ថា​ម៉េច​​​ពាក្យ​​ “គីគីលូ​” សាលា​​ខ្លះ​ហាម​​សិស្ស​​មិន​ឲ្យ​ប្រើ?

 
 

ពាក្យ ​​គីគីលូ ដែល​យុវវ័យ​មួយ​ចំនួន​​​​​និយាយ​​លេង​សើច​​​ មាន​​ការ​លេចឮ​មក​ថា​​ ​ត្រូវ​បាន​លោក​គ្រូ​-អ្នក​គ្រូ​ នៅ​សាលា​មួយ​ចំនួន ​ក្នុង​រាជ​ធានី​ភ្នំពេញ​ហាម​ប្រើ​​​ ​ខណៈ​ពាក្យ​ចចាមអារ៉ាម​​ដូច​គ្នា​នេះ​ក៏​​ត្រូវ​​​​​​​បាន​​ការ​សែត​ ក្នុង​ស្រុក​រាយការណ៍​ដូច​គ្នា​ដែរ។ មូល​ហេតុ​​នៃ​​ការ​​ហាម​ប្រើ​ពាក្យ​ខាង​លើ​​នេះ​ទំនង​ដោយ​សា​យុវជន​មួយ​ចំនួន​ប្រើ​ ក្នុង​ន័យ​​អាសអាភាស​ ជះ​ឥទ្ធិពល​​មិន​ល្អ​ដល់​សិស្ស​​ដទៃ។

តើ​​មិត្ត យុវវ័យ​យល់​យ៉ាង​ណា​ដែរ?​

កញ្ញា​ សិស្ស​​វិទ្យាល័យ​ព្រះ​យុគន្ធរ បាន​ទទួល​​ស្គាល់​​ថា​ មាន​​មិត្តភ័ក្ដិ ​ជា​ច្រើន​បាន​យក​​​ពាក្យ​នេះ និយាយ​លេង​សើច​​​។​ ប៉ុន្តែ​​មិន​ធ្លាប់​មាន​ការ​ហាម​ឃាត់​​​ពី​​​​លោក​​គ្រូ​-អ្នក​គ្រូ​នោះ​ទេ។​ “ខ្ញុំ​គិត​ថា ​ប្រើ​ពាក្យ​​​នេះ​ ដូច​ជា​​​មិន​ទាស់​ខុស​អី​ផង​ គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណឹង​​”។

យុវជន​ កក្កដា​ សិស្ស​​​ថ្នាក់​ទី​​១១ វិទ្យាល័យ​បាក់​ទូក​ បាន​​​​និយាយ​ថា​ ខ្លួន​ធ្លាប់​ប្រើ​ ពាក្យ​នេះ​​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​​​ជា​ពិសេស​​​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​​។​ តែ​មិន​ដឹង​​ពី​អត្ថន័យ​​ពាក្យ​​នេះ​មាន​ប្រភព​មក​ពី​ណា​នោះ​ទេ ​គ្រាន់​តែ​ធ្លាប់​​ឮ​​ត​ៗ​គ្នា​ ហើយ​លោក​គ្រូ-អ្នក​​គ្រូ​ក៏​មិន​ដែល​​ហាម​​ឃាត់​ នោះ​ដែរ។​​

“​​ក្នុង​ន័យ​អ្វី​​ក៏​ដោយ​ ស្អប់​បំផុត​​អ្នក​ប្រើ​ពាក្យ​គីគីលូ​នេះ​ជាមួយ​ខ្ញុំ​​​ ព្រោះ​វា​ជា​ពាក្យ​អាស​អាភាស​”។​ ទាំង​នេះ​គឺ​ជា​​ការ​រៀប​រាប់​របស់​ កញ្ញា​ សុខ​ ហៀង​ សិស្ស​ថ្នាក់​ទី ១២ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​។​ បើ​ តាម​ កញ្ញា សុខ​ ហៀង​ ក៏​មិន​ដឹង​ថា​ ពាក្យ​នេះ​មាន​ប្រភព​មក​ពី​ណា​នោះ​ទេ​។ គ្រាន់​តែ​ដឹង​ថា​អ្នក​ណា​ដែល​ប្រើ​ពាក្យ​នេះ​គឺ​​ សំដៅ​​លើ​ពាក្យ​មិន​សមរម្យ​។​ “ខ្ញុំ​គាំទ្រ​​ ​ការ​​ហាម​ឃាត់​ការ​ប្រើ​ពាក្យ​នេះ​ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​អារម្មណ៍​អ្នក​ដទៃ​ និង​បង្ហាញ​ពី​អសីលធម៌​”។

លោក ​ពៅ ​សុខ ​អាណាព្យាបាល​សិស្ស​​មួយ​រូប​ក៏​មិន​បាន​ដឹង​ថា ពាក្យ​នេះ​មាន​ប្រភព​ចេញ​ពី​ណា​នោះ​ទេ​។ ប៉ុន្តែ​លោក​​​​​​គាំទ្រ​​ចំពោះ​ការ​ហាម​​ឃាត់​​ការ​ប្រើ​ពាក្យ​នេះ​ នៅ​ក្នុង​សាលា​រៀន​ ប្រើ​សិន​បើ​វា​​​សំដៅ​ដល់​ការ​រួម​​ភេទ។​ យុវវ័យ​​​​គួរ​ពិចារណា​ ​មុន​​​ប្រើ​ប្រាស់​ពាក្យ​ ​​ព្រោះ​​ជា​ភាសា​គ្មាន​ប្រភព​ និង​អត្ថន័យ​ច្បាស់​លាស់។ “ខ្ញុំ​គិត​ថា ផ្នែក​​ពាក់ព័ន្ធ​​គួរ​ស្រាវ​ជ្រាវ​រក​ប្រភព​ និង​អត្ថន័យ​ពាក្យ​នេះ​​ឲ្យ​បាន​ច្បាស់​លាស់​ កុំ​និយាយ​តាម​តែ​គេ​ថា​”។

​ទោះ​​យ៉ាង​ណា​ លោក រស់​ គង់​ សាស្ត្រាចារ្យ​​​បង្រៀន​នៅ​វិទ្យាល័យ​មួយ​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​​​​ហាម​កូន​សិស្ស​មិន​​ឲ្យ​ប្រើ​ពាក្យ​នេះ​ ដោយ​សារ​លោក​មិន​ដែល​ឮ​​សិស្ស​លោក​និយាយ​ពាក្យ​នេះ​ តែ​​បើ​នៅ​ខាង​ក្រៅ​សាលា​ ឬ​នៅ​តាម​​កម្មវិធី​កំប្លែង​មួយ​ចំនួន​លោក​ធ្លាប់​ឮ​គេ​​ប្រើ​ពាក្យ​នេះ​។

លោក គង់​ បន្ថែម​ថា​ គេ​និយាយ​តៗ​គ្នា​ថា​ ពាក្យ​នេះ​​មាន​ន័យ​រួម​ភេទ​។ ប៉ុន្តែ​បើ​យោង​តាម​ឯកសារ​មួយ​ចំនួន​​គ្មាន​ន័យ​​ដូច្នេះ​ទេ ​តាម​ពិត​​គឺ​ជា​​សំឡេង​ថ្នូរ ក្នុង​​រឿង​ស៊ិច​របស់​ជប៉ុន​​ថា​ គីគីលូ។​ ​ដូច្នេះ​ហើយ​ទើប​មាន​ការ​សន្និដ្ឋាន​ថា ​ពាក្យ​នេះ​ជា​ភាសា​ជប៉ុន ​មាន​ន័យ​ថា​ រួមភេទ​។

បើ​តាម​លោក​ រស់​ គង់​ ការ​ប្រើ​ពាក្យ​នេះ​មិន​​ទាស់​ខុស​អ្វី​​ទេ។​ សំខាន់​ការ​ប្រព្រឹត្តិ​របស់​យុវវ័យ​ ទោះ​ប្រើ​ពាក្យ​នេះ​ឬ​មិន​ប្រើ​​ អ្នក​ដែរ​​ប្រុង​ខូច​​​គឺ​នៅ​តែ​​ខូច​។ ​ការ​ហាម​​ឃាត់​ប្រើ​ពាក្យ​ទាំង​នេះ​​ភាគ​ច្រើន​​កើត​ឡើង​ ក្នុង​ចំណោម​អ្នក​អភិរក្ស​ ដែល​ស្អប់​ភាព​ជ្រួល​ជ្រើម​របស់​យុវវ័យ​​មួយ​ចំនួន​​ ដែល​ចូល​ចិត្ត​បង្កើត​នូវ​ពាក្យ​ថ្មី​ ដែល​មិន​មែន​​ជា​របស់​ខ្មែរ។

ទន្ទឹម​គ្នា​ដែរ​ លោក យឹម ឆេង​លាប​ អ្នក​គ្រប់​គ្រង​វិទ្យុស្រ្តី ​FM ១០២ ដែល​​​ផ្ដល់​​​នូវ​កម្មវិធី​​អប់​រំ​ជា​ច្រើន​​ដល់​យុវវ័យ​បាន​​​​​រៀប​រាប់​ដែរ​​ថា​ ​យើង​មិន​អាច​ថា​ត្រឹម​ត្រូវ​ ​​ខុស​ អាក្រក់​ឬ​ល្អ​ទេ​ ព្រោះ​មិន​ដឹង​​ជា​ភាសា​​អ្វី​ឲ្យ​ប្រាកដ​​។ តែ​បើ​វា​ជា​ភាសា​ជន​ជាតិ​ណា​មួយ​ ​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​មក​មាន​ន័យ​អាស​អាភាស​នោះ​ មិន​គួរ​យក​មក​និយាយ​លេង​ទេ​ ព្រោះ​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​សន្ទនា​មិន​សប្បាយ​ចិត្ត​។​

បើ​តាម​លោក​ ឆេង​ លាប យុវវ័យ​ខ្មែរ​យើង​មួយ​ចំនួន​ឆាប់​ទទួល​យក​អ្វី​ដែល​ថ្មី​ ហើយ​​គិត​ថា​កាលីប​ ល្អ ​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​អ្វី​ទេ​។​ ដូច​នេះ​ការ​និយាយ​លេង​សើច​យ៉ាង​ណា​ ត្រូវ​តែ​គិត​ពី​អារម្មណ៍​អ្នក​ដទៃ ​រក្សា​ភាព​ថ្លៃថ្នូរ​ ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ និង​សិទ្ធិ​បុគ្គល។​ ការ​ចេះ​និយាយ​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​ ​ជា​ជំនាញ​ប្រាស្រ័យ​ទាក់​ទង​ល្អ​មួយ​របស់​មនុស្ស​ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​មាន​សោ ភណ្ឌ។​ ​តែ​បើ​លេង​សើច​ ​បង្អាប់​គ្នា​រហូត​ធ្វើ​ឲ្យ​ភាគី​ម្ខាង​អន់​ចិត្ត​​ឬ​ខឹង​ រហូត​ឈ្លោះ​គ្នា​នោះ​គួរ​តែ​ចៀស​វាង​ដាច់​ខាត។​ យុវវ័យ​ចេះ​និយាយ​លេង​សើច​គឺ​ជា​ទេព​កោសល្យ​មួយ​ តែ​បើ​និយាយ​សើច​សប្បាយ​តែ​ឯង​ ​ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​​ឈឺ​ចាប់​ ​វា​មិន​មែន​ជា​ការ​ល្អ​ទេ​។

យោង​តាម​ការ​ចេញ​ផ្សាយ​​ពី​ការ​សែត​ ក្នុង​ស្រុក​មួយ​ ដោយ​ដក​ស្រង់​សម្ដី​ពី​សិស្ស បាន​រាយការណ៍​មក​ថា​ ​លោក​​គ្រូ​-អ្នក​គ្រូ​ប្រចាំ​ថ្នាក់​រៀន​​បាន​ណែ​នាំ​ដល់​សិស្ស​របស់​ខ្លួន​មិន​​ឲ្យ​ប្រើ​ពាក្យ​ គីគីលូ​ នៅ​ក្នុង​សាលា​រៀន​ ជាពិសេស​ ក្នុង​ម៉ោង​រៀន​នោះ​ទេ​។ បើ​សិស្ស​ណា​ចចេស​រឹង​រួស​​នឹង​ត្រូវ​បណ្ដេញ​ចេញ​ លុះ​ត្រា​តែ​ឪពុក​ម្ដាយ​មក​សុំ​ការ​អនុញ្ញាត​​ពី​គ្រូ​ប្រចាំ​ថ្នាក់​ ឬ​នាយក​សាលា​៕

from : sabay




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម