ខ្សែភាពយន្ត​ខ្មែរ​ជំនាន់​អ្នក​នាង​ អម្ពរ ទេវី ដាក់​បញ្ចាំង​ជា​ថ្មី​តាម​ទូរទស្សន៍

 
 

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ ល្បី​ៗ​អំឡុង​ទស​វត្ស​៩០ នឹង​បញ្ចាំង​ជា​ថ្មី​ឡើង​វិញ​តាម​កញ្ចក់​ទូរទស្សន៍ ។

ការ​ប្រមូល​ខ្សែភាពយន្ត​ខ្មែរ​អំឡុង​ពេល​នោះ​ចាក់​ផ្សាយ​នៅ​ ស្ថានីយទូរទស្សន៍ បន្ទាប់​ពី​ឱសានវាទ​របស់​ក្រសួង​ព័ត៌មាន​ដែល​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ ភាពយន្ត​បរទេស​នៅ​ម៉ោង​ពិសេស​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដំណាច់ឆ្នាំ​២០១៥​ នេះ ។

ខ្សែភាពយន្ត​ជំនាន់​អ្នក​នាង​អម្ពរ​ទេវី ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង និង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ត្រូវ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​យក​ចាក់​ផ្សាយ​សម្រាប់​បម្រើ​ អារម្មណ៍​ទស្សនិក ជន នា​ពេល​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​ការ​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ ចាស់​ៗ​នេះ​រំពឹង​នឹង​អាច​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន បើ​ទោះជា​ពេល​បច្ចុប្បន្ន​លំហូរ​នៃ​ការ​បញ្ចាំងភាពយន្ត ថ្មី​ៗ និង​ទាន់សម័យ​រីក​ដូច​ផ្សិត​ក៏​ដោយ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ លោក​ញាណ សុធី អ្នក​ទទួល​បន្ទុក​ខាង​ទីផ្សារ និង​ជា​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អះអាង ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ថានីយទូរទស្សន៍​របស់​លោក​បាន​ប្រមូល​ទិញ​ភាពយន្ត ចាស់​ៗ​ដែល​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន​ដា​រ៉ូ ដើម្បី​ចាក់​ផ្សាយ​ឡើង​វិញ ។ មក​ទល់​ពេល​នេះ ខ្សែ​រឿង​ជំនាន់​នោះ​ប្រមូល​ទិញ​បាន​ច្រើន ដោយ​រឿង​ភាគច្រើន​គឺ​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន្ទ​ដា​រ៉ូ ។ ខ្សែភាពយន្ត​ទាំងនោះ​កំពុង​រៀបចំ​កាត់ ជា​ភាគ​ៗ ​និង​ថែមថយ​ពន្លឺ ដោយ​មាន​កែ​លម្អ​រូបភាព​ធ្វើ​ឲ្យ​ទាក់ភ្នែក​មិន​ឲ្យ​ចាញ់​ភាពយន្ត​ដែល​ផលិត​ នៅ​ក្នុង​សម័យ​ទំនើប​នេះ​ឡើយ ។

បើ​តាម​អ្នក​រៀបចំ​កម្មវិធី​រូប​នេះ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​បើក​ឆាក​ចាក់​ផ្សាយ​ខ្សែភាពយន្ត​រឿង «​សម្ដី​ចុង​ក្រោយ​» មុនគេ​ដែល​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន​ដា​រ៉ូ​។ បន្តបន្ទាប់​មក​ខ្សែ​រឿង​ដែល​ប្រមូល​ទិញ​បាន​ផ្សេង​ទៀត​នឹង​បញ្ចាំង​ បន្តបន្ទាប់​គ្នា ដោយ​រំពឹង​ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

តារាភាពយន្ត​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ អះអាង​ថា នៅ​ចុង​ទសវត្សរ៍​៨០ និង​ទសវត្សរ៍​៩០ លោក និង​អ្នក​នាង​អម្ពរ ទេវី បាន​សម្ដែង​រឿង​រួម​គ្នា​មិន​តិច​ជាង​ពី​៥០​ទៅ​៦០​រឿង​ទេ ដោយ​រឿង ល្បី​ៗ​រួម​មាន រឿង «​សម្ដី​ចុង​ក្រោយ​» រឿង «​ឆ្អឹង​អណ្ដែត​» រឿង «​ចុងស្រល់​» និង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​» ជាដើម ។

លោក​ទេព រិ​ន​ដា​រ៉ូ ចាត់​ទុក​ថា យុទ្ធសាស្ត្រ​ប្រមូល​ទិញ​ភាពយន្ត ចាស់​ៗ​ដែល​លោក និង​អ្នក​នាង​អម្ពរ ទេវី ក៏​ដូច​ជា​តួអង្គ​ផ្សេង​សម្ដែង​កាលពី​អំឡុង​ទសវត្សរ៍​៨០​និង​៩០ គឺជា​ការ​គាស់កកាយ​ស្នាដៃ​ជោគជ័យ​របស់​ភាពយន្ត​ខ្មែរ​នា​ជំនាន់​នោះ​ឲ្យ​កូន ​ខ្មែរ​បាន​ស្គាល់​ឡើង​វិញ ។

លោក​ទេព រិ​ន​ដា​រ៉ូ និយាយ​ថា «​ភាពយន្ត​ជំនាន់​នោះ ដ្បិតថា​មិន​បាន​ប្រើ​ឧបករណ៍​ថត​ទាន់សម័យ ប៉ុន្តែ​ទាំង​ប្លង់ ទាំង​ការ​សម្ដែង​គឺ​រៀបចំ​ពេញ​លក្ខណៈ​ជា​ខ្សែភាពយន្ត​ទាំងអស់ ដោយ​មិនមែន​ធ្វើ​ឲ្យ​តែ បាន​ៗ​ដូច​រឿង​បច្ចុប្បន្ន​មួយ​ចំនួន​ឡើយ ។ ការ​ត្រឡប់​មក​វិញ​របស់​ខ្សែ​រឿង​ទាំងនោះ ខ្ញុំ​ថា​ពិតជា​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​តួអង្គ​ដែល​បាន​លាឈប់​ទៅ​ហើយ​រំភើប​ចិត្តជា​ថ្មី​» ។
លោកយាយ ​ជេ​ត សា​អុ​ន វ័យ​ជាង​៧០​ឆ្នាំ​ដែល​រស់នៅ​ក្នុងស្រុក​កៀនស្វាយ មាន​ប្រសាសន៍​ថា បើ​ទោះបីជា​គាត់​មាន​វ័យ​កាន់តែ​ចាស់​ក្តី ប៉ុន្តែ​ខ្សែភាពយន្ត​ខ្មែរ​អំឡុង​ទសវត្សរ៍​៩០​នៅ​តែ​ដក់​ជាប់​ក្នុង​ អារម្មណ៍​ដដែល ។ លោកយាយ​សា​អុ​ន គឺជា​ទស្ស​និក​មួយ​រូប​ដែល​ចូល​ចិត្ត និង​និយម​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​នា​សម័យ​នោះ ។

លោកយាយ​ជេ​ត សា​អុ​ន យល់​ថា ការ​បញ្ចាំងភាពយន្ត​ខ្មែរ ចាស់​ៗ​នេះ​រំលឹក​ដល់​អនុស្សាវរីយ៍​ចាស់​ផង​ដែរ ដែល​កាលនោះ​គាត់​ចូល​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​នៅ​តាម​រោង​វី​ដេ​អូ​ ក្នុងភូមិ ។ លោកយាយ​សា​អុ​ន តែងតែ​ពាំនាំ​ព័ត៌មាន​អំពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​ប្រាប់​ដល់​ អ្នក​ជិតខាង​ឲ្យ​បានដឹង ហើយ​ភាគច្រើន​ក្រុម​គ្រួសារ​របស់​គាត់​និយម​ទស្សនា​ខ្សែភាពយន្ត​ដែល​ដើរតួ​ ដោយ​លោក​ទេព រិ​ន​ដា​រ៉ូ និង​អ្នក​នាង​អម្ពរ ទេវី ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម