Jony Ive ពី​អ្នក​រចនា​បង្គន់ ក្លាយ​ជា​អ្នក​ឌីហ្សាញ​លំដាប់​ពិភពលោក បង្កើត​សមិទ្ធផល iPhone និង iOS7 សព្វថ្ងៃ

 
 

រាល់​ផលិតផល​របស់ Apple រួម​មាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និង iOS 7 គឺ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​​ស្នាដៃ​​​ឌីហ្សាញ​របស់​លោក Sir Jonathan Paul ទាំង​អស់។ លោក Sir Jonathan Paul Ive ឬ Jony Ive ជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​របស់ Apple ដែល​បាន​ឌីហ្សាញ​ស្ទើរ​រាល់​ផលិតផល​ទាំង​អស់​ឱ្យ Apple ព្រម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ផង​ដែរ។

Jony Ive គឺ​ជា​អ្នក​ជំនាញ​ឌីហ្សាញ​ជនជាតិ​អង់គ្លេស សព្វ​ថ្ងៃ​មាន​តំណែង​ជា​អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ឌីហ្សាញ​នៅ Apple Inc។ លោក​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ទៅ​លើ Industrial Design Group និង​ដឹកនាំ​​ក្រុមហ៊ុន​អភិវឌ្ឍ Software Human Interface (HI)។


លោក Jony Ive អនុ​ប្រធាន​ផ្នែក​ឌីហ្សាញ​នៅ Apple Inc.

ជីវិត និង​ការ​សិក្សា៖

លោក Ive បាន​កើត​នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ១៩៦៧ ក្នុង​តំបន់ Chingford ទីក្រុង London ប្រទេស​អង់គ្លេស។ លោក Jonathan Ive បាន​ចូល​រៀន​នៅ​សាលា​មត្តេយ្យ Chingford School បន្ទាប់​មក​ចូល​សិក្សា​វិទ្យាល័យ Walton ស្ថិត​ក្នុង​ក្រុង Stafford។ នៅ​ពេល​នោះ លោក​មាន​ជំនាញ​ខាង​បច្ចេកទេស និង​មាន​ទេពកោសល្យ​យ៉ាង​ខ្លាំង​ផ្នែក​គំនូរ។ ក្រោយ​ពី​បញ្ចប់​ឆ្នាំ​សិក្សា​ទុតិយភូមិ​នៅ Walton លោក Ive បាន​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ឯកទេស​ខាង​រចនា Newcastle Polytechnic ដែល​ឥឡូវ​ប្ដូរ​មក​ឈ្មោះ Northumbria University។

Ive បាន​ផ្ដោត​សិក្សា​យ៉ាង​ខ្លាំង​លើ​ជំនាញ​គំនូរ និង​ការ​ច្នៃប្រឌិត​របស់របរ​យ៉ាង​ស្រស់​ស្អាត។ ក្រោយ​ពី Ive បាន​ជួប​អ្នក​ជំនាញ​ឌីហ្សាញ​បទ​ពិសោធន៍​ផ្សេងៗ​គ្នា​ជា​ច្រើន​រូប លោក​ក៏​បាន​ប្រលូក​ខ្លួន​ក្លាយ​ជា​អ្នក​ឌីហ្សាញ​ផលិតផល។

ប្រវត្តិ​ការងារ៖

បន្ទាប់​ពី​បញ្ចប់​ឆ្នាំ​សិក្សា​នៅ​សាកលវិទ្យាល័យ Newcastel Polytechnic លោក Ive បាន​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ឌីហ្សាញ​មួយ​ឈ្មោះ​ថា Tangerine ស្ថិត​ក្នុង​ទីក្រុង London។ ការងារ​របស់ Ive ដំបូង​គឺ​ទទួល​បន្ទុក​ក្នុង​ការ​រចនា​បង្គន់ និង​ចាន​ងូត​ទឹក​ជា​ដើម។

នៅ​ឆ្នាំ១៩៩២ Ive ​ត្រូវ​បាន​លោក Robert Brunner ដែល​ជា​ប្រធាន Industrial Design របស់ Apple តែងតាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​ខ្លួន។ ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់ Apple។ ស្នាដៃ​ដំបូង​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន Apple Inc. គឺ​បាន​ឌីហ្សាញ Newton platform ជំនាន់​ទី២ និង MessagePad110។


នៅ​ឆ្នាំ១៩៩៧ លោក Ive បាន​ក្លាយ​ជា​អនុប្រធាន​ជាន់​ខ្ពស់​នៅ Industrial Design និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​ឌីហ្សាញ​ទទួល​បន្ទុក​រចនា​ស្ទើរតែ​រាល់ hardware ទាំង​អស់​របស់ Apple។ កិច្ចការ​ស្រាវជ្រាវ​ដំបូង​របស់ Ive គឺ​រចនា​រូបរាង iMac ដែល​នេះ​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​រចនា​ម៉ូដ​ជា​ច្រើន​ទៀត​នៅ​លើ iPod និង​ទីបំផុត​រចនា iPhone និង iPad ទៀត។ គ្រា​នោះ​ដោយ​បាន​ការ​សហការ​យ៉ាង​ស្អិតល្មួត​រវាង Steve Jobs និង Jonathan Ive ដោយ​លោក Jobs ជា​អ្នក​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់​ផលិតផល ចំណែក​លោក Ive ជា​អ្នក​អនុវត្ត​ដើម្បី​បង្កើត​ជំហរ​យ៉ាង​រឹងមាំ​ជា​ស៊េរី​ផលិតផល​ប្រកប​ដោយ​សោភ័ណភាព និង​ទទួល​បាន​ប្រជាប្រិយភាព​គួរ​ឱ្យ​កត់​សម្គាល់។

លោក Ive ជា​បុគ្គលិក​ផ្នែក​រចនា​តែ​ម្នាក់​គត់​របស់ Apple ដែល​មាន​ការិយាល័យ​ផ្ទាល់​ខ្លួន។ លោក​បាន​បង្កើត​បន្ទប់ពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន Apple សម្រាប់​ត្រួតពិនិត្យ​ការងារ​ឌីហ្សាញ និង​កោះហៅ​សមាជិក​ក្រុមការងារ​របស់​ខ្លួន​ចូល​ប្រជុំ។ ជា​ធម្មតា មិន​ថា​តែ​បុគ្គលិក​ដែល​ហាម​មិន​ឱ្យ​ចូល​ការិយាល័យ​ផ្ទាល់​ខ្លួន​របស់ Ive ប៉ុណ្ណោះ​ទេ ទោះបី​កូន​របស់​ខ្លួន​ក៏​ដូច្នោះ​ដែរ។

យោង​តាម​ប្រវត្តិរូប​ការងារ​របស់ Jobs បាន​ឱ្យ​ដឹង​ថា ស្ទូឌីយោ​រចនា​របស់​លោក Ive មាន​ពពុះ​កាប់ (foam-cutting) និង​មាន​ម៉ាស៊ីន​ព្រីន ខណៈ​ដែល​បង្អួច​មាន​ពណ៌​ប្រឿងៗ។ លោក Jobs បាន​សរសេរ​នៅ​ក្នុង​ជីវប្រវត្តិ​ការងារ​របស់​លោក​ទៀត​ថា “Ive គឺ​ជា​បុគ្គលិក​ដ៏​មាន​សមត្ថភាព​កម្រ​រក​បាន​មិន​ដូច​បុគ្គលិក​ដទៃ​ដែល​កំពុង​បម្រើការ​នៅ Apple នោះ​ទេ លើកលែង​តែ​ខ្ញុំ”។ Ive ថែមទាំង​បាន​រចនា​ផលិតផល​មួយ​ចំនួន​ផ្សេង​ទៀត​ក្រៅ​ពី Apple device គឺ​កាមេរ៉ា​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Leica។

នៅ​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១២ ​ក្រុមហ៊ុន Apple បាន​ប្រកាស​ថា “Jony Ive នឹង​ផ្ដល់​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ដឹកនាំ​សម្រាប់​ចំណុច​ប្រទាក់​ចិត្ត​មនុស្ស Human Interface (HI) នៅ​ទូទាំង​ក្រុមហ៊ុន​ដែល​ជា​ការ​បន្ថែម​លើ​តួនាទី​របស់​គាត់​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នៃ​ឧស្សាហកម្ម​រចនា​នេះ”។ ក្នុង​សិន្នសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី WWDC13 ​ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS7 ដែល​ជា​ស្នាដៃ​ឌីហ្សាញ​របស់​លោក Jony Ive។ គ្រា​នោះ​គឺ​ជា​ពេលវេលា​ដ៏​ប្រសើរ​មួយ​កាន់​តែ​ជួយ​លើក​មុខមាត់​ដល់​លោក Ive អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ឌីហ្សាញ រហូត​មាន​ការ​សុំ​ធ្វើ​បទសម្ភាសន៍​សរសេរ​អំពី​ជីវប្រវត្តិ​ការងារ​របស់​លោក Jony Ive ដោយ​បាន​ដាក់​ឈ្មោះ​ថា “ទេពកោសល្យ​នៅ​ពី​ក្រោយ​ផលិតផល​ដ៏​ជោគជ័យ​អស្ចារ្យ​របស់ Apple” (The Genius Behind Apple’s Greatest Products) ទៀត​ផង។

ប្រវត្តិ​ទទួល​បាន​ពាន​កិត្តិយសជា​បុគ្គល​ឆ្នើម​ពិភពលោក​​ផ្នែក​ឌីហ្សាញ និង​បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​រាប់​មិន​អស់

ឆ្នាំ១៩៩៩ លោក Ive ត្រូវ​បាន​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT ចាត់​ចូល​ជា​បុគ្គល​មាន​ទេពកោសល្យ​ក្នុង​ចំណោម​បុគ្គល​ទេពកោសល្យ​ក្នុង​ការ​បង្កើត​ថ្មី​ទាំង១០០ លើ​ពិភពលោក​ក្រោម​អាយុ ៣៥ឆ្នាំ។

ឆ្នាំ២០០៣ គាត់​បាន​ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ​ជា​អ្នក​ឌីហ្សាញ​យ៉ាង​ល្បី​ឈ្មោះ​ក្នុង​សារមន្ទីរ​រចនា ដែល​ជា​ពាន​ដំបូង​របស់​លោក។

ឆ្នាំ២០០៥ កាសែត The Sunday Times បាន​ដាក់​ឈ្មោះ​លោក Ive ជា​បុគ្គល​ចាកចោល​មាតុភូមិ​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​អង់គ្លេស។ Ive អាច​មិនមែន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ឬ​ជា​បុគ្គល​ជាន់​ខ្ពស់​អី​ឡើយ ប៉ុន្តែ​លោក​ពិត​ជា​សមត្ថភាព​អស្ចារ្យ​បង្កើត​ឥទ្ធិពល​ខ្លួន​ឯង​តាម​រយៈ​រចនា iPod សម្រាប់​ប្រជាជន​លើ​ពិភពលោក​ប្រើប្រាស់​ប្រកប​ដោយ​រូបរាង​ឡូយ​ទាន់​សម័យ។

ឆ្នាំ២០០៧ ទស្សនាវដ្ដី GQ បាន​ដាក់​ឈ្មោះ​ឱ្យ​លោក Ive ថា​ជា “អ្នក​ឌីហ្សាញ​ផលិតផល​ប្រចាំ​ឆ្នាំ” (Product Designer of the Year)។

ឆ្នាំ២០០៧ លោក Ive បាន​ទទួល​ពាន​ឌីហ្សាញ​ថ្នាក់​ជាតិ (National Design Award) តាម​រយៈ iPhone ជំនាន់​ដំបូង​ដែល​ជា​ស្នាដៃ​ឌីហ្សាញ​របស់​លោក។

ឆ្នាំ២០០៨ លោក​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ជា “បុគ្គល​មាន​ឥទ្ធិពល​ជនជាតិ​អង់គ្លេស​ដែល​រស់​នៅ​លើ​ទឹកដី​អាមេរិក” (Most Influential Briton in America) ដោយ​សារព័ត៌មាន The Daily Telegraph។ ឆ្នាំ​ដដែល​នេះ Ive ថែមទាំង​ទទួល​ពាន MDA Personal Achievement Award ក្នុង​ការ​ឌីហ្សាញ iPhone។

ឆ្នាំ២០០៩ បាន​ទទួល​ងារ​ជា​បណ្ឌិត​កិត្តិយស​ពី​សាលា​ឌីហ្សាញ Rhode Island និង​នៅ​មហាវិទ្យាល័យ​ភូមិន្ទ​សិល្បៈ។ ឆ្នាំ​ដដែល លោក​ត្រូវ​បាន​ក្រុមហ៊ុន Fast Company ចាត់​ជា​បុគ្គល​មាន​ការ​​ច្នៃប្រឌិត​ខ្ពស់​លើ​មុខជំនាញ ក្នុង​ចំណោម​មនុស្ស​មាន​ទេពកោសល្យ​បំផុត​ចំនួន ១០០នាក់។ សារព័ត៌មាន Daily Telegraph បាន​ហៅ​ដាក់​ឈ្មោះ​ឱ្យ Ive ថា​ជា “បុគ្គល​ជនជាតិ​អង់គ្លេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ផ្នែក​បច្ចេកវិទ្យា​លំដាប់​លេខ២” ចំណែក​ទស្សនាវដ្ដី Forbes ក៏​បាន​បញ្ចូល​ឈ្មោះ​លោក​ជា​បុគ្គល​មាន​សមត្ថភាព​ទី២ លើ​វិស័យ​បច្ចេកវិទ្យា​ផង​ដែរ។ រីឯ​សារព័ត៌មាន The Guardian បាន​ហៅ​ឈ្មោះ​លោក​ថា ជា “បុគ្គល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំ​ទសវត្សរ៍”។

ឆ្នាំ២០១០ សារព័ត៌មាន Bloomberg BusinessWeek បាន​បញ្ចូល​ឈ្មោះ​លោក Ive ទៅ​ក្នុង​ចំណោម​បុគ្គល “អ្នក​ឌីហ្សាញ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក”។ រីឯ CNN Money វិញ​បាន​ឱ្យ​ឈ្មោះ​លោក​ថា​ជា “អ្នក​ឌីហ្សាញ​ឆ្លាតវៃ​បំផុត” នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នៅ​មាន​ការ​ផ្ដល់​ងារ​ល្បីៗ​ជា​ច្រើន​ទៀត។

ឆ្នាំ២០១១ សារព័ត៌មាន Daily Mail បាន​ផ្ដល់​ហៅ​លោក Ive ជា​អ្នក​មាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​រចនា។ លោក​ថែមទាំង​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​ឌីហ្សាញ​ទៀត​ផង។

ឆ្នាំ២០១២ ទស្សនាវដ្ដី Vanity Fair បាន​ជ្រើសរើស​លោក Ive និង​លោក Tim Cook ជា​បុគ្គល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​របស់​ខ្លួន។

ឆ្នាំ២០១៣ លោក Blue Peter បាន​ប្រគល់​ពាន​ត្រា Blue Peter ឱ្យ​លោក Ive ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​ក្នុង​ចំណោម តារាង​ឈ្មោះ​បុគ្គល​មាន​ឥទ្ធិ
ពល​លើ​ពិភពលោក​ទាំង ១០០។

ជីវិត​ឯកជន៖

លោក Ive បាន​រៀបការ​ជា​មួយ​អ្នក​ស្រី Heather Pegg នៅ​ឆ្នាំ១៩៨៧ ហើយ​បាន​រួមរស់​នឹង​គ្នា​នៅ​ទីក្រុង San Francisco រដ្ឋ California រហូត​មក​ទល់​ពេល​នេះ គូស្នេហ៍​បាន​កុន​ប្រុស​ភ្លោះ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម