អ្នក​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​ ចង់​ឲ្យ​​អាជ្ញាធរ​ទប់​ស្កាត់​ក្រុម​​ជិះ​ម៉ូតូ​​ធំ ​បំពងសំឡេង​ឮខ្លាំងៗពេល​យប់

 
 


សំឡេង​​ឮ​ខ្លាំង​ៗ​​​ ​​បន្លឺ​ចេញ​ពី​បំពង់​ស៊ីម៉ាំង​ម៉ូតូ​​​ធំ​​​​ ​ដែល​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​​ ​បាន​​បង្ក​​ជា​​ការ​​រំខាន​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​​ ជា​ពិសេស​​​​អ្នក​រស់​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ​​នា​​ពេល​យប់​​​​ជ្រៅ​។​ សំឡេង​រំខាន​ទាំង​នេះ​ ​បាន​កើត​មាន​ច្រើន​ ក្រោយ​ពី​យុវជន​មួយ​ចំនួន​មាន​ទំនោរ​​​កាន់​តែ​ច្រើន​ឡើង​បំពាក់​បំពង់​ស៊ីម៉ាំង​​​ឮៗ​។​

តើ​យុវជន​យល់​យ៉ាង​​​ចំពោះ​សំឡេងឮបែប​នេះ?

ប្រាជ្ញ​​ ចេវ​ អតីត​និស្សិត​​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​បាន​​បង្ហាញ​អារម្មណ៍​ខឹង​សម្បា​​ជា​ខ្លាំង​​ ខណៈ​សំឡេង​បែប​នេះ​ បាន​ជិះ​ចេញ​មក​ពី​ក្រោយ​ខ្នង​​​​​ម្តង​ៗ ​​​ស្ទើរ​​សល់​អស់​ព្រលឹង​។ ម្យ៉ាង​នៅ​​ពេល​យប់​ក៏​មាន​​​ ឮ​សំឡេង​រំខាន​បែប​នេះ​ច្រើន​ដែរ។ “​ខ្ញុំ​មិន​ដឹង​​ពួក​គេ​ដាក់​បំពង់​ស៊ី​ម៉ាំង​បែប​នេះ​ ក្នុង​បំណង​អី​ទេ​។ ​ប៉ុន្តែ​អ្នក​ជិះ​ម៉ូតូ​ខ្លះ​ ​បាន​លើក​ថា​ ​ធ្វើ​បែប​នេះ​ ដើម្បី​ឲ្យ​អ្នក​​ដំណើរ​​ប្រើ​ប្រាស់​ផ្លូវ​ជាមួយ​គ្នា​ជៀស​​គេ​ ពេល​ឮ​សំឡេង​នេះ”​ ។​ ប្រាជ្ញ​ ចេវ​​ បន្ថែម។

រូបតំណាង

“ខ្ញុំ​ធ្លាប់​ឮ​សំឡេង​នេះ​​​ញឹកញាប់​ដែរ​​បង​​។ វា​រំខាន​ខ្លាំង​ណាស់ ឡើង​ប្រហោង​ពោះ​ម្តង​ៗ​​” ។​ ទាំង​នេះ​គឺ​ជា​​សម្ដី​របស់​ កញ្ញា​ រ័ត្ន​ និស្សិត​វិទ្យាស្ថាន​វ៉ានដា​គណនេយ្យ។ ​យុវជន​​ខ្លះ​យល់​ថា​ ការ​បំពាក់​បំពង់​ស៊ីម៉ាំង​ឮៗ បែប​​នេះ​ជា​ការ​សប្បាយ។ ប៉ុន្តែ​​ទោះ​យ៉ាង​ណា​គួរ​​មាន​សីលធម៌​ និង​គិត​ពី​​ផល​រំខាន​ដល់​អ្នក​ដទៃ​ផង​ដែរ​។​ ដូច្នេះ​អាជ្ញាធរ​គួរ​មាន​វិធាន​ការ​លើ​ករណី​នេះ​។

យុវជន​ សេង សុផាត​ អតីត​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​​ឲ្យ​ដឹង​​ថា​ រឿង​​​នេះ​ ពិត​ជា​ប៉ះ​ពាល់​ តែ​​នេះ​​ក៏​​ជា​សិទ្ធិ​របស់​យុវជន​ទាំង​នោះ​។ ប៉ុន្តែ​ជា​សិទ្ធិ​​​​យើង​មែន​ អ្នក​ជិះ​ម៉ូតូ​ធំ​ហ្នឹង​​ក៏​ត្រូវ​គិត​ពី​សិទ្ធិ​អ្នក​ដទៃ​ផង​ដែរ​។ “វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​ ប្រជាពលរដ្ឋ​អ្នក​រួម​ដំណើរ​ដូច​គ្នា​ ក៏​ដូច​ជា​ពលរដ្ឋ​នៅ​តាម​ផ្ទះ​នៅ​ពេល​ ដែល​ពួក​គេ​ជិះ​កាត់​ម្តង​ៗ។​ ពិត​មែន​ហើយ​វា​ឡូយ​សង្ហារ​ ​សម្រាប់​​ខ្លួន​ឯង​​ ដែល​​បំពាក់​បំពង់​ស៊ីម៉ាំង​ឮ​ខ្លាំងៗ​ ​។ តែ​ទន្ទឹម​​​គ្នា​នឹង​ក៏​មាន​អ្នក​រិះ​គន់​មិន​តិច​នាក់​ទេ​។​ អ្នក​ខ្លះ​ដាក់​បណ្ដា​សារ​ ​ដាក់​ទំនាយ​ពេល​ភ្ញាក់​នឹង​សំឡេង​ឮ​ខ្លាំង​ៗ​បែប​​នេះ”។​

​​លោក ប៉ូ សំណាង​ ប្រធាន​មជ្ឈមណ្ឌល ជាតិ​ និង​សីលធម៌​សង្គម​បាន​​យល់​ថា​ បញ្ហា​នេះ​កើត​​ឡើង​ ដោយ​សារ​​ការ​ធ្លាក់​ចុះ​សីលធម៌​​ សង្គម​ខ្មែរ​​ ជា​ពិសេស​​នៅ​ក្នុង​ចំណោម​យុវជន​តែ​ម្តង​​​។ កូន​ខ្មែរ​​​សុភាព​រាប​សារ​ណាស់​។ ប៉ុន្តែ​ដោយ​សារ​ការ​ឆ្លង​កាត់​សង្គ្រាម​រ៉ាំរ៉ៃ​​ជា​ច្រើន​ទស្សនវត្ស​ ការ​ធ្លាក់​ចុះ​វិស័យ​​អប់​រំ​ ទើប​ធ្វើ​ឲ្យ​​ប្រភព​​នៃ​ការ​យល់​ដឹង​របស់​មនុស្ស​​​មាន​​កម្រិត​​បែប​នេះ​។​ ​​បើ​តាម​លោក​ ប៉ូ សំណាង​​ អាណាព្យាបាល​​គឺ​ជា​បុគ្គល​ដ៏​សំខាន់​ ក្នុង​ការ​ណែ​នាំ​​កូន​ឲ្យ​​ដើរ​លើ​ផ្លូវ​​ត្រូវ​ និង​គិត​​ពី​ផល​ប៉ះពាល់​ដល់​​​សិទ្ធិ​នៃ​​ការ​​រស់​នៅ​​របស់​មនុស្ស​។ បន្ទាប់​​មក​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ គួរ​​មាន​វិធាន​ការ​ទប់​ស្កាត់ ដោយ​ធ្វើ​ការ​អប់រំ​ ​តាម​រយៈ​ការ​ដក​ហូត​ម៉ូតូ​​ពេល​ខ្លី​ តម្រូវ​​ឲ្យ​បំពាក់​ឧបករណ៍​​ធ្វើ​ឲ្យ​​សំឡេង​​ស្ងាត់។​ “ខ្ញុំ​គិត​​ថា​ ​នេះ​​គឺ​ជា​វិធាន​ការ​​ បន្ទាន់​មួយ​​ឈាន​ទៅ​ទប់​ស្កាត់​បញ្ហា​ទាំង​នេះ​។ ម្យ៉ាង​យុវជន​ខ្លួន​ឯង​ក៏​ត្រូវ​គិត​​​ពី​ផល​ប៉ះពាល់​​ការ​រំខាន​ដល់​អ្នក​ដទៃ​​​ ពិសេស​អ្នក​មាន​បញ្ហា​សុខភាព​ ឬ​អ្នក​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​។​ នេះ​គឺ​ជា​ការ​រួម​ចំណែក​​ជួយ​ដល់​អាយុជីវិត​មនុស្ស​”៕

ប្រភព​: Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម