គ្រឿងរណ្តាប់ សម្រាប់ថ្វាយទេវតាឆ្នាំថ្មី ព្រះនាង «មណ្ឌាទេវី» ខណៈសង្ក្រាន្តឆ្នាំថ្មីនេះ មានចំនួន ៤ថ្ងៃ
ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (ឆ្នាំវក អស្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦) យើងនិងខិតជិតចូលមកដល់។ យ៉ាងណាមិញប្រិយមិត្តមួយចំនួន ច្បាស់ជាបានជ្រាប និងមួយចំនួនតូចទៀត ប្រហែលជាមិនទាន់បានជ្រាបច្បាស់ទេពីប្រវត្តិចូលឆ្នាំខ្មែរ និងឈ្មោះទេពធីតាទាំង៧ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម។
ថ្ងៃនេះផងដែរ ខ្មែរឡូតនឹងបង្ហាញជូននូវអត្ថបទមួយ ដែលទាក់ទងទៅនឹងប្រវត្តិខ្លះៗនៃពិធីបុណ្យចូលឆ្នាំខ្មែរ រួមទាំងព្រះនាមទេពធីតាទាំង៧អង្គ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអាន ក្នុងន័យយល់ដឹងបន្ថែម ក៏ដូចជាអាចត្រៀម ជាគ្រឿងដង្វាយសម្រាប់ទទួលទេវតាឆ្នាំថ្មីផងដែរ។
រូបភាពតំណាង
ប្រវត្តិទាក់ទិនទៅនិងពិធីបុណ្យចូលឆ្នាំខ្មែរ ៖
មានសេចក្តីតំណាលថា មានសេដ្ឋីម្នាក់មានកូនឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំនេះវិជ្ជាដ៏វិសេសវិសាល បានរៀនចេះចប់គម្ពីត្រៃវេទតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ។
សេដ្ឋីជាឪពុក បានសង់ប្រាសាទឲ្យធម្មបាលកុមារ នៅគាបដើមជ្រៃមួយធំ នៃឆ្នេរទន្លេ ដែលជាទីអាស្នាក់អាស្រ័យនៃបក្សីទាំងឡាយ។ ធម្មបាលកុមារចេះទាំងភាសាបក្សីទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្តែងមង្គលផ្សេងៗ ដល់មនុស្សទាំងពួងផងដែរ។
កបិលមហាព្រហ្ម បានជ្រាបដំណឹង ក៏ចុះមកសួរធម្មាបាលចំនួន ៣ប្រស្នា ដោយសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរិសាទ្រង់ ថ្វាយធម្មបាលកុមារ ប៉ុន្តែប្រសិនបើធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួចទេ កបិលមហាព្រហ្ម នឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យាពេលចំនួន៧ថ្ងៃ ដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារ នៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកឡើងដល់ថ្ងៃកំណត់ នឹងត្រូវស្លាប់ជាប្រាកដ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបធម្មបាលកុមារ ចុះពីប្រសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។
នៅលើដើមត្នោតនោះ មានសត្វឥន្រ្ទីញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ។ វេលាយប់សត្វឥន្រ្ទីញីសួរសត្វឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្រ្ទីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលនឹងត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច។ ឥន្រ្ទីញីសួរថា ប្រស្នានោះដូចម្តេច? ឥន្រ្ទីឈ្មោលឆ្លើយថា វេលាព្រឹកសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលុបមុខ។ ប្រស្នាទី២ចោទថា ថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅនឹងជើង ហេតុនោះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រលប់ទៅប្រាសាទវិញ។ លុះព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នាធម្មាបាលកុមារ។ ធម្មាបាលកុមារឆ្លើយដោះស្រាយតាមដែលបានលឺនោះរួច កបិលមហាព្រហ្មក៏ទទួលស្គាល់ថាពិតជាត្រឹមត្រូវ ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យា។
កបិលមហាព្រហ្មហៅទេពធីតាទាំង៧អង្គមកប្រាប់ថា ឥលូវបិតាត្រូវកាត់សិរិសា ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងរូបធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់។
ដូច្នេះសុំឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរិសាបិតា។ ពោលរួចព្រះអង្គក៏កាត់ព្រះសិរិសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាកូនច្បង។ ព្រះនាងទុង្សាទេវីក៏បានយកពាន មកទទួលព្រះសិរិសាបិតារួចហែរ ប្រទក្សិណភ្នំសុមេរុ រយៈពេលមួយម៉ោង ទើបយាងទៅប្រតិស្ថានទុកក្នុងភ្នំនោះ នៅក្នុងគុហាគន្ធមាលី នៃភ្នំកៃលេស និងបូជាគ្រឿងទិព្វផ្សេងៗ។
ព្រះវិសកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ៧ប្រការឈ្មោះថា ភគវតីសភាសាលា ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំ ជាសង្រ្កាននាងទេពធីតាទាំង៧អង្គ ក៏ឆ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរិសាកបិលមហាព្រហ្ម យាងមកហែរប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រលប់ ទៅឋានទេវលោកដើម្បីតម្កល់វិញ។
រូបភាពតំណាង
ឧបត្ថម្ភដោយ៖ GATSBY
ឈ្មោះទេពធីតាទាំង៧អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ៖
១. បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី មានសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែអុទុម្ពរ អាវុធស្តាំ កងច័ក្រ ឆ្វេងសង្ខ ជិះពាហនៈគ្រុឌ ។
២. បើថ្ងៃចន្ទ ព្រះនាម គោរាគទេវី មានសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មោរា ភក្សាហា ធុញ្ញជាតិ អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងឈើច្រត់ ជិះពាហនៈខ្លា។
៣. បើថ្ងៃអង្គារ ព្រះនាម រាក្យសាទេវី មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូ ជិះពាហនៈ អស្សតរ (សេះ) ។
៤. បើថ្ងៃពុធ ព្រះនាម មណ្ឌាទេវី មានសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី (ទឹកដោះស្រស់) អាវុធកាន់ស្តាំម្ជុល ឆ្វេងកាន់ឈើច្រត់ ជិះពាហនៈលា។
៥. បើថ្ងៃព្រហស្បត្តិ៍ ព្រះនាម កិរិណីទេវី មានសៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកាន់កង្វេរ ឆ្វេងកាំភ្លើង ជិះពាហនៈដំរី ។
៦. បើថ្ងៃសុក្រ ព្រះនាម កិមិរាទេវី មានសៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគម៏ ភក្សាហារចេកណាំវ៉ា អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងពិណ ជិះពាហនៈ ក្របី ។
៧. បើថ្ងៃសៅរ៍ ព្រះនាម មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវ័តន៍ ភក្សាហារសាច់ទ្រាយ (សាច់ម្រឹគពួកឈ្លូស, ពពែ) អាវុធស្តាំកងចក្រ ឆ្វេង ត្រីសូល៍ ពាហនៈក្ងោក។
យ៉ាងណាមិញ បន្ទាប់បានពីជ្រាបរួចមក ប្រិយមិត្តប្រហែលជាអាចដឹងបានខ្លះហើយ ថាទេវតាឆ្នាំថ្មីនេះ ព្រះនាមអ្វី ដែលនឹងត្រូវមកជំនួសតំណែង ទេវតាឆ្នាំចាស់ គ្រប់គ្រង និងថែរក្សាទឹកដីជាបន្ត។ ប្រសិនបើយើងផ្ទៀងផ្ទាត់ ជាមួយនឹងប្រតិទិនខ្មែរ ដែលពិធីបុណ្យចូលឆ្នាំខ្មែរយើង ឆ្នាំ២០១៦នេះ ចំថ្ងៃពុធ ទី១៣ ខែមេសា ដូច្នេះមានន័យថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំវក សង្រ្កានថ្មីនេះ យាងចុះដោយបុត្រីទី៤ របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី មានសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី (សោយទឹកដោះស្រស់) អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា (ជិះសត្វលាជាយាន្តជំនិះ) នៅវេលាម៉ោង ៨យប់។
ឯរណ្ដាប់សម្រាប់ទទួលទេវតាក្នុងឆ្នាំនេះ មានដូចតទៅ ៖ រានទេវតាមួយ ដែលក្រាលសំពត់ពណ៌ស បាយសីប្រាំថ្នាក់មួយគូ បាយសីបីថ្នាកមួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទៀនប្រាំធូបប្រាំ ផ្កាប្រាំ ស្លាធម៌កូនចេកមួយគូ ដូងឡៅមួយគូ ចេកនួនឬចេកណាំវ៉ាមួយគូ ទឹកស្អាតពីរកែវ ផ្លែឈើ ៥មុខ មួយមុខមួយគូ ក្នុងឆ្នាំនេះគួរ មានទឹកដោះស្រស់ ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេពធីតា (មណ្ឌាទេវី) ។
-ថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត ឬថ្ងៃចូលឆ្នាំថ្មី
-ថ្ងៃទី២ ហៅថា ថ្ងៃវិរៈវ័នបត
-ថ្ងៃទី៣ ហៅថា ថ្ងៃឡើងស័ក
ដោយហេតុថាចូលឆ្នាំខ្មែរ ឆ្នាំវក អស្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ក្នុងឆ្នាំថ្មីនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា នេះបើគិតតាមដំណើរច័ន្ទគតិ គឺថ្ងៃមហាសង្រ្កាន ១ថ្ងៃ ថ្ងៃវិរៈវ័នបត ២ថ្ងៃ និងថ្ងៃឡើងស័ក ១ថ្ងៃ ។
ជាចុងក្រោយក្រុមការងាខ្មែរឡូត សូមជូនពរដល់ប្រជាជនខ្មែរទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមប្រសិទិ្ធពរជ័យសិរីមង្គល ជួបតែសេចក្តីសុខចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ សូមឲ្យរកទទួលទានមានបាន និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាពតំណាង ទេពធីតាទាំង៧អង្គ
រូបភាពតំណាង គ្រឿងរណ្តាប់ថ្វាយទេវតា
រូបភាពតំណាង គ្រឿងរណ្តាប់ថ្វាយទេវតា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!