត្រឹមតែធ្វើការផាកពិន័យតាមផ្លូវច្បាប់ ស្តីពីការដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់តែប៉ុណ្ណោះ មិនដល់ថ្នាក់មានទោសទណ្ឌត្រូវជាប់ពន្ឋនាគារនោះឡើយ បើតាមផ្លូវច្បាប់ ត្រូវពិន័យគុណនឹង៣ដងនៃតម្លៃទីផ្សារ អាចជាង១០លានរៀល ទើបប្រគល់រថយន្តឱ្យទៅម្ចាស់ដើមវិញ ចំណែកវត្ថុតាងត្រូវរឹបអូស និងយកទៅលែងនៅកន្លែងមានសុវត្ថិភាពវិញ៕
រូបភាព៖ កងរាជអាវុធហត្ថខេត្ត ចាប់សត្វព្រៃខុសច្បាប់ លួចដឹកតាមរថយន្តក្រុង ២គ្រឿង
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!