គ្រាន់តែរឿងយាយលក់បបរ ចាក់ទឹកលាងចាន ចូលលូសាធារណៈ នំាឲ្យមន្ត្រីយោធាម្នាក់ កើតក្តី ទោមនស្ស ឈានដកកំាភ្លើងគំរាម

 
 

-យាយលក់បបរ ខំចាកចេញពីស្រុកកំណើត មកភ្នំពេញ លែងហ៊ានលក់ទៀត ព្រោះសេចក្តីខ្លាច អំណាចមន្ត្រីយោធា

ភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយ បានកើតទ្បើងចំពោះលោកយាយម្នាក់ ដែលត្រូវបានប្អូនប្រុស ដែលជាម្ចាស់ក្លឹប កំសាន្តហ្វាន់ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្តល់ទីកន្លែងនៅមុខក្លឹប ដើម្បីឲ្យគាត់ លក់បបរ នៅពេលយប់ រកលុយចិញ្ចឹមជីវិត តែសេចក្តីសុខរបស់ លោកយាយមិនមានទ្បើយ ដោយសារតែអ្នក ជិត ខាងម្នាក់ ដែលមានតួនាទីជាមន្ត្រីយោធារូប រួមជាមួយក្រុមគ្រួសារ តែងតែយាយី ធ្វើទុក្ខបុកម្នេញជាញឹកញយ មិនចេះ ដាច់សោះឡើយ។ យាយលក់បបរចិញ្ចឹមជីវិត ដែលរងការយាយី ពីអ្នកជិតខាងជាញឹកញយនេះ មាន ឈ្មោះ ឃឹង សុភ័ស្ស អាយុ៦២ឆ្នាំ ដោយសារជីវភាពខ្វះខាត បានចាកចេញពីស្រុកកំណើត នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅផ្ទះជួល ក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីមកប្រកបមុខរបរលក់ដូរ បន្តិចបន្ទួចចិញ្ចឹមជីវិត។

លោកយាលក់បបរ ឃឹង សុភ័ស្ស បានរងគ្រោះចំនួន២លើក រួចមកហើយ ។ តាមពាក្យបណ្តឹង របស់លោក យាយ ប្តឹងទៅ សមត្ថកិច្ចបានឲ្យថា ការរងគ្រោះលើកទី១ នៅម៉ោង ប្រមាណ ៩៖០០ នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅ ពេល គាត់កំពុងអង្គុយ លក់បបរនៅក្លឹបហាន់សុខៗ ស្រាប់តែបុរសចំណាស់ម្នាក់ឈ្មោះ ឃួន ផង់ (ឪពុក បង្កើត របស់មន្ត្រី យោធា ឈ្មោះ សំរិទ្ធ សុខសាន) អាយុ៦៧ឆ្នាំ រស់ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ យកដែកជ្រុងចេញពីរបងផ្ទះ នៅជិតកន្លែងលោកយាយលក់បបរ មកវាយលោកយាយពី ចំហៀង ត្រូវចំស្មា ខាង ឆ្វេង១ ដំបង បណ្តាលឲ្យដួល ដោយមិនដឹង មូលហេតុអ្វីសោះ ។ បន្ទាប់មកខាងសន្តិសុខ ក្លឹប បានជួយឃាត់ ហើយ បន្តឈ្លោះប្រកែកគ្នាមួយសន្ទុះ ទើបបុរសចំណាស់ឈ្មោះ ឃួន ផង់ ត្រូវសាច់ញាតិយក ទៅផ្ទះបាត់។

បន្ទាប់ពីរឿងរ៉ាវនេះកើតឡើង លោកយាយ ឃឹង សុភ័ស្ស បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ដើម្បីជួយឲ្យ ដោះស្រាយផងដែរ។

រងរបួសថ្ងៃមុនមិនទាន់ជាផង ៣ថ្ងៃក្រោយ ពោលគឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅម៉ោង ៩៖០០នាទីយប់ លោក យាយលក់ បបរ ឃឹង សុភ័ស្ស ក៏រងគ្រោះម្តងទៀត ដោយពេលនោះ មិនមែនបុរសវ័យចំណាស់មុននោះទេ គឺជា កូនប្រុសរបស់បុរសចំណាស់នោះ ឈ្មោះ សំរិទ្ធ សុខសាន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាម្នាក់ ព្រមទាំងមាន កាំភ្លើងនៅ ជាប់ខ្លួនផងដែរ។

យោងតាមកំណត់ហេតុ របស់សមត្ថកិច្ច នគរបាល ប៉ុស្តិ៍រដ្ឋបាលចោមចៅ បានដកស្រង់នៅសំដីរបស់ លោក យាយ ឃឹង សុភ័ស្ស ថា ដំបូងទ្បើយនៅម៉ោង ៩៖០០នាទី យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅពេលដែល លោកយាយ កំពុងលក់បបរនៅមុខក្លឹប ផ្នែកខាងលិចក៏មានជនបង្ក ដែលជាមន្ត្រីយោធា ឈ្មោះ សំរិទ្ធ សុខសាន បានមកថតរូបសម្ភារៈលក់បបរតែលោកយាយ។ បន្ទាប់មកទៀត បុរសខាងលើក៏បានយកខ្ទះឆា របស់លោក យាយចូលទៅក្នុងដីឡូរបស់គេ រួចចេញមកវិញ ក៏ត្រូវលោកយាយក៏បានសួរថា «យកខ្ទះខ្ញុំទៅណា យកមកឲ្យ ខ្ញុំវិញមកខ្ញុំមិនដឹងរឿងអីទេ »។ ហើយបុរសនោះស្រែកថា «យាយឯងសន្សំរឿងណាស់»។

កំណត់ហេតុដដែលបញ្ជាក់ទៀតថា លុះបន្តិចក្រោយមក សមត្ថកិច្ចនគរបាល មូលដ្ឋានក៏បានមកដល់ កន្លែង កើតហេតុ ហើយប្រាប់ឲ្យបុរស ជាមន្ត្រីយោធានោះឲ្យប្រគល់ខ្ទះ ជូនលោកយាយលក់បបរវិញ តែបុរសនោះ ឆ្លើយថា «ខ្ទះតម្លៃ៣០០០រៀលហ្នឹង» ។ សមត្ថកិច្ចប្រាប់ទៀតថា «៣០០០រៀលក៏ដោយ តែជារបស់គាត់ (លោក យាយ) ឲ្យគាត់វិញទៅ»។ ភ្លាមនោះបុរស ដែលជាមន្ត្រីយោធា បានជេរប្រមាថសមត្ថកិច្ច រួចប្រតាយប្រតប់គ្នា និងបានទាញកំាភ្លើងនៅចង្កេះ តែត្រូវសន្តិសុខ ស្ទុះទៅចាប់ដៃ យកកាំភ្លើង ព្រោះខ្លាចផ្ទុះអាវុធ បង្កគ្រោះថ្នាក់ដល់ អាយុជិវិត ប្រជាពលរដ្ឋស្លូតត្រង់។ បន្ទាប់ក្រោយមកមន្ត្រីយោធានោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួន។

ប្រភពព័ត៌មានពីអ្នកជិតខាង ក៏ដូចជាសាក្សី ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ទំនាស់ដែលឈាន ដល់ការប្រើ អំពើហិង្សាគម្រាមដកគាំភ្លើងបែបនេះ ផ្តើមចេញពីបុរស ជាមន្ត្រីយោធាខឹងនឹងយាយលក់បបរ ចាក់ទឹកលាងចានចូលលូ ដែលបុរសជាមន្ត្រីយោធាអះអាងថា ប៉ះពាល់ដល់ផ្ទះរបស់ខ្លួន តែធាតុពិតលូជារបស់ សាធារណៈប៉ុណ្ណោះ ហើយលោកយាយនោះ ក៏មិនបានចាក់សំរោមចូលលូដែរ។

អ្នកជិតខាងដែលដឹងរឿង បានលួចបង្ហើបថា តាមពិតរឿងចាក់ទឹកលាងចានចូលលូ គឺជារឿងតូចតាច របស់ក្រុម គ្រួសារមន្ត្រីយោធា និងក្រុមគ្រួសារប៉ុណ្ណោះ តាមពិតរឿងដែលធំ គឺមន្ត្រីនោះ មិនពេញចិត្តនឹងម្ចាស់ក្លឹបខាងលើ ដោយអ្នកដឹង រឿងបាននិយាយថា ដីក្លឹបនេះមិនមែនជាលើកទី១ ដែលមានរឿងជម្លោះបែបនេះ គឺតែងតែកើត ឡើង ជាញឹកញយ ដោយដីនេះ ត្រូវប្តូរម្ចាស់ជួលចំនួន ៤លើករួចមកហើយ ក៏ព្រោះតែការ ធ្វើទុក្ខបុកម្មេញ របស់ក្រុម គ្រួសារមន្ត្រីយោធា ដែលមានដី ទំហំធំនៅក្រោយ ជាប់នឹងក្លឹបនេះតែម្តង។

យ៉ាងណាក៏នោះពេលនេះ លោកយាយលក់បបរបច្ចុប្បន្ននេះលែងហ៊ាន មកលក់បបរ នៅមុខក្លឹបទៀតហើយ ព្រោះតែការភ័យខ្លាច ដោយសារទទួលដំណឹងថា មន្ត្រីយោធាមានខ្នងធំរូបនោះ បានត្រូវដោះលែង ឲ្យមាន សេរីភាពឡើងវិញនោះ។

យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃទី១៣ ខែកក្កដានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាច សុំការបញ្ជាក់ ពីភាគី មន្រ្តីយោធាបាននៅឡើយទេ។ តែនៅយប់ថ្ងៃទី៨ ខែកក្កដា ដែលជាថ្ងៃកើតហេតុ ប្អូនស្រីរបស់ មន្រ្តីយោធា ខាង លើបានអះអាងថា បងប្រុសរបស់ខ្លួនមិន បានដក កាំភ្លើងគំរាមបាញ់នោះទេ គឺគ្រាន់តែមាន ការប្រតាយប្រតប់គ្នា រួចធ្លាក់កាំភ្លើងប៉ុណ្ណោះ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម