លង់​ស្នេហ៍​ នាង​ម៉ាស្សា បាត់​លុយ​ ជិត៥.០០០​ដុល្លារ ប្តឹង​ទារ​បាន​វិញ ​៨០០​ដុល្លារ

 
 

ខេត្តបន្ទាយមានជ័យ ៖ រឿងអាស្រូវស្នេហ៍មិនស្មោះ មួយបានបែកធ្លាយ ក្រោយពីបុរសម្នាក់ អស់ប្រាក់ជិត៥.០០០ដុល្លារដោយសារលង់ ស្នេហ៍នាងម៉ាស្សា កោសជប់ម្នាក់ ដែលទីបំផុតរាត្រីទឹកឃ្មុំ ក្លាយជារាត្រីទឹកខ្មេះ រស់កៀកកើយគ្នាបានត្រឹមតែ២ យប់២ថ្ងៃលើទឹកដីថៃ ខាងស្រីលួចរត់ត្រឡប់ មកដីខ្មែរវិញតែម្នាក់ឯង ឯខាងប្រុសក៏តាមមកដាក់ ពាក្យបណ្ដឹងទាមទារបានប្រាក់មកវិញ តែ៨០០ដុល្លារប៉ុណ្ណោះ ។ 

ការប្ដឹងទារប្រាក់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៥ មិថុនា នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ។ បុរសដែលដាក់ពាក្យបណ្ដឹងទារប្រាក់ពីស្ត្រីម៉ាស្សា កោសជប់ឈ្មោះលីដា អាយុ៤៤ឆ្នាំ ជាអ្នកខេត្តព្រះវិហារ និងជាកម្មករទូកនេសាទ នៅប្រទេសថៃ៦ឆ្នាំមកហើយ មិនដែលបានវិលត្រឡប់ទៅស្រុកទេ ហើយទីបំផុតប្រាក់រាប់ពាន់ដុល្លារ ដែលខំសន្សំនៅសល់តែបន្ដិចបន្ដួច ព្រោះតែចាញ់ក្នុងល្បែងស្នេហា ។ 

ប្រភពពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា បុរសជាដើមបណ្ដឹងឈ្មោះលីដា ក្រោយពីវិលត្រឡប់ពីប្រទេសថៃ មកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានចូលទៅហាងម៉ាស្សា កោសជប់មួយយីហោ«ស្រីវី» មានទីតាំងក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ពេលម៉ាស្សានោះក៏បាន លង់ស្នេហ៍ស្ត្រីម្នាក់ឈ្មោះពិសី អាយុជាង៣០ឆ្នាំ ដែលខ្លួនឱ្យម៉ាស្សា ធ្វើសរសៃឱ្យនោះដោយបានសុំស្រឡាញ់ យកធ្វើជាប្រពន្ធ ។

ប្រភពបន្តទៀតថា គូស្នេហ៍មួយប៉ប្រិចភ្នែកនេះ បន្ទាប់ពីត្រូវរ៉ូវគ្នា ក៏នាំគ្នាទៅក្រេបទឹកឃ្មុំនៅ ផ្ទះសំណាក់និងចូលទៅដីថៃ បាត់២ទៅ៣យប់ ប៉ុន្តែមិនដឹងថាមានរឿងអ្វីទេ បែរជាខាងស្រីរត់មកដីខ្មែរមុន ធ្វើឱ្យបុរសឈ្មោះលីដា តាមមករករឿងនិងដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ។ ក្នុងពាក្យបណ្ដឹងដើម្បីទាមទារប្រាក់វិញ បុរសនេះអះអាងថាខ្លួនបាត់បង់ប្រាក់ ទៅលើស្ត្រីរូបនេះអស់ជិត ៥.០០០ ដុល្លារ ។ 

ជុំវិញករណីខាងលើ នគរបាលរដ្ឋបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែតមួយរូប សុំមិនបញ្ចេញឈ្មោះបាន ប្រាប់កោះសន្តិភាពថា រឿងរ៉ាវខាងលើគឺពិតជាកើតមានមែន កាលពីថ្ងៃទី១៥ មិថុនា។ សមត្ថកិច្ចដដែលនេះប្រាប់ថា ស្ត្រីចុងចោទមិនបាន ធ្វើការនៅប៉ោយប៉ែតទេ ខណៈបុរសឈ្មោះលីដាមកដាក់ ពាក្យបណ្ដឹងទារប្រាក់នោះ ។

ប៉ុន្តែរឿងរ៉ាវដែលបាន កើតឡើងបានដោះស្រាយបញ្ចប់វិញហើយ គឺស្ត្រីជាម្ចាស់ហាងម៉ាស្សាកោស ជប់ចេញសងជំនួស៨០០ដុល្លារ។ ករណីខាងលើម្ចាស់ ហាងម៉ាស្សាកោសជប់«ស្រីវី» ដែលមានឈ្មោះស្រីវី ភេទស្រី អាយុជាង៣០ឆ្នាំ នៅពេលទាក់ទងតាមទូរស័ព្ទដើម្បីសាកសួរព័ត៌មានលម្អិតរឿងរ៉ាវ ខាងលើបែរជាឲ្យបុរសម្នាក់ឈ្មោះចឹង រឿន អាយុ៤៥ឆ្នាំ លើកទូរស័ព្ទជំនួស ដោយអះអាងថា គាត់ជាឪពុក មារបស់ម្ចាស់ហាង ។

ឪពុកមាម្ចាស់ ហាងរូបនេះប្រាប់ថា គាត់និងក្មួយស្រីមិនសូវដឹង រឿងខាងលើប៉ុន្មានទេ ព្រោះបុរសដែលមក ប្ដឹងនោះក្រោយពីចូលមកឲ្យឈ្មោះពិសីម៉ាស្សាឲ្យ បែរជាគេទាក់ទងត្រូវរ៉ូវគ្នា រួចនាំគ្នាទៅឡើងផ្ទះសំណាក់បាត់ និងបង្ហួសទៅថៃមិន ឲ្យគាត់និងក្មួយស្រីដឹងទេ ។ បុរសខាងលើប្រាប់បន្តថា ការដោះស្រាយប្រាក់៨០០ដុល្លារ ឲ្យទៅបុរសដើមបណ្ដឹង មិនមែនជាប្រាក់របស់ក្មួយស្រី គាត់ដូចសមត្ថកិច្ចលើកឡើងនោះទេ ការពិតជាប្រាក់របស់ស្ត្រីម្នាក់ ជាសាច់ញាតិស្ត្រីចុងចោទ ដែលនៅធ្វើការក្នុងហាងម៉ាស្សា កោសជប់ជាមួយគ្នាព្រោះ មិនចង់មានរឿងវែងឆ្ងាយ ។ 

ទោះជាយ៉ាងណា រឿងរ៉ាវនេះគេនៅតែ មានមន្ទិលនៅឡើយ ព្រោះស្ត្រីម្នាក់ដែលបុរស ខាងលើអះអាងថា ជាសាច់ញាតិស្ត្រី ចុងចោទពេលសួរនាំតាមទូរស័ព្ទបានប្រកែកថា «ឲ្យឆ្លើយយ៉ាងម៉េចបើអត់ដឹងអីផង» ។ សង្ស័យប្រាក់ដែលចេញ ជំនួសនោះជារបស់ថៅកែហាង? ព្រោះមានប្រភពថាស្ត្រីឈ្មោះពិសី ដែលចុងចោទគឺជាក្មួយស្រី ម្ចាស់ហាងម៉ាស្សាកោសជប់ «ស្រីវី» នេះហើយមើលទៅ ដែលសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជួយ លាក់ខ្លួនអ្នកជាប់ចោទ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម