សង្ឃអាល្លឺម៉ង់បួសនៅខ្មែរនិមន្ត៥ថ្ងៃពីភ្នំពេញដល់សៀមរាប បើកពេទ្យព្យាបាលជនក្រីក្រមិនយកប្រាក់
ជាជនជាតិអាល្លឺម៉ង់មហាអំណាចមួយ តេជគុណ Ingo Hoffmann បានសាងផ្នួសក្នុងពុទ្ធសាសនានៅកម្ពុជាកាលឆ្នាំទៅមិញ។ អ្វីដែលព្រះសង្ឃស្បែកសអង្គនេះទាញការចាប់អារម្មណ៍ខ្លាំង គឺលោកកំពុងដើរតួយ៉ាងសស្រាំបង្កើតមន្ទីរពេទ្យសប្បុរសធម៌សម្រាប់ជនក្រីក្រខ្មែរដ៏ថ្មីតូចមួយនៅឯខេត្តសៀមរាប។
ផ្ដល់សម្ភាសជាមួយ Sabay នៅវត្តឧណ្ណាលោម ព្រះសង្ឃអាល្លឺម៉ង់វ័យ៤៨វស្សា មានសង្ឃដីកាថាសាងផ្នួស មិនដើម្បីតែនៅក្នុងវិហារសូត្រធម៌ និងថ្លែងពាក្យអាណិតអាសូរទេ គឺត្រូវជួយសង្គ្រោះអ្នកដទៃតាមអាចទៅបាន។ ព្រះអង្គជារឿយៗតែងនិមន្តទៅកន្លែងជាច្រើននៅកម្ពុជាដោយថ្មើរជើង ព្រោះថាបើជិះយានជំនិះ ពិបាកនឹងឃើញស្ថានភាពគ្រប់បែបយ៉ាងរបស់ប្រជាជនណាស់។
កាលខែមករាឆ្នាំនេះ ព្រះអង្គបាននិមន្តទៅខេត្តសៀមរាប ពើបប្រទះគ្រូពេទ្យចំណាស់ម្នាក់ បើកកន្លែងព្យាបាលនៅសហគមន៍ដ៏ក្រីក្រមួយដោយយកថ្លៃឈ្នួលតិចតួច។ ”អាត្មាដើរ៥ថ្ងៃពី ភ្នំពេញ ដល់សៀមរាប ទៅជួបគាត់ព្យាបាលអ្នកជំងឺក្រីក្រ។ អ្នកជំងឺជាច្រើន ខ្វះថ្នាំសង្កូវ និងការព្យាបាល។ ពិតជាងឿងឆ្ងល់ខ្លាំងដែលគ្រូពេទ្យរូបនោះអាចធ្វើការងារនោះបានតាំងពីឆ្នាំ១៩៨១ ហើយ អាត្មាក៏សម្រេចចិត្តជួយព្យាបាលដល់ជនក្រីក្រជាមួយគាត់”។ តេជគុណ Ingo ដែលមានបទពិសោធន៍២៦ឆ្នាំជាអ្នកកាន់កាមេរ៉ាវីដេអូ (Camera Film) និងជាក្រុមការងារ Medical Care របស់អង្គការសហប្រជាជាតិផង រៀបរាប់។
ទើបតែពេលថ្មីៗគ្រូពេទ្យរូបនោះបានស្លាប់ ហើយក្រុមគ្រួសារគាត់ ថានឹងប្រគល់មន្ទីរពេទ្យដែលមានតែរោងឈើចាស់បាក់បែកតូចៗប៉ុន្មានរោង សម្រាប់អ្នកជំងឺសម្រាក ឲ្យព្រះអង្គ Ingo ធ្វើការងារមនុស្សធម៌ ព្យាបាលដល់ជនក្រីក្រនៅទីនោះបន្ត ក្នុងរយៈពេលវែងគួរសមមួយ។ ទោះគ្រូពេទ្យនោះស្លាប់តែអ្នកជំងឺដ៏ក្រខ្សត់នៅតែមករកការព្យាបាល ហើយក្ដីសង្ឃឹមរបស់ពួកគេនឹងចប់ បើព្រះអង្គមិនបន្តជួយទេ។
មន្ទីរពេទ្យលក្ខណៈគ្រួសារនោះ ពិបាកកន្លែងឲ្យអ្នកជំងឺសម្រាកណាស់ តែព្រះអង្គមានសង្ឍដីកា ថាព្រះអង្គមិនអាចស្វែងរកមូលនិធិសាងសង់អាគារមន្ទីរពេទ្យលើដីនោះបានទេ ព្រោះបើថ្ងៃណាមួយសាច់ញាតិពេទ្យ ដែលស្លាប់ប្រែចិត្តថាត្រូវការដីនោះវិញ អ្វីៗនឹងចប់មិនខាន។ ដូច្នេះការសំខាន់តេជគុណរំពឹងនឹងបានទីតាំងណាមួយរៀបចំ ជាជាងប្រថុយពង្រីកកន្លែងចាស់ដែលមានស្រាប់។
ប៉ុន្តែសំណាង ដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់សង្ឃអង្គនេះ អាជ្ញាធរទីនោះបានយល់ព្រមផ្ដល់ដីមួយកន្លែងដែលជាមណ្ឌល សុខភាពសហគមន៍ឲ្យព្រះអង្គរៀបចំការងារសង្គ្រោះអ្នកក្រីក្រ ទៅមុខទៀត នៅភូមិគោកឬស្សី ឃុំ ដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តែការឲ្យដីគ្រាន់តែថានឹងមាត់នៅឡើយ ហើយពេលបានការផ្ដល់ជូនជាឯកសារជាក់លាក់តេជគុណនឹង ស្វែងរកមូលនិធិសាងសង់អគារបន្ថែម ដែលអាចឲ្យប្រជាជនក្រលំបាកមកទទួលការព្យាបាលគ្រប់យ៉ាងដោយមិន អស់ប្រាក់កាក់។
សព្វថ្ងៃមន្ទីរពេទ្យនេះមានតែពេទ្យម្នាក់ សង្ឃខ្មែរមិត្តភ័ក្ដិព្រះអង្គ និងព្រះអង្គ Ingo ផ្ទាល់ដែលធ្លាប់មានបទពិសោធន៍ការងារព្យាបាល អាចចូលរួមសង្គ្រោះបាន ហើយ នឹងស្វែងវេជ្ជបណ្ឌិតថ្មីៗម្នាក់ទៀតទៅទីនោះ។ ការព្យាបាលគ្រប់យ៉ាងនឹងមិនគិតប្រាក់ទេសម្រាប់អ្នកក្រ តែយកឈ្នួលប្រជាជនធូរធារ។
ដោយឡែកជាទូទៅ នៅមន្ទីរពេទ្យចាស់បច្ចុប្បន្ននេះ មានប្រជាជនក្រលំបាកមករកការព្យាបាលជាប្រចាំ មិនដែលដាច់ទេ។ ព្រះអង្គ Ingo ដែលមានកន្លែងកំណើតនៅក្រុង Berlin បន្តសង្ឃដីកា៖ ””អាត្មាជាសង្ឃដ៏ក្រីក្រ តែទទួលបានការបរិច្ចាគថ្នាំពេទ្យ និងមូលនិធិពី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតលើពិភពលោក។ កម្ពុជាជាផ្ទះអាត្មាពេលនេះ អាត្មាមានមោទនភាពដែលក្លាយជាសង្ឃនៅទីនេះ។ អាត្មាស្រលាញ់ ស្នាមញញឹម និងការគោរពរបស់ប្រជាជនខ្មែរ ហើយអាត្មានឹងធ្វើការងារសម្រាប់ពួកគេ”។
វាគួរឲ្យងឿងឆ្ងល់ដែរ ដែលព្រះសង្ឃជនជាតិអាល្លឺម៉ង់អង្គនេះ ធ្លាប់ធ្វើការងារនៅរាប់សិបប្រទេស បែរជាជ្រើសរើសកម្ពុជាដើម្បីបួស និងថែមទាំងបើកមន្ទីរព្យាបាលជនក្រីក្រទៀត។ ប៉ុន្តែព្រះអង្គ Ingo ថ្លែងថា វាមានដំណើរវែងឆ្ងាយ ដែលជំរុញឲ្យព្រះអង្គឆ្ពោះចូលពុទ្ធចក្រ។
កាលឆ្នាំ២០០១ ព្រះអង្គជាក្រុមការងាររបស់ អង្គការសហប្រជាជតិ(UN) ចុះទៅ អាហ្វហ្គានីស្ថាន បានរងគ្រាប់ផ្ទុះធ្ងន់ធ្ងរ។ មនុស្សជុំវិញស្លាប់ស្ទើរគ្មានសល់ ឯព្រះអង្គសន្លប់៣ថ្ងៃ បើកភ្នែកឡើងនៅ អាល្លឺម៉ង់ ឯណោះ។ ព្រះអង្គ មានសង្ឃដីកាទៀត៖ “អាត្មាបាត់ដង្ហើម បានទៅឃើញអ្វីៗគ្រប់យ៉ាង។ ឃើញកម្មដែលធ្វើជាតិនេះ នឹងកើតមកវិញជាមួយវានៅជាតិក្រោយ។ តែការចាប់យកធម៌ដាក់ខ្លួន មិនមែននឹកឃើញធ្វើភ្លែតទេ គឺជាង១៣ឆ្នាំដែលអាត្មាគិតគ្រប់យ៉ាង មុនពេលសម្រេចចិត្តធ្វើជាសង្ឃសន្សំបុណ្យ ហើយអាត្មាមានគម្រោងការទៅមុខ ជាដំណាក់កាលៗ”។
ជីវិត៤៨ព្រះវស្សារបស់ព្រះអង្គធ្លាប់និមន្តទៅកាន់ប្រទេសជាច្រើន។ កម្ពុជា ជាប្រទេសទី៣៩ របស់ព្រះអង្គ ខណៈពីមុនព្រះអង្គធ្លាប់និមន្តមកលេងកម្ពុជាពីរបីដងរួចមកហើយ។ មុនមកកម្ពុជាកាល៣ឆ្នាំកន្លងទៅ តេជគុណចំណាយពេលនៅថៃ ៣ឆ្នាំ តែអ្វីៗរវាងថៃនិងទីនេះខុសគ្នាច្រើនណាស់។ ព្រះអង្គថាអ្វីៗនៅថៃវិវឌ្ឍលឿន ហើយការរាប់អានរបស់មនុស្សទីនោះ មិនល្អដូច ប្រជាជនកម្ពុជាឡើយ។
មិនត្រឹមប្រឹងប្រែងលើការបង្កើតមន្ទីរពេទ្យសប្បុរសធម៌ទេ លោកសង្ឃជនជាតិអាល្លឺម៉ង់អង្គនេះ ថានឹងណែនាំពលរដ្ឋសហគមន៍ឲ្យងាកទៅដាំរុក្ខជាតិនិងដំណាំមួយចំនួនដែលប្រើសម្រាប់ផលិតឱសថ ដើម្បីទទួលចំណូលខ្ពស់គេចពីក្រលំបាក។ ”អាត្មាមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតថ្នាំនៅក្រៅប្រទេស ហើយអាត្មានឹងណែនាំឲ្យប្រជាជនដាំដំណាំណាដែលគេត្រូវការព្រោះវាមានតម្លៃខ្ពស់។ ការជួយអ្នកដទៃគួរប្រកាន់ថា «បង្រៀនគេស្ទូចត្រី ជាជាងយកត្រីទៅឲ្យគេហូប»”៕
ប្រភព: Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!