ចំណាប់អារម្មណ៍ និងបទពិសោធន៍ ចាយលុយរៀលខ្មែរ របស់យុវជនខ្មែរ មួយចំនួន!
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ការគាំទ្រប្រាក់រៀលខ្មែរ ហាក់មានសន្ទុះឡើង ជាពិសេស ពីសំណាក់យុវវ័យខ្មែរតែម្តង ដែលពួកគេបានបង្ហាញការគាំទ្រ ប្រាក់រៀលខ្មែរជាងមុន។ ម្យ៉ាងទៀត សូម្បីហាង ឬភោជនីយដ្ឋានមួយចំនួន ហាក់មានការគាំទ្រ និងឲ្យតម្លៃប្រាក់រៀលខ្មែរផងដែរ ដោយហាងខ្លះបានគិតថ្លៃអាហារ ឬទំនិញជាប្រាក់រៀល និងខ្លះទៀតបានបញ្ចុះតម្លៃ ទៅលើអាហារ ឬទំនិញ ប្រសិនបើអតិថិជន របស់ពួកគេ ទូទាត់ប្រាក់រៀលជាដើម។
គេហទំព័រព័ត៌មាន Khmerload បានធ្វើការសាកសួរ ជាមួយយុវជនចំនួន៣នាក់ ដែលបានប្រាប់ពីចំណាប់អារម្មណ៍ ក៏ដូចជាផលលំបាកខ្លះៗ ទាក់ទងនឹងបទពិសោធន៍ ក្នុងការចាយប្រាក់រៀល ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
រូបភាព៖ ប្រាក់រៀលខ្មែរ
ជួបជាមួយយុវជន ម៉េង ហ៊ាង ជានិសិត្សសកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ បានប្រាប់ Khmerload ឲ្យដឹងថា ពីមុនមក គាត់មិនសូវចាយលុយរៀលខ្មែរឡើយ តែចូលចិត្ត ចាយលុយដុល្លារជាង។
«ខ្ញុំមិនសូវចាយលុយរៀលទេ ពីមុនមក ព្រោះតែលុយដុល្លារ ទៅចាយដល់ណា ក៏គេយកដែរ ហើយភាគច្រើន គេតែងគិតលុយ ជាដុល្លារទៀត។ ចំណែកឯលុយខ្មែរវិញ ពេលចាយក្រដាសធំៗ ដូចជា ៥ម៉ឺន ឬ ១០ម៉ឺនឡើងទៅ គេអត់ចង់ទទួលម៉េចទេ... តែលុយរៀល ស្រួលចាយត្រង់ថា បើក្រដាសតូចៗ ដូចជា ១,០០០រៀល ឬ ១០,០០០រៀល ហើយបើទោះជាវា រាងចាស់ រឺប្រឡាក់តិចតួច ក៏គេនៅតែទទួលយកដែរ មិនដូចលុយដុល្លារទេ គេចង់បានតែអាថ្មីៗ។ ផ្ទុយទៅវិញ លុយរៀល ងាយស្រួលនឹងច្រឡំគ្នាណាស់ ព្រោះក្រដាសពណ៌ស្រដៀងៗគ្នា ហើយចេញញឹក និងពិបាកចំណាំណាស់... ជួនកាល ខ្ញុំឲ្យលុយគេ ក្រដាស ១០ម៉ឺនរៀល គេច្រឡំថាក្រដាស ១ម៉ឺនរៀល ក៏មានដែរ។ យ៉ាងណាក៏ដោយ អ្វីដែលធ្វើទៅងាយស្រួល គេធ្វើអាហ្នឹងហើយ... ខ្ញុំក៏ធ្លាប់គិតថា រអៀសខ្លួនដែរ ព្រោះប្រទេសកម្ពុជាយើង ក៏មានរូបិយវត្ថុផ្ទាល់ខ្លួន ដូចជាប្រទេសដទៃទៀតដែរ ចុះហេតុអ្វី បែរជាទៅចាយលុយគេវិញ…?»។ នេះបើតាមការលើកឡើងរបស់និស្សិតរូបនេះ។
រីឯយុវតីម្នាក់ឈ្មោះ ស្រីរ័ត្ន វិញ បានប្រាប់ Khmerload ថា នាងសព្វថ្ងៃ ចូលចិត្តចាយ ទាំងលុយខ្មែរ និងដុល្លារ ប៉ុន្តែអះអាងថា លុយដុល្លារ មានភាពងាយស្រួល ក្នុងការចាយវាយ ជាងលុយខ្មែរ។
«ខ្ញុំចាយទាំងអស់ហ្នឹងបង... ទាំងលុយខ្មែរ ទាំងលុយដុល្លារ ប៉ុន្តែលុយដុល្លារ មានភាពងាយស្រួលចាយវាយ ជាងលុយខ្មែរ។ សម្រាប់នាងខ្ញុំ យល់ថាលុយរៀល អាចធ្វើឲ្យមាន ការភាន់ច្រឡំ ហើយពិតជាពិបាកចាយវាយ ព្រោះអាចនឹងច្រឡំក្រដាសនេះ ក្រដាសនោះ បើមិនបានចំណាយពេលពិនិត្យមើលឲ្យច្បាស់។ ឧទារហណ៍ដូចជា ក្រដាស ៥,០០០រៀល និង ក្រដាស ៥០,០០០រៀលអីចឹង... ពណ៌ស្រដៀងគ្នា ខ្លាំងណាស់ បើមិនចាប់អារម្មណ៍ មើលមួយភ្លែត អាចគិតថា វាជាក្រដាសដូចគ្នា ក៏ថាបាន។ តែទោះបីជា លុយរៀលខ្មែរ ពិបាកចាយក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រ និងលើកតម្កើង លុយរៀលខ្មែរ ដដែលហ្នឹង... ព្រោះថាសព្វថ្ងៃនេះ នៅលើហ្វេសប៊ុកអី ខ្ញុំឃើញគេគាំទ្រ និងឲ្យតម្លៃ លុយរៀលខ្មែរ ខ្លាំងណាស់ ដូច្នេះហើយ យើងជាខ្មែរ គួរតែនាំគ្នា ចាយលុយរៀលខ្មែរ ដែរហើយ»។
រូបភាព៖ យុវតីម្នាក់កំពុងចាយប្រាក់រៀលខ្មែរទិញភេសជ្ជៈ
រូបភាព៖ ប្រាក់រៀលខ្មែរ
ងាកមកជួបជាមួយ យុវជន ឧត្តម ដែលជាអ្នកគាំទ្រ លុយរៀលខ្មែរ បានប្រាប់ឲ្យដឹងថា «រាល់ថ្ងៃ ខ្ញុំចូលចិត្ត ចាយលុយរៀល ជាជាងលុយដុល្លារ ក៏ដោយសារតែ វាជារូបិយ(វត្ថុ)របស់ជាតិយើងស្រាប់... ណាមួយបើយើង ទៅទិញឥវ៉ាន់ ឬក៏របស់របរ ដែលមិនមែនក្នុងហាង ឬផ្សារទំនើបធំៗ ចាយលុយរៀលរបស់ខ្មែរងាយស្រួលច្រើន ព្រោះពេលខ្លះ ចាយលុយដុល្លារ ត្រូវកាត់ទឹក កាត់អីច្រើន រញ៉េរញ៉ៃណាស់»។យុវជនវ័យ២៣ឆ្នាំ រូបនេះបន្តថា «ដូចខ្ញុំនិយាយអីចឹង ការប្រើប្រាស់លុយរៀល ដើម្បីចាយវាយ ជារឿងត្រឹមត្រូវរបស់យើង ព្រោះលុយរៀល ជារូបិយ(វត្ថុ) របស់ជាតិ។ ម្យ៉ាងវិញទៀត សម្រាប់ខ្ញុំផ្ទាល់ ការចាយលុយរៀល គឺវាថ្នឹកជាង ការចាយលុយដុល្លារ ព្រោះថាតាំងពីតូចមក ម៉ែខ្ញុំឲ្យតែ លុយរៀល ដើម្បីទុកចាយ ពេលទៅសាលារៀន ឬទិញចំណីអាហារញ៉ាំ ដូច្នេះអាចនិយាយបានថា អារម្មណ៍នៃការស្រលាញ់លុយរៀល គឺមានតាំងពីតូច»។
ទោះបីជាយ៉ាងណាក៏ដោយ ឧត្តម បានប្រាប់ពីផលលំបាក និងបទពិសោធន៍ដែលខ្លួន ធ្លាប់ជួបប្រទះ ក្នុងការចាយលុយរៀលខ្មែរ ឲ្យ Khmerload ដឹងថា «ខ្ញុំទទួលស្គាល់ថា ការចាយលុយរៀល ពេលខ្លះគឺពិតជា មានផលវិបាកខ្លះៗដែរ សម្រាប់ខ្ញុំ ហើយខ្ញុំក៏ធ្លាប់ ជួបប្រទះដូចគ្នា។ យើងបានដឹងហើយថា លុយរៀល ក្រដាសតូច ក្រដាសធំ មានតម្លៃខុសៗគ្នា ក៏ប៉ុន្តែមានមួយចំនួន គឺពិតជាមានសភាពស្រដៀងគ្នា ខ្លាំងមែនទែន បើមើលតែមួយភ្លែត យើងពិតជាអាច ច្រលំគ្នាបាន... ខ្ញុំធ្លាប់ច្រើនដងហើយ ឲ្យលុយគេច្រឡំ។ ខ្ញុំអាចនៅចាំបានថា ថ្ងៃមួយ ខ្ញុំបានជិះទៅទិញម្ជូរ នៅម្តុំវត្តភ្នំ ម៉ោងប្រហែលជា ជាង៧យប់ ហើយពេលនោះ ខ្ញុំបានទិញម្ជូរ ក្នុងតម្លៃ៣០០០រៀល... ក្រោយមក ខ្ញុំក៏ហុចលុយ ក្រដាស១០០០រៀល ចំនួន ៣សន្លឹក ទៅឲ្យអ្នកលក់... តែមានអី ទៅដល់ផ្ទះវិញ ទើបខ្ញុំដឹងថា ខ្ញុំបានឲ្យក្រដាសប្រាក់ ១០០០០រៀល ចំនួន ២សន្លឹក និង ១០០០រៀល ចំនួន ១សន្លឹក... រឿងនេះហើយ ដែលខ្ញុំធ្លាប់ជួបផ្ទាល់ និងជាមេរៀនមួយ ដែលខ្ញុំចងចាំ ក្នុងខួរក្បាល រហូតមកដល់សព្វថ្ងៃ... តែយ៉ាងណាក៏ដោយ វាក៏បានជួយឲ្យខ្ញុំ ចេះប្រុងប្រយ័ត្នដែរ។ ជាចុងក្រោយ ខ្ញុំគ្រាន់តែចង់លើកឡើងថា ការចាយលុយរៀលខ្មែរ គឺពិតជាបាន ជួយលើកតម្កើងជាតិ យ៉ាងធំធេង... ម្យ៉ាងទៀត នេះគឺជាអ្វី ដែលបង្ហាញអំពី អត្តសញ្ញាណជាតិ ដូច្នេះការប្រើប្រាស់ លុយរៀលខ្មែរ ដើម្បីចាយវាយ គឺជារឿងមួយ ដ៏ត្រឹមត្រូវបំផុត»។
រូបភាពលើហ្វេសប៊ុក ប្រជាពលរដ្ឋខ្មែរ គាំទ្រប្រាក់រៀលខ្មែរ ដោយការពាក់អាវ «ប្រាក់រៀល»
រូបភាពលើហ្វេសប៊ុក បង្ហាញពីការគាំទ្រប្រាក់រៀលខ្មែរ
រូបភាពបង្ហាញពីការគាំទ្រប្រាក់រៀលខ្មែរ (ប្រភព ៖ ហ្វេសប៊ុក)
យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជា ក៏បានខិតខំជម្រុញការប្រើប្រាស់ ក្រដាសប្រាក់រៀល តាមរយៈការលើកទឹកចិត្ត ដោយបញ្ជ្រៀប និងបំផុស អំពីសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល ក្នុងពិធីរំលឹកខួប នៃការដាក់ឲ្យចរាចរ ប្រាក់រៀលឡើងវិញ លើកទី៣៦ ដោយបានលើកពាក្យស្លោក មួយឃ្លាថា «ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច»។
បន្ថែមពីនេះទៀត វីដេអូឃ្លីបខ្លីៗ បង្ហាញពីការផ្តល់តម្លៃប្រាក់រៀលខ្មែរ ដែលបានបង្កើតឡើងដោយ យុវវ័យ ត្រូវបានបង្ហោះ និងចែកចាយពេញបណ្តាញសង្គម ហ្វេសប៊ុកផងដែរ។ ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរជាច្រើន មិនថាប្រុសស្រីចាស់ក្មេង បានគាំទ្រប្រាក់រៀលខ្មែរ ដោយការពាក់អាវយឺត «ប្រាក់រៀល» ដែលបានបង្កើតឡើង ដោយស្នាដៃកូនខ្មែរ ក្នុងគោលបំណងដើម្បីគាំទ្រ ក៏ដូចជាលើកកម្ពស់ ប្រាក់រៀលខ្មែរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ងាកមកប្រើប្រាស់ ប្រាក់រៀលខ្មែរ ឲ្យបានច្រើន ព្រោះវាជា រូបិយវត្ថុជាតិ ដែលតំណាងឲ្យ អធិបតេយ្យភាព ផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំ របស់ជាតិ៕
ចុះចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះការចាយវាយលុយរៀលខ្មែរ?
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!