អស្ចារ្យ! វិធីបំបាត់ភាពភ័យខ្លាចចែករំលែកដោយនិស្សិតឆ្នើមរបស់កម្ពុជា
ការប្រលងបានលងបន្លាចអារម្មណ៍អ្នកសិក្សាមួយចំនួនឲ្យខ្លាចរអា សូម្បីពេលខ្លះគ្រាន់តែលឺឈ្មោះវា ក៏ភ័យចង់ឈឺដែរ ទាំងដែលថ្ងៃឡើងជ្រុញនេះមិនទាន់បានមកដល់ផង។ បើអ្នកមានបញ្ហានេះ សូមឈប់បារម្ភទៅណា! ឥឡូវនេះ និស្សិតពូកែៗចំនួនបួនរូបបានមកចែករំលែកបទពិសោធន៍នេះតាមរយៈ Sabay អំពីការបំបាត់ភាពភ័យពេលប្រឡង ដូចខាងក្រោមនេះ៖
អ្នកដែលចូលមកចែករំលែកចំណេះដឹងដំបូងគេនេះ គឺកញ្ញា លាង សុវល័ក្ខ និស្សិតអាហារូបករណ៍ជំនាញសេដ្ឋកិច្ច នៃ University of Electronic Science and Technology of China ក្នុងប្រទេសចិន។ កញ្ញាថា ស្ទើរតែរាល់ដងពេលប្រលងកញ្ញាក៏ភ័យដែរ ប៉ុន្តែយុវតីរូបនេះមានតិចនិកខ្លះៗក្នុងការកាត់បន្ថយភាពភ័យខ្លាចពេលប្រលង។ តិចនិករបស់កញ្ញា គឺការរៀបចំអោយបានល្អមុនពេលប្រលង តែងធ្វើឲ្យកញ្ញាមានទំនុកចិត្តកាន់តែច្រើន ហើយប្រាប់ខ្លួនឯងថា នេះមិនមែនជាលើកចុងក្រោយសម្រាប់ការប្រលងទេ។ កញ្ញាគ្រាន់តែគិតថា បើកញ្ញាធ្លាក់ ដោយមិនទទួលបានលទ្ធផលល្អនៅពេលនេះ កញ្ញានឹងព្យាយាមនៅពេលក្រោយទៀត។ កញ្ញាថា ត្រូវប្រៀបធៀបខ្លួនឯងជាមួយនឹងមិត្តរួមថ្នាក់ ប្រសិនបើខ្លួនធ្វើវាអត់បាន ប្រហែលជាមិត្តភ័ក្ដិរបស់កញ្ញាមួយចំនួន ក៏ធ្វើវាអត់បានដែរ គឺមិនមែនតែកញ្ញាទេ។
រូបតំណាង
ចំណែកនិស្សិតអាហារូបករណ៍ សេន សុភ័ណ សិក្សាជំនាញឱសថសាស្ត្រនៃសាកលវិទ្យាល័យឱសថសាស្ត្រហាណូយ ប្រទេសវៀតណាម តែងព្យាយាមសិក្សាជាមុន បន្ទាប់ពីបានដឹងច្បាស់លាស់ពីកាលបរិច្ឆេទនៃការប្រលងហើយ។ សុភ័ណ ឲ្យយោបល់ថា អ្នកត្រូវត្រៀមឲ្យបានមុនជាច្រើនថ្ងៃ មិនត្រូវពន្យារពេលរហូតដល់កៀកថ្ងៃប្រលងពេកទេ។ មើលមេរៀន និងរំលឹកវារាល់ថ្ងៃ។ ប៉ុន្តែនៅមួយយប់មុនថ្ងៃប្រលង ត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ និងក្រោកឡើងដោយអារម្មណ៍ស្រស់ស្រាយ។ ពេលចូលដល់បន្ទប់ប្រលង ត្រូវមានទំនុកចិត្តលើខ្លួនឯង។
រីឯកញ្ញា ហ៊ីម លាងស៊ីម និស្សិតអាហារូបករណ៍ផ្នែកគណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងប្រទេសកម្ពុជា ផ្ដល់ជាគំនិតខ្លះៗថា អ្នកត្រូវគិតពីការចំណាយពេលសិក្សាអស់ជាច្រើនខែឆ្នាំមកនេះ នឹងត្រូវបង្ហាញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដូច្នេះអ្នកមិនត្រូវធ្វេសប្រហែសឡើយ។ នេះជាពេលវេលាដែលអ្នកត្រូវបញ្ចេញសមត្ថភាព។ ត្រូវតែចៀសវាងកំហុសធ្វេសប្រហែស និងមិនត្រូវភិតភ័យ ដែលបណ្ដាលមកពីការមិនទុកចិត្តលើខ្លួនឯង។ ទៅមណ្ឌលប្រលងឲ្យបានមុនម៉ោងដើម្បីបំបាត់ភាពភ័យខ្លាច សម្រួលអារម្មណ៍ និងត្រូវមានទំនុកចិត្ត ពេលចេញលេង បន្ទាប់ពីប្រលង គួរឆ្លៀតមើលមេរៀន និងព្យាយាមធ្វើឲ្យបានច្រើន។
សម្រាប់និស្សិតអាហារូបករណ៍ លឹម វុទ្ធី រៀនផ្នែកសំណង់ស៊ីវិលនៃសាកលវិទ្យាល័យ Nanyang Technological University ក្នុងប្រទេសសឹង្ហបុរី គិតថា បេក្ខជនប្រឡងត្រូវត្រៀមខ្លួនឲ្យបានល្អលើផ្នែកចំណេះដឹង សុខភាពរាងកាយ និងស្មារតី។
@ ការត្រៀមផ្នែកចំណេះដឹង៖ រៀនសូត្រឲ្យយល់ច្បាស់ នូវអ្វីដែលបានរៀន និងកត់ត្រា តែកុំភ្លេចអនុវត្ត។ ការអនុវត្តគឺជាវិធីដ៏ល្អព្រោះអ្នកអាចប្រើប្រាស់នូវអ្វីដែលអ្នកធ្លាប់យល់ទាំងប៉ុន្មាន ជាជំនួយក្នុងការចងចាំ។ ការយល់តែម៉្យាងមិនគ្រប់គ្រាន់ទេ អ្នកត្រូវរិះរកមធ្យោបាយយ៉ាងណាក្នុងការចងចាំបានល្អ។
@ ផ្នែកសុខភាពរាងកាយ៖ គេងឲ្យបានគ្រប់គ្រាន់ ទទួលទានឲ្យបានគ្រប់គ្រាន់ និងចៀសវាងឈឺមុនថ្ងៃប្រលងមកដល់។
@ ផ្នែកស្មារតី៖ ជាផ្នែកដែលសំខាន់ជាងគេ។ បង្កើតកាលវិភាគសិក្សាអប់រំសម្រាប់ខ្លួនឯងដោយភ្ជាប់ជាមួយពេលសម្រាកឲ្យសមស្រប។ ចេះលើកទឹកចិត្តខ្លួនឯង កុំខ្ជិលច្រអូសមិនចង់រៀន ដោយប្រើពាក្យល្អៗដូចជា ខ្ញុំធ្វើបាន ព្រមទាំងផ្លាស់ប្ដូរទស្សនៈពីការរៀនដើម្បីតែប្រលងទៅជាការរៀនដើម្បីយល់ដឹង ដោយស្វែងយល់នូវអត្ថប្រយោជន៍នៃមុខវិជ្ជា ត្រូវសួរខ្លួនឯងថាតើនឹងទទួលបានប្រយោជន៍អ្វីនៅពេលអ្នកចេះចាំយល់ច្បាស់នូវមុខវិជ្ជានោះ។ អ្នកត្រូវតែស្ងប់ស្ញែងនូវការខំប្រឹងរបស់ខ្លួន និងជឿលើខ្លួនឯង។
វុទ្ធីបន្តថា ទោះបីក្នុងករណីខ្លះ ដោយសារតែពេលវេលាមានកំណត់ អ្នកពុំអាចរំលឹកមេរៀនឲ្យគ្រប់ជ្រុងជ្រោយក៏ដោយ ក៏អ្នកត្រូវយកសមត្ថភាពចេះចាំទាំងអំបាលម៉ានមកប្រើប្រាស់ឲ្យអស់ ដើម្បីទទួលបានលទ្ធផលល្អ
from : sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!