សិស្សពូកែធ្លាប់ប្រលងនៅអ៊ីរ៉ង់បានពិន្ទុលើសិស្សខ្មែរផ្សេងទៀត រកបានការងារធ្វើផុយៗនៅប្រទេសមហាអំណាច!
“ការងារមិនពិបាករកទេ តែមុនពេលរកត្រូវដឹងច្បាស់ថា ចង់ធ្វើការងារអ្វី។ បន្ទាប់មកចាំទៅស្វះស្វែងរកដោយខ្លួនឯង ឬសាកសួរមិត្តភ័ក្ដិពីរបៀបរកការងារធ្វើ”។ នេះជាគំនិតរបស់និស្សិតពូកែរបស់កម្ពុជាមួយរូប ដែលតែងទទួលបានឱកាសការងារជាបន្តបន្ទាប់នៅក្នុងប្រទេសចិន ខណៈពេលខ្លួនកំពុងសិក្សានៅឡើយ។
លោក លី វឌ្ឍនា អាយុ២៣ឆ្នាំ បច្ចុប្បន្នជានិស្សិតអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី និងស្វ័យប្រវត្តិកម្ម ឆ្នាំទីបីនៃសាកលវិទ្យាល័យ Southwest Jiaotong University ក្នុងប្រទេសចិន។ មុននឹងទៅសិក្សានៅប្រទេសនេះ វឌ្ឍនា ដែលមានស្រុកកំណើតនៅភូមិទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អតីតក្នុងខេត្តកំពង់ចាម) គឺជាអតីតសិស្សពូកែផ្នែករូបវិទ្យា ជាប់ចំណាត់ថ្នាក់លេខប្រាំថ្នាក់ជាតិ ឆ្នាំ២០០៩ និងជាបេក្ខជនលើវិញ្ញាសាតារាសាស្ត្រ និងរូបវិទ្យាតារាសាស្ត្រ IOAA នៅប្រទេសអ៊ីរ៉ង់ ដោយទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមសិស្សខ្មែរទៅចូលរួមប្រកួតជាមួយគ្នា កាលពីខែតុលា ឆ្នាំ២០០៩។ លើសពីនេះ និស្សិតកម្ពុជារូបនេះក៏ធ្លាប់ជាប់អាហារូបករណ៍ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាសាលាតិចណូ ក្នុងឆ្នាំ២០០៩ផងដែរ។
លោក លី វឌ្ឍនា
ចំពោះនិស្សិតបរទេសដែលបានទៅសិក្សានៅចិនមិនអាចរកការងារដែលមានចុះកុងត្រា ឬការងារពេញម៉ោងបានទេ តែអាចរកការងារក្រៅម៉ោងបាន ដូច្នេះហើយពេលរៀនបានត្រឹមឆ្នាំទី១ឆមាសទី២ ការងារដំបូងរបស់វឌ្ឍនាគឺ អ្នកជួយមើលការខុសត្រូវក្នុងអន្តេវាសិកដ្ឋាននិស្សិតបរទេសនៅក្នុងសាលា ដែលជាប្រភេទការងារស្ម័គ្រចិត្ត តែមានប្រាក់ខែបន្តិចបន្តួចដែរ។ ស្របពេលនោះ លោកបានឆ្លៀតពេលទំនេរទៅធ្វើការងារថ្ងៃចុងសប្ដាហ៍ដូចជា ចែកខិតប័ណ្ណផ្សព្វផ្សាយ និងដឹកជញ្ជូនអាហារឲ្យភ្ញៀវ។ ក្រោយមក នៅឆ្នាំទីពីរដោយសង្កេតឃើញការប្រើប្រាស់ភាសាចិនរៀងគ្រាន់បើនិស្សិតវ័យក្មេងរូបនេះក៏ចាប់ផ្ដើមងាកទៅរកការងារបកប្រែវិញម្ដង។
វឌ្ឍនានិយាយថា ខ្លួនបានផ្ញើCVទៅកាន់ក្រុមហ៊ុនបកប្រែផ្សេងៗ ដែលបានចុះផ្សាយតាម Internet។ ក្រោយមកមានក្រុមហ៊ុនមួយចំនួន គេទាក់ទងមក ដោយខ្លះតម្រូវឲ្យគាត់សាកល្បងបកប្រែអត្ថបទ ខ្លះសម្ភាសន៍តាម QQ ឬ Wechat (កម្មវិធីកុំព្យូទ័រ) ដើម្បីដឹងច្បាស់ពីសមត្ថភាពរបស់យុវជនរូបនេះ។ ការងារបកប្រែ ខ្មែរ ចិន អង់គ្លេសទាំងនោះ គឺគេផ្ញើឯកសារតាមអ៊ីមែលមកឲ្យ បន្ទាប់ពីធ្វើរួចត្រូវផ្ញើឲ្យគេវិញ។
ចំពោះការបកប្រែផ្ទាល់មាត់ វឌ្ឍនាថ្លែងថា ខ្លួនមិនសូវទទួលធ្វើប៉ុន្មានទេ ព្រោះពេលខ្លះត្រូវទៅឆ្ងាយដែលអាចប៉ះពាល់ដល់ការរៀនសូត្រ។ លុះដល់ឆ្នាំទីបីនេះ យុវជនទទួលបានការងារមួយបន្ថែមទៀត ជាការងារស្ម័គ្រចិត្តក្នុងការបកប្រែវែបសាយដេប៉ាតឺម៉ង់អគ្គិសនីរបស់ខ្លួនតែម្ដងជាមួយក្រុមនិស្សិតចិនផ្សេងទៀត ដោយបកពីភាសាចិនទៅជាអង់គ្លេស។ ក្រៅពីការងារនេះ និស្សិតកម្ពុជារូបនេះក៏បានចូលរួមក្នុងសមាគមយុវជនស្ម័គ្រចិត្តរបស់ដេប៉ាតេម៉ង់អគ្គិសនី ដោយពេលខ្លះគេត្រូវរៀបចំកម្មវិធីមួយចំនួនរបស់ដេប៉ាតេម៉ង់ ចេញទៅចំណតរថយន្តសាលាបឋមសិក្សា ឬទីសាធារណ ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ការតម្រង់ជួរមុនពេលឡើងជិះឡានក្រុង ម៉េត្រូ ឬរថភ្លើងជាដើម។ ចំពោះរាល់ការងារទាំងអស់នេះ វឌ្ឍនាសុទ្ធតែទទួលបានការអនុញ្ញាតពីគ្រូទាំងអស់។
កាលពីចាប់ផ្ដើមធ្វើការដំបូងៗ វឌ្ឍនាជួបការពិបាកខ្លះដែរ ដូចជាធ្វើការយឺត បកប្រែមានការប្រើប្រាស់សញ្ញាមួយចំនួនមិនត្រឹមត្រូវ តែក្រុមហ៊ុនបកប្រែនីមួយៗសុទ្ធតែមានអ្នកជួយកែកំហុស ដូច្នេះរាល់ពេលធ្វើខុស គេនឹងរំលឹកព្រមទាំងប្រាប់ពីកំហុសនោះ។ ដោយឡែកអ្វីដែលពិបាកមួយទៀតគឺ ធ្វើពិសោធន៍ និងកិច្ចការសាលា ព្រោះពិសោធន៍បើធ្វើមិនចប់ត្រូវទៅធ្វើម្ដងទៀត។ ប្រសិនបើការធ្វើពិសោធន៍ទទួលបានទិន្នន័យមិនត្រឹមត្រូវ ឬមួយធ្វើមិនចប់តាមតម្រូវការរបស់គ្រូ ពួកគាត់នឹងអោយធ្វើឡើងវិញម្ដងទៀត ដើម្បីទទួលបានលទ្ធផលតាមតម្រូវការរបស់ពួកគាត់។ បើពិសោធន៍ដែលប្រើកុំព្យូទ័រអាចធ្វើនៅបន្ទប់ខ្លួនឯងបន្ថែមក៏បាន រីឯកិច្ចការសាលាវិញធ្វើមិនចប់អាចសួរមិត្តរួមថ្នាក់ ឬគ្រូៗបានដែរ។
វឌ្ឍនានិយាយប្រាប់បន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ថាវិលមុខឈឺក្បាល មិនដឹងត្រូវធ្វើមួយណាមុន ក៏ប៉ុន្តែក្រោយមកខ្ញុំគិតថា ខ្ញុំគួរពិចារណាធ្វើការងារណាដែលប្រញាប់សំខាន់មុនគេ មិនថាជាការងារសាលា ពិសោធន៍គម្រោងស្រាវជ្រាវ ឬការងារក្រៅម៉ោងនោះទេ។ បើមិនអញ្ចឹង ខ្ញុំនឹងស្ត្រេសខ្លាំងមិនខានឡើយ។ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងដោយប្រាប់ខ្លួនឯងថា ព្យាយាមគង់បានសម្រេច។ មួយទៀតគឺបើទោះបីខ្ញុំដើរទៅមុខដោយយឺតៗយ៉ាងណាក្ដី តែខ្ញុំនឹងមិនបោះជំហានថយក្រោយឡើយ”។
វឌ្ឍនា (កណ្ដាល) ថតពេលខ្លួនទៅបកប្រែ ជាមួយទាហានខ្មែរ ដែលមកហ្វឹកហាត់ការលោតឆត្រយោងជាលក្ខណៈអន្តរជាតិមានប្រមាណជា៤០ប្រទេសចូលរួម ក្នុងប្រទេសចិន
លើសពីនេះ បើទោះជារវល់ស្ទើរតែគ្មានពេលទំនេរយ៉ាងណាក៏ដោយ វឌ្ឍនាថា មិនបារម្ភខ្លាចការសិក្សាធ្លាក់ចុះដែរ ព្រោះពេលជិតប្រឡង លោកមិនទទួលធ្វើការងារក្រៅម៉ោងទេ ដោយប្រាប់គេជាមុន នោះគេនឹងអនុគ្រោះ ព្រោះគេដឹងថាវឌ្ឍនាជានិស្សិតកំពុងសិក្សា។ ក្រុមហ៊ុនខ្លះយោគយល់ តែខ្លះក៏អត់ តែលោកគិតថា ការងារក្រៅម៉ោងវាមិនសំខាន់ជាងការងារសាលាទេ។
ថ្វីត្បិតតែកន្លងមកការងារដែលវឌ្ឍនាធ្វើជាប្រភេទការងារក្រៅម៉ោង និងស្ម័គ្រចិត្ត ដែលទទួលបានប្រាក់កម្រៃតិចតួចយ៉ាងណាក៏ដោយ តែលោកចាប់អារម្មណ៍ថា ទីមួយធ្វើអោយចំណេះដឹងផ្នែកភាសាទាំងចិន ខ្មែរ និងអង់គ្លេសសុទ្ធតែមានការរីកចម្រើន។ ទីពីរគឺកាន់តែយល់ច្បាស់ពីសង្គមចិនទាំងវប្បធម៌ ការរស់នៅក្នុងប្រទេសចិន ក៏ដូចជាការធ្វើជំនួញផងដែរ។ ទីបី តាមរយៈឯកសារដែលបានបកប្រែ អាចឲ្យយល់ដឹងពីផ្នែកផ្សេងៗក្រៅពីជំនាញដែលបានរៀន។ ឯទីបួនគឺអាចបង្កើនប្រាក់ចំណូលសម្រាប់លោក ដែលជានិស្សិតក្រីក្រម្នាក់ក្នុងការធ្វើដំណើរកម្សាន្ត ឬត្រឡប់មកលេងប្រទេសកំណើត និងប្រើប្រាស់ក្នុងការទិញវត្ថុដែលខ្លួនចូលចិត្តទៀតផង។ និងទី៥ តាមរយៈការធ្វើការងារទាំងនេះ អាចមានឱកាសស្គាល់មនុស្សកាន់តែច្រើន ដែលប្រកបរបរក្នុងផ្នែកផ្សេងៗគ្នា ងាយស្រួលដល់ពេលអនាគត អាចរកស៊ី ឬធ្វើការសហការជាមួយពួកគាត់បាន។
វឌ្ឍនាបញ្ជាក់ដូច្នេះថា៖ “ការងារទាំងនេះធ្វើអោយខ្ញុំនិយាយភាសាចិនកាន់តែស្ទាត់ជំនាញ ហើយចំណែកការទំនាក់ទំនងវិញក៏មានភាពរីកចម្រើនផងដែរ ព្រោះកាលពីមុនខ្ញុំជាមនុស្សដែលមិនសូវចេះនិយាយស្ដីទេ តែឥឡូវផ្លាស់ប្ដូរច្រើន ចេះនិយាយលេងច្រើនជាងមុន”។
យុវនិស្សិតវ័យក្មេង លី វឌ្ឍនា ប្រាប់ថា ពេលធ្វើការងារផង រៀនផងត្រូវព្យាយាមបែងចែកពេលវេលាអោយមានប្រសិទ្ធភាពបំផុត។ ក្រៅពីបែងចែកពេលសម្រាប់រៀន និងធ្វើការងារ ចូរកុំភ្លេចបែងចែកសម្រាប់ការកម្សាន្ត និងធ្វើអ្វីដែលជាចំណូលចិត្តខ្លួនឯងផង ព្រោះថាការសិក្សានៅមហាវិទ្យាល័យសំខាន់បំផុតគឺមិនមែនរៀនតែពីជំនាញដែលខ្លួនរៀនឡើយ គឺស្វែងរកជំនាញ និងកំណត់គោលដៅសម្រាប់អនាគតដ៏វែងឆ្ងាយ ដូច្នេះដើម្បីដឹងថារកឃើញការងារដែលអ្នកចង់ធ្វើក្នុងពេលអនាគត អ្នកគួរសាកល្បងធ្វើកិច្ចការផ្សេងៗអោយបានច្រើនតាមដែលអាចធ្វើបាន៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!