ជនទុច្ចរិត បំផ្លាញភ្នែកតោ តំណាងក្រុងមាត់សមុទ្រ
ខេត្តព្រះសីហនុ ៖ អ្នកក្រុងព្រះសីហនុក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកកំសាន្តនៅខេត្តមាត់សមុទ្រដ៏មានសក្តានុពលពេលធ្វើដំណើរតាមបណ្តោយវិថីឯករាជ្យ ដល់ត្រង់ចំណុចរង្វង់មូលតែងតែគយគន់ មើលរូបសំណាកតោមួយគូគ្រប់គ្នា ដែលតោញីដេកក្នុងទឹកមុខស្ងប់ស្ងាត់ រីឯតោឈ្មោលវិញ បញ្ចេញរាងហាក់មានមហិឫទ្ឋិខ្លាំងក្លា ពោរពេញដោយអំណាចដែលគេចាត់ទុកថា ជាស្តេចសត្វម្រឹគីម្រឹគា ។
ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយពន់ពេក និងរកពាក្យអ្វីមកថ្លែងស្ទើរមិនបាននោះ ដោយសារតែរូបសំណាកតោមួយគូដែលជាស្តេចសត្វ និងជាតំណាងអោយខេត្តព្រះសីហនុ ត្រូវបានជនទុច្ចរឹតខ្វេះបំបែកគ្រាប់ភ្នែកតោទាំងទ្វេចោល បន្សល់ទុកតែរន្ធភ្នែកក្រហេងក្រហូង ។ រឿងអាស្រូវនេះកើតមានអស់រយៈពេលជាច្រើនខែមកហើយ ដែលអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ច សុទ្ធតែបានដឹងឮ ឬធ្វើមិនខ្វល់ ។ មកដល់ថ្ងៃនេះ អាជ្ញាធរក្រុងនិងខេត្ត មិនទាន់មានការរៀបចំជួសជុលរូបសំណាក តោញីឈ្មោលមួយគូដ៏កំសត់នេះឡើងវិញនៅឡើយទេ ។
ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ ជាច្រើននាក់នៅក្នុងផ្សាររាត្រី ក្បែររង្វង់មូល តោមួយគូខាងលើ ដោយសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា បើផ្អែកទៅតាមបែបអបិយជំនឿថា ការធ្វើសកម្មភាពខ្វេះយកគ្រាប់ភ្នែកសត្វតោមួយគូខាងលើនេះ ពិតជាមានអ្នកនៅពីក្រោយខ្នងជនដៃដល់ ដែលអ្នកទាំងនោះអាចមានដី ឬលំនៅឋាននៅខាងមុខ ឬខាងក្រោយរូបសំណាកតោ ។ ព្រោះតាមអបិយជំនឿថា បារមីស្តេចតោទាំងពីរនេះខ្លាំងក្លាណាស់ អ្នកដែលមានលំនៅឋាននៅចំពីមុខ និងខាងក្រោយ រូបសំណាក រស់នៅមិនបានសេចក្តីសុខ និងបង្កការលំបាកដល់ការប្រកបរបរចិញ្ចឹមជីវិត ចង់លក់ដូរលក់មិនដាច់ ស្តេចតោចេះតែសម្លឹងដាក់ពេក គេខ្លាច ។ ប្រភពខាងលើបានបន្ថែមទៀតថា ហេតុដូចនេះហើយ ទើបបង្កើតអោយទៅជាមានការខ្វេះយកគ្រាប់ភ្នែកស្តេចសត្វតោចោលបែបនេះ ។
ទោះបីជាបែបណានោះ វាគ្រាន់តែជាអបិយជំនឿដែលគ្មានភាពប្រាកដនិយម ។ គេគួរគិតថា វាបានធ្វើស្តេចតោដែលមានឬទ្ធិ លើសសត្វនានា ជាការលើករាសីឲ្យខេត្តមាត់សមុទ្រ កាន់តែមានសក្តានុពលប៉ុណ្ណោះ គ្មានហេតុការណ៍ណាមួយដូចការយល់ផ្តេសផ្តាសនោះទេ ។ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្ត បានអោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ មីនា ថា លោកហាក់បីដូចជា មិនមានការគ្រប់គ្រង និងទទួលខុសត្រូវលើបញ្ហានេះទេ ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា មិនមានអ្នកណាខ្វេះយកគ្រាប់ភ្នែកសត្វតោខាងលើនេះទេ ព្រោះពេលចាប់ផ្តើមកសាងរូបសំណាកនេះ ស្ថាបត្យករ មិនបានដាក់គ្រាប់ភ្នែកតាំងពីដំបូងមកម្លេះ ដោយគ្រាន់តែចម្លាក់ជារង្វង់ភ្នែក ហើយលាបថ្នាំធ្វើដូចភ្នែក ។ លោក ដេត ណូ បានអោយដឹងបន្ថែមទៀតថា ការកសាងរូបសំណាកនេះ គឺជានិមិត្តរូបរបស់សម្តេចព្រះបិតាជាតិខ្មែរ សម្តេចព្រះបរមរតនកោដ្ឋព្រះនរោត្តម សីហនុ ដែលព្រះអង្គមានស្នាព្រហស្ថ ក្នុងការអភិវឌ្ឍទីក្រុងកំពង់សោម ។ បន្ទាប់ពីបានសាងសង់រូបសំណាក ដែលតំណាងអោយសត្វសឹង្ហ ឬ ក៏ស្តេចសត្វសីហៈ ស្របពេលដែលទីក្រុងកំពង់សោម ត្រូវបានប្តូរឈ្មោះមកជាទីក្រុងព្រះសីហនុវិញ និងមានរូបសំណាកខាងលើជានិមិត្តរូបសំរាប់ខេត្តព្រះសីហនុ ។ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី ២៤ មីនា ក្នុងន័យរុញច្រានថា បញ្ហារូបសំណាកធំៗយ៉ាងដូចនេះ គឺហួសដែនសមត្ថកិច្ចរបស់លោក ថ្វីត្បិតតែរូបខាងលើនេះ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ក៏ដោយ តែវាជាដែនសមត្ថកិច្ចគ្រប់គ្រងដោយមន្ទីរជំនាញ និងអាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ ។
លោកបានបញ្ជាក់ទៀតថា បញ្ហានេះ មន្ទីរវប្បធម៌ និងអាជ្ញាធរខេត្ត ត្រូវតែគិតគូធ្វើការជួសជុលឡើងវិញ ។ ប៉ុន្តែត្រូវរកពេលវេលាណាមួយអោយបានសមស្រប ដើម្បីរៀបចំទៅតាមបែបអបិយជំនឿ ដូចជាធ្វើពិធីសែនក្រុងពាលី ដើម្បីសុំបារមីអ្នកថែរក្សារូបសំណាក ទើបឈានដល់ការជួសជុលបាន មិនមែនដូចការលើកឡើងរបស់ប្រជាពលរដ្ឋ ចេះតែយកគ្រាប់ភ្នែកទៅបិទភ្នែកនោះទេ ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៤ មីនាថា ជុំវិញព្រឹត្តិការណ៍កើតឡើងខាងលើនេះ លោកបានជំរាបជូនទៅលោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ ខេត្តព្រះសីហនុ អោយរៀបចំធ្វើការជួសជុលអោយបានឆាប់នាពេលដ៏ខ្លីខាងមុខ ។
បន្ទាប់ពីធ្វើការជួសជុលរួច ត្រូវប្រគល់រូបសំណាកខាងលើ អោយទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវ ដើម្បីទប់ស្កាត់ជនទុច្ចរឹតអគតិ គ្មានតម្លៃជាមនុស្ស ធ្វើនូវអំពើមិនគប្បីបែបនេះតទៅទៀត ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!