ចំហាយចូលឆ្នាំខ្មែរ ចាក់គ្នាដូចរឿងហុងកុង ពេលរាំធុងបាស់
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវគួបដិបក្ខលបចាក់សម្លាប់កាលពីវេលាម៉ោងប្រមាណ១០ និង២០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងពិធីរាំធុងបាស់នៅក្នុងវត្តបឹងទឹម ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលពិធីរាំធុងបាស់នេះគឺជាចំហាយសេសសល់ពីឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេចាក់សម្លាប់ឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ១៨ឆ្នាំ នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដោយមានស្នាមចាក់ត្រូវពីខាងក្រោយខ្នង ហើយបានស្លាប់នៅតាមផ្លូវពេលសាច់ញាតិព្យាយាមបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
រូបភាព៖ ចំហាយចូលឆ្នាំខ្មែរ ចាក់គ្នាដូចរឿងហុងកុង ពេលរាំធុងបាស់
មន្ត្រីនគរបាលដដែលបន្តទៀតថា កាលពីយប់កើតហេតុក្មេងស្ទាវ២ក្រុមបានទាស់ពាក្យសំដីគ្នាក្នុងពេលរាំធុងបាស់នៅក្នុងវត្តបឹងទឹម បន្តិចក្រោយមកស្រាប់តែពួកគេបានទាញដំបង និងកាំបិតដេញកាប់ចាក់គ្នាផ្អើលពេញវត្តតែម្តង ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ភាគីជនរងគ្រោះដែលត្រូវគេចាក់សម្លាប់នោះមានគ្នា៤នាក់ រីឯភាគីម្ខាងទៀតមានគ្នាច្រើន ។
ពួកគេទាំង២ក្រុមហាក់មានគំនុំនឹងគ្នាយូរហើយ លុះពេលរាំក្បែរគ្នាក៏ប៉ះសំដីគ្នា ទើបឈានដល់ការប្រើហិង្សាយ៉ាងឃោរឃៅ និងដេញកាប់ចាក់គ្នាដូចក្នុងរឿងហុងកុងផ្អើលមនុស្សម្នាពេញក្នុងវត្តតែម្ដង ។
ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះត្រូវគូបដិបក្ខរបស់ខ្លួនឆ្មក់ចាក់ពីក្រោយពេលកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ។
ក្រោយពីចាក់ត្រូវសត្រូវឲ្យរបួសហើយ ភាគីដែលចាក់បាននាំគ្នារំដោះខ្លួនចេញអស់ភ្លាមៗដែរ តែត្រូវគេស្គាល់អត្តសញ្ញាណស្ទើរតែទាំងអស់ហើយ រង់ចាំមើលតែចំណាត់ការពីសមត្ថកិច្ចតែប៉ុណ្ណោះ ។
ជុំវិញការចាក់សម្លាប់គ្នាដ៏ឃោរឃៅរវាងក្មេងស្ទាវទំនើង២ក្រុមខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មួយចំនួនត្រូវគេស្គាល់មុខហើយ តែមួយចំនួនហាក់ស្រពិចស្រពិលនៅឡើយ ព្រោះស្ថានភាពច្របូកច្របល់ខ្លាំងពេកពេលអំពើហិង្សាបានផ្ទុះឡើង ។
កម្មវិធីរាំធុងបាស់នៅក្នុងវត្តបឹងទឹមនោះគឺជាចំហាយដែលសេសសល់ពីពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបបញ្ចប់ទៅនាប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ុន្តែរាំយប់ចុងក្រោយស្រាប់តែផ្ទុះជម្លោះរហូតមានស្លាប់មនុស្សតែម្ដង ។
សមត្ថកិច្ចបានអះអាងថា មន្ត្រីជំនាញកំពុងសួរនាំសាក្សីនានា និងភាគីរងគ្រោះ ដើម្បីស្វែងរកឃាត់ខ្លួនមុខសញ្ញាក្រុមជនដៃដល់ហើយ ។
រូបភាព៖ ចំហាយចូលឆ្នាំខ្មែរ ចាក់គ្នាដូចរឿងហុងកុង ពេលរាំធុងបាស់
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមេសា នៅផ្ទះរបស់ឈ្មោះ ឯល ស្រី ស្ថិតនៅក្នុងភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បុរសម្នាក់ត្រូវបងថ្លៃ កាប់ជាច្រើនប៉័ងតោ រយះក្បាល របួសធ្ងន់ធ្ងរ នៅក្នុងពេលផឹកស៊ីជួបជុំបងប្អូនក្នុងថ្ងៃចូលឆ្នាំខ្មែរ ដែលមូលហេតុគឺ ដោយសារតែផឹកស៊ី ក្លែមពាក្យសម្ដី។
ប្រភពព័ត៌មានពីសម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជូ ជាទ្រី ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ចំណែកជនបង្ករមានគ្នា២នាក់ ហើយជាបងប្អូនបង្កើតនឹងគ្នាហើយត្រូវជាបងប្អូនសាច់ថ្លៃរបស់ជនរងគ្រោះតែម្តង ដែលទី១ឈ្មោះ គង់ សំអុល ភេទប្រុស អាយុ31ឆ្នាំ និងទី២ឈ្មោះ គង់ សំអឿន អាយុ២៨ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិជាមួយជនរងគ្រោះ ហើយក្រោយពីកើតហេតុជនបង្ករឈ្មោះ គង់ សំអុល ត្រូវបានឃាត់ខ្លួន ចំណែក គង់ សំអឿន បានរត់គេចខ្លួនបាត់។
ប្រភពពីអ្នកភូមិដែលរស់នៅជិតខាងនឹងផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺក្រុមជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា គឺផឹកអបអរបុណ្យចូលឆ្នាំខ្មែរ តែមួយសន្ទុះក្រោយមក ដោយម្នាក់ៗស្រវឹងជោគហើយនោះ ស្រាប់តែមានទំនាស់ពាក្យសម្ដីកើតឡើងតែមិនដឹងដោយសាររឿងអ្វីនោះទេ គឺស្រាប់តែឃើញជនសង្ស័យ២នាក់បងប្អូន ម្នាក់ទាញព្រនង់វាយមកលើជនរងគ្រោះ ម្នាក់ទៀតទាញប៉័ងតោកាប់ជនរងគ្រោះ ដែលជាប្អូនថ្លៃ បណ្ដាលឲ្យរយះក្បាល និងដាច់ស្លឹកត្រចៀករងរបួសយ៉ាងដំណំ ទើបធ្វើឲ្យមានការផ្អើលឆោឡោឡើង ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនបង្ករជាបងថ្លៃបានម្នាក់ឈ្មោះ គង់ សំអុល ចំណែកជនបង្ករម្នាក់ទៀតឈ្មោះ គង់ សំអឿន បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបាននាំខ្លួនទាំងជនបង្ករ និងជនរងគ្រោះ ទៅកាន់ប៉ូស្តិ៍រដ្ឋបាលឃុំកំពង់ពពិល ដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី និងតាមរកឃាត់ខ្លួនជនបង្ករម្នាក់ទៀតដែលរត់គេចខ្លួនផងដែរ។
រូបភាព៖ ផឹកស៊ី ទទួលទេវតាឆ្នាំថ្មី បងថ្លៃ ទាញប៉័ងតោ កាប់ប្អូនថ្លៃ រយះក្បាល
យ៉ាងណាមិញ កាលពីវេលាម៉ោង៦និង១៥នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចម៉ុងសក្តិ៥ ក្នុងភូមិត្រពាំងធំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលដែលជនរងគ្រោះ និងជនបង្កកំពុងស៊ីផឹកជាមួយគ្នា ក៏ស្រាប់តែទាស់ពាក្យសម្ដីនឹងគ្នាយ៉ាងខ្លាំង ធ្វើឱ្យជនបង្កទាញបានពូថៅមកកាប់ប្រហារចំក្បាលជនរងគ្រោះដេកដួលនៅនឹងកន្លែង ហូរឈាមពេញមុខ និងខ្លួន ចំណែកជនបង្កក៏ត្រូវនគរបាលចាប់ខ្លួនភ្លាមៗផងដែរ ។
នគរបាលព្រហ្មទណ្ឌស្រុកព្រៃកប្បាស បានឲ្យដឹងថាជនរងគ្រោះដែលរងការកាប់ប្រហារពីជនបង្កមានឈ្មោះ គង់ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប់ ស្រុកព្រៃកប្បាស ត្រូវជនបង្កកាប់ត្រូវចំនួន២ពូថៅ ចំក្បាល១ពូថៅ និងត្រូវចំហៀងខ្លួន១ពូថៅ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកជនបង្កមានឈ្មោះ រ៉ុង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស្នាក់នៅនឹងធ្វើម៉ុងនៅភូមិខាងលើ ។
នគរបាលព្រហ្មទណ្ឌស្រុក បានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កបានអង្គុយផឹកស្រាជាមួយគ្នា ពេលអង្គុយផឹកនោះក៏មានទំនាស់ពាក្យសម្ដីយ៉ាងខ្លាំង ហើយជនល្មើសក៏បានទាញពូថៅកាប់ចំក្បាលជនរងគ្រោះតែម្ដង ក្រោយពេលកើតហេតុ ជនល្មើសមិនបានគេចខ្លួនទេ បន្ទាប់មកសមត្ថកិច្ចបានចុះចាប់ខ្លួនតែម្ដង។
ជនបង្កហេតុ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានកាប់ទៅលើជនរងគ្រោះ២ពូថៅពិតប្រាកដមែន ដោយជនរងគ្រោះនិយាយពាក្យសម្ដីមិនសមរម្យលើរូបគេ ។
លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា នៅពេលនេះលោកកំពុងតែកសាងសំណុំរឿងហើយ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជូនជនបង្ក និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសទៅតាមច្បាប់ ៕
រូបភាព៖ ផឹកស៊ី ទាស់ពាក្យសម្ដី កាប់២ពូថៅ ជាប់ខ្នោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!