យុវជនយុវតីខ្មែរ ៤រូប ប្រាប់ពីវិធីកាត់បន្ថយស្ដ្រេស
ភ្នំពេញ៖ ជាការពិតណាស់វាគ្មានថ្នាំព្យាបាលនោះទេ នៅពេលដែលអ្នកទទួលរងនូវសម្ពាធច្រើនដូចជា អារម្មណ៍ហត់នឿយ ធុញថប់ តានតឹង ស្រ្តេស ពីការងារក៏ដូចជាការសិក្សាជាដើម។ មានមនុស្សមួយចំនួនតែងតែចោទសួរខ្លួនឯង ក៏ដូចជាចោទសួរទៅកាន់អ្នកដទៃដែរថា តើគួរធ្វើដូចម្តេចដើម្បីបំបាត់ ឬកាត់បន្ថយនូវភាពតានតឹង ទាំងអស់នោះចេញពីក្នុងខ្លួន ដើម្បីទទួលបាននូវអារម្មណ៍ ស្រស់ថ្លាត្រឡប់មកវិញ?
ជាមួយគ្នានេះ ក្រុមការងារខ្មែរឡូត បានចុះធ្វើការសាកសួរ បុគ្គលិកឯកជន សិស្ស និស្សិតខ្មែរមួយចំនួនដោយផ្ទាល់ ទាក់ទងនឹងវិធីសាស្រ្ត ឬដំណោះស្រាយបែបណា ដើម្បីកាត់បន្ថយរាល់បញ្ហាស្រ្តេស ដែលពួកគេធ្លាប់ឆ្លងកាត់ ក្នុងគោលបំណងចែករំលែក នូវបទពិសោធន៍ខ្លះៗទាំងនោះ មកកាន់ប្រិយមិត្ដអ្នកអាន ទោះជាតិច ឬច្រើនក្ដី។
នេះបើតាម កញ្ញា ស៊ុំ ឈាងម៉េង អាយុ ២២ឆ្នាំ សព្វថ្ងៃជាគ្រូបង្រៀនភាសាបរទេស នៅសាលាឯកជនមួយ បានផ្តល់បទសម្ភាសន៍ខ្លះៗ មកដល់ក្រុមការងារខ្មែរឡូត ឲ្យដឹងថា«សម្រាប់ខ្ញុំ ពេលដែលខ្ញុំមានអារម្មណ៍ថាហត់នឿយ អស់កំលាំង ជាពិសេស មានភាពតានតឹងច្រើនក្នុងការងារ និងការសិក្សាផងនោះ ខ្ញុំចូលចិត្តជិះកង់លេងកំសាន្តតាម សួនច្បារមាត់ទន្លេ ឬអាចនៅតាមទីប្រជុំជនជិតៗ ភ្នំពេញនេះឯង ជាមួយនិងមិត្តភក្តិ។ ជួនកាលជិះកង់លេងម្នាក់ឯង មើលគេមើលឯង ព្រោះពេលជិះកង់ វាផ្តល់នូវបរិយាកាសល្អៗ ខ្យល់បរិសុទ្ធដែលមាននៅជុំវិញខ្លួនយើង ទាំងផ្លូវដង្ហើម និងមានអារម្មណ៍ថាស្រឡះក្នុងខួរក្បាល ជាពិសេសវាក៏ផ្តល់ឲ្យយើងមានសុខភាពល្អផងដែរ» ។
រូបភាព៖ កញ្ញា ស៊ុំ ឈាងម៉េង
ដោយឡែកយុវជនមួយរូបទៀត ប្អូនប្រុស កាន់ វិសាល ដែលសព្វថ្ងៃជានិសិ្សតម្នាក់នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាបុគ្គលិកបម្រើការក្នុងស្ថាប័នមួយ នៅរាជធានីភំ្នពេញ ក៏បានចែករំលែកពីវិធីសាស្រ្តកាត់បន្ថយស្រ្តេសផងដែរ ថា «បងអើយសម្រាប់ខ្ញុំវិញ ខ្ញុំធ្វើការផងរៀនផង ដូចនេះមិនសូវមានពេលវេលាទំនេរប៉ុន្មានទេ ប៉ុន្តែដើម្បីកាត់បន្ថយភាពតានតឹង ទាំងអស់នោះ គឺខ្ញុំបានស្តាប់តន្រ្តី និងស្រែកច្រៀងលេងនៅផ្ទះម្នាក់ឯង ព្រោះកាលណាពេលដែលច្រៀងទៅ វាជួយឲ្យយើងភ្លេចអស់នូវអ្វីៗ ទាំងភាពស្មុគស្មាញ និងបំភ្លេចអស់នូវភាពតានតឹងក្នុងអារម្មណ៍ ដែលយើងមានផងដែរ ហើយវាផ្តល់ឲ្យយើងមកវិញតែការសប្បាយៗ និងអារម្មណ៍ជ្រះថ្លា» ។
ទន្ទឹមនឹងនោះផងដែរ យុវជន ឃុត វិច្ឆិកា អាយុ២០ឆ្នាំ ជានិស្សិត និងជាបុគ្គលិកបម្រើការងារនៅអង្គការមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានប្រាប់ថាគាត់ចូលចិត្តហាត់ប្រាណ នៅតាមសួនច្បារជាមួយនិង បងៗ អ៊ុំៗ មីងៗ ព្រោះវាជំនួយដល់សុខភាព។ មិនតែប៉ុណ្ណោះ យើងអាចចំណេញចេះរាំបានទៀតផង។
រូបភាពអ្នកហាត់ប្រាណនៅមាត់ទន្លេ
រូបភាពតំណាង
សម្រាប់ កញ្ញា អ៊ុង គន្ធា អាយុ២៥ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកបម្រើការនៅ ក្រុមហ៊ុនធានារ៉ាប់រងមួយកន្លែង នៅរាជធានីភ្នំពេញ ក៏មិនខុសពីអ្នកផ្សេងផងដែរ។ កញ្ញាបានប្រាប់ថា កញ្ញាចូលចិត្តដើរលេងកម្សាន្ត រំហែលអារម្មណ៍ជាមួយ និងម៉ាក់របស់កញ្ញានៅឯម្តុំសួនច្បារមាត់ទន្លេក្រុងតាខ្មៅ និងអង្គុយញ៉ាំអីតិចតួចផងដែរ ព្រោះនៅទីនោះមានបរិយាកាសល្អ មិនចាញ់ទីកន្លែងផ្សេងៗ ក្នុងរាជធានីភ្នំពេញឡើយ។ ម្យ៉ាងវិញទីតាំងនោះ គឺនៅក្បែរផ្ទះរបស់កញ្ញាស្រាប់។ កញ្ញាបន្តថា កញ្ញាមិនចូលចិត្តនៅម្នាក់ឯងឡើយ ព្រោះវាអាចធ្វើឲ្យកាន់ តែមានភាពតានតឹងលើសដើម។
ក្នុងឱកាសនេះដែរ ក្រុមការងារខ្មែរឡូត បានព្យាយាមធ្វើការទាក់ទងសម្ភាសន៍ ដោយផ្ទាល់ ជាមួយនឹងសាស្រ្តាចារ្យផ្នែកទស្សនៈវិជ្ជា ចិត្តវិជ្ជាទូទៅ ចំនួន២រូប នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដើម្បីចែករំលែកពីចំនេះដឹងមួយចំនួន ទាក់ទងនឹងបញ្ហាស្ដ្រេស តែពួកគាត់ជាប់រវល់ មិនអាចផ្ដល់កិច្ចសម្ភាសន៍បាននោះទេ។ ទោះជាយ៉ាងណា ជាចុងក្រោយ ខ្មែរឡូតក៏បានធ្វើការស្រាវជ្រាវ ទាក់ទងនឹងចំណេះដឹង និងដំណោះស្រាយ ក្នុងការកាត់បន្ថយបញ្ហាស្ដ្រេស តាមរយៈប្រភពព័ត៌មានសុខភាពបរទេស មកធ្វើការចែកជូនប្រិយមិត្ដ ដូចជាខាងក្រោម៖
១. ស្តាប់ចម្រៀង៖ ពេលខ្លះចម្រៀងអាចធ្វើឲ្យយើងបំភ្លេចនូវភាព តានតឹងទាំងឡាយ បទញាក់ៗ កន្រ្តាក់អារម្មណ៍ ឬមនោសញ្ចេតនា ដែលអ្នកអាចគិតថាវាអាចជួយសម្រួលអារម្មណ៍ របស់អ្នកបានល្អ។
២. ហាត់ប្រាណ/ហាត់កីឡា៖ បច្ចុប្បន្នមិនថាឡើយចាស់ក្មេងប្រុសស្រី សុទ្ធតែចូលចិត្តហាត់ប្រាណ។ អ្នកអាចហាត់ប្រាណតាមរយៈបទចម្រៀងញាក់ៗ ឬធ្វើសម្មាធិ បែបយូហ្គា ផ្សេងៗ ដែលវាអាចធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្រាល បានមួយកម្រិត។
៣. កុំព្យាយាមនៅម្នាក់ឯង៖ វាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ ដែលបាត់បង់ទំនុកចិត្តលើឯង ត្រូវមានមនុស្សនៅក្បែរខ្លួនជជែក សើចសប្បាយ ដូចជាមិត្តភក្តិ ក្រុមគ្រួសារជាដើម។
៤. ដើរលេងកម្សាន្ត៖ អ្នកអាចនឹងទទួលបានអារម្មណ៍មួយដែរថ្មី នៅពេលដើរកម្សាន្តមើលគេមើលឯង តាមសួនច្បារ ផ្សារទំនើប រមណីយដ្ឋាន ឬទីប្រជុំជិតៗ ដើម្បីទទួលបាននូវខ្យល់បរិសុទ្ធ។ ពេលខ្លះអ្នកអាចសើច ដោយមិនដឹងខ្លួនក៏ថាបាន បន្ទាប់ពីបានឃើញភាពកំប្លុកកំប្លែង របស់អ្នកដែលនៅជុំវិញខ្លួនអ្នក។
៥. គេង៖ ការគេងក៏ជាវិធីសាស្រ្តមួយអាចធ្វើឲ្យយើង បំបាត់នូវភាពតានតឹងតប់ប្រមល់ បានមួយកម្រិតផងដែរ។
ចំពោះប្រិយមិត្ដមួយចំនួនផ្សេងទៀត ដែលមានវិធីសាស្ដ្រល្អៗ ក្នុងការជួយបំបាត់ភាពស្ដ្រេស និងភាពតានតឹង អាចធ្វើការចែករំលែកបទពិសោធន៍របស់ខ្លួន តាមរយៈប្រអប់បញ្ចេញមតិខាងក្រោមនេះ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!