រឿង​ពិត! តារា​ស្រី​​ម្នាក់​ទម្លាយ​រឿង​ធ្លាប់​​លោត​ទឹក​សម្លាប់​ខ្លួន​ ពីលើស្ពាន​ជ្រោយ​ចង្វា

 
 

តារា​សម្ដែង កញ្ញា ហេង ស្រីពេជ្រ បាន​ទម្លាយ​អាថ៌កំបាំង​របស់​ខ្លួន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វា​ម្ដង​ កាល​ពី ៤ ឆ្នាំ​ មុន ប៉ុន្តែ​ មិន​ស្លាប់។



ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ Sabay កាល​ពី​ពេល​កន្លង​ទៅ កញ្ញា ហេង ស្រីពេជ្រ បាន​រៀប​ឲ្យ​ដឹង​ថា នៅ​​ចុង​ឆ្នាំ ២០១០ នាង​ពិបាក​ចិត្ត​​ និង បាន​សម្រេច​លោត​ទឺក​សម្លាប់​ខ្លួន​​នៅ​ស្ពាន​ជ្រោយ​ចង្វា បន្ទាប់​ពី​​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​ ខណៈ​​ដែល​បាន​រស់​នៅ​ទី​នោះ​អស់​រយៈពេល ២ ឆ្នាំ ជាមួយ​សង្សារ​របស់​នាង។

ស្រី ពេជ្រ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​​ចែក​​ផ្លូវ​គ្នា​បាន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល សង្សារ​របស់​នាង ​មាន​ស្រី​ថ្មី ហើយ​ថែម​ទាំង​បាន​ទៅ​រៀប​ការ​ជា​មួយ​នារី​នោះ​​ទៀត ដោយ​​មិន​អាច​ទ្រាំ  នាង​ក៏​សម្រេច​វេចបង្វេច​មក​ស្រុក​កំណើត​វិញ។ មក​ដល់​ស្រុក​​កំណើត​វិញ​នៅ​ចុង​ឆ្នាំ ២០១០ តារា​សម្ដែង​ស្រី​ម្នាក់​នេះ​មាន​អារម្មណ៍​ខ្មាស​មិត្តភ័ក្ដិ និង​ ញាតិមិត្ត​ជា​ខ្លាំង។

ដោយ​មិន​អាច​ទ្រាំ​ទទួល​​អារម្មណ៍​បែប​នេះ​បាន ស្រីពេជ្រ មាន​គំនិត​ចង់​​សម្លាប់​ខ្លួន។ នៅ​អំឡុង​​ខែ ១១ ឆ្នាំ ២០១០ នាង​បាន​សម្រេច​ចិត្ត​មក​លោត​ទឹក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​ឲ្យ​ស្លាប់ ប៉ុន្តែ​​ នាង​ចេះ​ហែល​ទឹក ការ​ប៉ង​សម្លាប់​ខ្លួន​របស់​នាង មិន​បាន​សម្រេច​ឡើយ។



ស្រីពេជ្រ បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្ងួត​​ថា គ្រាន់​តែ​​ធ្លាក់​​ចូល​ទឹក​ភ្លាម  នាង ឈ្លក់​ទឹក​ជា​ខ្លាំង ដោយ​មិន​អាច​ទ្រាំ​បាន នាង​ប្រឹង​​ស្រវេស្រវា​ងើប​ហែល ឡើង​វិញ ហើយត្រូវ​បាន​​គេ​យក​ទៅ​សង្គ្រោះ នៅ​គ្លីនិក​មួយ​ក្បែរ​នោះ និង ក្រុម​គ្រួសារ​បាន​ដឹង​ពី​រឿង​នេះ ក៏​នាំ​ទៅ​ផ្ទះ​វិញ។

ឪពុក​ម្ដាយ បង​ប្អូន មិត្តភ័ក្ដិ បាន​ព្យាយាម​ផ្ដល់​កម្លាំង​ចិត្ត​ដល់ ស្រីពេជ្រ ជា​ខ្លាំង ដើម្បី​កុំ​ឲ្យ​នាង​គិត​​ខ្លី ម្ដង​ទៀត។ ទោះ​បី​​មាន​ការ​ផ្ដល់​កម្លាំង​ចិត្ត​បែប​ណា​ក្ដី ក៏​ស្រីពេជ្រ នៅ​តែ​មាន​បំណង​ចង់​សម្លាប់​ខ្លួន​ម្ដង​ទៀត។ ៣ ខែ ក្រោយ​ពី​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន ជ្រោយ​ចង្វា តារា​ស្រី​ម្នាក់​នេះ បាន​លួច​លេប​​ថ្នាំ​សម្លាប់​ខ្លួន​ម្ដង​ទៀត ដោយ​នាង​បាន​លេប​ឆ្នាំ​សម្លាប់​សត្វ​ល្អិត អស់ ១ កំប៉ុង​ ឯណោះ។ ម្ដង​នេះ បើ​មិន​មាន​អ្នក​ដឹង​ទេ  ស្រីពេជ្រ ច្បាស់​ជា​ស្លាប់​ដូច​បំណង​ជាក់​ជា​មិន​ខាន ប៉ុន្តែ ការ​ប៉ង​​របស់​នាង​នៅ​តែ​មិន​អាច​បាន​សម្រេច​ដដែល ឪពុក​​បាន​ដឹង ហើយ​ក៏​បាន​​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ទាន់​ពេល​វេលា រួច​ផុត​ជីវិត ម្ដង​ទៀត។

ស្រីពេជ្រ ប្រាប់​ថា ទោះបី​ជា ការ​ជួយ​សង្រ្គោះ​​របស់​​ក្រុម​គ្រូពេទ្យ ធ្វើ​ឲ្យ​នាង​រស់រាន​មាន​ជីវិត​វិញ​បែប​ណា​ក្ដី ប៉ុន្តែ​បំពង់ក​ របស់​នាង​មិន​អាច​វិល​មក​សភាព​ដើម​វិញ​ឡើយ សម្លេង​របស់​នាង​បាន​ប្រែ​មក​ជា​​សម្លេង​ដូច​មនុស្ស​ប្រុស រហូត​​មក​ដល់​បច្ចុប្បន្ន។ ពេល​និយាយ​​ចេញ​ម្ដង គ្រប់​គ្នា​ដែល​បាន​ស្ដាប់ គិត​ថា នាង​ គឺ​ជា ភេទ​ទី ៣ ​ទើប​តែ​កែ​​ភេទ។

ដោយ​មាន​ការ​ផ្ដល់​កម្លាំង​ចិត្ត​ពី​ក្រុម​គ្រួសារ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​គិត​ថា អ្វី​គ្រប់យ៉ាង​ដែល​នាង​បាត់​បង់​ទៅ​ហើយ មិន​អាច​ត្រឡប់​មក​វិញ និង មិន​ចង់​ធ្វើ​បាប ក្រុម​គ្រួសារ​ទៀត ស្រីពេជ្រ បាន​ប្ដូរ​ចិត្ត​ឈប់​សម្លាប់​ខ្លួន ដោយ​គិត​តែ​ធ្វើ​រឿង​សប្បាយៗ​ដាក់​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ។


ចាប់​ទាំង​ពី​​ពេល​នោះ​មក​ កញ្ញា ហេង ស្រីពេជ្រ ចាប់​អាជីព​ជា​អ្នក​​​សិល្បៈ​សាជាថ្មី មុន​ចេញ​ទៅ​អាមេរិក តារា​ស្រី​ម្នាក់​នេះ ធ្លាប់​បាន​ថត​រឿង​ច្រើន​មក​ហើយ មាន​ដូច​ជា  រឿង​ទឹក​ចិត្ត​គ្រូ​បង្រៀន, ធ្វើ​អ្វីៗ​ដើម្បី​ស្នេហ៍, រាត្រី​រនោច ជា​ដើម។ ប៉ុន្តែ​ ក្រោយ​ពី​នាង​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​វិញ តារា​ស្រី​សម្បូរ​ស្នេហ៍​ម្នាក់​នេះ មាន​ឱកាស​បាន​ថត​រឿង ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្ត​បន្ទាប់។

កញ្ញា ហេង ស្រីពេជ្រ បាន​ប្រាប់​ឲ្យ​ដឹង​ថា រឿង​ដែល​នាង​បាន​ថត បន្ទាប់​ពី​ចាប់​អាជីព​សិល្បៈ​វិញ​មាន​ ដូច​ជា ទឹក​ចិត្ត​បង​ស្រី, គូស្នេហ៍​ចៃដន្យ, ផ្កា​ក្នុង​ផ្កា, ម្ដាយ​ក្មេក​រើស​​កូន​ប្រសា, សន្យា​ស្នេហ៍, បេះ​ដូង​ក្របី, ព្រហ្មលិខិត, នំ​ត្នោត​ផ្ដើម​ស្នេហ៍, ទេវរូប​ចេះ​និយាយ, ប្រាក់​ក៏​បាត់​ជីវិត​ក៏​បង់, ដង​ស្ទឹង​ទន្ទឹម​ចាំ​ស្នេហ៍, មឺនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍, គំនុំ​​​ស្នេហ៍​អតីត​ជាតិ,  ព្រហ្មចារី , សង្សារ​ខ្មោច, និង រឿង​ស្នេហ៍​ពនេចរ ជាដើម។ ផ្នែក​ ​ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម នាង​ក៏​បាន​ថត​ជា​ច្រើន​ផង​ដែរ។  ឆាប់​ខាង​មុខ​នេះ តារា​ស្រី​ដែល​ត្រូវ​ប៉ាន់​តែ​តួ​ជំទាវ បង​ស្រី នឹង ម្ដាយ​នោះ កំពុង​​តែ​ត្រៀម​ថត រឿង ២ ​ទៀត ឲ្យស្ថានីយ​ទូរទស្សន៍​ CTN  ប៉ុន្តែ ​មិន​ទាន់​ដឹង​ចំណង​​ជើង​នៅ​​ឡើយ។

ចំពោះ​រឿង​ចង់​សម្លាប់​ខ្លួន កញ្ញា ហេង ស្រីពេជ្រ មិន​ឲ្យ​មាន​ជា​លើក​ទី ៣ ទៀត ហើយ តារា​ស្រី​ម្នាក់​នេះ បាន​និយាយ​ថា លើ​លោក​នេះ គ្មាន​អ្នក​ណា​ល្អ​ជាង​ ឪពុក-​ម្ដាយ និង បង​ប្អូន​នាង​​​ឡើយ  ចាប់​ពី​ពេល​នេះ​ទៅ នាង​​ខិតខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នាង​សប្បាយ​ចិត្ត។ អ្វី​គ្រប់​យ៉ាង ដែល​នាង​បាន​បាត់​បង់​នោះ នាង​គិត​ថា ជា​ការ​ជំពាក់​របស់​នាង​ពី​ជាតិ​មុន និង គ្រាន់តែ​ជា​សុបិន​អាក្រក់​មួយ​ ប៉ុណ្ណោះ៕
ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម