ដួង ស្រីពេជ្រ បញ្ចេញប្រតិកម្មខ្លាំង តបតវិញ ទៅលើព័ត៌មាន ថានាង ចង់ថតរឿងស្នេហារោលរាល

 
 

ភ្នំពេញ៖  មួយរយៈពេលចុងក្រោយនេះ កញ្ញា ដួងស្រីពេជ្រ ដូចជាមានបញ្ហាមួយចំនួន ទាក់ទងនឹងការស្លៀកពាក់ស៊ិចស៊ី របស់នាង ដែលបានរងមតិរិះគន់យ៉ាងសន្ធឹកពីមហាជន ប៉ុន្តែនាងក៏បានចេញមុខបកស្រាយ រួចមកហើយដែរ ថានាង ទទួលស្គាល់ថា​បាន ស្លៀកស៊ិចស៊ីមែន ព្រោះនាងទើបចេញពីថតម៉ូត សម្លៀកបំពាក់ឲ្យហាងកាត់ដេរមួយកន្លែង ហើយក៏ឆ្លៀត ពេលចូលកម្មវិធីខួបកំណើត របស់មិត្តភក្តិសិល្បៈមួយភ្លេត។

រឿងរ៉ាវសម្លៀកបំពាក់ស៊ិចស៊ីនោះ បានស្ងាត់ទៅវិញ បណ្តើរៗទៅហើយ តែកាលពីម្សិលមិញនេះ ស្រាប់តែមានព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយព័ត៌មាន ដោយដាក់ចំនងជើងថា «ដួងស្រីពេជ្រ បើអាចទៅរួច ​ចង់ថតរឿងស្នេហារោលរាល»។ គ្រាន់តែមហាជន ឃើញចំនងជើងបែបនេះ បានថាចំៗតែម្តង ហើយថែមទាំងប្រើសម្តីមិនសមរម្យ ទៅលើនាងជាច្រើនទៀត។

បន្ទាប់ពីកញ្ញា ដួង ស្រីពេជ្រ បានឃើញពីព័ត៌មាននេះភ្លាម នាងមានប្រតិកម្មយ៉ាងខ្លាំង និងបានសរសេរសារមួយលើហ្វេសប៊ុកថា "ខ្ញុំសុំនិយាយថា ខ្ញុំមិនបាននិយាយ ប្រាប់ដល់លោក សារព័ត៌មានណា ថាខ្ញុំចង់ថតរឿងស្នេហា រោលរាលទេ ខ្ញុំក៏ជាមនុស្សម្នាក់ ដែលដឹងខុស ដឹងត្រូវដែរ ខ្ញុំមិនមែនកូនក្មេងទេ ហើយសុំបងប្អូនមួយចំនួន សូមមេត្តាចូលទៅអាន សារពត៍មាននោះឲ្យច្បាស់ ហើយខ្ញុំសុំមេត្តាដល់លោកសារព័ត៌មាន មុននឹងសរសេរចំនងជើង សូមគិតដល់កេរ្តិ៍ឈ្មោះ គេផង" 

កាលពីព្រឹកមិញនេះ ក្រុមការងារគេហទំព័រខ្មែរឡូត បានទំនាក់ទំនងកញ្ញា ដួង ស្រីពេជ្រ​​ តាមរយ:ទូរសព្ទ ដើម្បីសុំឲ្យកញ្ញា បកស្រាយ អំពីព័ត៌មាននេះផងដែរ។ ស្រីពេជ្រ បាននិយាយថា «ម្សិលមិញ ខ្ញុំទើបចេញពីថត ហើយមិត្តភក្តិបានប្រាប់ថា​ មានសារព័ត៌មាន ក្នុងស្រុកមួយ បានសរសេរ ពាក់ព័ន្ធពីខ្ញុំទៀតហើយ ខ្ញុំក៏បានបើកមើល  ហើយបានធ្វើឲ្យខ្ញុំមិនពេញចិត្ត  ទៅលើចំនងជើង ដែលខាងសារព័ត៌មានមួយនោះ​បានដាក់ ខ្ញុំចង់ថតរឿងបែបរោលរាល។ ចំពោះចំនុចនេះ ខ្ញុំមិនបាននិយាយនោះទេ សូម្បីតែគិត ​ព្រោះពេលខាងបងសារព័ត៌មាន បានសំភាសន៍ខ្ញុំ គាត់ក៏បានសួរថា បើមានខ្សែភាពយន្តផ្សេងទៀត តម្រូវឲ្យខ្ញុំ ស្លៀកស៊ិចស៊ី តើខ្ញុំហ៊ានដែរទេ? ខ្ញុំក៏បានឆ្លើយថា រឿងនេះអាស្រ័យលើ ម្ចាស់ដឹកនាំរឿង តម្រូវឲ្យ ខ្ញុំដើរតួបែបណា ស្លូតកាច ស៊ិចស៊ី ប៉ុន្តែបើរឿងនោះ គឺតម្រូវឲ្យខ្ញុំថតស៊ិចស៊ីហួសកម្រិត គឺខ្ញុំគិតមើលសិនដែរ ព្រោះថា បងប្អូនខ្មែរ នឹងមិនគាំទ្រ ចំពោះឈុតឆាកណាដែលស៊ិចស៊ីខ្លាំង។ នេះជាចម្លើយដែលខ្ញុំ បាននិយាយ ប្រាប់បងៗសារព័ត៌មាន ពេលពួកគាត់បានសួរខ្ញុំ គឺមានន័យថា ខ្ញុំមិនមែនប្រកាសថា​ចង់ថតខ្សែភាពយន្ត បែបរោលរាល ស៊ិចស៊ីខ្លាំងនោះទេ។ ចំពោះចំនងជើង គឺខ្ញុំមិនអាច ទទួលយកបានទេ ដែលធ្វើឲ្យគ្រប់គ្នា គិតអាក្រក់ លើរូបខ្ញុំ»។ នេះជាសម្តីអះអាង របស់កញ្ញា ដួង ស្រីពេជ្រ ដែលបានបកស្រាយ យ៉ាងច្បាស់ប្រាប់ដល់គេហទំព័រខ្មែរឡូត កុំឲ្យមានការយល់ច្រឡំ មកលើរូបនាងតទៅទៀត៕

ប្រិយមិត្តខ្មែរឡូត មានមតិយោបល់​ យ៉ាងណាដែរ?





ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម