តារា​ចម្រៀង​ ជុន​ សុធី​ ក្លាយ​ជា​អ្នក​ដឹក​នាំ​អ្នក​សិល្បៈ​ទៅ​សម្តែង​នៅ​បរទេស

 
 

រាជធានីភ្នំពេញ​ ៖ លោក​ជុន​ សុធី​ ជា​តារា​ចម្រៀង​តែង​តែ​មាន​ឱកាស​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​របស់​ទូរ​ទស្សន៍​ជា​ញឹក​ញាប់​ ព្រម​ទាំង​មាន​ឱកាស​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ជា​ រឿយៗ​ ។​ ជោគ​ជ័យ​លើ​អាជីព​សិល្បៈ​ តែ​លោក​សុធី​ មិន​ជោគ​ជ័យ​លើជីវិត​ស្នេហា​ទេ​ ។ ចូល​វ័យ​កណ្តាល​ លោក​សុធី​ ជំពប់​រឿង​ស្នេហា​បែក​បាក់​ ចំបែង​ចិត្ត​ដល់​ទៅ​២​លើក​ ។​ មេរៀន​ព្រាត់​ស្នេហ៍​ដល់​ទៅ​២​លើក​នោះ​ នៅ​មិន​ទាន់​ធ្វើ​ឱ្យ​លោក​សុធី​ រាង​ចាល​ឡើយ​ ដោយ​លោក​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​ ថ្ងៃ​ណា​មួយ​នឹង​រក​បាន​គូ​គាប់​លុះ​អវ​សាន​ជីវិត​មិន​ខាន។​

លោក​ជុន​ សុធី​ ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​អ្នក​ក្នុង​សង្គម​សិល្បៈ​ជា​ច្រើន​ស្រឡាញ់​រាប់​អាន​ មិន​ថា​តារា​ថ្មី​ ឬ​តារា​ចាស់​ទេ​ ។​ ក្រៅ​ពី​ជា​តារា​ចម្រៀង​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​ លោក​ក៏​ជា​អ្នក​រៀប​ចំ​ឱ្យ​អ្នក​សិល្បៈ​មាន​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ ពិសេស​ឱកាស​ទៅ​សម្តែង​នៅ​ដែន​កោះ​អូស្ត្រាលី​ ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ មិន​សូវ​ឃើញ​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ដោយ​សារ​តែ​លោក​សុធី​ រវល់​ចាត់​ចែង​កម្ម​វិធី​ដឹក​នាំ​តារា​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន​ខែ​មក​ហើយ​ ។​ លោក​សុធី​ មិន​ប្រកាន់​ថា​តារា​ល្បី​មាន​ឈ្មោះ​លំដាប់​ប្រទេស​ ឬ​តារា​ថ្មី​ទេ​ គឺ​លោក​តែង​តែ​ផ្តល់​ឱកាស​បាន​ទៅ​ច្រៀង​រក​ប្រាក់​កម្រៃ​នៅ​បរទេស​ សំខាន់​ឱ្យ​តែ​អ្នក​មាន​ទេព​កោសល្យ​ និង​ច្រៀង​ពីរោះ​ គឺ​លោក​នឹង​ផ្តល់​ឱកាស​ ។​

បើ​តាម​ប្រភព​អ្នក​សិល្បៈ​នៅ​កៀក​កិត​តារា​ចម្រៀង​ប្រុស​រូប​នេះ​ ឱ្យ​ដឹង​ថា​ លោក​សុធី​ ហាក់​មិន​សូវ​មាន​សំណាង​ល្អ​ក្នុង​រឿង​ស្នេហា​ទេ​ ។​ កាល​ពី​ជួប​ស្នេហា​លើក​ទី​១​ ជាមួយ​នារី​នៅ​ប្រទេស​អូស្ត្រាលី​ លោក​សុធី​ បាន​ភ្ជាប់​ពាក្យ​ និង​រង់​ចាំ​តែ​ថ្ងៃ​រៀប​ការ​ តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ បែរ​ទៅ​ជា​ជូរ​ចត់​ ឈាន​ដល់​បែក​បាក់​ផ្តាច់​ពាក្យ​គ្នា​ទៅ​វិញ​ ។​ ក្រោយ​មក​តារា​ចម្រៀង​រូប​នេះ​ជំពប់​ស្នេហ៍​ជាមួយ​នារី​ម្នាក់​នៅ​ក្នុង​ស្រុក​ ជា​អ្នក​រៀប​ចំ​ពី​របៀប​បដិសណ្ឋារ​កិច្ច​ភ្ញៀវ​នៅ​សណ្ឋា​គារ​ ដោយ​បាន​រៀប​ការ​នា​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០១៣​ ។​ ជីវិត​អាពាហ៍​ពិពាហ៍​នេះ​បាន​បែក​បាក់​លែង​លះ​គ្នា​វិញ​ដោយ​ស្រប​ច្បាប់​ បន្ទាប់​ពី​រស់​នៅ​ជុំ​គ្នា​បាន​១១​ខែ​ ។​

លោក​ជុន​ សុធី​ ពេល​បង្ហាញ​មុខ​នៅ​ក្នុង​កម្ម​វិធី​សម្តែង​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឱ្យ​ទូរ​ទស្សន៍​សុីធីអិន​ កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ ឆ្នាំ​២០១៤​ ធ្វើ​ឱ្យ​អ្នក​សិល្បៈ​ភ្ញាក់​ផ្អើល​សួរ​នាំ​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​លោក​ ។​ ចំណែក​អ្នក​សារ​ព័ត៌​មាន​បាន​នាំ​គ្នា​ទៅ​សួរ​នាំ​ និង​ចង់​ដឹង​ពី​រឿង​រ៉ាវ​កន្លង​មក​ ពិសេស​ចង់​ឱ្យ​លោក​បក​ស្រាយ​រឿង​ស្នេហា​ដែល​មិន​សម​ប្រកប​ម្តង​ហើយ​ម្តង​ទៀត​នោះ។​ លោក​ជុន​ សុធី​ បាន​បក​ស្រាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ថា​ លោក​ដឹក​នាំ​តារា​ថ្មី​ចាស់​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០០៥​មក​ ព្រោះ​ស្គាល់​អ្នក​នៅ​ទីនោះ​ទុក​ចិត្ត​ឱ្យ​លោក​ធ្វើ​ការ​ងារ​នេះ​ ។​ ការ​ងារ​របស់​លោក​តែង​តែ​ជោគ​ជ័យ​មិន​មាន​បញ្ហា​ទេ​ ទើប​គេ​ផ្តល់​ឱកាស​ឱ្យ​លោក​ដឹក​នាំ​តារា​ពី​ស្រុក​ខ្មែរ​ទៅ​សម្តែង​នៅ​បរទេស​ ។​ ក្នុង​ឆ្នាំ​នេះ​លោក​បាន​នាំ​តារា​ចម្រៀង​ តារា​សម្តែង​ទៅ​សម្តែង​ដូច​ជា​នាង​លីលី​ អ្នក​នាង​សំ​ ប៉ូលីដា​​ នាយ​ក្រិន​ ព្រម​ទាំង​តារា​ថ្មី​មួយ​ដួង​ទៀត​ ។​ ជា​ទូទៅ​លោក​នាំ​យក​តារា​ថ្មី​ទៅ​សម្តែង​ដើម្បី​ឱ្យ​មាន​ឱកាស​បញ្ចេញ​ទេព​កោសល្យ​ និង​រក​ប្រាក់​កម្រៃ​។​

លោក​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក​ ដោយ​សារ​ជាប់​រវល់​ទៅ​ប្រទេស​អូស្ត្រាលី​ ទើប​តែ​ត្រឡប់​មក​វិញ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ ។​ លោក​មិន​ដាច់​ចិត្ត​បោះ​បង់​ចោល​អាជីព​សិល្បៈ​ឡើយ​ ។​ ចំពោះ​រឿង​ស្នេហា​លោក​សុធី​ ដែល​ក្រៅ​ពី​អាជីព​សិល្បៈ​ ក៏​ជា​យោធា​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ផង​នោះ​ ឱ្យ​ដឹង​ថា​ ទោះ​បី​លោក​បែក​បាក់​ស្នេហា​ពីរ​លើក​មក​ហើយ​ក្តី​ ប៉ុន្តែ​លោក​នៅ​តែ​រំពឹង​ថា​ នឹង​ស្វែង​រក​បាន​នារី​ល្អ​ម្នាក់​ធ្វើ​ជា​គូ​អនា​គត​ ៕​ By: Koh Santipheap Daily



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម