ជិះ​ម៉ូតូ ​ទៅ​លេង​ផ្សារណាត់ ទឹកដីថៃ ​ត្រូវ​សមត្ថកិច្ច​ថៃ​ ចាប់​យក​ម៉ូតូ

 
 

ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់ ​បាន​រៀបរាប់​ប្រាប់​ អ្នក​យក​ព័ត៌មាន​ នៅ​មាត់ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឲ្យដឹង​ថា កូន​របស់​ពួក​គាត់ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ ចាប់​យក​ម៉ូតូ​ ខណៈ​នាំ​គ្នា​ជិះ ​ឆ្លង​ព្រំដែន​ចូល​ទៅ​លេង​ផ្សារណាត់​ ស្ថិត​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ទឹកដី​ថៃ កាលពី​រសៀល ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៦ ។

បុរស​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ទិ​ត្យ ហ៊ាន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀតឈ្មោះ ជ ស៊ី​ផូ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និមិត្ត​០១ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ឈ្មោះ ទិ​ត្យ ហ៊ាន ប្រាប់​ថា កូន​របស់​គាត់​ឈ្មោះ មី ដា​លុ​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ក្នុងស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​លា​យស ស៊េរី​ឆ្នាំ​២០១៥ ចូល​ទៅ​រក​ទិញ​ទំនិញ​នៅ​ចំណុច​គេ​បើក​ផ្សារណាត់ ។ បុរស​ខាងលើ​បន្ត​ថា ម៉ូតូ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នោះ​គាត់​ទិញ​ពី​ស្តង់​លក់​ម៉ូតូ​មួយ​ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​តម្លៃ​២៤៥០​ដុល្លារ ដែល​ស្តង់​លក់​ម៉ូតូ​នោះ​មាន​ម្ចាស់​ឈ្មោះ សៀត ចាប ភេទ​ប្រុស ។

ដោយឡែក​ឈ្មោះ ជ ស៊ី​ផូ ប្រាប់​ថា កូន​របស់​គាត់​ឈ្មោះ កែម ស​ម្ភ​ត៌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​យក​ម៉ូតូ​ម៉ាក MSX ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ខណៈ​កូន​គាត់​ជិះ​ទៅ​រក​ទិញ​ទំនិញ​ចំណុច​គេ​បើក​ផ្សារណាត់ ក្នុងស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ដូច​ជន​រង​គ្រោះ​ខាងលើ​ដែរ ។ ឈ្មោះ ជ ស៊ី​ផូ ប្រាប់​ថា ម៉ូតូ​របស់​គាត់​ទិញ​ពី​ឈ្មោះ ធា ភេទ​ប្រុស ជា​អ្នកទិញ​លក់​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ក្នុង​តម្លៃ​៤៨.០០០​បាតប្រាក់​ថៃ ហើយ​គាត់​បាន​ទៅ​បង់ពន្ធ​អស់ប្រាក់​ជា​ច្រើន​ថែម​ទៀត ។

បុរស​ទាំង​២​នាក់​ខាងលើ​បាន​ប្រាប់​ថា ម៉ូតូ​ពួក​គាត់​សុទ្ធតែ​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ អស់ហើយ ហើយ​ឈ្មោះ ទិ​ត្យ ហ៊ាន ប្រាប់​ថា ម៉ូតូ​របស់​គាត់​មាន​ទាំង​ស្លាក​លេខ​ទៀត​ផង ។ ក្រោយ​សមត្ថកិច្ច​ថៃ​ចាប់​កូន​គាត់​កាច់​យក​ស្លាក​លេខ​បាន​មក​វិញ មិនតែប៉ុណ្ណោះ​ពួក​គាត់​ថា ក្រោយ​សមត្ថកិច្ច​ថៃ​ចាប់​កូន​ពួក​គាត់ គេ​តម្រូវ​ឲ្យ​យក​ប្រាក់​ទៅ​លស់​ម្នាក់​៣៥.០០០​បាត​ទើប​គេ​ព្រម​ដោះ​លែង ចំណែក​ម៉ូតូ​សមត្ថកិច្ច​ថៃ​មិន​ឲ្យ​វិញ​ទេ ដោយ​គេ​ថា ជា​ម៉ូតូ​ដែល​បាត់​ហើយ​កំពុង​តាម​រក ។

លោកស្រី ស៊ិ​ន ណាំ​យ៉ុ​ង អ្នកគ្រប់គ្រង​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦​មីនា​ថា យុវជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ (​មី ដា​លុ​ច និង កែម ស​ម្ភ​ត៌​) ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​ទ្រុង​មក​ដល់​កម្ពុជា​វិញ​ហើយ ហើយ​ឪពុក​ម្តាយ​យុវជន​ទាំង​២នាក់​ប្រាប់​ថា ពួក​គាត់​បាន​បង់ប្រាក់​លោះ​កូន​ពួក​គាត់​អស់ប្រាក់​ម្នាក់​៣៥.០០០​ បាតប្រាក់​ថៃ​(​ម្នាក់​ជិត​១០០០​ដុល្លារ​)​ទើប​សមត្ថកិច្ច​ថៃ​ព្រម​ដោះ​លែង​ វិញ ។

ករណី​ខាងលើ ឈ្មោះ សៀត ចាប ជា​អ្នកលក់​ម៉ូតូ​ឲ្យ​ឈ្មោះ ទិ​ត្យ ហ៊ាន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ម៉ូតូ​នោះ​គាត់​ទិញ​ពី​គេ​ដែរ ។ ឈ្មួញ​ម៉ូតូ​រូប​នេះ​បន្ត​ថា ម៉ូតូ​បច្ចុប្បន្ន​មាន​២​ប្រភេទ ខ្លះ​ទិញ​ហើយ​ជិះ​ចូល​ដី​ថៃបាន​ តែ​ខ្លះ​មិន​អាច​ជិះ​ចូល​ទៅ​ដី​ថៃ​បាន​ទេ ដែល​ការ​លើក​ឡើង​បែប​នេះ​មិនដឹង​ថា​មាន​ន័យ​យ៉ាងដូចម្តេចទេ ។ ចំណែក​ឈ្មោះ ធា ដែល​លក់​ម៉ូតូ​ឲ្យ​ឈ្មោះ ជ ស៊ី​ផូ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ។

ពលរដ្ឋ​គ្រប់​រូប​មុន​ទិញ​ម៉ូតូ​ពី​តាម​ហាង ឬ​ស្តង់​គួរ​គា​ប្បី​សាកសួរ​អ្នកលក់​ឲ្យ​បាន​ច្បាស់លាស់ ប្រយ័ត្ន​ក្លាយជា​ជន​រង​គ្រោះ​ដូច​គ្រួសារ​ទាំង​២​ខាងលើ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម