អញ្ចឹង​សោះ​បាន​ជា​ប្រាប់​សង្សារ​​ឲ្យ​ជិះ​វាង​ផ្លូវ​មួយ​​ហ្នឹង!

 
 

យុវវ័យ​​ធ្លាប់​មាន​សង្សារ​ណា​​ដែល​មិន​ធ្លាប់​ឌុប​គ្នា​ដើរ​លេង​នោះ តែ​អ្នក​ខ្លះ​ពេល​ដែល​កំពុង​តែ​ឌុប​សង្សារ​ដើរ​លេង​ សា​សង​អូន​បង​សុខៗ​ ស្រាប់​តែ​ត្រូវ​បាន​សង្សារ​ប្រាប់​ថា៖ “​បង​មិន​បាច់​ជិះ​​កាត់​តាម​ផ្លូវ​ហ្នឹង​ទេ!”។ ហើយ​ក៏​ប្រាប់​​​ឲ្យ​ជិះ​តាម​ផ្លូវ​ផ្សេង​ ឬ​ជិះ​ផ្លូវ​វាង​ជំនួស​វិញ​ ដោយ​សារ​តែ​មាន​មូលហេតុ​ផ្សេងៗ។ និយាយ​អញ្ចឹង​ តើ​​មាន​​អាថ៌កំបាំង​​អ្វី​ទៅ​ហ្ន៎ បាន​ជា​​​អ្នក​​ខ្លះ​មិន​ហ៊ាន​​ឲ្យ​សង្សារ​ខ្លួន​ ជិះ​កាត់​តាម​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ?

​​​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​​យុវជន ឯម ចន្ទ្រា អាយុ​២៤ឆ្នាំ និស្សិត​នៃវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ព្រះកុសុមៈ​​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖  “នេះ​សុទ្ធ​តែ​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ​ពី​មុន​ដែល​ធ្លាប់​ឆ្លង​កាត់”។ ចន្ទ្រា បាន​​និយាយ​ទៀត​ថា៖ “មាន​ម្ដង​នោះ​ ល្ងាច​ឡើង​ខ្ញុំ​បាន​ឌុប​សង្សារ​ដើរ​លេង​តាម​ធម្មតា តែ​ពេល​បត់​តាម​ផ្លូវ​មួយ​នៅ​ម្ដុំ​ផ្លូវ​ភ្លោះ​អូរឫស្សី​ ស្រាប់​តែ​​សង្សារ​ខ្ញុំ​​ប្រាប់​ភ្លាម​​ថា កុំ​ជិះ​តាម​ផ្លូវ​ហ្នឹង​អី​​ ព្រោះ​កាត់​តាម​ផ្ទះ​អ៊ុំ​របស់​គេ។ ខំ​តែ​ភ័យ​ស្មាន​តែ​មាន​រឿង​អី តាម​ពិត​ខ្លាច​អ៊ុំ​​​គេ​ឃើញ​​សោះ”។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន ប៉ូ កីឡា អាយុ​២៥ឆ្នាំ ​សព្វ​ថ្ងៃ​ជា​បុគ្គលិក​រដ្ឋបាល​នៃ​ក្រុម​ហ៊ុន​មួយ​នៅ​ម្ដុំ​ផ្លូវ​ជា សុផារ៉ា បាន​ដំណាល​ប្រាប់​រឿង​របស់​ខ្លួន​ថា ​ប្រហែល​ជាមួយ​ខែ​មុន​នេះ​រូប​គេ​ និង​សង្សារ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ញ៉ាំ​អី​ពេល​ថ្ងៃ​ត្រង់​ រួច​ក៏​ជិះ​កាត់​តាម​ក្រសួង​មួយ​នៅ​ក្បែរ​​​វិមាន​ឯករាជ្យ​ ​ស្រាប់​តែ​ត្រូវ​សង្សារ​ប្រាប់​ទាំង​ស្លន់ស្លោ​​ឲ្យ​ជិះ​ផ្លូវ​ផ្សេង​​វិញ​។ “ខ្ញុំ​ភ្ញាក់​ព្រើត​ហ្មង ភ្លេច​គិត​ថា​ប៉ា​របស់​​​សង្សារ​ខ្ញុំ​ធ្វើ​ការ​នៅ​ហ្នឹង”។ ចន្ទ្រា បន្ថែម។

រូបតំណាង

បញ្ហា​ដែល​បណ្ដាល​ឲ្យ​​យុវវ័យ​ដែល​ជា​គូ​សង្សារ​​មិន​ហ៊ាន​ជិះ​កាត់​តាម​ផ្លូវ​មួយ​ចំនួន​ ​មិន​មែន​មាន​​តែ​ប៉ុណ្ណឹង​នោះ​ទេ។ ជាក់​ស្ដែង​ ​កញ្ញា ហ៊ួង សុភារី អាយុ​២៣ឆ្នាំ និស្សិត​​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ លើក​ឡើង​ថា ​រឿង​នេះ​ពិត​ជា​មាន​កើត​ឡើង​មែន។ ​អ្នក​ខ្លះ​​គេ​មិន​ចង់​ជិះ​កាត់​តាម​ផ្លូវ​មួយ​ចំនួន​ ព្រោះ​ខ្លាច​បង​ប្អូន​ឃើញ​បែក​ការណ៍​​ ឧទាហរណ៍ ​មាន​អ្នក​ខ្លះ​មិន​ហ៊ាន​​ជិះ​កាត់​​មុខ​សាលា​រៀន​របស់​បង​ប្អូន កន្លែង​ធ្វើ​ការ​ប៉ា​ម៉ាក់​ជា​ដើម។

សុភារី បន្ត​ទៀត​ថា៖ “ទាំង​ខ្ញុំ​ទាំង​គេ ច្បាស់​ជា​មិន​ហ៊ាន​ជិះ​កាត់​ទេ ​ទោះ​ពួក​គាត់​ដឹង​ថា​​យើង​មាន​សង្សារ​ហើយ​ក៏​ដោយ ដូចជា​អៀន​ខ្លួន​ខ្លាំង​ណាស់”។

មូលហេតុ​​សំខាន់​នៅ​ពី​ក្រោយ​​បញ្ហា​នេះ​​មិន​មែន​មាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នៅ​មាន​​រឿង​សំខាន់​មួយ​ទៀត ​ដែល​ត្រូវ​បាន​អ្នក​​ធ្លាប់​មាន​សង្សារ​ប្រាប់​ឲ្យ​ដឹង​ដែរ​នោះ គឺ​អត់​ហ៊ាន​ជិះ​កាត់​ផ្លូវ​ខ្លះ ដោយ​សារ​តែ​​មិន​ចង់​ឲ្យ​សង្សារ​ចាស់​របស់​ខ្លួន​បាន​ឃើញ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ យុវជន ហង្ស ឧត្ដម និស្សិត​ច្បាប់​​នៃ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា លើក​ហេតុ​ផល​សំខាន់​​មួយ​ផ្សេង​ទៀត​ថា៖ “ខ្ញុំ​ក៏​ធ្លាប់​អត់​សប្បាយ​ចិត្ត​ដោយ​សារ​តែ​រឿង​សង្សារ​ប្រាប់​ឲ្យ​ជិះ​ផ្លូវ​វាង​ហ្នឹង​ដែរ”។

ឧត្ដម តំណាល​​ថា តាម​ពិត​​រូប​គេ​ដឹង​ច្បាស់​ថា មូលហេតុ​ដែល​នាង​មិន​ចង់​ឲ្យ​ខ្ញុំ​ជិះ​ឌុប​នាង​កាត់​តាម​ផ្លូវ​នោះ ដោយ​សារ​តែ​​ខ្លាច​ជិះ​ទៅ​​ជួប​សង្សារ​ចាស់​​របស់​​នាង​ដោយ​ចៃ​ដន្យ​។ នាង​មិន​ប្រាប់​ខ្លួន​តាម​ត្រង់​ទេ តែ​អាច​ស្មាន​ដឹង​ ព្រោះ​នាង​ធ្លាប់​ប្រាប់​ថា ​​ផ្ទះ​របស់​សង្សារ​ចាស់​នាង​នៅ​ផ្លូវ​នោះ​។ ហេតុ​នេះ​ហើយ​ទើប​នាង​ព្យាយាម​ប្រាប់​​ឲ្យ​ជិះ​ផ្លូវ​ផ្សេង។
​​​​
ស្ដាប់​ទៅ​ដូចជា​គួរ​ឲ្យ​ចង់​សើច​យ៉ាង​ម៉េច​ទេ តែ​​រឿង​រ៉ាវ​ទាំង​អស់​នោះ​ សុទ្ធ​តែ​បាន​កើត​ឡើង​​ក្នុង​ស្រទាប់​យុវវ័យ​មួយ​ចំនួន​ពិត​មែន៕

ចុះ​មិត្ត​យុវវ័យ​វិញ មាន​អ្នក​ណា​ធ្លាប់​ជួប​​អញ្ចឹង​ដែរ​អត់ ប្រាប់​ផង​មើល៍!​​​​

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម