[Update] មនុស្សស្លាប់ ក្នុងហេតុ ការណ៏ ធ្លាក់យន្តហោះយោធា នៅឥណ្ឌូនេស៊ី កើតឡើងដល់ ១៤១នាក់ហើយ (មានវីដេអូ)

 
 

ឥណ្ឌូនេស៊ី៖ មន្រ្តីនៃប្រទេសឥណ្ឌូនេស៊ី បានប្រាប់ឲ្យដឹងថា សាកសពចំនួន ១៤១នាក់ ត្រូវបានរកឃើញ នៅទីតាំងកើតហេតុ ត្រង់កន្លែងដែល យន្តហោះយោធាធ្លាក់ ស្ថិតក្នុងតំបន់ទីប្រជុំជន ក្នុងទីក្រុងមេដេន កាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា កន្លងទៅនេះ។


ទិដ្ឋភាពនៅកន្លែងកើតហេតុ

មន្រ្តីយោធារបស់ប្រទេសឥណ្ឌូនេស៊ី ក៏បានឲ្យដឹងដែរថា មនុស្សចំនួន ១២២នាក់ នៅលើយន្តហោះ មិនមាននរណាម្នាក់ អាចរួចផុតជីវិតឡើយ ក្រោយពេលដែល យន្តហោះយោធានោះ បានធ្លាក់ និងបុកចំផ្ទះ និងសណ្ឋាគារ មុនពេលដែលវាផ្ទុះ និងឆាបឆេះ យ៉ាងខ្លាំង។

ជនរងគ្រោះភាគច្រើន គឺជាសាច់ញាតិ្ត អ្នកបម្រើប្រុសស្រី របស់កងយោធា។ រីឯជនរងគ្រោះ ដែលបានស្លាប់ ចំនួន ១៩នាក់ទៀត គឺជាប្រជាជន និងអ្នករស់នៅ ក្នុងផ្ទះ និងសណ្ឋាគារ ដែលយន្តហោះនោះ បានបុក។


ទិដ្ឋភាពនៅកន្លែងកើតហេតុ

គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា កន្លងទៅនេះ យន្តហោះយោធា ដឹកទំនិញ ប្រភេទ C-130 Hercules មួយគ្រឿង បានធ្លាក់ក្នុងតំបន់មនុស្សរស់នៅ ចំផ្ទះប្រជាជន និង សណ្ឋាគារ បណ្តាលឲ្យផ្ទុះ និងឆាបឆេះ បង្កឲ្យមាន មនុស្សស្លាប់ចំនួន ១៤១នាក់។


សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Adam Malik ក្នុងទីក្រុងមេដាន ខណៈសាច់ញាត្តិ ជនរងគ្រោះ កំពុងរង់ចាំទទួល សាកសព

អ្នកនាំពាក្យរបស់មន្រ្តីយោធា លោក Fuad Basya បានប្រាប់សារព័ត៌មាន BBC ឲ្យដឹងថា យន្តហោះ មួយគ្រឿងនោះ បានធ្លាក់ភ្លាមៗ ក្រោយហោះហើរ បានបន្តិច ខណៈនៅលើនោះ មាននាវិកចំនួន ១២នាក់។
មេបញ្ជាការកងទ័ពអាកាស លោក Agus Supriatna បានប្រាប់ឲ្យដឹងថា អ្នកបើកបរយន្តហោះ បានស្នើរសុំ ត្រលប់ទៅកាន់ មូលដ្ឋានវិញ ដោយសារតែ ជួបបញ្ហាផ្នែកបច្ចេកទេស មុនពេលដែល យន្តហោះធ្លាក់។ “យន្តហោះបានធ្លាក់ ខណៈពេលកំពុងតែ បង់ស្តាំ ដើម្បីត្រលប់មក អាកាសយានដ្ឋានវិញ” លោក Agus Supriatna បញ្ជាក់។

គួរបញ្ជាក់ផងដែរថា យន្តហោះយោធាដឹកទំនិញ ប្រភេទ C-130 Hercules ដែលបានធ្លាក់នោះ បានផលិត នៅក្នុងឆ្នាំ ១៩៦៤ ប៉ុន្តែអ្នកនាំពាក្យ នៃកងយោធាម្នាក់ បាននិយាយថា លោកមានការជឿជាក់ថា វាស្ថិតក្នុង ស្ថានភាពល្អ នៅឡើយ។


យន្តហោះ យោធាដឹកទំនិញ ប្រភេទ C-130 Hercules ដែលបានធ្លាក់ (រូបតំណាង)

យ៉ាងណាមិញ នេះគឺជាលើកទី៤ ហើយ ដែលយោធាឥណ្ឌូនេស៊ី បានជួបនឹងករណី ធ្លាក់យន្តហោះ ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ហើយប្រជាជនឥណ្ឌូនេស៊ី ជាច្រើន កំពុងតែទាមទារ ធ្វើយ៉ាងណាឲ្យ សម្ភារៈការពារជាតិ មានភាពប្រសើរឡើង។

ជាមួយគ្នានេះដែរ វាក៏ជាលើកទី២ ហើយដែរ ក្នុងរយៈពេល ១០ឆ្នាំ ដែលយន្តហោះ បានធ្លាក់នៅក្នុងទីក្រុង មេដេន របស់ប្រទេសឥណ្ឌូនេស៊ី។ កាលពីខែកញ្ញា ឆ្នាំ២០០៥ យន្តហោះប្រភេទ Boeing 737 បានធ្លាក់ នៅក្នុងតំបន់ ទីប្រជុំជន ក្នុងទីក្រុង មេដេន បន្ទាប់ពីបានហោះហើរ ចេញពីអាកាសយានដ្ឋាន Polonia ក្នុងទីក្រុងមេដេន បានបន្តិច ហើយបានសម្លាប់មនុស្ស អស់ចំនួន ១៤៣នាក់ទៀតផង៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ៖

ប្រភព ៖ BBC

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម