កូនភ្លោះ​៤ ប្រុស​២​ស្រី​២​ ភ្ញាក់ផ្អើល ​ពេញ​ក្រុង​ព្រះ​វិហារ

 
 

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព​រវៀង បានកូន​ភ្លោះ​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ។ ដោយសារ​តែ​ស្ថានភាព​សុខភាព​ម្តាយ និង​ទារក​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​បញ្ជូន​បន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុងព្រះ​វិហារ នៅ​ថ្ងៃ​ទី​១៤ កក្កដា ។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​ស្ត្រី​ខ្មែរ​មាឌតូច​ល្អិត ប្រសូត​បានកូន​ភ្លោះ​ដល់​ទៅ​៤​នាក់ ដែល​ទូទៅ​សម្បូរ​តែ​កូនភ្លោះ​២ និង​កូនភ្លោះ​៣​តែ​ប៉ុណ្ណោះ ។

ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ផាល សុ​ជា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​រស្មី ស្រុក​រវៀង ខេត្តព្រះវិហារ និង​ប្តី​ឈ្មោះ កៅ ឈួ​ង អាយុ​២៧​ឆ្នាំ ជា​កសិករ ។ ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ពេល​ភរិយា​ឈឺពោះ​ឆ្លងទន្លេ​បុរស​ជា​ប្តី​បាន​ព្យាយាម​ទៅ​កាន់​មណ្ឌល​សុខភាព​រវៀង ។ ការ​ប្រសូត​នេះ​ពិតជា​អស្ចារ្យ​គឺ​បាន​ប្រសូត​តាម​ធម្មជាតិ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ កក្កដា ដោយ​បានកូន​ភ្លោះ​រហូត​ដល់​ទៅ​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់​ដោយ​មិន​មានការ​វះកាត់​នោះ​ឡើយ ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​សុខភាព​ម្តាយ និង​ទារក​មាន​សភាព​ទន់ខ្សោយ ទើប​ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​រវៀង បាន​សម្រេច​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា ក្រុង​ព្រះ​វិហារ ធ្វើការ​សង្គ្រោះ​ទាំង​ម្តាយ និង​ទារក​ទាំង​៤​នាក់ ។

ទារក​ទាំង​៤​នាក់​ដែល​បាន​សម្រាល​ចាក​ឧទរ​ម្តាយ ពួក​គេ​មាន​ទម្ងន់​ចាប់ពី​១,២​គីឡូក្រាម​ដល់​ទៅ​១,៥​គីឡូក្រាម ។ រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​តាម​គ្រូពេទ្យ​បាន​ប្រាប់​ថា សុខភាព​ម្តាយ មាន​សភាព​ធម្មតា​វិញ និង​ទារក​ត្រូវ​ចិញ្ចឹម​ក្នុង​កែវ ។

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ លោក អុ​៊ំ ម៉ា​រ៉ា អភិបាល​ខេត្តព្រះវិហារ ក៏​បាន​ដឹកនាំ​មន្ត្រី​សាលា​ខេត្តព្រះវិហារ នាំ​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត ទៅ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​កូនភ្លោះ​៤ នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដោយពេល​នោះ​បាន​ផ្តល់​ទឹកប្រាក់​១​លាន​រៀល សារុង មុង​១ ភួយ​១ និង​សម្ភារ​សម្រាប់​ទារក​ភ្លោះ​ទាំង​៤​នាក់​ផង​ដែរ ។

បុរស​ជា​ឪពុក​កូនភ្លោះ​៤ បាន​និយាយ​ថា កូនភ្លោះ​នេះ​ជា​កូន​ទី​២​របស់​គាត់ ដែល​កូន​ទី​១ ភេទ​ប្រុស អាយុ​៣​ឆ្នាំ​ហើយ ។ គាត់​និយាយ​ថា មិន​នឹក​ស្មាន​សោះ​ថា ភរិយា​របស់​គាត់​សម្រាល​បានកូន​ភ្លោះ​ដល់​ទៅ​៤​នាក់​នោះ​ទេ ព្រោះ​ពេល​មិន​ទាន់​សម្រាល ក៏​ធ្លាប់​បាន​ទៅ​ឆ្លុះ​អេកូ​មើល​ដែរ គឺ​ឃើញ​តែ​២​នាក់​ទេ ។ លុះ​សម្រាល​មក មាន​ដល់​ទៅ​៤​នាក់ ។ គាត់​បន្ត​ថា ពេល​សម្រាល​នោះ​បានកូន​មួយ​ហើយ មួយទៀត ស្មាន​តែ​អស់ ព្រោះ​កូនភ្លោះ​ទៅ​ហើយ ។ ស្រាប់តែ​ភរិយា​នៅ​បន្ត​ឈឺពោះ​ចង់​សម្រាល​ទៀត ក៏​ប្រសូត​បានកូន​២​នាក់​ថែម​មក​ទៀត ។

បុរស​ជា​ឪពុក​ក៏​សម្តែង​នូវ​ការ​រីករាយ​ផង​ដែរ ដោយ​កូនភ្លោះ​ទាំង​៤​នាក់​កើតមក​មាន​កាយសម្បទា​ល្អ​ទាំងអស់ ឥត​ចន្លោះ​ត្រង់​ណា ពិតជា​ទេវតា​ប្រទាន​ហើយ ។ ជា​ទូទៅ​សម្រាប់​កូនភ្លោះ​៣ តែង​ត្រូវ​ចាត់​ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឪពុកចិញ្ចឹម តែ​ពេល​នេះ​កូនភ្លោះ​ទាំង​៤ ក៏​អាច​ក្លាយជា​ឪពុកចិញ្ចឹម​ឬ​ជា​ចៅ​ចិញ្ចឹម​របស់​សម្តេច​តេ​ជោ​ផង​ដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម