ទុ​ស្សេ ​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​៣​ខ្នង​ នៅ​ភូមិ​តា​អុង ស្រុក​ចំការលើ

 
 

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​បាន​ឆេះ​ស្ទើរ តែ​ទាំងស្រុង​ផ្ទះ​៣​ខ្នង ទំហំ​៦​ម៉ែត្រ​គុណ​១៨​ម៉ែត្រ សង់​ពី​ឈើ​លើ​ថ្ម​​​ក្រោម​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ មិថុនា ២០១៥ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ទោ​យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​បានឃើញ​ផ្សែង​ហុយ​ចេញ ពីផ្ទះ​របស់​ឈ្មោះ​ហង់ រ៉េ​ន អាយុ​៥៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​លី ផល អាយុ​៤៥​ឆ្នាំ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក្បែរ ​ខាង​បាន​នាំ​គ្នា​​ដងទឹក​មក​ជះ​ពន្លត់ តែ​ភ្លើង​មិន​បាន​ថមថយ​នោះ​ទេ គឺ​រឹតតែ​ឆេះ​ខ្លាំង​ឡើង​ៗ​តែ​ម្តង ។

លោក​វរ​សេនី​យ៏​ទោ យ៉​ន ឌី​ន បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច ​នៅ​មូលដ្ឋាន​បាន​ប្រញាប់​ រាយការណ៍​មក ​លោក​ឧត្តមសេនីយ៍ត្រី​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​សុំ​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​ ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ដោយ​មាន​ក្រុម​កម្លាំង​ ប្រចាំការ​បាន​ចេញ​រថយន្ត​ទៅ​ជា​បន្ទាន់ តែ​​ផ្លូវ​ឆ្ងាយ​ទំ​រាំ​តែ ​នឹង​ទៅ​ដល់ ផ្ទះ​ឈើ​របស់​ប្រជាពលរដ្ឋ​ខាងលើ​បាន​ រង​ការ​ឆេះ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ។ តែ​ក្រុម​អគ្គិ​ភ័យ​បាន​ស្ទុះស្ទា​រ បាញ់​ទឹក​ទៅ​លើ​ផ្ទះ​ឆេះ​នោះ និង​បាន​ទប់ស្កាត់​ដោយ ​មិន​ឲ្យ​ឆេះ​ឆ្លង​​ទៅ​ដល់​ផ្ទះ​អ្នក​ជិត ខាង​ឡើយ ។

ខណៈសមត្ថកិច្ច​មាន​តាំងពី​ថ្នាក់​ខេត្ត ដល់​ថ្នាក់​ស្រុក​ បាន​ចុះ​ទៅ​ដល់ ម្នាក់​ៗ​សស្រាក់សស្រាំ​ជួយ​បាញ់​ទឹក ថែម​ទាំង​បាន​ជួយ​ការពារ​ ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​ក្បែរ​ចំណុច​កើតហេតុ ដែល​ខ្លាច​ភ្លើង​ឆេះ​ទៅ​ដល់​ត្រូវ​ជញ្ជូន​ទៅ​ដាក់​នៅ​កន្លែង​ សុវត្ថិភាព​ផង​ដែរ ។

លោក​ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ដោយ​សារ​ តែ​ទុ​ស្សេ​ចរន្ត​អគ្គីិស​នី ហើយ​​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ទេ ទើប​ជា​ហេតុ​បណ្តាល​ ឲ្យ​ឆេះ​ស្ទើរ​​តែ​ទាំង​ស្រុង​តែ​ម្តង តែ​​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់ ​រង​គ្រោះ​ឡើយ ។

លោក​អភិបាល ​ស្រុក​ចំការ​លើ​បញ្ជាក់​ឱ្យ ​ដឹង​ផង​ដែរ​​ថា នៅ​ថ្ងៃស្អែក​ទី​២៩ មិថុនា រូប​លោក​នឹង ​សហការី​ចុះ​ទៅ​កាន់​ទីនោះ នឹង​នាំ​យក​អំណោយ​ទៅ​ចែក ​ជូន​ដល់​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ ​ដោយ​អគ្គី​ភ័យ​ផង​ដែរ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម