រឿងសំខាន់បំផុតពីរយ៉ាងធ្វើឱ្យ ឆាយ វីរៈយុទ្ធ ភ្លេចមិនបានក្នុងជីវិត
ប្រិយមិត្ត និងមិត្តៗយុវវ័យទូទៅប្រហែលជាជ្រាបច្បាស់ពីកេរ្តិ៍ឈ្មោះល្បីល្បាញរបស់តារាចម្រៀងដាក់មនោសញ្ចេតនាលោក ឆាយ វីរៈយុទ្ធក៏ប៉ុន្តែទស្សនិកជនប្រហែលជាមិនទាន់ដឹងច្បាស់នៅឡើយទេជុំវិញផលលំបាកក្នុងជីវិតរបស់លោកមុននឹងមកឈរជាតារាកំពូលដល់សព្វថ្ងៃ។ អ្វីដែលពិសេសនោះមានរឿងពីរយ៉ាងសំខាន់បំផុតក្នុងជីវិតធ្វើឱ្យតារាចម្រៀងល្បីឈ្មោះរូបនេះមិនអាចបំភ្លេចបាន។
អានអត្ថបទ៖ បទ “សង្សារតារា” របស់ ឆាយ វីរៈយុទ្ធ បង្ហាញពីជីវិតពិតតារាស្រីខ្មែរ?
តារាចម្រៀងមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ ធ្លាប់ជួបប្រទះជីវិតផ្អែមល្ហែម ល្វីងជូរចត់គ្រាប់បែបយ៉ាងមុននឹងអាចសាងឈ្មោះល្បីបានមកទល់នឹងពេលបច្ចុប្បន្ន។ ខាងក្រោមគឺជាប្រវត្តិពិតដែល Sabay លម្អិតជូនទស្សនិកជនជ្រាបពីជីវិតរបស់លោក ឆាយ វីរៈយុទ្ធ តាំងពីតូចរហូតមកទល់នឹងការឈរជើងក្នុងផលិតកម្មសាន់ដេសព្វថ្ងៃ។
ឈ្មោះ | ថ្ងៃខែឆ្នាំកំណើត | ទីកន្លែង កំណើត | កម្ពស់ | ទម្ងន់ | ឈ្មោះ Facebook |
ឈ្មោះដើម ឆាយ ចាន់ឆោម ឈ្មោះក្នុងសិល្បៈ ឆាយ វីរៈយុទ្ធ Chhay Vireakyuth | ១២ កញ្ញា ១៩៨៧ | កំពង់ចាម | ១៦៥ សង់ ទីម៉ែត្រ | ៦០ គីឡូ ក្រាម | https://www.facebook.com/C.Virakyuth |
ប្រវត្តិរូបសង្ខេប
លោក ឆាយ វីរៈយុទ្ធ ជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានស្រី២នាក់ និងប្រុស៥នាក់។ បងប្អូនទាំង៧នាក់របស់លោកមានឈ្មោះដូចជា ទី១ ឆាយ ស្រីពេជ្រ ទី២ ឆាយ សំណាង ទី៣ ឆាយ ពៅ ទី៤ ឆាយ ចាន់ម៉ៅ ទី៥ ឆាយ ចាន់ឆាន ទី៦ រូបលោកផ្ទាល់ ឆាយ វីរៈយុទ្ធ និងទី៧ ឆាយ សុវណ្ណារី។
តារាចម្រៀងរូបនេះកើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៨៧ ក្នុងភូមិ ពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុក កងមាស ខេត្តកំពង់ចាម។ លោកមានឪពុកឈ្មោះ ឆយ គឹមឆាយ ជាអតីតមន្ត្រីយោធា និងម្ដាយមានឈ្មោះ គង់ ឡៃស៊ឹង ជាអតីតគ្រូបង្រៀន។
អានអត្ថបទ៖ អ្នកជំនាញមួយរូបបង្ហើបថា សំឡេង ឆាយ វីរៈយុទ្ធ អាចឈរលើកំពូលនាពេលអនាគត!
ប្រវត្តិការសិក្សា
លោក ឆាយ វីរៈយុទ្ធ ចាប់ផ្ដើមចូលរៀនក្នុងសាលា បឋមសិក្សា ពាមក្នុង ពីថ្នាក់ទី១ ដល់ទី២ក្នុងឆ្នាំ១៩៩៣ នាខេត្តកំពង់ចាម។ សិក្សាបានរយៈពេលតែពីរឆ្នាំតារាចម្រៀងរូបនេះបានប្ដូរមកក្នុងសាលាបឋមសិក្សា នគរបាជ័យវិញ ពីថ្នាក់ទី៣ ដល់ទី៦។ ក្រោយបញ្ចប់ថ្នាក់បឋមសិក្សាលោកបានបន្តការសិក្សានៅវិទ្យាល័យ ព្រះសីហនុ ក្នុងខេត្តដដែល។
ក៏ប៉ុន្តែរៀនក្នុងវិទ្យាល័យខាងលើបានតែមួយឆ្នាំប៉ុណ្ណោះ តារាចម្រៀងផ្ដើមអាជីពច្រៀងតាមបៀរហ្គាឌិនរូបនេះប្ដូរទៅរៀននៅវិទ្យាល័យ កំពង់ធំ ក្នុងខេត្តកំពង់ធំវិញ ព្រោះមានបងបង្កើតរបស់ខ្លួនមានទីលំនៅនៅទីនោះ។
យ៉ាងណាក៏ដោយការសិក្សាក្នុងវិទ្យាល័យនេះបានតែមួយឆ្នាំដូចគ្នាលោក ក៏ប្ដូរទៅរៀននៅវិទ្យាល័យ ឥន្ទ្រទេវី នារាជធានីភ្នំពេញវិញក្នុងឆ្នាំ២០០២។ តារាចម្រៀងល្បីឈ្មោះរូបនេះបានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០០៥។
នៅពេលបញ្ចប់បាក់ឌុបភ្លាមលោក ឆាយ វីរៈយុទ្ធ ក៏ប្រញាប់ប្រញាល់ដើម្បីបន្តថ្នាក់មហាវិទ្យាល័យបន្តទៀត ដោយលោកបានទៅចូលរៀននៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ផ្នែក សេដ្ឋកិច្ចពាណិជ្ជកម្ម។
ការសិក្សាបានតែពីរឆ្នាំប៉ុណ្ណោះ ពោលគឺក្នុងឆ្នាំ២០០៧លោក ឆាយ វីរៈយុទ្ធ បានព្យួរការសិក្សារហូតមកទល់នឹងពេលបច្ចុប្បន្នមិនទាន់ចូលរៀនវិញនៅឡើយទេ។ លោកបានលើកឡើងថានឹងមានគម្រោងចូលរៀនវិញដើម្បីបញ្ចប់ជំនាញដែលខ្លួនពេញចិត្តខាងលើ។ ក្រៅតែពីគម្រោងបញ្ចប់ជំនាញផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្មលោកក៏មានគម្រោងបន្តការសិក្សាផ្នែកដឹកនាំផងដែរនាពេលខាងមុខ។ លោក ឆាយ វីរៈយុទ្ធ និយាយថា សិង្ហបុរី ជាប្រទេសដែលលោកចង់បន្តការសិក្សាបំផុតសម្រាប់ជំនាញខ្លួនចង់រៀននាពេលអនាគត។
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធថា នឹងធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលក្នុងពេលឆាប់ៗ!
បញ្ហាប្រឈមក្នុងការសិក្សា
និយាយពីរឿងការសិក្សាតាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ តែតែងជួបឧបសគ្គជាញឹកញាប់ ពោលគឺមិនបានរៀនជាប់លាប់ ឬពូកែដូចជាសិស្សដទៃទេ។ ការមិនរៀនជាប់លាប់ ឬខ្លាំងដូចជាសិស្សដទៃដោយសារតែតារាចម្រៀងរូបនេះត្រូវជួយរកប្រាក់ជួយទំនុកបម្រុងគ្រួសារដែលជួបបញ្ហាខ្វះខាត។
ម្ចាស់បទ “សង្សារលួចលាក់” និយាយថា៖”ខ្ញុំចង់រៀនឱ្យពូកែដូចជាសិស្សដទៃទៀតចឹងដែរ ប៉ុន្តែខ្ញុំមិនអាចធ្វើបានព្រោះអីគ្រួសាររបស់ខ្ញុំជួបការខ្វះខាតច្រើនពេកដូច្នេះហើយខ្ញុំតែងតែលួចម៉ោងការសិក្សាខ្លះទៅរកប្រាក់ជួយឪពុកម្ដាយ”។
លោក ឆាយ វីរៈយុទ្ធ បានរំលឹកភាពជូរចត់របស់ខ្លួនអំឡុងពេលរៀនថ្នាក់ទី៩ ដែលជាឆ្នាំប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ថា៖”ថ្នាក់ទី៩ហ្នឹងជាឆ្នាំប្រឡង ពេលព្រឹក និងពេលរសៀលខ្ញុំទៅរៀន តែពេលចេញពីរៀនម៉ោង៥ល្ងាច ខ្ញុំឆ្លៀតទៅច្រៀងតាមភោជនីយដ្ឋាននានាដើម្បីរកប្រាក់ដោះស្រាយជីវភាពផ្ទាល់ខ្លួនក៏ដូចជាគ្រួសារទាំងមូល”។
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធ នៅតែរន្ធត់ពីសោកនាដកម្មជាន់គ្នានៅស្ពានពេជ្រ
តារាចម្រៀងរូបនេះបន្តថាការទៅច្រៀងឆ្ងាយពីផ្ទះ ហើយត្រឡប់មកវិញយប់ជ្រៅដល់ថ្នាក់ម៉ោងមួយ ឬពីរយប់ធ្វើឱ្យលោកអស់កម្លាំង មិនអាចមានពេលមើលសៀវភៅដើម្បីត្រៀមប្រឡងបាន។ ម្យ៉ាងទៀតលោកថាពេលរៀនក្នុងថ្នាក់ម្ដងៗងក់ ឬមួយក៏ដេកលក់ក្នុងថ្នាក់ក៏មានដែរ។ ប្រការបែបនេះហើយធ្វើឱ្យពិន្ទុក្នុងថ្នាក់រៀនរបស់លោកមិនសូវជាប្រសើរដូចជាសិស្សមួយចំនួនទេ។
តារាចម្រៀងដែលទស្សនិកជនដាក់រហស្សនាមថាជាតារាចម្រៀងពូកែដាក់មនោសញ្ចេតនាបានរំលឹកពីភាពអស់សំណើចរបស់ខ្លួនពេលរៀនថ្នាក់ទី៩ថា៖”ខ្ញុំឆ្ងល់ថាហេតុអីខ្ញុំប្រឡងឌីប្លូមជាប់ដែរ ព្រោះកាលឆ្នាំនោះឱ្យតែដល់ពេលប្រឡងឆមាស ឬប្រចាំខែខ្ញុំតែងតែគ្រុនក្ដៅឈឺរហូត ថាភ័យទៅមិនភ័យទេ តែមិនដឹងយ៉ាងម៉េច”។
ការច្រៀងដោយទទួលបានចំណូល ២៥ដុល្លារក្នុងមួយខែបានធ្វើឱ្យតារាចម្រៀងមានឈ្មោះដើមថា ឆាយ ចាន់ឆោម សប្បាយរីករាយជាខ្លាំងសម្រាប់ការងារលើកដំបូង។ ទោះជាប្រាក់ខែ២៥ដុល្លារច្រើនយ៉ាងណាក្ដីលោក និងគ្រួសារនៅតែជួបការខ្វះខាតដដែលគឺមានធ្វើឱ្យជីវភាពប្រសើរឡើងនោះទេ។
ដោយមើលឃើញពីជីវភាពគ្រួសារចេះតែចុះដុនដាបៗ នៅក្នុងឆ្នាំ២០០៧លោក ឆាយ វីរៈយុទ្ធ សម្រេចចិត្តព្យួរការសិក្សារហូតមកទល់នឹងពេលបច្ចុប្បន្នដើម្បីជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារកំពុងជួបប្រទះ។ មកទល់នឹងពេលនេះក្រុមគ្រួសាររបស់លោក រួមទាំងខ្លួនផ្ទាល់លែងមានការលំបាកដូចមុនទៀតហើយ ដោយបងប្អូនម្នាក់ៗមានគ្រួសារ និងការងាររៀងៗខ្លួន។
ការបោះជំហានលើវិថីសិល្បៈ
លោក ឆាយ វីរៈយុទ្ធ បានឈានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០២ មកម្ល៉េះ ពោលគឺក្នុងពេលដែលលោករៀននៅថ្នាក់ទី៩នៃវិទ្យាល័យ ឥន្ទ្រទេវី តែម្ដង។ លោកនិយាយថាការបោះជំហានចូលសិល្បៈរបស់ខ្លួនកើតឡើងពីការស្រលាញ់ផ្ទាល់ខ្លួន ក៏ដូចជាមានការជួយជំរុញលើកទឹកចិត្តខ្លះៗបងប្អូន និងឪពុកម្ដាយ។
តារាចម្រៀងរូបនេះនិយាយថា៖”អាជីពជាអ្នកចម្រៀងហ្នឹងខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ។ កាលនៅក្មេងឱ្យតែដល់ម៉ោងសិល្បៈគ្រូតែងតែឱ្យអ្នកណាស្ម័គ្រចិត្តច្រៀងគាត់នឹងផ្ទល់ពិន្ទុឱ្យ។ ខ្ញុំតែងលើកដៃមុនគេជានិច្ច ព្រោះជាអ្វីដែលខ្ញុំស្រលាញ់ចូលចិត្ត”។
អានអត្ថបទ៖ កេរ្តិ៍ឈ្មោះប្រហាក់ប្រហែលគ្នា ដើមកំណើតខេត្តតែមួយ ជ្រកក្រោមផលិតកម្មតែមួយ ចូលចិត្តមួយណា?
បាក់ទឹកចិត្តពេលមិនទទួលការគាំទ្រពីទស្សនិកជន
ក្រោយពីនៅក្រៅរង្វង់សិល្បៈជាងបីឆ្នាំ ដោយដើរតែច្រៀងតាមភោជនីយដ្ឋាន និងតាមបៀរហ្គាឌិននានាលោក ឆាយ វីរៈយុទ្ធ បានចេញជា CD លើកដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែនក្នុងឆ្នាំ២០០៥។ បទចម្រៀងដំបូងរបស់លោកក្នុងផលិតកម្មនេះគឺបទ”ត្រឹមមួយនាទី”។ ទោះជាយ៉ាងណាក៏ដោយការចេញជា CD ផ្ទាល់ខ្លួនលើកដំបូងនេះមិនបានធ្វើឱ្យតារាចម្រៀងវ័យក្មេងខាងលើសប្បាយរីករាយឡើយ ព្រោះមិនទទួលការចាប់អារម្មណ៍ច្រើនពីមហាជន។
តារាចម្រៀងទទួលការចាប់អារម្មណ៍ច្រើនពីមិត្តៗយុវវ័យនិយាយថា៖”ខ្ញុំបាក់ទឹកចិត្ត និងគ្មានកម្លាំងចិត្តបន្តការច្រៀងទៀតទេនៅពេលបទចម្រៀងចេញហើយមិនមានអ្នកគាំទ្រ។ ខ្ញុំចង់ឈប់ពីអាជីពជាអ្នកចម្រៀងនេះ តែដោយសារឪពុកម្ដាយចេះតែជំរុញលើកទឹកចិត្តធ្វើឱ្យ ព្យាយាមថែមទៀតរហូតធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍”។
លោក ឆាយ វីរៈយុទ្ធ បន្តទៀតថាការចេញបទចម្រៀងមានចំណងជើងថា”កិច្ចសន្យាស្នេហ៍” ក្នុងផលិតកម្ម Blue Diamond ទាក់ទាញការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។ ប្រការនេះធ្វើឱ្យមានកម្លាំងចិត្តលោកពុះពារខ្លាំងជាងមុនថែមទៀតក្នុងការបោះជំហានកាន់តែជ្រៅក្នុងវិស័យសិល្បៈ។
អានអត្ថបទ៖ នេះ…បទចម្រៀងមួយបទរបស់ ឆាយ វីរៈយុទ្ធ ដែលមានអ្នកស្គាល់តិច!
ការផ្លាស់ប្ដូរផលិតកម្មច្រៀង
លោក ឆាយ វីរៈយុទ្ធ បានចេញជា CD ផ្ទាល់ខ្លួនដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែន នាឆ្នាំ២០០៥ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីបុរសម្នាក់អំឡុងពេលខ្លួនច្រៀងតាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។
ក្នុងឆ្នាំ២០០៧ តារាចម្រៀងល្បីឈ្មោះរូបនេះបានប្ដូរពីផលិតកម្ម រស្មីស្ទឹងសែន មកច្រៀងក្នុងផលិតកម្ម Blue Diamond។ ការចាកចេញពី រស្មីស្ទឹងសែន ដោយសារតែការជាប់គាំទ្រ CD មិនអាចចរាចរនៅលើទីផ្សារបាន។ ក្នុងផលិតកម្ម Blue Diamond នេះហើយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក ឆាយ វីរៈយុទ្ធ ចាប់ផ្ដើមល្បីទទួលស្គាល់ពីទស្សនិកជនក្នុងបទចម្រៀង”កិច្ចសន្យាស្នេហ៍”។
ក្នុងឆ្នាំ២០០៨ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះប្ដូរមកច្រៀងក្នុងផលិតកម្ម M វិញម្ដង។ ការចាកចេញពី Blue Diamond មិនខុសពីកាលលោកចេញពី រស្មីស្ទឹងសែននោះទេ គឺដោយសារតែការជាប់គាំងមិនអាចចេញ CD លក់លើទីផ្សារបាន។
ក្នុងឆ្នាំ២០១០លោក ឆាយ វីរៈយុទ្ធ ចាកចេញពីផលិតកម្ម M មកច្រៀងឱ្យផលិតកម្ម Bigman វិញ។ ការចាកចេញពីផលិតកម្ម M មិនមែនជាប់គាំង CDS ដូចផលិតកម្មមុនៗទេ។ ការចាកចេញម្ដងនេះគឺដោយសារតែផុតកុងត្រា។
បានរយៈពេលតែពីរឆ្នាំតារាចម្រៀងល្បីឈ្មោះខាងលើបានបោះជំហានទៅកាន់ផលិតកម្មថ្មីមួយទៀតគឺផលិតកម្ម សាន់ដេក្នុងឆ្នាំ២០១២។ លោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថាការបោះជំហានទៅកាន់សាន់ដេ ដោយសារតែលោកផុតកុងត្រាជាមួយ Bigman ពោលគឺមិនមានបញ្ហាអ្វីចោទទេ។
អានអត្ថបទ៖ “សង្សារលួចលាក់” ជួយជ្រោង ឆាយ វីរៈយុទ្ធ
បទចម្រៀងល្បីៗទទួលការគាំទ្រខ្លាំងពីទស្សនិកជន
បទចម្រៀងល្បីៗរបស់លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីប្រឡូកសិល្បៈរហូតមកទល់នឹងពេលបច្ចុប្បន្នមានដូចជា៖
-ផលិតកម្ម រស្មីស្ទឹងសែន ត្រឹមមួយនាទី
- ផលិតកម្ម Blue Diamond បទ កិច្ចសន្យាស្នេហ៍
-ផលិតកម្ម M នឹកដូចគ្នា, កុំឱ្យគេឈឺចាប់ដោយសារបង, ផ្ញើចិត្តនឹក, នរណាជាម្ចាស់បេះដូងអូន, ខូចចិត្តទុកមុន
-ផលិតកម្ម Bigmanកុំភ្លេចប្រាប់គេថាអូនជាសង្សារបង, ទឹកចិត្តបងស្រី, មុនបងស្គាល់គេអូននៅឯណា, ដកដង្ហើមហូរទឹកភ្នែក, សុខៗសង្សារសុំបែក, ខ្លាចការពិតត្បិតមិនចង់បែក។
-ផលិតកម្ម សាន់ដេ សង្សារលួចលាក់, ស្អប់ខ្លួនឯងដែលស្រលាញ់អូន, លុយបងមិនដល់គេ, លឺឈ្មោះអូនបងឆ្អែតបាយ, បងពីមុនឆ្កួតបាត់ហើយ។
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធ ភ័យស្លន់ស្លោ
ស្នាដៃថតខ្សែភាពយន្ត
ចាប់តាំងពីបោះជំហានចូលសិល្បៈមកទល់នឹងពេលនេះលោក ឆាយ វីរៈយុទ្ធ បានសម្ដែងខ្សែភាពយន្តពីររឿងមកហើយគឺរឿង វិញ្ញាណបិសាចជញ្ជក់ឈាម ក្នុងឆ្នាំ២០១២ និងរឿង”ព្រាយក្បាលប្រាំបី” ក្នុងឆ្នាំ២០១៣។ ខ្សែភាពយន្តទាំងពីរនេះគឺថតក្នុងផលិតកម្មសាន់ដេ។ លោកបាននិយាយថានៅពេលខាងមុខលោកត្រៀមនឹងបង្ហាញស្នាដៃខ្សែភាពយន្តផ្សេងទៀត ប៉ុន្តែលោកមិនទាន់បង្ហើបចំណងជើងឱ្យដឹងនៅឡើយទេ។
ការចេញសម្ដែងនៅក្រៅប្រទេស
លោក ឆាយ វីរៈយុទ្ធ ទើបតែបានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះចាប់តាំងពីឈានចាប់អាជីពជាអ្នកសិល្បៈមក។ ការចេញទៅសម្ដែងក្នុងឆ្នាំ២០១២ តារាចម្រៀងមានប្រភពមកពីខេត្ត កំពង់ចាមរូបនេះទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
អានអត្ថបទ៖ ឆាយ វិរៈយុទ្ធ បង្ហាញជំហរក្នុងសាន់ដេ
រឿងចងចាំបំផុតមិនអាចបំភ្លេចបានក្នុងជីវិត
មានរឿងពីរយ៉ាងដែលធ្វើឱ្យលោក ឆាយ វីរៈយុទ្ធ មិនអាចបំភ្លេចបានក្នុងជីវិត។ រឿងទាំងពីរនោះគឺទីមួយ ការចេញជា CD បទចម្រៀង និងរឿងមួយទៀតគឺ ព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១០។
តារាចម្រៀងរូបនេះនិយាយថា អំឡុងការសិក្សាថ្នាក់អនុវិទ្យាល័យ ពេលចេញទៅច្រៀងតាមភោជនីយដ្ឋានម្ដងៗលោកបាននិយាយជាមួយបងប្រុសខ្លួនថាថ្ងៃណាមួយបានចេញជា CD ចម្រៀងផ្ទាល់នឹងធ្វើឱ្យជីវិតរបស់លោករីករាយបំផុត។ ការគិតនេះគឺបានដូចបំណងពិតមែនដោយលោកបានចេញជាអាល់ប៊ុម CD ចម្រៀងក្នុងផលិតកម្ម រស្មីស្ទឹងសែន។ ដោយឡែកនិយាយពីរឿងរត់ជាន់គ្នានៅកោះពេជ្រ តារាចម្រៀងល្បីឈ្មោះខាងលើមិនធ្វើអត្ថាធិប្បាយទេ ដោយចាត់ទុកថាជារឿងធ្វើឱ្យលោកភ្លេចមិនបាន។
គោលបំណងទៅថ្ងៃអនាគត
និយាយពីរឿងគម្រោងទៅថ្ងៃអនាគតតារាចម្រៀងនិយមច្រៀងបទមនោសញ្ចេតនាខាងលើប្រាប់ឱ្យដឹងថាលោកត្រៀមនឹងស្វែងរកស្ទិលច្រៀងថ្មី ក៏ដូចជាស្ទិលនៃការតុបតែងខ្លួនដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីទស្សនិកជននាពេលខាងមុខ។ មួយវិញទៀតតារាចម្រៀងរូបនេះត្រៀមនឹងរៀបចំព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលមួយក្នុងពេលដ៏ខ្លីខាងមុខ ក៏ប៉ុន្តែតារាចម្រៀងឈានមុខរបស់ សាន់ដេរូបនេះមិនទាន់ប្រាប់ពីគម្រោងនោះឱ្យដឹងនៅឡើយទេ។
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធ សារភាពស្នេហ៍ អ៊ីវ៉ា
គូស្រករទៅថ្ងៃអនាគត
មកទល់នឹងពេលនេះលោក ឆាយ វីរៈយុទ្ធ មិនទាន់រកឃើញគូអនាគតនៅឡើយទេ ហើយក៏មិនដែលលេចលឺថាតារាចម្រៀងរូបនេះមានទំនាក់ទំនងស្នេហ៍នឹងនារីណាម្នាក់នោះទេ។ លោកបាននិយាយថាពេលនេះលោកមិនទាន់គិតពីបញ្ហាហ្នឹងនៅឡើយទេ ដោយទុកពេលរកប្រាក់ឱ្យបានច្រើនសិន។
ចំពោះនារីក្នុងក្ដីសុបិននាថ្ងៃអនាគតលោក ឆាយ វីរៈយុទ្ធ ប្រាប់ថាមិនប្រកាន់ពណ៌សម្បុរ មានក្រឡើយ សំខាន់ចេះយល់ចិត្តគ្នាទៅវិញទៅមក ជាពិសេសក្រុមគ្រួសារលោកផ្ទាល់តែម្ដង។ លោកថាបើបានតាមប្រការនេះនឹងធ្វើឱ្យគ្រួសារមានសុភមង្គល។
ប្រាក់ចំណូលរកបានប្រចាំឆ្នាំ និងតម្លៃខ្លួនបច្ចុប្បន្ន
ទាក់ទងនឹងប្រាក់ចំណូច ប្រចាំឆ្នាំ និង តម្លៃខ្លួនពេលឡើងឆាកនាពេលបច្ចុប្បន្ន វីរៈយុទ្ធ មិនបង្ហើបឲ្យដឹងនោះទេ។
អានអត្ថបទ៖ ឆាយ វីរៈយុទ្ធចេញអាល់ប៊ុមចម្រៀងទោលដំបូង
ប្រភព : sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!