មហា​ចម្លែក! និស្សិត​ខ្មែរ​ដំបូង​គេ​រៀន​ក្នុង​សាលា​និយាយ​​​ស្ដាប់​គ្នា​​មិន​យល់​សោះ​ បាន​ពិន្ទុ​​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ​

 
 


ការ​រៀន​ និង​ការ​បង្រៀន​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន​ លុះ​ត្រា​តែ​សិស្ស​ និង​គ្រូ​ស្ដាប់​គ្នា​យល់​ដែរ។ ​ចម្លែក​អី​តែ​និស្សិត​ខ្មែរ​មួយ​រូប​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​​សាកល​វិទ្យាល័យ​មួយ​ ក្នុង​ប្រទេស​មួយ​​​នៃ​​សហគមន៍​អឺរ៉ុប​ អត់​ចេះ​និយាយ​ភាសា​​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ថ្នាក់​រៀន​នោះ​សោះ​ ប៉ុន្តែ​អាច​រក​ពិន្ទុ​បាន​ប្រហាក់​ប្រហែល​និទ្ទេស​ A ​ឯណោះ។

និស្សិត​ខ្មែរ​រូប​នោះ​គឺយុវជន​ សឿន វឌ្ឍនា​ អាយុ​២៨​​ឆ្នាំ ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ Lucian Blaga University of Sibiu​ ក្នុង​ប្រទេស​រូម៉ានី​ ក្នុង​​ឆ្នាំ​២០០៩​ លើ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​​ទំនាក់​ទំនង។

​សឿន វឌ្ឍនា (ឆ្វេង)

និស្សិត​ខ្មែរ​រូប​នេះ​ថា៖ “នៅ​ពេល​ដែល​ខ្ញុំ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ហ្នឹង​ គេ​ដឹង​ហើយ​ថា​ ខ្ញុំ​ចេះ​តែ​ភាសា​អង់គ្លេស​ អត់​ចេះ​ភាសា​រូម៉ានី​ទេ​ ប៉ុន្តែ​គេ​នៅ​តែ​ជ្រើស​រើស​យក​យើង​ទៀត”។

វឌ្ឍនា​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​នោះ​ជាមួយ​នឹង​និស្សិត​ខ្មែរ​៤​រូប​ និង​សាស្ត្រាចារ្យ​មួយ​រូប​ផ្សេង​ទៀត​ ប៉ុន្តែ​អ្នក​ទាំង​នោះ​គ្រាន់​តែ​ទៅ​សិក្សា​នៅ​ប្រទេស​នេះ​ជា​លក្ខណៈ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រយៈ​ពេល​​ខ្លីៗ​​​តែ​ប៉ុណ្ណោះ​ ផ្ទុយ​ពី​ខ្លួន​ដែល​ត្រូវ​រៀន​យក​​​បរិញ្ញាបត្រ​រយៈពេល​៣​ឆ្នាំ​ឯណោះ (ប្រព័ន្ធ​អប់រំ​របស់​រូម៉ានី​)។ ​

ទៅ​ដល់​សាកល​វិទ្យាល័យ​នោះ​​​ និស្សិត​ខ្មែរ​រូប​នេះ​ត្រូវ​រៀន​ជាមួយ​នឹង​និស្សិត​ ភាគ​ច្រើន​ជា​ជន​ជាតិ​រូម៉ានី​តែ​ម្ដង ​ក្នុង​ថ្នាក់​រៀន​ដែល​ប្រើ​ភាសា​រូម៉ានី​សុទ្ធសាធ​ ហើយ​ខ្លួន​ពុំ​បាន​រៀន​ភាសា​រូម៉ានី​​​នេះ​ត្រៀម​សូម្បី​​តែ​បន្តិច។ ដូច្នេះ​បញ្ហា​រនាំង​នៃ​ភាសា​បាន​កើត​មាន​ឡើង។

និស្សិត​ខ្មែរ​រូប​បន្ត​ថា៖ “នៅ​ក្នុង​ថ្នាក់​រៀន​ ខ្ញុំ​អត់​អាច​មាន​អន្តរកម្ម​ជាមួយ​សាស្ត្រាចារ្យ​ ឬ​និស្សិត​ផ្សេង​ៗ​កើត​ទេ​ ពី​ព្រោះ​គេ​ប្រើ​ភាសា​រូម៉ានី​សុទ្ធ​ អត់​មាន​ប្រើ​ភាសា​អង់គ្លេស​ទេ។ ចំណែក​ខ្ញុំ​ចេះ​តែ​ភាសា​អង់គ្លេស​ ដូច្នេះ​ខ្ញុំ​អត់​យល់​តែ​ម្ដង”។

ទាំង​មិត្ត​រួម​ថ្នាក់​ទាំង​សាស្ត្រាចារ្យ​ក៏​សុទ្ធ​តែ​ដឹង​​ថា​ វឌ្ឍនា​មិន​អាច​យល់​ជា​ភាសា​រូម៉ានី​បាន​ដែរ​​ ដូច្នេះ​និស្សិត​ផ្សេង​ៗ​តែង​ជួយ​ដល់​យុវជន​រូប​នេះ​ក្នុង​ការ​បក​​​ប្រែ​​តិច​តួច។ ចំណែក​សាស្ត្រាចារ្យ​វិញ​ក៏​តែង​ស្វែង​រក​ឯកសារ​ជា​ភាសា​អង់គ្លេស​ខ្លះ​ៗ​ឲ្យ​និស្សិត​ខ្មែរ​រូប​នេះ​បាន​សិក្សា​ស្វែង​យល់​ដែរ។ បើ​សាស្ត្រាចារ្យ​ណា​​អាច​និយាយ​​​​ភាសា​​អង់គ្លេស​​បាន​ ពួក​គាត់​នឹង​ខំ​ព្យាយាម​និយាយ​ជា​ភាសា​អង់គ្លេស​ជាមួយ​យុវជន​រូប​នេះ។

វឌ្ឍនា​បន្ត​ថា៖ “គ្រូ​ភាគ​ច្រើន​មិន​ចេះ​ភាសា​អង់គ្លេស​ទេ​ តែ​គាត់​ចេះ​ភាសា​បារាំង​ ឬ​ភាសា​អាល្លឺម៉ង់​ទៅ​វិញ​ ដែល​នៅ​តែ​ជា​បញ្ហា​សម្រាប់​ខ្ញុំ។ ខ្ញុំ​គិត​ថា​ គ្រូ​មាន​ការ​អនុគ្រោះ​ច្រើន​ដល់​ខ្ញុំ រហូត​ដល់​​មិត្តភ័ក្ដិ​រួម​ថ្នាក់​មួយ​ចំនួន​និយាយ​បែប​លេង​សើច​ថា​ វឌ្ឍនា ​អឺយ!​ មិន​បាច់​ខំ​រៀន​អី​ណាស់​ណា​ទេ​ គង់​តែ​បាន​ពិន្ទុ​ល្អ​​​!”។

ថ្វីត្បិត​មាន​ការ​អនុគ្រោះច្រើន​​ពី​សាស្ត្រាចារ្យ​ក្ដី​ យុវជន​រូប​នេះ​​មិន​បង្អង់​ដៃ​ឡើយ។ គេ​ត្រូវ​សិក្សា​ដោយ​ខ្លួន​ឯង​ ភាគ​ច្រើន​តាម​​អ៊ីនធឺណិត​ ឬ​ទៅ​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ​រក​ឯកសារ​ជា​ភាសា​អង់គ្លេស។ ពេល​វិស្សមកាល​ម្ដង​ៗ​ គេ​បាន​ស្វះស្វែង​រក​រៀន​វគ្គ​ខ្លី​ៗ​ណា ​ដែល​ទាក់​ទង​នឹង​ជំនាញ​របស់​ខ្លួន​ ដូច​ជា​ទៅ​រៀន​នៅ​សាធារណរដ្ឋឆេក​ ឬ​បើ​មិន​អីចឹង​ទេ​ ​មក​ប្រទេស​កម្ពុជា​វិញ​​ចូល​រៀន​វគ្គ​ខ្លី​ៗ​ទាក់​ទង​នឹង​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទំនាក់​ទំនង​នេះ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

យុវជន​ខ្មែរ​រូប​នេះ​បន្ត​ថា៖ “ទោះ​បី​មិន​អាច​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​សាស្ត្រាចារ្យ​​ក្នុង​ថ្នាក់​កើត​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​លំហាត់​ និង​ការងារ​សាលា​មិន​លើក​លែង​ទេ។ រាល់​លំហាត់​ ឬ​ការ​ប្រឡង​ផ្សេង​ៗ​ ខ្ញុំ​ត្រូវ​សរសេរ​ជា​ភាសា​​អង់គ្លេស​ទាំង​អស់។ សាស្ត្រាចារ្យ​ដែល​មិន​ចេះ​ភាសា​អង់គ្លេស​ នឹង​យក​ការងារ​របស់​ខ្ញុំ​​ទៅ​ឲ្យ​ជំនួយ​ការ​គ្រូ​ ដែល​ចេះ​ភាសា​អង់គ្លេស​ជួយ​បក​ប្រែ”។

៣​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ យុវជន​​កម្ពុជា​​ ដែល​បាន​បង្កើត​មិត្តភ័ក្ដិ​ជា​ច្រើន​ជាមួយ​និស្សិត​រូម៉ានី​ ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​ផ្សេង​ៗ​ស្ញប់ស្ញែង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា​របស់​ខ្លួន​​ ជា​ពិសេស​រាល់​កិច្ច​ការ​សាលា​ លំហាត់​ ឬ​សារណា​ គេ​អាច​ធ្វើ​បាន​ល្អ​ទាំង​អស់​ ដែល​អាច​បន្ទន់​ចិត្ត​ដល់​សាស្ត្រាចារ្យ​ទាំង​នោះ​មិន​អាច​មិន​ឲ្យ​​ពិន្ទុ​ល្អ​​ដល់​រូប​គេ​មិន​បាន។ ជា​លទ្ធផល​ និស្សិត​ខ្មែរ​រូប​នេះ​ទទួល​បាន​ពិន្ទុ​​លើស​ពី​៩០​ភាគ​រយ​ ប្រហាក់ប្រហែល​​និទ្ទេស​ A​ ឯណោះ។

“និយាយ​ឲ្យ​ត្រង់​ទៅ​ បើ​រៀន​ពី​ក្នុង​ថ្នាក់​ គឺ​ខ្ញុំ​រៀន​អត់​បាន​ច្រើន​ទេ។ ភាគ​ច្រើន​ខ្ញុំ​រៀន​ដោយ​ខ្លួន​ឯង​ ឬ​វគ្គ​ខ្លីៗ​ដែល​ខ្ញុំ​សង្វាត​រក​សិក្សា​ពី​​ខាង​ក្រៅ។ ប៉ុន្តែ​នៅ​រូម៉ានី​ អ្វី​ដែល​ខ្ញុំ​រៀន​បាន​ច្រើន​ គឺ​ពី​បទ​ពិសោធន៍​នៃ​ជីវិត​នៅ​ទី​នោះ”។ វឌ្ឍនា​រៀប​រាប់​បន្ថែម​យ៉ាង​ដូចនេះ។

នៅ​ចុង​ខែ​កក្កដា ​ឆ្នាំ​២០១២​ វឌ្ឍនា​ បាន​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ​ ជាមួយ​នឹង​សញ្ញាប័ត្រ​មួយ​សន្លឹក។ ប៉ុន្តែ​សឹង​មិន​ដល់​មួយ​ខែ​ស្រួល​បួល​ផង​ គឺ​នៅ​ដើម​ខែ​សីហា​ ក្នុង​ឆ្នាំ​ដដែល​ យុវជន​រូប​នេះ​រក​បាន​ការងារ​ដ៏​ល្អ​មួយ​ធ្វើ​ នោះ​គឺ​ការងារជា​​ Script & Copy Writer ​(អ្នក​និពន្ធ)​ ឲ្យ​ភ្នាក់ងារ​ Aplus Asia Network​ រយៈពេល​៦​ខែ​ ពេល​ក្រុម​ហ៊ុន​នេះ​ផលិត​រឿង​ “Have You Ever Love Me?”​ សម្ដែង​ដោយ​តារា​ចម្រៀង​កំពូល​របស់​កម្ពុជា​ គឺ​លោក​ ព្រាប​ សុវត្ថិ។ បន្ទាប់​ពី​ការងារ​នោះ​មក​ យុវជន​រូប​នេះ​បាន​ការងារ​ថ្មី​មួយ​ទៀត​ជា​ Copy Writer​ ដដែល​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ AMK​ រយៈពេល​៦​ខែ​ដែរ។

ក្រោយ​ពី​ចប់​ការងារ​នោះ​ វឌ្ឍនា​​បាន​បម្រើ​ការងារ​ថ្មី​មួយ​ទៀត​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ (RFI)​ រយៈពេល​៣​ខែ​ ហើយ​ក៏​បន្ត​ចាប់​យក​​ការងារ​​ថ្មី​ជា​ Script Writer ​នៅ​ក្រុម​ហ៊ុន​ Riverkids​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

វឌ្ឍនា​និយាយ​ថា៖ “ខ្ញុំ​អត់​មាន​ការ​សោក​ស្ដាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​នោះ​ទេ​ ពី​ព្រោះ​​​ដូចជា​មាន​​អ្វី​មួយ​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​ធ្វើ​អីចឹង។ បើ​ខ្ញុំ​មិន​ទៅ​រូម៉ានី​​ មិន​ដឹង​ថា​ខ្ញុំ​អាច​រៀន​ចប់​បរិញ្ញាបត្រ​​អត់។ ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​ក៏​មិន​ណែនាំ​ឲ្យ​យុវជន​ខ្មែរ​ណា​ជ្រើស​រើស​ផ្លូវ​ដូច​ខ្ញុំ​ដែរ​ អត់​ចេះ​ភាសា​ប្រើប្រាស់​ក្នុង​សាលា​នោះ​សោះ​ ទៅ​រៀន​ក្នុង​សាកល​វិទ្យាល័យ​​ប្រទេស​នោះ។ ចំណែក​សាលា​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អន្តរជាតិ​​ទៅ​រៀន​ ក៏​ត្រូវ​គិត​អី​បញ្ហា​នេះ​ដែរ​ ព្រោះ​អាច​​នាំ​ឲ្យ​បរាជ័យ​ទាំង​សិស្ស​ និង​សាលា​ខ្លួន​ឯង!”៕


ប្រភព​​​​​​​ពី sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម