បណ្តាញ​សង្គម​ថៃ ​បង្ហោះ​រូបភាព​ ខ្មែរ​លួច​កាប់​គ្រញូង

 
 

ខេត្តបន្ទាយមានជ័យ ៖ បណ្ដាញ​ព័ត៌មាន​សង្គម ​ដែល​ផ្សាយ​ នៅ​ក្នុង​ប្រទេស​ថៃ​ ប៉ុន្មាន​ថ្ងៃនេះ បាន​បង្ហាញ​រូបភាព​ពលរដ្ឋ​ខ្មែរ ​មួយ​ក្រុម​ធំ​ ស្ពាយ​ឈើ​គ្រញូង​ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ ចាប់ខ្លួន​ប្រមាណ​ជាង ​២០​នាក់ បណ្ដើរ​ត្រសង​ដែល​អ្នកខ្លះ​ មាន​រណារ និង​ស្ពាយ​ ឈើ​គ្រញូង​ផង ។ រូបភាព​ដ៏​កម្រ​នេះ​ ត្រូវ​បាន​បង្ហោះ ​កាលពី​ពេល​ថ្មី​ៗ​ កន្លង​ទៅ ។

បណ្ដាញ​ព័ត៌មាន​សង្គម ​របស់​ថៃ​ដដែល​ បាន​បង្ហាញ​រូបភាព​ ទាហាន​ថៃ​ប្រដាប់​ដោយ ​អាវុធ​គ្រប់​ដៃ​ និង​មាន​ស្ថានភាព ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ចាប់ខ្លួន​ ពលរដ្ឋ​ខ្មែរ​ ប្រមាណ​ជាង​២០​នាក់ ដែល​ខ្លះ​ពុន ខ្លះ​ស្ពាយ​ ឈើ​គ្រញូង រណារ និង​ពូថៅ បណ្ដើរ​ចេញពី​ ក្នុង​ព្រៃ ​តាម​ជ្រលង​ភ្នំ​ដងរែក ឈម​នឹង​ ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ របស់​កម្ពុជា ដោយ​ប្រមូល​ ឈើ​គ្រញូង ​គរ​ទុក​ម្ដុំ​ និង​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាំងនោះ ​អង្គុយ​ផ្ទាល់​ដី​តម្រង់​ជួរ​គ្នា ។

គួរ​រំលឹក​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ ​រាប់រយ​នាក់​ ដែល​ស៊ីឈ្នួល លួច​ចូល​ទៅ​កាប់ ​គ្រញូង​ ក្នុង​ទឹកដី​ថៃ​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​ច្រវាក់ ​មុន​បញ្ជូន​ទៅ​ដាក់ ​ពន្ធនាគារ ហើយ​អ្នកខ្លះ ​រង​ការ​បាញ់​របួស​ និង​ស្លាប់ ​ជា​ញឹកញាប់ ។

ជាមួយនឹង​បាតុភាព ​ដែល​កើតឡើង​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការ​ យ៉ាង​តឹងរ៉ឹង​ ឱ្យ​អាជ្ញាធរ​តាម​ព្រំដែន​ ត្រូវ​ទប់ស្កាត់​ ការ​លួច​ឆ្លង​ដែន​ ទៅ​កាប់​គ្រញូង​ លើ​ទឹកដី​របស់​គេ ហើយ​ក៏​បាន​ អំពាវនាវ​ សូម​ឱ្យ​ទាហាន​ថៃ​កុំ​បាញ់ប្រហារ ដូច​បាញ់​សត្វ​បែប​នេះ ដោយ​សុំ​ឱ្យ​ចាប់ខ្លួន​ ផ្ដន្ទាទោស ​ទៅ​តាម​ច្បាប់​ បាន​ហើយ ។

ទោះជា​មាន​វិធានការ​ យ៉ាងណា​ក៏​ដោយ ​ក៏​ឈ្មួញ​ទុច្ចរិត​ នៅ​តែ​បន្ត​ ឃុបឃិត​ ជាមួយ​កងកម្លាំង​ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន គិតតែ​ពី​ ផលប្រយោជន៍ ​របស់​ខ្លួន មិន​បាន​គិត​ពី​ សុវត្ថិភាព​ប្រជាពលរដ្ឋ​ ទាំងនោះ​ឡើយ និង​បាន​លួច​ឱ្យ​ ពលករ​ឆ្លង​ដែន ចូល​ទៅ​កាប់​ ឈើ​គ្រញូង​ នៅ​ប្រទេស​ថៃ​ ដដែល​ព្រោះតែ​ដុល្លារ ៕​





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម