សង្ខេបព័ត៌មាន នៃការវិវឌ្ឍន៍នយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ
រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖
សមត្ថកិច្ច ឃាត់អ្នកកាសែត និងសាធារណជនមិនឲ្យទៅតាមគណៈប្រតិភូពិនិត្យព្រំដែន
សមត្ថកិច្ចខេត្តស្វាយរៀង មិនអនុញ្ញាតឲ្យសាធារណជន និងអ្នកសារព័ត៌មានទៅតាមគណៈប្រតិភូកម្ពុជានៃគណៈកម្មការដោះស្រាយព្រំដែនកម្ពុជាវៀតណាម ដែលចុះទៅពិនិត្យទីតាំងព្រំដែន ដែលមានហិង្សាកាលពីចុងខែមិថុនា។ នៅព្រឹកថ្ងៃទី១៦ កក្កដា គណៈកម្មការដោះស្រាយព្រំដែនកម្ពុជាវៀតណាម ដឹកនាំដោយ រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ និងក្រុមការងារថ្នាក់ជាតិប្រមាណ១០រថយន្ត ចុះទៅពិនិត្យស្ថានភាពត្រង់បង្គោលព្រំដែនលេខ ២០៣ ក្នុងភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ដែលមានហិង្សាបង្កឲ្យមានរបួសទាំងសងខាង។ ការចុះពិនិត្យមើលព្រំដែននេះ ធ្វើឡើងបន្ទាប់ភាគីកម្ពុជា-វៀតណាម បង្កើតគណៈកម្មការមួយដើម្បីដោះស្រាយ បញ្ហាហិង្សារវាងពលរដ្ឋទាំងសងខាង នៅក្រោយពេលបក្សប្រឆាំងដឹកនាំយុវជនចុះពិនិត្យបង្គោលព្រំដែននោះ ដោយគេសង្ស័យថា វៀតណាមរំកិលចូលដីខ្មែរប្រមាណ ១០គីឡូម៉ែត្រពីបង្គោលចាស់។ ប្រភព៖ RFA
កម្ពុជាស្នើសុំផែនទីពី បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស
ភ្នំពេញៈ លិខិតចុះថ្ងៃទី ១៥ កក្កដារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរទៅកាន់ប្រធានាធិបតីលោក Francios Hollande នៃប្រទេសបារាំងដោយសារប្រទេសមួយនេះជា «អ្នកផលិតនូវផែនទីបោនខ្នាត ១ លើ ១០០០០០ » ទាក់ទងនឹងព្រំដែនគោក រវាងប្រទេសជិតខាង ជាពិសេសវៀតណាម។ លោកសរសេរថា៖ «ការស្នើសុំខាងលើនេះគឺដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល និងក្នុងគោលបំណង បញ្ជាក់ពីភាពហ្មត់ចត់ និងភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការរៀបចំ និងអនុវត្តការងាររបស់ខ្លួនក្នុងការកំណត់ និងការបោះបង្គោលព្រំដែន» រវាងកម្ពុជា និងប្រទេសជិតខាង។ ចំពោះលិខិតផ្ញើជូនលោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក កម្ពុជាចង់ឲ្យអាមេរិកផ្តល់នូវអ្នកឯកទេស ខាងផែនទីមួយក្រុម មកធ្វើការផ្ទៀងផ្ទាត់ ជាមួយផែនទីដែលកម្ពុជាមានបោះពុម្ព ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដើម្បីអនុវត្តការងារបោះបង្គោលព្រំដែនជាមួយវៀតណាម។ ចំពោះលិខិតផ្ញើជូនលោក David Cameron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ក៏ដូចគ្នាដែរគឺលោក ហ៊ុន សែន ស្នើសុំផែនទី និងអ្នកឯកទេសផែនទី ដើម្បីជួយធ្វើការផ្ទៀងផ្ទាត់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ទូតអាមេរិកថាមិនបានឃើញលិខិតលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានថ្មីៗថា ស្ថានទូតមិនបានឃើញលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើសុំខ្ចីផែនទីកម្ពុជាវៀតណាម ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Courtney Woods បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមរយៈអ៊ីមែលនៅរសៀលថ្ងៃទី១៦កក្កដានេះយ៉ាងដូច្នេះថា៖«យើងមិនបានទទួលលិខិតរបស់លោកនាយករដ្ឋមន្ត្រី ឬការអត្ថាធិប្បាយពីវ៉ាស៊ីនតោនទាក់ទងនឹងខ្លឹមសារនៃលិខិតនោះឡើយ»។ ផ្ទុយពីស្ថានទូតអាមេរិក មន្ត្រីស្ថានទូតបារាំង និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា សុទ្ធតែអះអាងថា ពួកគេបានទទួលលិខិត របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហើយពួកគេកំពុងរៀបចំ ផ្ញើលិខិតនេះ បន្តទៅរដ្ឋាភិបាលរបស់ពួកគេដែរ។ បន្ទាប់ពីមិនបានទទួលចម្លើយជាវិជ្ជមានពីអង្គការសហប្រជាជាតិ ទាក់ទងនឹងការស្នើសុំខ្ចីផែនទីកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសរសេរលិខិតចំនួន៣ទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ទៅលោកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត ខេមេរ៉ុន ដើម្បីស្នើសុំខ្ចីផែនទីអន្តរជាតិរបស់កម្ពុជា ដែលកម្ពុជាជឿជាក់ថាពួកគេនៅមាន ដើម្បីយកផែនទីទាំងនោះមកផ្ទៀងផ្ទាត់ ជាមួយផែនទីដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់សព្វថ្ងៃ។ គោលដៅគឺដើម្បីដោះស្រាយទំនាស់បន្ទាត់ព្រំដែនជាមួយវៀតណាម៕ ប្រភព៖ ថ្មីៗ
បើបានផែនទីពីមហាអំណាច លោក ហ៊ុន សែន បើកឲ្យបក្សប្រឆាំង និងNGOs ពិនិត្យមើលទំាងអស់គ្នា
ក្រោយពីសរសេរលិខិតស្នើសុំផែនទីពីប្រទេសមហាអំណាចពិភពលោក មានអាមេរិក បារាំង និងអង់គ្លេស ជាដើម ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអះអាងថា ប្រសិនបើរដ្ឋាភិបាលរបស់លោកទទួលបានផែនទីពីប្រទេសទាំងនោះ លោកនឹងបើកឲ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលទាំងអស់ពិនិត្យផ្ទៀងផ្ទាត់ទាំងអស់គ្នាជាមួយផែនទីរដ្ឋាភិបាលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី បន្ថែមទៀតថា ការបើកឲ្យពិនិត្យរួមគ្នា ដើម្បីស្វែងរកការពិត និងជម្រះមន្ទិលដែលតំណាងរាស្រ្តបក្សសង្គ្រោះជាតិចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ផែនទីក្លែងក្លាយនាពេលកន្លងមក។ ប្រភព៖ ថ្មីៗ
លោក សម រង្ស៊ី ថាវប្បធម៌សន្ទនា នឹងធានាការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងដោយសន្តិវិធី
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធនេះបានលើកឡើង ថាវប្បធម៌សន្ទនា នឹងធានា ឲ្យមានសន្តិភាព សន្តិសុខ ជាមួយការផ្លាស់ប្តូរមួយតាមបែប ប្រជាធិបតេយ្យ និងដោយសន្តិវិធី។ លោក សម រង្ស៊ី បញ្ជាក់ទៀតថាវប្បធម៌សន្ទនានឹងធានាសន្តិភាព និងសន្តិសុខ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងនៅពេលអនាគត ដោយមិនគិតថាតើបក្សណា នឹងឈ្នះការបោះឆ្នោត ក៏ដោយ។ លោកមានប្រសាសន៍ថា៖ «ការប្រកាន់ខ្ជាប់វប្បធម៌សន្ទនា គឺជាមធ្យោបាយតែមួយគត់ ក្នុងការធានា ឲ្យមានការផ្លាស់ប្តូរ ក្នុងរបបប្រជាធិបតេយ្យមួយ ដោយសន្តិវិធីសម្រាប់កម្ពុជា»។ ប្រភព៖ VOD
បក្សប្រឆាំងអះអាងថា បើឈ្នះឆ្នោតនៅអាណត្តិក្រោយ នឹងដកដីបឹងកក់ និងបុរីកីឡាឲ្យសហគមន៍វិញ
មេបក្សប្រឆាំងលោក សម រង្ស៊ី អះអាងប្រាប់ អ្នកមានជម្លោះដីធ្លីថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នៅអាណត្តិក្រោយនេះ លោកនឹងបញ្ឃប់គម្រោការអភិវឌ្ឍន៍ នៅតំបន់បឹងកក់ បុរីកីឡា និងសហគមន៍មួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ឲ្យទៅប្រជាពលរដ្ឋវិញ។ ការអះអាងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីធ្វើឡើងក្នុងសន្នីសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលរបស់បក្សនេះ ក្នុងសង្កាត់ចាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដានេះ។ ប្រភព៖ VOD
លោក កឹម សុខា៖ អ្នកនយោបាយមានជំងឺតួឯកនាំស្រុកធ្លាក់ទឹក
ភ្នំពេញ: ក្រោយពីស្ងាត់មួយរយៈលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានដាស់តឿនអ្នកនយោបាយខ្មែរឲ្យឈប់ផ្តេកផ្តួលទៅលើបុគ្គលនិយមដែលបាននាំប្រទេសកម្ពុជាឲ្យធ្លាក់ដុនដាបដូចកាលពីពេលកន្លងមក។ ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅក្នុងពិធីជួបជុំគ្នាមួយក្នុងទីក្រុងប៉ារីសប្រទេសបារាំង លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភាជាតិ មើលឃើញថាការជឿទុកចិត្តទៅលើបុគ្គលពីរបីនាក់ជាគ្រោះថ្នាក់មួយដល់សង្គមកម្ពុជា។ ប្រភព៖ VOA
លោក សុន ឆ័យ មិនអាចទទួលយកការបកស្រាយរបស់លោក សុខ អាន
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ កាលពីថ្ងៃទី១៥ កក្កដា អះអាងថា លោកមិនអាចទទួលយកការឆ្លើយតបរបស់លោក សុខ អាន លើកិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះបានទេ។ លោកបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មិនបានបង្ហាញឯកសារនានា ពាក់ព័ន្ធនឹងកិច្ចសន្យារវាងរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនបារាំង ឈ្មោះ វ៉ាំងស៊ី អ៊ែរ៍ផត (Vinci Airport) ក្នុងការគ្រប់គ្រងព្រលានយន្តហោះចំនួន៣ គឺ ទី១ នៅរាជធានីភ្នំពេញ ២ នៅខេត្តសៀមរាប និងទី៣ នៅខេត្តព្រះសីហនុ ជាពិសេស គឺមិនបានឆ្លើយឲ្យចំសំណួររបស់លោក។ លោក សុន ឆ័យ បញ្ជាក់ជំហរថា បើមិនមានការបំភ្លឺណាមួយសមស្របនោះទេ លោកនឹងផ្ញើលិខិតទៅស្ថានទូតបារាំង ឬរដ្ឋាភិបាលបារាំង បន្តទៀត ដើម្បីស្នើសុំកិច្ចសន្យារបស់ក្រុមហ៊ុនបារាំង នេះ។ ប្រភព៖ RFA
រៀបចំដោយ ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!