ពី ២៦ដុល្លារ បង្កើតក្រុមហ៊ុន តម្លៃ ៥០០ លានដុល្លារ

 
 

បច្ចុប្បន្ន មាន​មនុស្ស​ខ្លះ កំពុង​តែ​អស់​សង្ឃឹម ដោយ​សារ​តែ​មិន​មាន​ការ​ងារ​ល្អ ប្រាក់​ចំណូល​
មិនគ្រប់​ចាយ ប៉ុន្ដែ បែរ​ជា​ចង់​បង្កើត​ក្រុម​ហ៊ុន​ ឬ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​មួយ ដូច្នេះ ប្រការ​សំខាន់ គឺ
​ត្រូវ​មាន​ការ​យល់​ដឹង ក្នុង​វិស័យ​ដែល​ខ្លួន​ចង់​បង្កើត​ជំនួញ ហើយ​ត្រូវ​សន្សំ​សំចៃ ព្យាយាម និង
អត់​ធ្មត់ ឱ្យ​ជា​អតិបរមា​។

ឆ្នាំ ១៩៨៩ Christian Gheorghe បានភៀសខ្លួនពីប្រទេស រ៉ូម៉ានី ទៅកាន់អេមេរិក ដោយមាន
ប្រាក់ត្រឹមតែ ២៦ដុល្លារ ក្នុងខ្លួន ហើយដោយសារមិនស្ទាត់ភាសាអង់គ្លេស គាត់ក៏ស្នាក់នៅក្នុង
ផ្ទះជួល និងបើកបររថយន្ដ ដើម្បីរកប្រាក់។ មិនយូរប៉ុន្មាន Christian Gheorghe បានក្លាយជា
ម្ចាស់ក្រុមហ៊ុនធំចំនួន ៤ ដែលទទួលបានជោគជ័យគួរជាទីពេញចិត្ត។ បណ្ដាក្រុមហ៊ុននេះ សុទ្ធ
តែត្រូវបានលក់ ក្នុងតម្លៃខ្ពស់ ក្នុងនោះ OutlookSoft ត្រូវបានមហាសេដ្ឋីផ្នែកសបវ៉ែរ SAP ទទួល
ទិញ កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃ ៥០០ដុល្លារអាមេរិក។

កាលពីរស់នៅក្នុងប្រទេស រ៉ូម៉ានី Gheorghe មានមុខរបរជាអ្នកលក់ថាសចម្រៀង ហើយរៀន
ភាសាអង់គ្លេស បានតិចតួច តាមរយៈបទចម្រៀង។ សន្សំបានប្រាក់ Gheorghe ក៏ទិញកុំព្យូទ័រ
Commodore 64 មួយគ្រឿង ដែលមានតម្លៃស្មើនឹងប្រាក់ចំណូល ១ឆ្នាំរបស់គាត់។

 
Christian Gheorghe

ក្រោយមក គាត់រៀនបង្កើតកម្មវិធីកុំព្យូទ័រ ដោយខ្លួនឯង តាមរយៈកម្មវិធីហ្គេម ក្នុងកុំព្យូទ័រ។
តមកទៀត Gheorghe ក៏បានចូលសិក្សាផ្នែកព័ត៌មានវិទ្យា ហើយ​ក៏​ទទួលបានបរិញ្ញាបត្រ នៅ
រ៉ូម៉ានី។ ប៉ុន្ដែ សញ្ញាបត្រនេះ បែរជាមិនត្រូវបានគេទទួលស្គាល់ នៅពេលគាត់មករស់សហ​រដ្ឋ
នៅអាមេរិក។

ដើម្បីជីវភាព Gheorghe ត្រូវធ្វើជាអ្នកបើកបររថយន្ដ។ នៅទីនោះ ក៏ជាពេលដែលគាត់បានជួប
Andrew Saxe ជាអ្នកបានជួយគាត់ឱ្យអភិវឌ្ឍខ្លួនឯង។ ធ្វើដំណើរក្នុងរថយន្ដជាមួយគ្នា Saxe
បានសួរនាំ និងដឹងថា Gheorghe ចូលចិត្តកុំព្យូទ័រ ពេលនោះ Andrew Saxe ក៏បានអញ្ជើញ ឱ្យ
ទៅធ្វើការនៅការិយាល័យរបស់ខ្លួន។

Saxe មានក្រុមហ៊ុនប្រឹក្សាផ្នែកសបវ៉ែរ។ គាត់ បានរួមដៃជាមួយ Gheorghe ដើម្បីបង្កើតក្រុមហ៊ុន
មួយ ស្ដីអំពីទិន្នន័យ ក្រោយមក លក់វាទៅឱ្យសេដ្ឋីផ្នែកសេវាកម្មព័ត៌មាន Experian ។ Gheorghe ក៏មានឱកាសមកធ្វើការជាអគ្គនាយកបច្ចេកវិទ្យា ឱ្យក្រុមហ៊ុននេះ បានប៉ុន្មានឆ្នាំ។

បន្ទាប់មក Gheorghe ក៏បានបង្កើតក្រុមហ៊ុនទី ២ ដែលមានឈ្មោះថា TIAN ហើយក្រោយមក
គាត់ក៏បញ្ចូលវាជាមួយក្រុមហ៊ុន OutlookSoft ។ ក្រុមហ៊ុននេះ មានជំនាញខាងវិភាគទិន្នន័យ
អាជីវកម្ម និងនិន្នាការក្នុងវិស័យ តាមរយៈចរាចរផ្នែកហិរញ្ញវត្ថុ។

នៅជំនាន់នោះ បណ្ដាក្រុមហ៊ុនដែលប្រតិបត្តិក្នុងវិស័យខាងលើ ត្រូវបានក្រុមហ៊ុនធំៗ ចូលចិត្ត
ជាខ្លាំង។ ក្រុមហ៊ុនសបវ៉ែរ Oracle ទិញយកក្រុមហ៊ុន Hyperion, IBM ទិញយក Cognos, រីឯ
SAP ទិញយក OutlookSoft ។ បន្ទាប់ពីនោះ Gheorghe ក៏បានធ្វើការឱ្យ SAP ។

កាលពី ៤ឆ្នាំមុន បំណងនៃការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ក៏បានកើតឡើង ចំពោះ Gheorghe
ហើយពេលនោះ  Tidemark ក៏ចាប់មានរូបរាង។ Gheorghe ក៏នៅតែបន្ដផ្ដោតទៅលើសបវ៉ែរ
វិភាគជំនួញ ប៉ុន្ដែ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីដំណើរការបាននៅលើថេប្លេត និងប្រើប្រាស់
បច្ចេកវិទ្យា iCloud ។

អ្នកអាចសួរ Tidemark នូវសំណួរណាមួយក៏បាន អំពីមុខជំនួញ ដូចជាថា “ហេតុអ្វីទំនិញនេះ
លក់មិនដាច់?” , “ប្រសិនខ្ញុំបន្ថែមមនុស្ស ៣នាក់ទៀត ទៅក្នុងគម្រោង វានឹងយ៉ាងណា?” , “តើ
ប្រាក់ចំណូលរបស់ក្រុមហ៊ុន ក្នុងត្រីមាស់បន្ទាប់ នឹងយ៉ាងណា?”។ បន្ទាប់មក Tidemark នឹង
ឆ្លើយតបវិញ ដោយបញ្ចេញតារាងមួយ ហើយវាថែមទាំងអាចលើកឡើងថា បុគ្គលិកណាមួយ
ក្នុងក្រុមហ៊ុន នឹងអាចធ្វើការបានល្អ។

កម្មវិធីខាងលើនេះ ពិតជាបានទាក់ទាញអ្នកប្រើប្រាស់ជាខ្លាំង ហើយរយៈពេលត្រឹមតែ ១៨ខែ
បន្ទាប់ពីបានបង្ហាញខ្លួន ក្រុមហ៊ុនរបស់ Gheorghe រកប្រាក់ចំណូលបានដល់ទៅ ៤៥លានដុល្លារ
អាមេរិក កើនឡើង ៣០០% រៀងរាល់ឆ្នាំ។ ថ្មីៗនេះ Tidemark ក៏ប្រមូលទុន បាន ៨០លានដុល្លារ
ពីបណ្ដាមូលនិធិវិនិយោគ ដូចជា Greylock Partners, Redpoint Ventures ឬ Silicon Valley Bank ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម