​ប្រេស៊ីល​រំពឹង​ថា ​នឹង​ទាញ​បាន​ចំណូល​ ៣ ​ពាន់​លាន​ដុល្លារ​ពី​ World Cup

 
 

សមរភូមិ​បៃតង​រវាង​ក្រុម​កំពូល​ទាំង​ ៣២ ​​មក​ពី​គ្រប់​ទ្វីប​នឹង​ចាប់​ផ្ដើម​​​បើក​នៅ​ម៉ោង​ ៣ ​រំលង​អាធ្រាត្រ​នេះ។ ​ព្រឹត្តិការណ៍​កីឡា​ដែល​ប្រារព្ធ​ធ្វើ​បួន​ឆ្នាំ​ម្ដង​នេះ​ ត្រូវ​គេ​រំពឹង​ថា ​នឹង​រក​ចំណូល​ឲ្យ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​​ជា​ទឹកប្រាក់​ប្រហែល​ ៣ ​ពាន់​លាន​ដុល្លារ។ ​

ទឹក​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ច​​របស់​ប្រេស៊ីល​នេះ​គឺ​​បាន​មក​ពី​ទេសចរ​ទាំង​ក្នុង​ និង​​ក្រៅ​ស្រុក​ដែល​គេ​រំពឹង​ថា ​អាច​មាន​ដល់​ ៣,៧ ​លាន​នាក់​អំឡុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ធំ​បំផុត​ ​ដោយ​ក្នុង​នោះ​ ៦ ​សែន​នាក់​​ជា​ទេសចរ​​បរទេស។ ​​គេ​វាយ​តម្លៃ​ថា ​​ទេសចរ​​បរទេស​ដែល​ជា​ Fan ​របស់​ប្រទេស​ទាំង​ ៣១ ​ផ្សេង​ទៀត​នោះ​អាច​នឹង​ចំណាយ​ខ្ពស់​ជាង​ទេសចរ​ក្នុង​ស្រុក​​ពោល​គិត​ជា​មធ្យម​អាច​ចំណាយ​អស់​​ ២៥០០ ​ដុល្លារ​ក្នុង​​មួយ​ព្រឹត្តិការណ៍​នេះ។ ​

ការ​ចាយវាយ​របស់​ទេសចរ​គឺ​ត្រូវ​ធ្វើ​នៅ​លើ​ការ​ធ្វើ​ដំណើរ​ ហូបចុក ​ស្នាក់នៅ​ និង​កម្មវិធី​ជប់លៀង​កម្សាន្ត​សប្បាយ​នានា។ ​

​​​​ទីក្រុង​ Rio de Janeiro ​រំពឹង​ថា ​នឹង​ទទួល​ទេសចរ​បរទេស​ប្រហែល ៩ ​ម៉ឺន​នាក់​ដែល​ជា​តួលេខ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ទីក្រុង​ទាំង​ ១២​ ​ទទួល​​ការ​ប្រកួត។ ​​រដ្ឋធានី​ Brasilia ​និង​ទីក្រុង​ Fortaleza ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ឈរ​នៅ​លេខ​រៀប​បន្ទាប់​ជាមួយ​តួលេខ​ ៧៩ ០០០ ​នាក់​ ​និង​ ៦៥ ០០០ ​នាក់។ ​ចំណែក​ទីក្រុង​ Curitiba ​ភាគ​ខាងត្បូង​ប្រទេស​អាច​ស្វាគមន៍​ទេសចរ​បរទេស​ប្រហែល ២៦០០០ ​នាក់​​ជា​ចំនួន​ដែល​រដ្ឋាភិបាល​វាយតម្លៃ​ថា ​ទាប​ជាង​គេ​បំផុត។

​​ដោយ​មាន​ព្រឹត្តិការណ៍​កីឡា​រយៈពេល​មួយ​ខែ​នេះ​ជួយ​ផង​នោះ​​រដ្ឋាភិបាល​ប្រេស៊ីល​​រំពឹង​ថា ​នឹង​ទទួល​ទេសចរ​បរទេស​សរុប​ក្នុង​ឆ្នាំ​ ២០១៤ ​នេះ​ចំនួន ៧ ​លាន​នាក់ ​ខណៈ​ឆ្នាំ​មុន​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​ហ្សាំបា​​មាន​ ៥,៩ ​លាន​នាក់៕

ប្រភពសប្បាយ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម