២ ​ចំណុច​ជា​បញ្ហា​​ធ្វើ​ឲ្យ ពែកមី ព្រួយ​បារម្ភ​មុន​ចេញ​ទៅ​អាមេរិក!

 
 

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​កំប្លែង ​នាយ ពែកមី និង ​អ្នក​នាង ខ្ញុង ត្រូវ​ឡើង​យន្ត​ហោះ​បោះ​ពួយ​ទៅ​កាន់​ទឹក​ដី​អាមេរិក​ហើយ ដោយ​នាំ​យក​ទៅ​នូវ​បទ​ចម្រៀង​ជា​ច្រើន​បទ អម​ដោយ​ទេពកោសល្យ​កំប្លែង​ របស់​ពូក​គេ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ បាន​ទស្សនា​ដោយ​ផ្ទាល់។


តាម​រយៈ​ទេពកោសល្យ​អ្នក​ទាំង​ពីរ នាយ ​ពែកមី ធ្លាប់​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ដំណើរ​របស់​ពូក​គេ ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​មិន​ខាន​ឡើយ ស្រប​ពេល​ដែល​ការ​សម្ដែង​លើក​នេះ ក៏​ជា​ការ​ស្នើ​ឡើង​ពី​បង​ប្អូន​ខ្មែរ​យើង​រស់​នៅ​ទី​នោះ ធ្លាប់​មាន​ភក្ដី​ភាព​គាំទ្រ​រូប​គេ​ស្រាប់។

“ការ​ត្រៀម​លក្ខណៈ​ជា​ស្រេច​បាច់​ហ្នឹង​ហើយ ជា​ការ​ជោគជ័យ​លើ​ការ​សម្ដែង​រាល់​លើក​របស់​ខ្ញុំ”។ ការ​សម្ដែង​លើ​ទឹក​ដី​មហា​អំណាច​សេដ្ឋកិច្ច និង ​យោធា​ខាង​លើ អ្នក​ទាំង​ពីរ​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ ដោយ​ហាត់​សម​ឲ្យ​ស៊ី​ចង្វាក់​គ្នា តាំង​ពី​នៅ​ប្រទេស​កម្ពុជា​ម្ល៉េះ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មាន​ហេតុផល​ចំនួន​ ២ ​សំខាន់ ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ។ រូប​នាយ​ហាក់​មាន​អារម្មណ៍​ក្រែង​ចិត្ត​ចំពោះ​មេកោយ​នៅ ​CTN ផង និង ​ក្រែង​ចិត្ត​ចំពោះ​អ្នក​ធានា​អះអាង​ពី​អាមេរិក​ផង ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​រឿង​ផល​ប្រយោជន៍​ទាំង​អស់។

“អឺ!…ការ​ពិត​ទៅ ក្នុង​នាម​ជា​ប្រធាន​ក្រុម​អញ្ចឹង យើង​មិន​អាច​ទៅ​ចោល​ក្រុម​យូរ​ពេក​បាន​ទេ អាច​ប៉ះពាល់​ដល់​អង្គភាព​ទៀត​ផង”។ ទោះ​បី​ជា​មាន​ការ​អនុញ្ញាត​យ៉ាង​ណា​ក្ដី ក្នុង​នាម​ជា​បុគ្គលិក​ម្នាក់ ក៏​មាន​ការ​ក្រែង​ចិត្ត​ខ្លះ​ដែរ ​ចំពោះ​មេកោយ​របស់​ខ្លួន ព្រោះ​មិន​មែន​គ្រាន់​តែ​ជា​អ្នក​កំប្លែង ដែល​គ្រាន់​តែ​កំប្លែង​ចប់​ហើយ​ទៅ​វិញ​នោះ​ទេ។ ដំណើរ​របស់​គេ​ច្បាស់​ណាស់ នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​អង្គភាព។


ក្រៅ​ពី​នេះ សូម្បី​ភាគី​អាមេរិក​ដែល​ធានា​អះអាង​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ទៅ​សម្ដែង​នោះ ក៏​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ ដោយ​ពូក​គេ​មិន​អាច​ស្វែង​រក​ឃើញ​នូវ​ប្រាក់​ចំណេញ​នោះ​ឡើយ ដោយ​យោង​ទៅ លើ​រយៈ​ពេល​នៃ​ការ​សម្ដែង​នោះ។

“ពូក​ខ្ញុំ​ទៅ​ម៉ា​ខែ​ប៉ុណ្ណឹង ដាច់​ខាត​មិន​ចំណេញ​ទេ ព្រោះ​ស៊ី​ថ្លៃ​ដែរ​”។ ពែកមី បាន​បន្ថែម​ដោយ​យោង​សំដី​អ្នក​រៀប​ចំ​កម្មវិធី​ថា តារា​ខ្មែរ​ទៅ​សម្ដែង​នៅ​ទី​នោះ​ចាប់​ពី​៣​ខែ​ឡើង​ទៅ ទើប​អ្នក​រៀប​ចំ​កម្មវិធី​អាច​ចំណេញ​បាន។ ប៉ុន្តែ​បើ​ទៅ​រយៈ​កាល​ខ្លី​នោះ បាន​ត្រឹម​រួច​ខ្លួន ឬ​ចំណេញ​តិចតួច​ប៉ុណ្ណោះ។ ជាក់​ស្ដែង​ដំណើរ​របស់​លោក​ជា​ដើម មិន​ទាន់​ប្រាកដ​ថា អ្នក​រៀប​ចំ​កម្មវិធី​អាច​ទទួល​បាន​ប្រាក់​ចំណេញ ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​ចំណាយ​លើ​ប្រាក់​ខែ​របស់​ពូក​គេ ក្នុង​ម្នាក់​ ១ ​ម៉ឺន ​ដុល្លារ​ ទៅ​ហើយ​នោះ។ នេះ​មិន​គិត​ពី​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ផង។

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ ក៏​ដោយ ប៉ុន្តែ​បើ​យោង​តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ដែល​បាន​ធ្លាយ​ចេញ​កាល​ពី​ពេល​ថ្មី​នេះ​ថា តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ការ​សម្ដែង​របស់​ នាយ ពែកមី និង ​អ្នក​នាង ខ្ញុង មាន​តម្លៃ​ចន្លោះ​ពី​ ៤៥ ដុល្លារ ទៅ ​៥០ ​ដុល្លារ​ ឯ​ណោះ។ តម្លៃ​នេះ​ ស្មើ​នឹង​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ការ​សម្ដែង​របស់​តារា​ចម្រៀង​ល្បី​ លោក ព្រាប សុវត្ថិ និង ​លោក ខេមរៈ សិរីមន្ត ដែរ៕

ប្រភព: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម