កុំ​ភ្លេច​! អាហារ​ល្បី​​របស់​កូរ៉េ​​​គ្រោង​នឹង​សម្ពោធ​​​ នៅ​​ថ្ងៃ​តែ​មួយ​​នឹង​ផ្សារ​​ទំនើប​ AEON​សប្ដាហ៍​​ក្រោយ

 
 

នៅ​សល់​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​​​​ ​យុវវ័យ​ទាំង​អស់​​នឹង​អាច​ភ្លក់​រសជាតិ​​​អាហារ​​ Fastfood ​ដ៏​ល្បី​​របស់​កូរ៉េ​ ​​​​ពី​​ហាង LOTTERIA​ ​ខណៈ​ហាង​នេះ​គ្រោង​នឹង​បើក​សម្ពោធ​​ទទួល​អតិថិជន​នៅ​ថ្ងៃ​តែ​​មួយ​ ​នឹង​​ផ្សារ​ទំនើប​ AEON mall។ ផ្សារ​ទំនើប​ AEON mall ដែល​ត្រូវ​បាន​ចាត់​ទុក​​ជា​​ផ្សារ​ធំ​បំផុត​ នៅ​​ប្រទេស​កម្ពុជា​​ និង​បាន​បើក​ឲ្យ​ចូល​​ទស្សនា​កាល​ពី​ចុង​សប្ដាហ៍​មុន​​​។

ក្នុង​​តួនាទី​​ជា​​ប្រធាន​​តំណាង​ នៃ​ក្រុមហ៊ុន Yinkok Food Corp. ​ ដែល​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​ហាង​ LOTTERIA​ ​ដើម្បី​ផលិត​អាហារ​ដ៏​មាន​ឱជារស ​​នៅ​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ កាល​​ពី​ពេល​​ថ្មី​ៗ​នេះ​ លោក​ គួច សុខលី​​ បាន​ចំណាយ​​ពេល​ ផ្ដល់​បទ​សម្ភាស​ដល់​​ Sabay ទាក់​ទង​នឹង​ដំណើរ​​ការ​​លើក​​ដំបូង​របស់ LOTTERIA ​នៅ​កម្ពុជា​ដូច​​តទៅ៖

លោក​ គួច សុខលី

Sabay៖ ជម្រាប​សួរ​លោក​ ! តើ​រហូត​មក​ដល់​ពេល​​នេះ​ហាង LOTTERIA ​​បាន​ត្រៀម​លក្ខណៈ​អ្វី​ខ្លះ​ ហើយ​ សម្រាប់​ថ្ងៃ​ទទួល​អតិថិជន​លើក​​​ដំបូង?

លោក​ គួច​ សុខ​លី​ បាទ​ ជម្រាប​សួរ​ ! រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ហ៊ុន​យើង​​បាន​រៀប​ចំ​គ្រប់​គ្រាន់​អស់​ហើយ​ ទាក់​ទង​នឹង​​ការ​បង្ហាត់​​បង្វឹក​​បុគ្គលិក​។ ទាំង​អស់​ហ្មឹង​​ គឺ​យើង​បាន​បញ្ជូន​បុគ្គលិក​យើង​ទៅ​​ហ្វឹក​ហាត់​ការងារ​នៅ​ប្រទេស​កូរ៉េ​ រយៈ​ពេល​៤០​ថ្ងៃ ហើយ​​មាន​បុគ្គលិក​យើង​​មួយ​​ចំនួន​​​ទៀត​នៅ​ស្រុក​ខ្មែរ​។​ ខាង​ LOTTERIA ក៏​បាន​បញ្ជូន​ក្រុម​ការងារ​​​ពី​កូរ៉េ​​ចំនួន​៧​ ទៅ​៨ នាក់​ ដើម្បី​ធ្វើ​​​​​ការ​ហ្វឹក​ហាត់ ព្រម​ទាំង​​រៀប​ចំ​​ជ្រើស​រើស​នូវ​​ Menu ​ដែល​សាក​សម​សម្រាប់​ទី​​ផ្សារ​ស្រុក​​ខ្មែរ​ហ្មឹង​​​ ក៏​យើង​បាន​ធ្វើ​រួច​​រាល់​ដែរ។ អញ្ចឹង​ទាំង​អស់​ហ្មឹង​​​គឺ​យើង​​រៀប​ចំ​បាន​ ៩៥%​​ហើយ​​។​

Sabay ​តើ​លោក​មាន​ការ​បារម្ភ​ទេ​ ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​?

លោក​ គួច​ សុខ​លី​ ចំពោះ​វត្ថុ​ធាតុ​ដើម​​គឺ​យើង​មាន​ជម្រើស​ច្រើន​​យ៉ាង។ ​តែ​អ្វី​​ដែល​​ LOTTERIA ​កម្ពុជា​​​ជ្រើស​រើស​យក​ហ្មឹង​គឺ​​លក្ខណៈ​ Cooperate ​សុទ្ធ​សាធ​តែ​ម្តង​។​ អញ្ចឹង​​ប្រសិន​​​បើ​មាន​តម្រូវ​ការ​​ លើស​ពី​អ្វី​ ដែល​យើង​គ្រោង​ទុក។​ ឧទាហរណ៍​ថា​ ក្នុង​រយៈ​ពេល​បី​ខែ​​យើង​ត្រូវ​អស់​ចំនួន​​ប៉ុណ្ណឹង​​។ ប៉ុន្តែ​តម្រូវ​ការ​ជាក់​ស្តែង​​អាច​លើស​ពី​នេះ​​ ​យើង​អាច​ជួប​បញ្ហា​តិច​តួច។ ​តែ​សំខាន់​​​ក្រុម​ការងារ​យើង​​គាត់​ឃ្លាំ​មើល​ជាប់​នៅ​​ពេល​ ដែល​យើង​ចាប់​ផ្ដើម​ដំណើរ​ការ ថា​​តើ​តម្រូវ​ការ​នេះ​​ឆ្លើយ​តប​​ដូច​ការ​គ្រោង​ទុក​ដែរ​ទេ​​​? ​។ ​​អញ្ចឹង​ខ្ញុំ​ គិត​ថា​បញ្ហា​ជួប​នឹង​ការ​ខ្វះ​ខាត​សម្ភារៈ​ ដែល​​យើង​ត្រូវ​នាំ​ចូល​មក​​​យើង​នឹង​អាច​ជួប​ ​តែ​យើង​នឹង​ព្យាយាម​ ថា​តើ​ជួប​បញ្ហា​ ក្នុង​កម្រិត​ណា។

Sabay ​​ផ្សារ​​ AEON មាន​ក្តី​រំពឹង​​ ទទួល​បាន​​អតិថិជន​ចូល​​ទៅ​ទស្សនា​ផ្សារ​នេះ​ រហូត​ដល់​​ ១០ លាន​ នាក់​ ក្នុង​១​ឆ្នាំ។ ចុះ​  LOTTERIA មាន​ក្តី​រំពឹង​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ដែរ?

​​​​​​​​​​លោក​ គួច​ សុខ​លីតាម​​ជាក់​ស្ដែង​អ្វី​ ដែល​យើង​គ្រោង​ទុក​សម្រាប់ ​ LOTTERIA ​មួយ​នេះ​ យើង​យក​តែ​​ ២ ឬ​ ៣​ ភាគ​រយ​ នៃ​​ការ​គ្រោង​ទុក​របស់​ AEON ប៉ុណ្ណោះ​។​ ដោយ​សារ​នៅ​ក្នុង​ណឹង​​ទី​១​  ​​​១០​លាន​​នាក់​ នៅ​ក្នុង​ហ្មឹង​​មាន​ ៥០ % ដែល​គាត់​ចូល​​​សម្រាប់​ញ៉ាំ​។​ ៥០​ % ទៀត​គាត់​ដើរ​សម្រាប់​ទិញ​​អីចឹង​។​ ដូច្នេះ​ ចូល​ទៅ​សម្រាប់​ញ៉ាំ​ យើង​នឹង​បែង​ចែក​ ៥០% ​រួម​នឹង​កន្លែង​កម្សាន្ត​ផេ្សង​ៗ ដទៃ​ទៀត​​ ។​​ ចឹង​ត្រលប់​មក​វិញ​​ យើង​រំពឹង​ទុក​ថា​ ២​ ឬ ​៣ ​ភាគ​រយ​ប៉ុណ្ណោះ។ ​នេះ​មិន​មែន​​ជា​តួ​លេខ​​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​នេះ​គឺ​ជា​ចំនួន​តួច​​ជាង​គេ​។ ម្យ៉ាង​តួលេខ​ ក្នុង​រយៈ​ពេល​បី​ខែ​ក៏​យើង​កំណត់​រួច​រាល់​ហើយ​ស្រប​​គ្នា​ទៅ​នឹង​អ្វី​ដែល​​ AEON រំពឹង​ទុក​​ដែរ​។ ដូច្នេះ​បើ​ AEON ​ប្រែង​ប្រួល ​ទាំង​យើង​ក៏​នឹង​មាន​ការ​ជជែក​គ្នា​តាមហ្មឹង​ដែរ។ ខ្ញុំ​ជឿ​ជាក់​ថា ​យើង​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ ដោយ​សារ LOTTERIA​ ក៏​មាន​នៅ​ប្រទេស​ជិត​ខាង​ មាន​ប្រទេស​ជប៉ុន ប្រទេស​វៀតណាម​ ភូមា​ និង​ប្រទេស​ចិន​អី​ចឹង​។​ ដូច្នេះ​ទាំង​អស់​នេះ​យើង​ឆ្លុះ​បញ្ចាំង​ទាំង​រស់​ជាតិ​ រួម​នឹង​គ្រឿង​​ផ្សំ​ ។ ​ម្យ៉ាង​ក៏​មាន​ Menu ច្រើន​ជាង​កន្លែង​ផេ្សង​មាន​ ក្នុង​នោះ​មិន​មែន​ពាក់​ព័ន្ធ​តែ​ Hamburger តែ​មួយ​មុខ​ទេ​។ វា​មាន​បង្អែម​​ជា​ច្រើន​មុខ​ទៀត​ ដែល​ជា​តម្រូវ​ការ​​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​អាស៊ី​របស់​យើង​តែ​ម្តង។​ ទាំង​យុវវ័យ​ និង​មនុស្ស​ចាស់​។​ អញ្ចឹង​អ្វី​ ដែល​យើង​ទទួល​មតិ​​ Feedback​ ពី​អតិថិជន​ធ្វើ​ការងារ​នៅ​លើ​ Online គឺ​​យើង​ទទួល​បាន​នូវ​ Feedback​ ល្អ​ៗ​​ច្រើន​ ហើយ​ ដែល​មាន​ប្រជាជន​យើង​​​ទៅ​ប្រទេស​កូរ៉េ​ ក៏​គាត់​ធ្លាប់​ស្គាល់​ LOTTERIA។ អញ្ចឹង​គាត់​រំពឹង​ថា​ អ្វី​ដែល​យើង​ធ្វើ​ហ្មឹង ​វា​នឹង​មាន​គុណ​ភាព​ដូច​នៅ​ប្រទេស​កូរ៉េ​ ហើយ​គាត់​គឺ​ជា​អតិថិជន​របស់​យើង​តែ​ម្តង។

​​Sabay ​​​តើ​​អាច​ជា​សញ្ញា​ នៃ​ការ​ងើប​ឡើង​សេដ្ឋកិច្ច​​​កម្ពុជា​ដែរ​ឬ​យ៉ាង​ណា​ ខណៈ​​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​ LOTTERIA​ ​​មាន​វត្តមាន​នៅ​​ប្រទេស​មាន​សក្ដានុពល​សេដ្ឋកិច្ច​?

លោក​ គួច​ សុខ​លី​ ខ្ញុំ​គិត​ថា​ តាំង​ពី​ឆ្នាំ​១៩៩០​ រហូត​មក​ដល់​បច្ចុប្បន្ន​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​សេដ្ឋកិច្ច​របស់​កម្ពុជា​​​​មាន​ការ​ផ្លាស់​ប្តូរ​។ កាល​ណា​សេដ្ឋកិច្ច​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​​ក៏​មាន​ការ​ផ្លាស់​ប្តូរ ចំណង់​ចំណូល​ចិត្ត​របស់​គាត់​​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។​ បើ​យើង​មើល​ពី​ឆ្នាំ​២០០០ មក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ការ​ប្លែក​ច្រើន​ទាំង​ការ​រស់​នៅ​ ទាំង​ម្ហូប​អាហារ​។​ ពី​​មុន​​​ហាង​កាហ្វេ​ យើង​មាន​តែ ៤ ទៅ​៥ ប៉ុណ្ណោះ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ នៅ​ឆ្នាំ​២០០០ ឥឡូវ​ បើ​រាប់​គឺ​រាប់​អត់​អស់​ទេ។​​ អញ្ចឹង​តម្រូវ​ការ​របស់​អតិថិជន​​ ការ​ផ្លាស់​ប្តូរ​រស​ជាតិ​របស់​អតិថិជន​​ គឺ​ទៅ​តាម​សេដ្ឋកិច្ច​​ និង​​អ្វី​ដែល​គាត់​មាន​។ បន្ទាប់​ពី​នោះ​យើង​ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ ដែល​គាត់​អញ្ជើញ​ចូល​​មក​​កម្ពុជា​​ ក្នុង​ណឹង ​​យើង​ក៏​មាន​ភ្ញៀវ​មក​ពី​កូរ៉េ​ ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ឬ លេខ ៤ ។​ ដូច្នេះ​វា​​កាន់​តែ​នាំ​ឲ្យ​ LOTTERIA ​ទទួល​នូវ​ភាព​ជោគ​ជ័យ​។ ខ្ញុំ​​គិត​ថា​ នេះ​គឺ​ជា​មោទនភាព​របស់​កម្ពុជា​​​ផង​ដែរ ព្រោះ​បើ​សិន​ជា​ទីផ្សារ​របស់​លោក​​អត់​ទាន់​​ល្អ អញ្ចឹង​ក្រុមហ៊ុន​របស់​គេ​ ក៏​អត់​​ឲ្យ​ម៉ាក​យីហោ​របស់​​គេ​មក​យើង​ដែរ។ ទាំង​អស់​ហ្មឹង​​​គឺ​​យើង​​​អាច​ផ្អែក​ទៅ​​លើ​កត្តា​សេដ្ឋកិច្ច​នេះ​ឯង​ ព្រោះ​យើង​អត់​មាន​ទីផ្សារ​គ្រប់​គ្រាន់​​​។ អញ្ចឹង​ត្រលប់​មក​វិញ​ខ្ញុំ​គិត​ថា​ជា​មុខ​​មាត់​របស់​កម្ពុជា​ ដែល​យើង​​មាន​ម៉ាក​យីហោ​ជា​ច្រើន​ ​ចូល​មក​កម្ពុជា​ ដូច​គ្នា​នឹង LOTTERIA ដែល​បាន​សម្រេច​ចិត្ត​​ប្រគល់​ម៉ាក​យីហោ​របស់​គេ​មក​យើង​។ តាម​ពិត​ទៅ​ទម្រាំ​បាន ​ម៉ាកយីហោ​ ​នេះ​​យើង​បាន​​​ចចារ​​គ្នា​ជិត​២ ឆ្នាំ​។ អញ្ចឹង​ការ​សម្រេច​ចូល​មក​កម្ពុជា​នៅ​ពេល​នេះ ខ្ញុំ​គិត​ថា ជា​ពេល​វេលា​ដ៏​ស័​ក្ត​សម​​បំផុត​។​

លោក​ គួច សុខលី ប្រធានតំណាង​​នៃ​ក្រុម​ហ៊ុន​ Yinkok Food Corp​ ពេល​​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយប្រធាន​ប្រតិបត្តិ​ ​ Lotteria​ លោក​ Rho Il-sik​

​​​​​​​​Sabay ​កន្លង​មក​ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អាហារ​ មាន​សារធាតុ​​ កូលេស​ស្តេរ៉ូល​​ច្រើន។ សម្រាប់​ អាហារ Fastfood នៅ LOTTERIA​ វិញ​បាន​គិត​​គូរ​យ៉ាង​ដូច​ម្ដេច​ដែរ?​

លោក​ គួច​ សុខ​លី​  បាទ ! បើ​យើង​សិក្សា​ពី​អាហារ​ទាំង​អស់​ អាហារ​ណា​​ក៏​អាច​មាន​បញ្ហា​ដល់​សុខភាព​ដែរ​ ប្រសិន​ជា​យើង​ញ៉ាំ​ច្រើន​ពេក​។ ដូច​យើង​ញ៉ាំ​បាយ​​រាល់​ថ្ងៃ​ចឹង​ គ្រូ​ពេទ្យ​ក៏​ហាម​យើង​អត់​ឲ្យ​ញ៉ាំ​បាយ​​ដែរ។ ​តែ​សំខាន់​ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ ​​LOTTERIA​ ​​ គឺ​យើង​ព្យាយាម​​យក​សារធាតុ​ណា​ ដែល​ប៉ះ​ពាល់​តិច​បំ​ផុត​។​ យើង​បាន​យក​​រូប​មន្ត​តាម​កូរ៉េ ​ដោយ​សារ​ប្រទេស​កូរ៉េ បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​នៅ​លើ​ Menu មួយ​ៗ។ អញ្ចឹង​ចង់​និយាយ​ថា​ បើ​យើង​ចង់​បាន​អាហារ​មួយ​ ដែល​មាន​គុណ​ភាព​ល្អ ​គឺ​យើង​នឹង​ឃើញ​នូវ​តម្លៃ​ថ្លៃ​បន្តិច​។ អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​មិន​មែន​​គិត​ តែ​​​ក្រុមហ៊ុន​មួយ​មុខ​នោះ​ទេ​ ​តែ​យើង​ក៏​បាន​គិត​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។​​ ដូច្នេះ​បើ​យើង​សិក្សា​ឲ្យ​ច្បាស់​ប្រភេទ​ អាហារ​ Fastfood ​ពាក់​ព័ន្ធ​និង​​  កូលេស​ស្តេរ៉ូល​ គឺ​អត់​មាន​​ទេ​ គឺ​ដោយ​សារ​បើ​យើង​និយាយ​បក​មក​វិញ​ ​​នំប៉័ង ​​គឺ​ជា​អាហារ​សុខភាព​ មួយ​ ហើយ​សាច់​​មិន​មែន​យើង​ប្រើ​សាច់​ខ្លាញ់​នោះ​ដែរ​។​​ អញ្ចឹង​ទាំង​អស់​ហ្មឹង​បើ​យើង​សរុប​មក​វិញ​ មិន​ប៉ះ​ពាល់​សុខភាព​អី​នោះ​ទេ​ ។​ អ្វី​ដែល​ព័ត៌មាន​ផ្សាយ​កន្លង​មក ដូច​ជា​នៅ​អាមេរិក​ Hamburger ​មួយ​​គឺ​ធ្វើ​ ៥ ទៅ​៦ ជាន់​ ឬ ៧ ទៅ​៨ ជាន់​ និយាយ​ទៅ​គឺ​​ធំ​មែន​ទែន​ ។ ទំហំ​ធំ​នេះ​យើង​ត្រូវ​តែ​ប្រើ​សាច់​ច្រើន​ ។​ ដូច្នេះ​​ការ​ញ៉ាំ​សាច់​ច្រើន​គឺ​អាច​ប៉ះ​ពាល់​​ដល់​សុខភាព​យើង​ហើយ​។ ​ អញ្ចឹង​បើ​យើង​និយាយ​ពី​​ផល​ប៉ះ​ពាល់​​ទៅ​លើ​សុខភាព​ចំពោះ​ការ​កើន​ឡើង ​​ជាតិ​កូលេស​ស្តេរ៉ូល​សឹង​តែ​អត់​មាន​ ពោល​គឺ​ដូច​គ្នា​នឹង​អាហារ​ ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ដែរ​។


​​​​​​​
ប្រភពះ​sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម