ភ្លៀងរលឹម​ស្រិច​ៗ រន្ទះបាញ់​ក្មេង​ប្រុស​ម្នាក់ស្លាប់​

 
 

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង គួរ​ឱ្យ​អាណិតអាសូរ ខណៈ​នាំ​មិត្តភក្តិ​តូច​ៗ ដូច​គ្នា​ចំនួន​៣​នាក់ ដើរ​ចេញពី​ខ្ទម​ចាំចម្ការ​បម្រុង​នឹង​ទៅ​ដឹកគោ​ផ្លាស់​យក​ទៅ​ឱ្យ​ស៊ី​ស្មៅ​នៅ​កន្លែង​ផ្សេង ស្រាប់តែ​កំពុង​ដើរ​សុខ​ៗ ខណៈ​មេឃ​ក្លាយទៅជា​ខ្មៅ​ងងឹត​លាយឡំ​ទៅ​ដោយ​ភ្លៀងរលឹម​ស្រិច​ៗ បង្ក​ជា​រន្ទះបាញ់​ស្លាប់​ម្នាក់​តែ​ម្តង ។ 

បន្ទាប់​ពី​រន្ទះបាញ់​ភ្លាម ឪពុក​កុមា​រា​រង​គ្រោះ​ក្រឡេក​ចេញពី​ខ្ទម​ចាំចម្ការ អត់​ឃើញ​កូន​របស់​ខ្លួន​ដើរ​ជាមួយ​មិត្តភក្តិ​ដទៃ​ទៀត ទើប​គិត​ថា​កូន​ត្រូវ​រន្ទះបាញ់ លុះរ​ត់ទៅ​មើលឃើញ​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឱ្យ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ។

ហេតុការណ៍​រន្ទះបាញ់​ក្មេង​ប្រុស​តូច​ម្នាក់​ស្លាប់ ក្នុង​ចំណោម​៣​នាក់ ខណៈ​ដើរ​តាម​វាល​ចម្ការ បម្រុង​ទៅ​ផ្លាស់​គោ​របស់​ខ្លួន​ឱ្យ​ស៊ី​ស្មៅ​កន្លែង​ផ្សេង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១ ៦ ស្ថិត​នៅ​ចំណុច​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ 

ប្រភព​ព័ត៌មាន​ពី​លោក ជូ ឃី មេ​ភូមិ​ថ្នល់ទទឹង បានឱ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​មាន ឈ្មោះ រ៉េ​ត សម្បត្តិ អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ រស់នៅ​ភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ជា​កូនពៅ​ទី​៦ មាន​បងប្រុស​២​នាក់ បងស្រី​៣​នាក់ ឪពុក ឈ្មោះ ទឹង រ៉េ​ត អាយុ​៥២​ឆ្នាំ ម្តាយ ឈ្មោះ ហ៊ុន ទី អាយុ​៥២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ឪពុក​កុមា​រា​រង​គ្រោះ បាន​ប្រើ​កូន​របស់​ខ្លួន​រួម​ជាមួយនឹង​មិត្តភក្តិ​ពីរ​នាក់​ទៀត​ឱ្យ​ដើរទៅ​ស្រាយ​ខ្សែ​គោ​ដែល​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ចំងាយ​ពី​ខ្ទម​ចាំចម្ការ​ប្រហែល​៥០​ម៉ែត្រ ឱ្យ​ដឹក​យក​ទៅ​ចង​នៅ​កន្លែង​ផ្សេង លុះ​ពួក​គេ​ដើរ​បែក​ពី​គ្នា​ច​ង្ងាយ​ប្រហែល​២០​ម៉ែត្រ ស្រាប់តែ​មេឃ​ស្រអាប់​ក្លាយទៅជា​ភ្លៀងរលឹម​ស្រិច​ៗ ហើយ​បង្ក​ទៅ​ជា​រន្ទះបាញ់​ចំ​កុមា​រា​រង​គ្រោះ បណ្តាល​ឱ្យ​បាក់​ក ខ្លោច​ពេញ​ខ្លួន ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កុមា​រា​រង​គ្រោះ ត្រូវ​ឪពុក​ម្តាយ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ខាង​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន បាន​នាំ​យក​អំណោយ​ជា​ថវិកា​ចំនួន​១​លាន​រៀល អង្ករ​១០០​គីឡូក្រាម ទឹក​សុទ្ធ​១០​យួរ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​ផង​ដែរ ។ 

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់ ដោយ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា កន្លង​ទៅ ស្ថិត​នៅ​ចំណុច​កន្លែង​ចិញ្ច្រាំ​ដំឡូង​មី ក្នុងភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូ​រង​ណ្តូ​ង ស្រុក​សាលា​ក្រៅ បុរស​ម្នាក់​ក៏​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួសធ្ងន់​សន្លប់ ត្រូវ​បងប្អូន ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ជន​រង​គ្រោះ​អង្គុយ​លើ​ម៉ូតូ​ចត​ឈប់​ជ្រក​ភ្លៀង ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗ លាយឡំ​ដោយ​ខ្យល់ ក៏​ត្រូវ​រន្ទះបាញ់​ចំ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​តែ​ម្តង ។ 

ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ យ៉ា​ន់ យ៉ា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ឈ្មោះ រឿ​ន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​បងប្អូន​នឹង​គ្នា ជា​កម្មករ​ចិញ្ច្រាំ​ដំឡូង​មី មាន​ទីលំនៅ​ក្នុងភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម